សហគមន៍​ព្រៃឡង់ និង​សកម្មជន​បរិស្ថាន​ថា ក្រសួង​មាន​ចេតនា​បើកដៃ​ឱ្យ​ក្រុមហ៊ុន​កាប់​ឈើ

ដោយ សេក បណ្ឌិត
2019-10-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ដឹក​ឈើ​របស់​ក្រុមហ៊ុន​ស៊ីបាយអូថេក (Ci-Biotech) កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១៨។
រថយន្ត​ដឹក​ឈើ​របស់​ក្រុមហ៊ុន​ស៊ីបាយអូថេក (Ci-Biotech) កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១៨។
Photo Provided

សហគមន៍​ព្រៃ​ឡង់ និង​សកម្មជន​បរិស្ថាន​នៅ​មិន​ទាន់​ស្ងប់​អារម្មណ៍​ចំពោះ​បញ្ហា​ព្រៃឈើ​នៅឡើយ ស្រប​ពេល​ដែល​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ មិន​អនុវត្ត​ច្បាប់​លើ​ក្រុមហ៊ុន​ស៊ីងបាយអូថេក (THINK BIOTECH CAMBODIA)​។ ពួកគេ​សង្ស័យ​ថា គណៈកម្មការ​ជាតិ និង​ក្រសួង​ពាក់ព័ន្ធ មាន​ចេតនា​បើកដៃ​ឱ្យ​ក្រុមហ៊ុន​នេះ កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ព្រៃ​អភិរក្ស និង​ដើមឈើ​ផលិត​ជ័រទឹក​របស់​អ្នកស្រុក​បន្ត​ទៀត​នៅ​រដូវប្រាំង​ខាងមុខ​នេះ។

សហគមន៍​ព្រៃ​ឡង់ និង​សកម្មជន​បរិស្ថាន បាន​ហៅ​ការអនុវត្ត​ច្បាប់​របស់​គណៈកម្មការ​ជាតិ និង​ក្រសួង​ពាក់ព័ន្ធ លើ​ក្រុមហ៊ុន​ស៊ីងបាយអូថេក កន្លង​ទៅ គ្រាន់តែ​ជា​ឆាកល្ខោន សម្ដែង​ឱ្យ​ល្អមើល តែ​ធាតុ​ពិត​អាជ្ញាធរ​ហាក់​មាន​ចេតនា​លាក់បាំង​កំហុស​ឆ្គង​ក្រុមហ៊ុន​ទាំងនេះ។ ពួកគេ​សង្កត់​ធ្ងន់​ថា អាជ្ញាធរ​ពាក់ព័ន្ធ មាន​ចេតនា​សម្រួល​ឱ្យ​ក្រុមហ៊ុន​កាប់​ឈើ​ក្នុង​ព្រៃ​ឡង់ និង​ដើម​ច្បោះ​ជ័រ​របស់​អ្នកស្រុក ធ្វើ​អាជីវកម្ម និង​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។

កាលពី​ពាក់កណ្ដាល​ខែ​សីហា​កន្លង​ទៅ គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​ចុះ​ដល់​ទី​តាំង ក្រុមហ៊ុន ស៊ីងបាយអូថេក ដែល​មាន​មូលដ្ឋាន​ឋិត​នៅ​ស្រុក​សំបូរ​ខេត្ត​ក្រចេះ និង​ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង ក៏ប៉ុន្តែ​គណៈកម្មការ​ជំនាញ​មួយ​នេះ រក​មិន​ឃើញ​កំហុស​ក្រុមហ៊ុន​នេះ​ទេ។

សមាជិក​សហគមន៍​ព្រៃឡង់ ខេត្ត​ស្ទឹងត្រែង លោក យឹម សុភ័ក្ត្រ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៣ តុលា​ថា សកម្មភាព​កាប់​ឈើ​ខុសច្បាប់​របស់​ក្រុមហ៊ុន​នេះ នឹង​អាច​កម្រើក​ឡើងវិញ​នៅ រដូវប្រាំង​ខាងមុខនេះ ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អនុវត្ត។ លោក​ថា ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន និង​សមត្ថកិច្ច​តូច​តាច រួម​ទាំង​សហគមន៍​ផង មិន​អាច​រារាំង សកម្មភាព​កាប់​ឈើ​របស់​ក្រុមហ៊ុន​ទាំងនេះ​បានទេ។ លោក​អំពាវនាវ ឱ្យ​អាជ្ញាធរ​បង្កើត​គណៈកម្មការ​ឯករាជ​មួយ ស៊ើបអង្កេត​ក្រុមហ៊ុន​ស៊ីងបាយអូថេក ឱ្យ​ត្រឹមត្រូវ និង​ច្បាស់លាស់ ដើម្បី​សង្គ្រោះ​ព្រៃ​ឡង់​ដែល​នៅសល់​ចុងក្រោយ​៖ «ប្រសិន​បើ​គាត់ មាន​ឆន្ទៈ ក្នុង​ការ​បង្ក្រាប​គាត់​បង្ក្រាប​បាន​ហើយ ព្រោះ​ក្រុមហ៊ុន​នេះ​លួច​កាប់​បំផ្លាញ ដើម​ជ័រ​ច្បោះ​របស់​ពលរដ្ឋ និង​កាប់​បំផ្លាញ​ព្រៃឈើ​របស់​យើង​ទាំងអស់​គ្នា ជា​ធនធាន​របស់​ប្រទេសជាតិ​ហើយ បែរជា​គណៈកម្មការ និង​ក្រសួង​ក៏ដូចជា នៅតែ​ព្រងើយកន្តើយ នៅតែ​កាង​ការពារ​ទៅ​លើ​ក្រុមហ៊ុន​ទាំងអស់​ហ្នឹង​វិញ​ថា ក្រុមហ៊ុន​ហ្នឹង​នៅតែ​ពុំ​មាន​កំហុស តែ​ពលរដ្ឋ​ដាក់ពាក្យ​ប្តឹង​មិន​តិច​ដង​ហើយ​ទេ ថា ក្រុមហ៊ុន​ហ្នឹង​ល្មើស​ច្បាប់»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង មន្ត្រី​ក្រសួងបរិស្ថាន និង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក ស្រី វុឌ្ឍី ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​លើកឡើង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង គ្មាន​អ្នក​លើក​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា។

ចំណែក អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី ក៏​មិន​លើក​ទូរស័ព្ទ​ដែរ​នៅថ្ងៃ​​នេះ។

តែ​យ៉ាងណា លោក អេង ហ៊ី ធ្លាប់​អះអាង​ថា មតិ​រិះគន់​ទាំងនេះ គ្រាន់តែ​ជា​សិទ្ធិ​បញ្ចេញមតិ​ប៉ុណ្ណោះ ចំពោះ​ភារកិច្ច​ដោះស្រាយ​រឿង​នេះ ជា​តួនាទី​របស់​មន្ត្រី​ជំនាញ​។ លោក​បដិសេធ​បង្ហាញ​លទ្ធផល ការ​ចុះ​ស៊ើបអង្កេត​ក្រុមហ៊ុន​ស៊ីង បាយអូថេក នោះ​ទេ ព្រោះ​សំណុំ​រឿង​នេះ​ឋិត​ក្នុង​ដៃ​អយ្យការ។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ អះអាង​ថា កន្លង​ទៅ​ក្រុម​កម្មករ​ក្រុមហ៊ុន​ស៊ីងបាយអូថេក បាន​លួច​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ក៏ប៉ុន្តែ​ក្រសួង​បរិស្ថាន​គ្មាន​វិធានការ​លើ​ក្រុមហ៊ុន​នេះ ហើយ​ថែម​ទាំង​បង្វែរ​ការទទួលខុសត្រូវ​រឿង​នេះ លើ​ក្រសួង​កសិកម្ម​ទៅ​វិញ។ លោក​ថា ក្រុម​កម្មករ​របស់​ក្រុមហ៊ុន បាន​លួច​កាប់​ឈើ​ធំៗ​ក្នុង​ព្រៃ​ឡង់ និង​ដឹក​ឈើ​ឆ្លងកាត់​ស្នាក់​ការ​របស់​ក្រសួង​បរិស្ថាន ក៏ប៉ុន្តែ​មន្ត្រី​ជំនាញ​ដែល​ឈរជើង​នៅ​តំបន់​នោះ មិន​បាន​អនុវត្ត​ច្បាប់​ទេ។ លោក​បន្ថែម​ថា គណៈកម្មការ​ជំនាញ និង​ក្រសួង​ពាក់ព័ន្ធ គ្មាន​ឆន្ទៈ​រក​យុត្តិធម៌​តាមច្បាប់​ជូន​សហគមន៍​នោះ​ទេ បែរ​ជា​ជួយ​កាង​ការពារ​ក្រុមហ៊ុន​ស៊ីងបាយអូថេក ឱ្យ​មាន​លទ្ធភាព​កាប់​ឈើ​ខុសច្បាប់​ទៅវិញ​៖ «ប្រសិន​បើ​គាត់ មាន​ឆន្ទៈ ក្នុង​ការ​បង្ក្រាប​គាត់​បង្ក្រាប​បាន​ហើយ ព្រោះ​ក្រុមហ៊ុន​នេះ​លួច​កាប់​បំផ្លាញ ដើម​ជ័រ​ច្បោះ​របស់​ពលរដ្ឋ និង​កាប់​បំផ្លាញ​ព្រៃឈើ​របស់​យើង​ទាំងអស់​គ្នា ជា​ធនធាន​របស់​ប្រទេសជាតិ​ហើយ បែរជា​គណៈកម្មការ និង​ក្រសួង​ក៏ដូចជា នៅតែ​ព្រងើយកន្តើយ នៅតែ​កាង​ការពារ​ទៅលើ ក្រុមហ៊ុន​ទាំងអស់​ហ្នឹង​វិញ​ថា ក្រុមហ៊ុន​ហ្នឹង​នៅតែ​ពុំ​មាន​កំហុស តែ​ពលរដ្ឋ​ដាក់ពាក្យ​ប្តឹង​មិន​តិច​ដង​ហើយ​ទេ ថា ក្រុមហ៊ុន​ហ្នឹង​ល្មើសច្បាប់»

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១២ ក្រសួងកសិកម្ម បាន​ផ្ដល់​សិទ្ធិ​ឱ្យ ក្រុមហ៊ុន ស៊ី បាយអូថេក វិនិយោគ​ដំណាំ​ឧស្សាហកម្ម អាកាស្យា ឬ​ស្ថានីយ​ស្ដារ​ព្រៃឈើ​ឡើងវិញ​លើ​ផ្ទៃដី​ចំនួន​ជាង ៣​ម៉ឺន ៤​ពាន់​ហិកតារ (៣៤.០០៧) ឋិត​នៅ​ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ និង​មួយ​ផ្នែក​ចូល​ដី​ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង​។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន ស៊ីបាយអូថេក បាន​ធ្វើ​ការផ្ទេរ​សិទ្ធ​បើក​រោងចក្រ​អារ​ឈើ​ទៅ​ឱ្យ​ក្រុមហ៊ុន អង្គរ​ប្លាយវូដ (Angkor Plywood) កាលពី​ចុង​ឆ្នាំ​២០១៨។

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង ក្រុមហ៊ុន​ទាំងនេះ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​ថា​យ៉ាងណា​នៅឡើយ​ទេ នៅ​ថ្ងៃ​ដដែល​នេះ​។ សហគមន៍​ព្រៃ​ឡង់ រាយការណ៍​ថា ក្រុមហ៊ុន​ទាំងនេះ មាន​មហិច្ឆតា​ធ្វើ​អាជីវកម្ម​ឈើ​ខ្នាត​ធំ និង​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​ចិន​តាម​ផ្លូវទឹក ខណៈ​កន្លងទៅ សកម្មជន​បរិស្ថាន​បាន​ទៅដល់​ការដ្ឋាន​ក្រុមហ៊ុន​នេះ ប្រទះឃើញ ឈើ​មូល​ធំៗ​រាប់រយ​ម៉ែត្រ​គូប ត្រៀម​ដឹក​ចេញ​ក្រៅ ដែល​ភាគច្រើន​ជា​ប្រភេទ​ឈើទាល និង​ត្រាច ដែល​អ្នកស្រុក​ដុត​យក​ជ័រទឹក​លក់។

មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់​ថា ប្រសិនបើ​មន្ត្រី​នគរបាល​យុត្តិធម៌ មិន​អនុវត្ត​ច្បាប់​លើ​ក្រុមហ៊ុន​ដែល​កាប់​ព្រៃឈើ​ខុសច្បាប់​នោះ​ទេ មានន័យថា មន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ បាន​រួម​ចំណែក​បំផ្លាញ​ព្រៃឈើ និង​សមគំនិត​ប្រព្រឹត្ត​បទល្មើស​។ លោក​ថា ការ​ឃុបឃិត​គ្នា​សមគំនិត​ជាមួយ​ក្រុមហ៊ុន​ធ្វើ​សកម្មភាព​កាប់​ឈើ ជា​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ៖ «ច្បាប់​ព្រៃឈើ​មាត្រា ១០១ ចែង​ច្បាស់​ពី​ទោស​មន្ត្រី​ជំនាញ​ព្រៃឈើ មាន​ច្រើន​ចំណុច​។ ក្នុង​នោះ​មាន​ទាំង​ធ្វើ​របាយការណ៍​មិន​ពិត ការ​បង្ក្រាប​មិន​ទាន់​ពេលវេលា បទល្មើស​ឧក្រិដ្ឋ ត្រូវ​មានទោស ៥ ឆ្នាំទៅ ១០ ឆ្នាំ​។ ចំពោះ​មន្ត្រី​នគរបាល​យុត្តិធម៌ អាជ្ញាធរ​ដែនដី ដែល​សមគំនិត​គ្នា ជាមួយ​ក្រុមហ៊ុន ក៏​ត្រូវ​មានទោស​ដែរ ជាប់ពន្ធនាគារ​ពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ​ដែរ តាមច្បាប់​ព្រៃឈើ​មាត្រា ១០០»

សហគមន៍​ព្រៃ​ឡង់ និង​សកម្មជន​បរិស្ថាន​បាន​ផ្តាំ​ទៅ​ក្រុមហ៊ុន ស៊ីងបាយអូថេក​ថា ប្រសិនជា​អះអាង​ថា​ខ្លួន រកស៊ី​សុចរិត​ពិតប្រាកដ សូម​បើក​ចិត្ត​ទូលាយ​ឱ្យ ក្រុម​និស្សិត អ្នកកាសែត មន្ត្រី​សហគមន៍​ស៊ីវិល រួម​ទាំង​សហគមន៍ មាន​សិទ្ធិ​ចេញចូល​តំបន់​នោះ​ដោយ​សេរី និង​គ្មាន​ការរារាំង ខណៈ​កន្លង​ទៅ​ក្រុមហ៊ុន​នេះ បាន​ពង្រាយ​សន្តិសុខ​យាមល្បាត​យ៉ាង​ប្រុងប្រយ័ត្ន មិន​ឱ្យ​មនុស្ស​ប្លែក​មុខ​ចេញ​ចូល​តំបន់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល