ក្រុម​ល្បាត​ព្រៃឡង់​ខេត្ត​ស្ទឹងត្រែង​ចូលរួម​ជាមួយ​ក្រុម​ល្បាត​នៃ​ខេត្ត​ផ្សេង​បន្ទាប់​សមត្ថកិច្ច​រារាំង

ក្រុម​ចុះ​ល្បាត​ព្រៃឡង់ ដែល​ចុះ​ពិនិត្យ​បទល្មើស​ព្រៃ​ឈើ បាន​ចុះ​បំពេញ​សកម្មភាព​ល្បាត​ព្រៃ​ដូច​ការ​គ្រោង​ទុក​ហើយ​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា បើ​ទោះ​ជា​ត្រូវ​ប្រឈម​បញ្ហា​ខ្លះៗ​ក៏ដោយ។

មន្ត្រី​ជំនួយការ​ផ្នែក​ទំនាក់ទំនង​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក អែម សារុំ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ថា ក្រុម​យុវជន អង្គការ​សង្គម​ស៊ីវិល រួម​នឹង​សហគមន៍​នៅ​តាម​តំបន់​គោលដៅ​ផង បាន​ចុះ​ល្បាត​ក្នុង​ព្រៃឡង់​ហើយ​ចាប់​ពី​ថ្ងៃ​ទី​១៤ នេះ​ទៅ។

បើ​តាម លោក អែម សារុំ គម្រោង​ចុះ​ល្បាត​ព្រៃ​ជា​ថ្មី​ទៀត​នេះ គឺ​ដើម្បី​ស្វែងរក​បទល្មើស​ព្រៃ​ឈើ​ដែល​រង​ការ​កាប់​បំផ្លាញ​ដោយ​ក្រុមហ៊ុន​ឯកជន ដែល​ទទួល​បាន​សិទ្ធិ​វិយោគ​នៅ​តំបន់​ព្រៃឡង់ ក្រោម​គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច ហើយ​គម្រោង​ចុះ​ល្បាត​លើក​នេះ គឺ​ត្រូវ​ប្រើ​ពេល​រយៈពេល ៥​ថ្ងៃ ដែល​គ្រោង​នឹង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​១៧ ឧសភា។

លោក​បន្ត​ថា មូលហេតុ​ដែល​សកម្មជន​ព្រៃឡង់ អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​យុវជន​ផង សម្រេច​ចិត្ត​ចុះ​ល្បាត​ជា​ថ្មី​ទៀត​នៅ​ពេល​នេះ គឺ​ដើម្បី​រុករក​បទល្មើស ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​អប់រំ​ច្បាប់​ដល់​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ខ្លះៗ ដើម្បី​ឲ្យ​យល់​ដឹង​ពី​សារសំខាន់​នៃ​ព្រៃ​ឈើ​ផង។ លោក អែម សារុំ បន្ត​ថា «គោល​បំណង​ធំ​របស់​ក្រុម​យុវជន​និស្សិត​ដែល​ទៅ​ហ្នឹង ទី​មួយ គឺ​ដោយសារ​គាត់​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន។ គាត់​ចង់​ចូលរួម​បុណ្យ​ស្ដេច​ហ្នឹង​ហើយ។ ទី​ពីរ​ទៀត ពួក​គាត់​ចូលរួម​ដើម្បី​ជា​លក្ខណៈ​តស៊ូ​មតិ ដើម្បី​កុំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឡង់​ថែម​ទៀត។ ទី​បី គាត់​ចង់​ទៅ​ជួយ​ពន្យល់​ផ្សព្វផ្សាយ​ផ្នែក​ច្បាប់​ទៅ​ដល់​ប្រជាពលរដ្ឋ​សហគមន៍ នៅ​ក្នុង​តំបន់​ព្រៃឡង់​ហ្នឹង ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គាត់ ព្យាយាម​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​អ្នក​ខាង​ក្រោម យល់​អំពី​អត្ថប្រយោជន៍​នៃ​ព្រៃ​ឈើ»

បន្ថែម​ពី​លើ​នេះ លោក អែម សារុំ បញ្ជាក់​ថា ការ​ចុះ​ល្បាត​ជា​ថ្មី​ឡើង​វិញ​នេះ គឺ​មាន ៤​ក្រុម​ធំៗ ដែល​ក្រុម​នីមួយៗ​ត្រូវ​ចេញ​ពី​តាម​បណ្ដា​ខេត្ត​ដែល​នៅ​ជាប់​ព្រៃឡង់ ក្នុង​នោះ​មាន​ខេត្ត​ព្រះវិហារ កំពង់ធំ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង។

ក៏ប៉ុន្តែ​ជា​អកុសល​សម្រាប់​មុខ​សញ្ញា​ខេត្ត​ស្ទឹងត្រែង ដែល​ដឹក​នាំ​ដោយ លោក កែម ឡី និង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនទិញ ត្រូវ​ខកខាន​វិញ ដោយសារ​កម្លាំង​មាន​សមត្ថកិច្ច​ទប់ស្កាត់​ដោយ​លើក​ហេតុផល​ថា ក្រុម​ល្បាត​ព្រៃ​នេះ​ពុំ​មាន​លិខិត​អនុញ្ញាត​ត្រឹមត្រូវ។

បើ​ទោះ​ជា​បែប​ណា ទាំង លោក កែម ឡី និង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនទិញ សម្រេច​ចិត្ត​ចូលរួម​ជាមួយ​ក្រុម​ដែល​មក​ពី​ខេត្ត​ក្រចេះ និង​ខេត្ត​ព្រះវិហារ ជា​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។