ពលរដ្ឋ​ជិត​ ១០០​គ្រួសារ​នៅ​បាត់ដំបង​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​គ្រឿងចក្រ​បូម​ខ្សាច់​នៅ​ជិត​លំនៅឋាន

ដោយ ម៉ៅ សុធានី
2023.07.07
ពលរដ្ឋ​ជិត​ ១០០​គ្រួសារ​នៅ​បាត់ដំបង​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​គ្រឿងចក្រ​បូម​ខ្សាច់​នៅ​ជិត​លំនៅឋាន កន្លែង​បូម​ខ្សាច់​របស់​ការដ្ឋាន​ខុសច្បាប់​មួយ​កន្លែងស្ថិត​ក្នុងឃុំ​គោកឃ្មុំ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង។ រូបថ្ងៃទី៦ កក្កដា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ប្រជាពលរដ្ឋ​ជាង​ ១០០​គ្រួសារ ក្នុងស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ស្នើសុំ​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​ឱ្យ​បញ្ឈប់​សកម្មភាព​បូម​ខ្សាច់​របស់​ការដ្ឋាន​ខុសច្បាប់​មួយ​កន្លែង ដោយ​បារម្ភ​ពី​ការ​ប៉ះពាល់​ដល់​លំនៅឋាន​របស់​ពួកគាត់​។ សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ គួរ​បង្កើត​គណៈកម្មការ​ចុះ​ត្រួតពិនិត្យ ដើម្បី​រក​ម្ចាស់​ការដ្ឋាន និង​អ្នក​ពាក់ព័ន្ធ​ឱ្យ​មក​ទទួលខុសត្រូវ។

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​អូរ​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​ចំនួន​បី នៃ​ឃុំ​គោកឃ្មុំ ស្រុក​ថ្មគោល កំពុង​ព្រួយបារម្ភ​អំពី​ការ​បាក់​ស្រុត​ផ្ទះ​របស់​ពួកគាត់ បន្ទាប់ពី​មាន​អាជីវកម្ម​មួយ កំពុង​ដំឡើង​គ្រឿងចក្រ​បូម​ខ្សាច់​ក្នុង​អូរ​នោះ។

ពលរដ្ឋ​នៅ​ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល លោកស្រី ប៉ាក់ ឃី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​០៦ កក្កដា ថា លោកស្រី​បារម្ភ​ពី​ការ​បាក់ស្រុត​លំនៅឋាន​របស់​លោក​ស្រី ក្រោយ​ពេល​មាន​ការដ្ឋាន​មួយ ដែល​ប្រជាពលរដ្ឋ​មិន​ស្គាល់ឈ្មោះ​ក្រុមហ៊ុន បាន​ដំឡើង​គ្រឿងចក្រ​បូម​ខ្សាច់​ជាច្រើន​គ្រឿង ដែល​បង្កើត​ឱ្យ​មាន​រណ្ដៅ​ធំៗ​។ លោកស្រី​បញ្ជាក់​ថា នៅ​ពេល​មន្ត្រី​សាលាស្រុក​ចុះ​ទៅ​ដល់ អ្នកគ្រប់គ្រង​ការដ្ឋាន​អះអាង​ថា ពួកគេ​កំពុង​ជីក​ស្ដារ​ប្រឡាយ​នោះ​ទៅវិញ​។ តែ​យ៉ាងណា លោកស្រី​សង្កេត​ឃើញ​ថា សកម្មភាព​នោះ មិនមែន​ជា​ការ​ជីក​ស្ដារ​ប្រឡាយ​នោះ​ទេ ព្រោះ​ជា​ការ​ជីក​ខួង​ចុះទៅ​ក្រោម។

លោកស្រី ប៉ាក់ ឃី៖ «គេ​នៅតែ​បន្ត​បន្តិចៗ​របស់​គេ។ តែ​ឮ​គេ​ថា រដ្ឋបាល​ស្រុក​ថា គេ​ឱ្យ​ផ្អាក​ហើយ អត់​មាន​កាយ​អូរ​ទៀត​ទេ គេ​អត់​ឱ្យ​កាយ​ទេ។ តែ​ថ្ងៃនេះ​ស្ងាត់​អាម៉ៃ​ខូង (ម៉ាស៊ីន​កាយ​ដីដែរ»

កាលពី​ថ្ងៃទី​១៩ មិថុនា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ចំនួន​៣ រួមមាន​ភូមិ​តា​ស្វាយ ភូមិ​ច្រនៀង និង​ភូមិ​តាមាឃ ក្នុង​ឃុំ​គោកឃ្មុំ ស្រុក​ថ្មគោល ជិត​១០០​គ្រួសារ បាន​នាំគ្នា​ទៅ​តវ៉ា​នៅ​មុខ​សាលាឃុំ​គោក​ឃ្មុំ និង​បន្ត​ទៅ​សាលាស្រុក​ថ្មគោល ដើម្បី​សុំ​ឱ្យ​មន្ត្រី​ចុះទៅ​ត្រួត​ពិនិត្យមើល​ការដ្ឋាន​បូម​ខ្សាច់ ដែល​កំពុង​រៀបចំ​ដំឡើង​គ្រឿងចក្រ និង​ម៉ាស៊ីន​បូម​ខ្សាច់​ខ្នាត​ធំ ដែល​មាន​ទីតាំង​នៅ​ត្រង់​ចំណុច​អូរ​មួយ​កន្លែង ហៅថា​ប្រឡាយ​លេខ​២ ដែល​ស្ថិត​នៅ​ត្រង់​ចន្លោះ​ភូមិ​ទាំង​បី។

បន្ទាប់ពី​បាន​ចុះទៅ​ត្រួតពិនិត្យ​នៅ​កន្លែង​ការដ្ឋាន តាម​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​រួច​មក អាជ្ញាធរ​ស្រុក​ថ្មគោល ទទួលស្គាល់​ថា ការ​បូម​ខ្សាច់​របស់​ការដ្ឋាន​នេះ ពិតជា​ប៉ះពាល់​ទៅ​លើ​ផ្ទះ​សំបែង ដីធ្លី របស់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ពិតប្រាកដ​មែន ខណៈ​ការដ្ឋាន​នេះ​ពុំ​មាន​អាជ្ញាប័ណ្ណ ឬ​លិខិតអនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នោះ​ទេ ហើយ​អាជ្ញាធរ​បាន​បញ្ជា​ឱ្យ​បិទ​ការដ្ឋាន​នោះ។

ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​ដែល​បាន​ចូល​ទៅ​មើល​ក្នុង​ការដ្ឋាន​បូម​ខ្សាច់​នោះ អះអាង​ថា ការ​បូម​ខ្សាច់​ពី​ក្នុង​អូរ​នៅតែ​បន្ត និង​មាន​ភាព​មិន​ប្រក្រតី​។ ពួកគាត់​សង្ស័យ​ថា ការដ្ឋាន​ជីក​អូរ​នេះ មានការ​បើកដៃ​ពី​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ទាញ​យក​ធនធាន​រ៉ែ ឬ​របស់​មាន​តម្លៃ​អ្វីមួយ ព្រោះ​ទីតាំង​ការដ្ឋាន​នោះ នៅ​ជិត​ទួល​បុរាណ។

ពលរដ្ឋ​ម្នាក់​ទៀត ដែល​ធ្លាប់​ចូល​ទៅ​ទីតាំង​ការដ្ឋាន សុំ​មិន​បញ្ចេញ​ឈ្មោះ លើកឡើង​ថា សកម្មភាព​ជីកដី​ប្រឡាយ​នៅ​ទីតាំង​ឃុំ​គោក​ឃ្មុំនេះ មាន​ទម្រង់​ជា​ការ​ជីក​យក​រ៉ែ មិនមែន​ជា​ការ​ស្ដារ​ប្រឡាយ​នោះ​ទេ ព្រោះ​ការ​ជីក​មាន​លក្ខណៈ​ជា​រណ្ដៅ​ជ្រៅ​ប្រមាណ​ជិត​ ១០(​ដប់​)​ម៉ែត្រ​ចុះទៅ​ក្រោម និង​មុខកាត់​ប្រហែល ​៤​ម៉ែត្រ​។ លោក​អះអាង​ថា ក្រុម​កម្មករ​មាន​គ្នា​ប្រមាណ ៦​នាក់ លួច​លាក់​ជីករណ្ដៅ​ក្នុង​ប្រឡាយ​ដដែល ហើយ​នៅ​ពេល​ព្រលប់​មាន​រថយន្ត​បែន​ចំនួន​៣​គ្រឿង ដឹក​អាចម៍ដី​ចេញ​ពី​ការដ្ឋាន​ដោយ​មាន​គ្រប​តង់​កៅស៊ូ​បិទ​ជិត។

«តាម​ពិត​ទៅ​មិនមែន​បូម​ខ្សាច់​ទេ នេះ​ជា​ការ​បូម​យក​រ៉ែ​មាស រក​រណ្ដៅ​រ៉ែរ៉ត។ រឿង​ដាក់​គម្រោង ប៉ុន្តែ​កាយ​ដូច​លួចលាក់ ក្រុមហ៊ុន​ចិន។ គេ​ជីក គេ​ដាក់​ម៉ាស៊ីន​ចូល​ទៅ កាយ​តែ​ល្មម​អណ្ដូង​ជ្រៅ គេ​ដាក់​ម៉ាស៊ីន​បូម​បុក​យក​តែ​ម្ដង​។ មិនមែន​បូម​ខ្សាច់​ទេ គឺ​បូម​យក​រ៉ែ»

ទាក់ទិន​រឿង​នេះ អភិបាល​ស្រុក​ថ្មគោល លោក ជា សម្បត្តិ ប្រាប់​វិទ្យុ​អាស៊ីសេរី​យ៉ាង​ខ្លី​ថា លោក​មិនបាន​ដឹង​ថា ការដ្ឋាន​នោះ នៅតែ​បន្តសកម្មភាព​នោះ​ទេ ហើយ​លោក​មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ​ម្ចាស់​ការដ្ឋាន​នោះ​ទេ​។ ចំណែក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តបាត់ដំបង លោក អ៊ាន មាឃ ប្រាប់​ថា ក្រសួង​រ៉ែ និង​ថាមពល មិន​បាន​ផ្ដល់​អាជ្ញាប័ណ្ណ ឱ្យ​ក្រុមហ៊ុន​ណាមួយ បូម​ខ្សាច់ ឬ​ជីក​យក​រ៉ែ​នៅ​ទីតាំង​ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល នោះ​ទេ។

លោក ជា សម្បត្តិ៖ «គោក​ឃ្មុំ​ហ្នឹង​ដូច​អត់​មាន​រ៉ែ​អ្វី​ផង។ អត់​ដឹង​ទេ​បាទ»

ទោះ​ជា​បែបនេះ​ក្ដី ប្រជាពលរដ្ឋ​នៅ​ជិត​ទីតាំង​ការដ្ឋាន អះអាង​ថា ថៅកែ​ដែល​ចុះ​មក​ពិនិត្យ​ការដ្ឋាន​ជីក​អូរ នោះ គឺជា​ជនជាតិ​ចិន។

អ្នកសម្របសម្រួល​ផ្នែក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​នៅ​ខេត្ត​បាត់ដំបង លោក អ៊ិន គង់ជិត យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​បង្កើត​គណៈកម្មការ អន្តរក្រសួង​ដើម្បី​ត្រួតពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់ និង​ត្រូវ​សិក្សា​ពី​ផល​ប៉ះពាល់​សង្គម និង​បរិស្ថាន ក្នុង​តំបន់​ជាមុន​សិន មុន​សម្រេច​អនុញ្ញាត​ឱ្យ​មាន​ការ​ធ្វើ​អាជីវកម្ម​។ ជាមួយ​គ្នា​នេះ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំបង និង​មន្ទីរ​រ៉ែ និង​ថាមពល គួរតែ​បញ្ឈប់​អាជីវកម្ម​ខ្សាច់ ឬ​រ៉ែ​លើ​ប្រឡាយ​នោះ ដើម្បី​ការពារ​កុំឱ្យ​ការ​ប៉ះពាល់​ទៅលើ​ប្រជាពលរដ្ឋ។

លោក អ៊ិន គង់ជិត៖ «ហើយ​ប្រសិនបើជា​ក្រុមហ៊ុន​នៅតែ​រឹងទទឹង​មិន​ដក​គ្រឿងចក្រ​ចេញ មិន​បញ្ឈប់​សកម្មភាព នោះ​មន្ត្រី​នៃ​ក្រសួង​រ៉ែ និង​ថាមពល គួរតែ​ប្ដឹង​ករណី​នេះ​ទៅ​តុលាការ ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់»

ពលរដ្ឋ​ស្នើ​អាជ្ញាធរ អន្តរាគមន៍​បញ្ឈប់​ការ​ដ្ឋាន​បូម​ខ្សាច់ ដើម្បី​ការពារ​ការ​បាក់​ស្រុក​ផ្ទះ​របស់​ប្រជាពលរដ្ឋ។ ជាពិសេស កន្លែង​ការដ្ឋាន​បូម​ខ្សាច់​នោះ នៅ​ជិត​ទួល​បុរាណ ដែល​ធ្វើ​ឱ្យ​ពួកគាត់​បារម្ភ​ពី​ការ​លួច​ជីក​កកាយ​ដើម្បី​រក​វត្ថុ​មានតម្លៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។