រឿង​អាស្រូវ​បាត់​លុយ​ខ្សាច់​ជិត​៨០០​លាន​ដុល្លារ​ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់​ខណៈ​សកម្មជន​បន្ត​ជាប់​ឃុំ

ដោយ វ៉ែន សុមេធ
2017-12-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាឡង់​ដឹក​ខ្សាច់​ស៊ីលីកា​ ឬ​ខ្សាច់​ស នៅ​ចំណុច​កំពង់ផែ​​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប (MONG RETHTHY GROUP CO., Ltd.) ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ដើម​ខែ​មេសា ឆ្នាំ​២០១៧។ Photo courtesy of Mother Nature
សាឡង់​ដឹក​ខ្សាច់​ស៊ីលីកា​ ឬ​ខ្សាច់​ស នៅ​ចំណុច​កំពង់ផែ​​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប (MONG RETHTHY GROUP CO., Ltd.) ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ដើម​ខែ​មេសា ឆ្នាំ​២០១៧។ Photo courtesy of Mother Nature
Photo courtesy of Mother Nature

ស្រប​ពេល​កម្ដៅ​នយោបាយ​កំពុង​កើន​ឡើង​ខ្លាំង បញ្ហា​បរិស្ថាន និង​ការ​ការពារ​ធនធាន​ធម្មជាតិ ហាក់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​តិចតួច​ពី​មជ្ឈដ្ឋាន​ទូទៅ ជាពិសេស រឿង​អាស្រូវ​បាត់​លុយ​ខ្សាច់​រាប់​រយ​លាន​ដុល្លារ ដែល​មិន​ត្រូវ​បាន​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ចេញ​មុខ​បកស្រាយ ឬ​ក៏​អើពើ​ស៊ើប​អង្កេត​នោះ​ឡើយ ខណៈ​ដែល​អតីត​សកម្មជន​បរិស្ថាន​បែរ​ជា​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​អស់​រយៈ​ជា​ច្រើន​ខែ​ទៅ​វិញ។

​អស់​រយៈពេល ៤​ខែ​ទៅ​ហើយ​ដែល​សកម្មជន​បរិស្ថាន​នៃ​អតីត​អង្គការ​មាតា​ធម្មជាតិ​ពីរ​រូប គឺ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង បន្ត​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​តាម​បណ្តឹង​របស់​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង (Koh Kong SEZ Co., Ltd.) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត យល់​ឃើញ​ថា ចំណាត់ការ​របស់​អាជ្ញាធរ និង​តុលាការ​ខេត្ត​កោះកុង​នេះ ជា​ការ​បំបាក់​ស្មារតី​យុវជន​ដែល​ហ៊ាន​ចេញ​មុខ​ឈឺឆ្អាល​រឿង​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ។ លោក​ថា នេះ​ជា​ការ​អនុវត្ត​ផ្ទុយ​នឹង​ការ​អំពាវនាវ​របស់​ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​បរិស្ថាន ព្រមទាំង​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​ដែល​លើកទឹកចិត្ត​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​ចូលរួម​ជួយ​ថែរក្សា​ធនធាន​ធម្មជាតិ ដើម្បី​ប្រយោជន៍​សង្គម​ទាំង​អស់​គ្នា។

លោក​ទទូច​ឱ្យ​តុលាការ​ខេត្ត​កោះកុង ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ទាំង​ពីរ​រូប​នេះ និង​ដោះលែង​ពួកគេ​ទាំងពីរ​ឱ្យ​មាន​សេរីភាព​វិញ៖ «ខាង​ខ្ញុំ​តំណាង​ឱ្យ​អង្គការ​សង្គម​ស៊ីវិល យើង​មាន​ការ​សោកស្តាយ​ចំពោះ​ចំណាត់​ការ​បំបាក់​ស្មារតី​យុវជន​ដែល​គាត់​ក្លាហាន​ហ៊ាន​ចូល​រួម​ក្នុង​កិច្ច​ការពារ​ធនធាន​ធម្មជាតិ។ យើង​ស្នើ​សុំ​ឱ្យ​តុលាការ​​ អាជ្ញាធរ​ និង​ពាក់​ព័ន្ធ​ទាំង​អស់ សូម​ឱ្យ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​នេះ ហើយ​ដោះលែង​ពួក​គេ​ឱ្យ​មាន​សេរីភាព​វិញ​ ដើម្បី​ឱ្យ​ពួក​គេ​បាន​ចូល​រួម​នៅ​ក្នុ​ងកិច្ច​ការពារ​ធន​ធាន​ធម្មជាតិ។ យើង​គួរ​តែ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​បាន​ចូល​រួមនៅ​ក្នុង​កិច្ច​ការពារ​ធម្មជាតិ ​យើង​មិន​ត្រូវ​ចូល​រួម​គាំ​ទ្រ​ដល់អ្នក​ដែល​បំផ្លិច​បំផ្លាញ​ធម្មជាតិ​ទេ»

លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​ក្រោយ​ពេល​ពួកគេ​ជិះ​ទូក​ថតរូប និង​វីដេអូ​កប៉ាល់​ដឹក​ខ្សាច់​ស៊ីលីកា​ពីរ​គ្រឿងក្នុង​លំហ​សមុទ្រ នៅ​ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង។ ការ​ឃាត់​ខ្លួន​នេះ ធ្វើឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​អង្គការ​មាតា​ធម្មជាតិ​បាន​ចេញ​ផ្សាយ​វីដេអូ​មួយ​លាត​ត្រដាង​អំពី​រឿង​បាត់​ខ្សាច់​ស៊ីលីកា​ជាង ១​លាន​តោន ដែល​កម្ពុជា​នាំ​ចេញ​ទៅ​កោះ​តៃវ៉ាន់ និង​បាន​ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ពិចារណា​ចុះ​ចេញ​ពី​តំណែង​ដើម្បី​ជា​ការ​ទទួល​ខុស​ត្រូវ។

ដើម​បណ្តឹង​ក្នុង​សំណុំ​រឿង​នេះ គឺ​ត្រូវ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ដែល​ហៅ​កាត់​ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិពល និង​ជា​អ្នក​រកស៊ី​នាំ​ចេញ​ខ្សាច់​នៅ​ខេត្ត​កោះកុង ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ហ៊ុន វណ្ណៈ ២០១៧ ១៤៤០
សកម្មជន​អង្គការ​មាតា​ធម្មជាតិ ឈ្មោះ ហ៊ុន វណ្ណៈ។ Photo courtesy of Mother Nature Photo courtesy of Mother Nature

អតីត​អ្នក​សម្របសម្រួល​បណ្ដាញ​ស្ត្រី​នៃ​អង្គការ​មាតា​ធម្មជាតិ អ្នកនាង លឹម គីមស័រ សម្តែង​ការ​សោកស្តាយ​ជា​ខ្លាំង​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ និង​តុលាការ​ខេត្ត​កោះកុង ទៅ​លើ​អតីត​សហការី​របស់​នាង។ នាង​ចាត់​ទុក​ការ​បន្ត​ឃុំខ្លួន​អ្នក​ទាំងពីរ​ក្នុង​ពន្ធនាគារ​ថា ជា​ការ​វាយបំបាក់​ស្មារតី និង​បង្អាក់​ដំណើរ​ការ​តស៊ូ​មតិ​រឿង​ខ្សាច់​របស់​អង្គការ​មាតា​ធម្មជាតិ និង​ជា​ការ​គំរាមកំហែង​យុវជន​ដទៃ​ទៀត​មិន​ឱ្យ​ចេញ​មុខ​ការពារ​ធនធាន​ធម្មជាតិ​តែប៉ុណ្ណោះ។

អ្នកនាង លឹម គីមស័រ អំពាវនាវ​ដល់​តុលា​ការ​ឱ្យ​ផ្ដល់​យុត្តិធម៌​ដល់​អតីត​សហការី​របស់​នាង ដោយ​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ៖ «ការ​ចាប់​ខ្លួន​នេះធ្វើ​ឡើង​ហាក់​ដូច​ជា​តាម​បញ្ជា​របស់​អ្នក​មាន​អំណាច ឬ​អ្នក​ណា​ម្នាក់ អ៊ីចឹង​បើ​ចៅក្រម​គាត់​ធ្វើ​តាម​ច្បាប់ ពួក​គេ​នឹង​អាច​ឆាប់​បាន​ចេញ​​ត្រឡប់​មក​វិញ តែ​បើ​គេ​គ្មាន​ឆន្ទៈ​នឹង​ធ្វើ​វា​ទេ​ ដោយ​គេ​គិត​ថា យើង​ប្រឆាំង​នឹង​អ្នក​មាន​អំណាច​ ឬក៏​ពួក​យើង​ចង់​បង្ហាញ​ការ​ពិត​ ខ្ញុំ​គិត​ថា ពួក​គេ​នឹង​មិន​ខុស​គ្នា​ពី​គ្នា​យើង​បី​នាក់​មុន​ទេ ឬ​មួយ​ក៏​អាច​យូរ​ជាង​មុន។ សម្រាប់​ប្រព័ន្ធ​តុលាការ​នៅ​ស្រុក​ខ្មែរ​ឥឡូវ​នេះ គឺ​ខ្ញុំ​ពិបាក​នឹង​ជឿ​មែន​ទែន តែ​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​នៅ​តែ​សង្ឃឹម​ថា យុត្តិធម៌​នឹង​មាន​សម្រាប់​ពួក​គាត់​ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា តុលាការ​នឹង​យល់​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែរ»

​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន ថ្លែង​ថា អ្វី​ដែល​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​គួរ​ធ្វើ​នោះ គឺ​ត្រូវ​បង្ហាញ​តម្លាភាព​នៃ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់ និង​លុបបំបាត់​រាល់​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ​ទាក់ទង​នឹង​អាជីវកម្ម​ខ្សាច់​ដែល​ត្រូវ​បាន​រក​ឃើញ​កន្លង​មក មិន​មែន​ជា​ការ​ចាប់​ឃុំ​ខ្លួន​ក្រុម​សកម្មជន​បរិស្ថាន​នោះ​ទេ។

ភាព​មិន​ប្រក្រតី​ទាក់ទង​នឹង​អាជីវកម្ម​ខ្សាច់​ដែល​ត្រូវ​បាន​លាតត្រដាង​ដោយ​សកម្មជន​បរិស្ថាន និង​អ្នក​សារព័ត៌មាន​នោះ រួម​មាន​ការ​នាំ​ចេញ​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​ទៅ​ប្រទេស​សិង្ហបុរី និង​ប្រទេស​ឥណ្ឌា ព្រមទាំង​ការ​នាំ​ចេញ​ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស ទៅ​កោះ​តៃវ៉ាន់ ដែល​មាន​ចំនួន​ប្រមាណ ៧៥​លាន​តោន គិត​ជា​ទឹក​ប្រាក់​ជិត ៨០០​លាន​ដុល្លារ ខណៈ​ទិន្នន័យ​កម្ពុជា មាន​មិន​ដល់ ៣​លាន​តោន​ផង។

បញ្ហា​នេះ​ហើយ​ដែល​សកម្មជន​បរិស្ថាន​លើក​ឡើង​ថា ខ្សាច់​រាប់​សិប​លាន​តោន​ត្រូវ​បាន​នាំ​ចេញ​ពី​កម្ពុជា ដោយ​មិន​បង់​ពន្ធ ដែល​ជា​អំពើ​ពុករលួយ​ដ៏​ធំ​ធ្វើ​ឱ្យ​កម្ពុជា ខាត​បង់​ទឹក​ប្រាក់​រាប់​រយ​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​រ៉ែ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ស្នើ​ឱ្យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច ចេញ​មុខ​បំភ្លឺ​ឱ្យ​បាន​ច្បាស់លាស់​ទាក់ទង​នឹង​រឿង​គម្លាត​ដ៏​ច្រើន​សម្បើម​នៃ​ទិន្នន័យ​ខ្សាច់​ស៊ីលីកា ទៅ​កោះ​តៃវ៉ាន់ ព្រោះ​ស្ថាប័ន​នេះ​គឺ​ជា​អ្នក​កត់ត្រា​រាល់​បញ្ជី​ទំនិញ​គ្រប់​ប្រភេទ​ដែល​ត្រូវ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។

លោក សន ជ័យ ក៏​ស្នើ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បើក​ការ​ស៊ើប​អង្កេត​រឿង​នេះ​ដែរ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ការ​បាត់​ចំណូល​ជាតិ​រាប់​លាន​ដុល្លារ៖ «ភាព​ខុស​គ្នា​រវាង​ចំនួន​ខ្សាច់​នៅ​ក្នុង​របាយការណ៍​របស់​កម្ពុជា ហើយ​និង​បរិមាណ​ខ្សាច់​ដែល​នាំ​ចូល​ទៅ​តៃវ៉ាន់ គឺ​ជា​តម្រុយ​មួយ ហើយ​រឿង​នេះ​គឺ​ពាក់ព័ន្ធ​នឹង​ការ​ខាត​បង់​ថវិកា​ជាតិ​ដែរ។ យើង​ចង់​ឱ្យ​មាន​ការ​ស្រាយ​បំភ្លឺ​ពី​ក្រសួង​ដែល​គ្រប់គ្រង​ការ​នាំ​ចេញ គឺ​គយ ហើយ​ទី​ពីរ​គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ដែរ ដោយសារ​រឿង​នេះ​ពាក់ព័ន្ធ​នឹង​ចំណូល​ជាតិ។ បរិមាណ​ខុស​គ្នា​បែប​នេះ វា​អាច​នឹង​ធ្វើ​ឱ្យ​ចំណូល​ជាតិ ឬក៏​ដូចជា​ការ​ប្រមូល​សួយសារ​ជាដើម​នោះ អាច​ខុស​គ្នា​ដែរ អ៊ីចឹង​មាន​ន័យ​ថា ជា​រឿង​មួយ​ខាត​បង់​ប្រយោជន៍​ជាតិ»

​ទោះ​បី​ជា​យ៉ាង​ណា ជាច្រើន​ខែ​កន្លង​ទៅ​នេះ មិន​ទាន់​មាន​ការ​បក​ស្រាយ​ច្បាស់លាស់​ណា​មួយ​អំពី​រឿង​នេះ ពី​សំណាក់​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​នោះ​ទេ ហើយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទៀតសោត ក៏​មិន​បាន​អើពើ​ស៊ើប​អង្កេត​ករណី​នេះ​ដែរ។

​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ជា​ច្រើន​ដង ទាំង​តាម​ទូរស័ព្ទ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម ដើម្បី​សាកសួរ​អំពី​រឿង​នេះ ក៏ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Cambodge/ Kampot:
Dettes contre le sable.
https://www.youtube.com/watch?v=rb1-byyasNw

Dec 16, 2017 04:54 PM

គេហទំព័រ​ទាំងមូល