ខ្សាច់ជាប្រភេទរ៉ែដែលកំពុងមានការជួញដូរខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា។ ចំណែកនៅផ្នែកខាងមុខព្រះបរមរាជវាំង កាណូតច្រើនគ្រឿងកំពុងសម្រុកបូមខ្សាច់ពីក្នុងទន្លេ។ កាណូតខ្លះបានបើកបរបូមខ្សាច់ទាំងយប់ទាំងថ្ងៃ។ កាណូតខ្លះសំចតមួយកន្លែង ខួងបូមយកដីក្នុងទន្លេដោយប្រើទុយោធំៗ។
ករណីកាណូតបូមខ្សាច់នេះ ត្រូវប្រជាពលរដ្ឋនៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ចោទថា បានធ្វើឲ្យបាក់ដីច្រាំងក្នុងភូមិព្រែកជើងព្រហ្ម កាលពីដើមសប្ដាហ៍នេះ។ បញ្ហាបាក់ដីនេះ មន្ត្រីក្រសួងរ៉ែ និងថាមពល អះអាងថា នឹងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ឲ្យការប្រកបអាជីវកម្មខ្សាច់មិនប៉ះពាល់ក្នុងទឹកដីរាជធានីភ្នំពេញទេ។
មានកាណូតធុនធំច្រើនគ្រឿង កំពុងធ្វើអាជីវកម្មខ្សាច់នៅក្នុងទន្លេមុខព្រះបរមរាជវាំង ដែលពលរដ្ឋនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចោទថាបានធ្វើឲ្យដីច្រាំងបាក់ធ្លាក់ចូលទឹកទទឹង ១៥ម៉ែត្រ បណ្តោយ ២០ម៉ែត្រ។
ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ស៊ុយ ឌីម៉ង់ ថ្លែងថា ក្រសួងរ៉ែ និងថាមពល រួមទាំងស្ថាប័នពាក់ព័ន្ធ នឹងចុះពិនិត្យផលប៉ះពាល់ជាក់ស្តែង និងចុះឆែកឆេររកលិខិតអនុញ្ញាតពីម្ចាស់អាជីវកម្មខ្សាច់នោះ។ លោកថ្លែងយ៉ាងដូច្នេះ បន្ទាប់ពីទទួលដំណឹងថា មានភស្តុតាងជាក់ស្តែងនៅភូមិព្រែកជើងព្រហ្ម ក្នុងសង្កាត់វាលស្បូវ ដីភូមិនៅច្រាំងទន្លេមេគង្គ បាក់ធ្លាក់ចូលទឹកទន្លេកាលពីថ្ងៃច័ន្ទ ទី១៥ ធ្នូ សប្ដាហ៍នេះ។
លោក ស៊ុយ ឌីម៉ង់ ថ្លែងបន្តថា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រសួងមិនអនុញ្ញាតឲ្យមានការបូមខ្សាច់ទេ វាអាចធ្វើឲ្យប៉ះពាល់ច្រាំងទន្លេ ប៉ុន្តែអាចឲ្យបូមនៅក្នុងបរិវេណដីដុះនៅកណ្ដាលទន្លេ ដែលបង្កឲ្យរបត់ទឹកហូរខុសប្រក្រតី។ លោកថា សិទ្ធិអនុញ្ញាតឲ្យបូមខ្សាច់តាមទន្លេ បឹង ស្ទឹង ព្រែក នេះ គឺច្បាប់ចេញពីក្រសួងធនធានទឹក និងមានការយល់ព្រមពីអាជ្ញាធរមូលដ្ឋានដែរ៖ «អ៊ីចឹងបន្ទាប់ពីការស្រាវជ្រាវមក បើថាមានច្បាប់ទម្លាប់ នេះត្រូវមើលឡើងវិញ បច្ចេកទេស ថាតើហេតុអីបានជាខាងធនធានទឹក គាត់ចេញជលធារឲ្យគេបូមដែរ ព្រោះអីមុននឹងបូមនេះ គឺត្រូវសិក្សាជលធារ នេះបើសិនជាមានច្បាប់។ តែបើសិនជាអត់ច្បាប់ទេ អាហ្នឹងគឺជារឿងរបស់រដ្ឋអំណាចមូលដ្ឋាន ដែលគាត់ត្រូវគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់គាត់»។
ចំណែកអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែងថា បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានស្ទាក់ចាប់ និងបណ្ដេញកាណូតដែលលួចចូលបូមខ្សាច់ក្នុងទឹកដីរាជធានីភ្នំពេញ ឲ្យចេញពីភូមិសាស្ត្រនេះ៖ «យើងបានទទួលអំពីសំណូមពរអំពីប្រជាពលរដ្ឋ ហើយអាជ្ញាធររាជធានីក៏បានណែនាំឲ្យខាងអាជ្ញាធរខណ្ឌ ចុះធ្វើការត្រួតពិនិត្យរឿងហ្នឹងដែរ ហើយលោកអភិបាលខណ្ឌក៏បានដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌ ចុះធ្វើការងារហ្នឹងដែរ កាលពីដើមសប្ដាហ៍នេះ»។
ចំពោះការដេញកាណូតបូមខ្សាច់នៅសង្កាត់វាលស្បូវ នោះ អភិបាលរងខណ្ឌច្បារអំពៅ លោក រស់ សុភ័គ្រ ថ្លែងថា ក្រោយពីមានការលើកគ្នាទៅបណ្ដេញកាណូតទាំងនោះ ចេញពីមូលដ្ឋានខណ្ឌនេះមក គ្មានកាណូតចូលមកបូមខ្សាច់នៅទីនោះទៀតទេ។ លោកថា អាជ្ញាធរខណ្ឌបានចាប់ឆែករកច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្មខ្សាច់ គឺច្បាប់ចេញពីខេត្តកណ្ដាល៖ «ខាងសាលាខណ្ឌ ហើយនិងខាងសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យបូមទេ ហើយរាល់ថ្ងៃហ្នឹងក៏អត់មានអ្នកណាគេបូមដែរ។ តាមការឃាត់ចាប់ រកឃើញមានអាជ្ញាប័ណ្ណពីខេត្តកណ្ដាល ទេ មិនមែននៅសាលារាជធានី គឺអត់មានទេ។ អ៊ីចឹងទេទាក់ទងរឿងហ្នឹង គឺខាងអាជ្ញាធរខេត្តកណ្ដាល។ ដល់ពេលឥឡូវនេះ គឺមិនអនុញ្ញាត និយាយរួមទៅ ខាងសាលារាជធានីមិនឲ្យមានការបូមខ្សាច់ទេនៅតាមដងទន្លេហ្នឹង»។
ពលរដ្ឋសង្កាត់វាលស្បូវ លោក សុខ សឿន អះអាងថា ដីបាក់ធ្លាក់ចូលទន្លេកាលពីថ្ងៃច័ន្ទ សប្ដាហ៍នេះ គឺដីនៅក្នុងបរិវេណផ្ទះជនបរទេសនៅភូមិព្រែកជើងព្រហ្ម។ លោកថា ជនបរទេសមិនបានប្ដឹងទៅអាជ្ញាធរភូមិ ឲ្យបានដឹងពីដីផ្ទះបាក់ចូលទឹកទេ ប៉ុន្តែអ្នកភូមិដែលនៅក្បែរនោះ បានប្ដឹងជំនួស ព្រោះបារម្ភដីអាចនឹងបាក់បន្តទៀត ព្រោះកំពុងស្រុតបន្ថែមទៀតហើយនៅក្បែរកន្លែងបាក់ពីមុននោះ៖ «ដល់ពួកគាត់មកបូមបាន១អាទិត្យហើយ បានអាជ្ញាធរធ្វើសកម្មភាពអ៊ីចឹងទៅ។ តាមពិត វាបូមបានកន្លះខែ បើប្រជាជនអត់ងើបតវ៉ា អត់បានដុតកង់ឡានទេ ពួកហ្នឹងបូមបានយូរទៅ ជួនកាលទៅអាចកន្លះខែរបស់គេដែរ បើសិនពួកយើងរាងឆាប់តវ៉ាអ៊ីចឹងទៅ អាចវាបូមមួយថ្ងៃ២ថ្ងៃបានវាឈប់ រួចទៅរត់មួយសា ហើយមកបន្តរហូតទៀតទៅ»។
ពលរដ្ឋមួយរូបទៀតថ្លែងថា គាត់បារម្ភជាខ្លាំងនៅពេលយប់អាចកំពុងសម្រាកមិនដឹងខ្លួន ប្រសិនបើមានហេតុការណ៍ដី និងផ្ទះធ្លាក់ចូលទឹក មិនដឹងបានអ្នកណាជួយទេនៅពេលយប់។ លោកស្នើសុំឲ្យបញ្ឈប់ការអនុញ្ញាតបូមខ្សាច់៖ «ទើបតែឥឡូវនេះ វាចាប់ផ្ដើមបូមខ្សាច់ហ្នឹង វាបូមមិនប្រើអាម៉ាស៊ីនតូចៗទេ គឺម៉ាស៊ីនធំៗ។ ទូកវាហ្នឹងបូម១ទូកហ្នឹងប្រហែលជាខ្ទង់ ២ពាន់គូបអីនោះ មួយទូកវាហ្នឹងគឺបូមអ៊ីចឹង។ វាបូមយូរៗដែរ វាលួចមកបូម ហើយអាសាឡង់ដាក់ទៅក្បាលបូមវា ចេញម្តង៤ឯណោះ បឺតយកបើឃើញគួរឲ្យខ្លាចតែម្តង»។
ករណីដីក្នុងភូមិនោះបាក់ចូលទឹក ត្រូវមេភូមិព្រែកជើងព្រហ្ម លោក រស់ ប៊ុនហេង ឲ្យដឹងថា អាជីវកម្មខ្សាច់ គឺក្នុងកាណូតមួយគ្រឿងៗអាចផ្ទុកខ្សាច់រាប់រយតោន។ លោកថា មានកាណូតខ្លះបើកបរចល័តដើម្បីបូមខ្សាច់។ កាណូតខ្លះទៀតឈប់សំចតនៅមួយកន្លែង ហើយទម្លាក់ទុយោចំនួន៤ ដែលមានមុខកាត់ធំៗរុកបូមទៅក្នុងទឹកទន្លេ មិនដឹងបែរទុយោទៅខាងណាខ្លះទេ ឮសន្ធឹកបូមទាំងយប់ទាំងថ្ងៃនៅក្នុងទន្លេ ចន្លោះស្រុកល្វាឯម ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ លោកថា ក្រោយពីកាណូតធំៗសំចតនៅក្នុងទន្លេក្បែរភូមិនោះបូមខ្សាច់ ហើយបើករត់ទៅមកៗ ដោយការបណ្ដេញរបស់អាជ្ញាធរ និងអ្នកភូមិមករំលងបានតែជាង ១ខែ ដីច្រាំងទន្លេក៏បាក់៖ «ទើបខានបាក់៤ ទៅ ១០ឆ្នាំហ្នឹង ឥឡូវចាប់ផ្ដើមបាក់ទៀតហើយ បើអ៊ីចឹងបាក់កន្លែងដីបារាំងហ្នឹង ឲ្យខ្ញុំទៅការពារម៉េចការបាក់ច្រាំងទន្លេ»។
កាលពីចុងខែវិច្ឆិកា និងដើមខែធ្នូ អ្នកភូមិនៅសង្កាត់វាលស្បូវ បានដុតកង់ឡានទាមទារឲ្យអាជ្ញាធរជួយបណ្ដេញកាណូតបូមខ្សាច់ចេញពីភូមិវាលស្បូវ និងភូមិក្តីតាកុយ ព្រោះខ្លាចបាក់ដីវត្តចូលទឹកផង និងសំឡេងបូមខ្សាច់រំខានការរស់នៅផង។ ក្រោយពីមានដីបាក់នៅភូមិព្រែកជើងព្រហ្ម អ្នកភូមិគំរាមថានឹងប្រើហិង្សា ប្រសិនបើកាណូតបូមខ្សាច់បំពានច្បាប់ ហើយរំខានការរស់នៅរបស់ពួកគាត់។
ចៅសង្កាត់វាលស្បូវ អ្នកស្រី យឹម ស៊ីម៉ន អះអាងថា កាណូតបូមខ្សាច់មិនឃើញមកលួចបូមដូចមុនទេ ព្រោះអាជ្ញាធរខណ្ឌបានត្រៀមកាណូតដើម្បីចុះបង្ក្រាបបទល្មើសតាមដងទន្លេ ក្នុងខណ្ឌច្បារអំពៅ។ អ្នកស្រីថា បើមានកាណូតលួចចូលបូមខ្សាច់ទៀត អាជ្ញាធរខណ្ឌច្បារអំពៅ អាចស្ទាក់ចាប់កាណូតនោះបាន៖ «ពីថ្ងៃច័ន្ទ ទើបរៀបចំសាឡង់របស់ខ្លួនឯងហើយ ដេញចាប់គ្រប់សង្កាត់ហ្នឹងតែម្តង វារត់គេចហើយ ចាប់បានប៉ុន្មានសាឡង់ប៉ុន្មានអ៊ូដែរហ្នឹង សាលាខណ្ឌចាប់ហ្នឹង»។
ពលរដ្ឋក្នុងសង្កាត់វាលស្បូវ អះអាងថា ការស្ងប់ស្ងាត់កាណូតមិនចូលលួចបូមខ្សាច់ក្នុងសង្កាត់នេះតែក្នុងរយៈពេលកន្លះខែទៅ១ខែប៉ុណ្ណោះ បើអាជ្ញាធរ និងប្រជាពលរដ្ឋភ្លេចខ្លួន កាណូតទាំងនោះនឹងឆ្លៀតចូលលួចបូមក្បែរច្រាំងក្នុងរាជធានីភ្នំពេញទៀតមិនខានឡើយ។ ពួកគាត់ទាមទារឲ្យមានការអនុវត្តច្បាប់ពីស្ថាប័នពាក់ព័ន្ធឲ្យច្បាស់លាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។