ក្រុមហ៊ុន​ផ្អាក​បូម​ខ្សាច់​លុប​បឹង​សំរោង​នៅ​ព្រែក​ព្នៅ

ក្រុមហ៊ុន​ឯកជន​បូម​ខ្សាច់​ចាក់​លុប​ភាគ​ខ្លះ​នៃ​បឹង​សំរោង ដែល​ស្ថិតនៅ​សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ បាន​ផ្អាក​សកម្មភាព​របស់​ខ្លួន​ហើយ។ ការ​ផ្អាក​សកម្មភាព​នេះ​បន្ទាប់​ពលរដ្ឋ​បាន​តវ៉ា​អស់​ជា​ច្រើន​ថ្ងៃ និង​មាន​អន្តរាគមន៍​ពី​សំណាក់​មន្ត្រី​របស់​បក្ស​ប្រឆាំង​ចុះ​ទៅ​ទីនោះ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កក្កដា។

ក្រុម​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​មិន​ស្គាល់​ឈ្មោះ​នេះ បាន​បូម​ខ្សាច់​ចាក់​បំពេញ​បឹង​សំរោង ដើម្បី​យក​ដី​លក់ ហើយ​ទង្វើ​នេះ បាន​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ដែល​កំពុង​អាស្រ័យ​ផល​ពី​បឹង​ធម្មជាតិ​នេះ។

ប្រជាពលរដ្ឋ​រស់​នៅ​សង្កាត់​ព្រែកព្នៅ លោក ហេង ប៊ុន ប្រាប់​ថា អ្នក​ភូមិ​ព្រួយ​បារម្ភ​ថា ក្រុមហ៊ុន​ឯកជន​នោះ នឹង​នៅ​តែ​បន្ត​សកម្មភាព​ចាក់​បំពេញ​បឹង​ដដែល នៅ​ពេល​ដែល​សភាពការណ៍​ស្ងប់​ស្ងាត់។ លោក​បន្តថា ពលរដ្ឋ​ត្រូវការ​ឲ្យ​ផ្អាក​បូម​ខ្សាច់​ទាំង​ស្រុង មិន​មែន​ផ្អាក​មួយ​រយៈ​ពេល​ទេ៖ «អន្តរាគមន៍​ម៉េច​ក៏​មិន​ទាន់​ដឹង​ដែរ តែ​គេ​ផ្អាក​ហើយ បើ​គេ​បូម​ទៀត​យើង​បាតុកម្ម​ទៀត ហើយ​យើង​មិន​សុខ​ចិត្ត​ទេ ព្រោះ​ជីវិត​យើង​នៅ​លើ​បឹង​ហ្នឹង​ហើយ»

បឹង​សំរោង​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ។ បឹង​នេះ​មាន​ទំហំ​ជាង ៣៦៣​ហិកតារ ត្រូវ​បាន​ការពារ​ដោយ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​តាំង​ពី​ឆ្នាំ​២០០៨ និង​ដាក់​ជា​បឹង​ធម្មជាតិ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។