ការចេញបម្រាមពីរដ្ឋាភិបាលឲ្យបញ្ចប់អាជីវកម្មបូមខ្សាច់ទន្លេនៅដំណាក់កាលចុងក្រោយនេះ បានធ្វើឲ្យប្រជាពលរដ្ឋធូរទ្រូងបន្តិចពីការភិតភ័យបាក់ច្រាំងទន្លេដោយទាំងដីចម្ការ និងផ្ទះសម្បែងរបស់ពួកគាត់ទៀតផង។ ប៉ុន្តែការទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិ និងផលប៉ះពាល់បរិស្ថាន មិនទាន់ឃើញមានការទទួលខុសត្រូវណាមួយច្បាស់លាស់នៅឡើយទេ។
ជាច្រើនលើកមកហើយដែលរដ្ឋាភិបាលមានវិធានការហាមចំពោះអាជីវកម្មខ្សាច់ធម្មជាតិ ប៉ុន្តែសកម្មភាពនេះហាក់ដូចជាវែកចក ឬគេហៅថាមួយថ្ងៃកាត់មួយថ្ងៃកោរ។ ពេលខ្លះ រដ្ឋាភិបាលហាក់ទទួលស្គាល់នូវផលប៉ះពាល់នេះ ហើយពេលខ្លះព្យាយាមប្រកែកដោយទម្លាក់កំហុសទៅលើបាតុភូតធម្មជាតិ។
មានករណីបាក់ច្រាំងទន្លេបណ្តោយប្រវែងជាង ៤០០ម៉ែត្រ និងទទឹងជាង ១០ម៉ែត្រធ្លាក់ចូលទន្លេ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងភូមិសាស្ត្រភូមិថ្មគ្រែលើ ក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងបាក់ច្រាំងទន្លេនោះប្រមាណ ២០០គ្រួសារ ត្រូវជម្លៀសចេញ និងខូចខាតផ្លូវមួយកំណាត់។
អភិបាលស្រុកចិត្របុរី ខេត្តក្រចេះ លោក សួន ញ៉ាក់ មានប្រសាសន៍ថា មន្ត្រីជំនាញរកឃើញថា ច្រាំងទន្លេនឹងបន្តបាក់ទៀត ហើយអាជ្ញាធរបានដាក់តំបន់នោះជាតំបន់ប្រកាសអាសន្ន និងមិនឲ្យអ្នកធ្វើដំណើរធ្វើចរាចរឆ្លងកាត់ទេ។ លោកអភិបាលស្រុកបញ្ជាក់ទៀតថា មូលហេតុដែលរកឃើញនៃការបាក់ច្រាំងទន្លេបណ្ដាលមកពីតំបន់នោះ គឺមានខ្សែទឹកហូរនៅក្រោមដី គឺមិនមែនមកពីអាជីវកម្មបូមខ្សាច់ក្រួសក្នុងទន្លេក្បែរនោះទេ៖ «មិនមែនជារឿងបូមខ្សាច់ទេ កន្លែងបូមខ្សាច់នៅឆ្ងាយណាស់នៅចម្ងាយប្រហែល ៤ ទៅ ៥គីឡូដីពីកន្លែងបាក់នេះ។ តាមពិត កន្លែងនេះជាប្រឡាយទឹកដែលហូរច្រោះទេ យើងត្រូវដឹងថាជាស្ថានភាពទឹកទន្លេដែលហូរច្រោះ»។
ប៉ុន្តែ ពលរដ្ឋដែលរស់នៅក្បែរតំបន់នោះភាគច្រើនសន្និដ្ឋានថា ការបាក់ច្រាំងនោះបណ្ដាលមកពីអាជីវកម្មបូមខ្សាច់ និងក្រួសនៅក្បែរនោះ ដែលធ្វើសកម្មភាពជាច្រើនឆ្នាំមកហើយ។
ស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ សុខ សុខា រស់នៅភូមិចិត្របុរី ដែលត្រូវអាជ្ញាធរត្រៀមជម្លៀសចេញពីភូមិដោយករណីបាក់ច្រាំងទន្លេនេះ រៀបរាប់ដោយទឹកមុខក្រៀមក្រំសម្លឹងមើលទៅផ្លូវថ្នល់បាក់ធ្លាក់ចូលទឹកទន្លេ ដោយបញ្ជាក់ថា កាលពី ៥ ទៅ ១០ឆ្នាំមុននេះដែលមិនទាន់មានអាជីវកម្មបូមខ្សាច់ ដីច្រាំងទន្លេមានបាក់ខ្លះដែរ តែតិចតួចមិនបណ្ដាលឲ្យដាច់ផ្លូវថ្នល់រហូតដាក់ភូមិក្នុងភាពប្រកាសអាសន្ន និងជម្លៀសពលរដ្ឋចេញដូចសព្វថ្ងៃនេះឡើយ៖ «ខ្ញុំយល់ថាយូរៗទៅវាអស់ដី និងក្រួសក្នុងទន្លេ។ ដល់អ៊ីចឹងវាបឺតដីពីច្រាំងយើងទៅមួយឆ្នាំតិចៗរហូតបាក់ស្រុតអ៊ីចឹង វាមិនមែនបូមភ្លាមបាក់ភ្លាមទេ យូរៗទៅបួនដប់ឆ្នាំអីទៅវាអស់អាចម៍ដីខាងក្រោម វាបូមខាងនោះទឹកវាបុកបឺតដីពីច្រាំងខាងយើងទៅវិញ»។
ងាកមកតំបន់ជាប់ទន្លេមេគង្គជាប់រាជធានីភ្នំពេញវិញ ក៏មានករណីស្រដៀងគ្នានៅខេត្តក្រចេះ ដែរ ដូចជានៅសង្កាត់តាព្រហ្ម ខណ្ឌច្បារអំពៅ កោះនរា ខណ្ឌមានជ័យ នៅឃុំវាលស្បូវ ស្រុកកៀនស្វាយ នៅកោះអន្លង់ចិន ខេត្តកណ្ដាល ជាដើម និងមានកន្លែងជាច្រើនផ្សេងទៀតដែលមានស្ទឹង និងទន្លេ។
ទាក់ទងនឹងផលប៉ះពាល់ពីការបូមខ្សាច់នេះ នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាល លោក តឹក វណ្ណារ៉ា ដែលសិក្សាពីវិបត្តិនៃការបូមខ្សាច់ទន្លេបានពន្យល់ថា អាជីវកម្មបូមខ្សាច់ភាគច្រើនជាអាជីវកម្មខុសច្បាប់។ អាជីវកម្មនេះវាបានផ្តល់នូវផលវិជ្ជមាន និងអវិជ្ជមានព្រមគ្នា៖ «ទីមួយគឺទាញធនធានធម្មជាតិមកប្រើប្រាស់ ព្រោះទន្លេយើងក៏រាក់ដែរ ខ្សាច់ក៏មានច្រើនអាចទាញយកប្រើប្រាស់បម្រើឲ្យវិស័យសំណង់ដែលកំពុងរីកដុះដាល ប៉ុន្តែទន្ទឹមហ្នឹង វាអាចប៉ះពាល់ដល់ច្រាំងទន្លេបាក់ផ្ទះសម្បែងពលរដ្ឋចូលទន្លេ ខូចខាតដីចម្ការជាបន្តបន្ទាប់តាំងពីឆ្នាំ២០១៣ មករហូតដល់ពេលនេះ»។
លោកបន្តថា អាជីវកម្មធំៗភាគច្រើនបានទាញយកខ្សាច់ពីទន្លេដោយគំហុក ធ្វើឲ្យបាតទន្លេខ្វះតុល្យភាព ដែលនាំឲ្យបាក់ច្រាំង។ ម្យ៉ាងទៀត ការធ្វើអាជីវកម្មនោះពុំមានការសិក្សាពីផលប៉ះពាល់ជាមុន និងមានក្រុមហ៊ុនខ្លះធ្វើអាជីវកម្មចប់ហើយ ទើបធ្វើការសិក្សាក៏មាន។
លោកថា ផលប៉ះពាល់ក៏មានពីរសណ្ឋានទៀតដែរ គឺផ្ទាល់ និងប្រយោល ដូចជាការរំខានដល់ការរស់នៅរបស់មនុស្ស ហេដ្ឋារចនាសម្ព័ន្ធនៅតាមដងទន្លេ ពាក់ព័ន្ធដល់ការខូចប្រព័ន្ធអេកូឡូស៊ីនៅបាតទន្លេ ប៉ះពាល់ដល់អន្លង់ត្រីដែលប្រជាពលរដ្ឋកំពុងផ្អែកលើជាតិប្រូតេអ៊ីនប្រមាណ ៧០ភាគរយ។ ក្រៅពីនេះ ក៏មានផលប៉ះពាល់ដល់ការប្រើប្រាស់ធនធានទឹកដែរ៖ «ធម្មតាបូមខ្សាច់ យើងត្រូវប្រើម៉ាស៊ីន។ ដូច្នេះ ម៉ាស៊ីននៅលើទឹកច្រើនអត់មានការត្រួតពិនិត្យត្រឹមត្រូវ វាអាចបង្ហូរនូវជាតិសាំង ប្រេងផ្សេងៗនៅលើទឹកដែលនាំឲ្យបំពុលទឹក»។
លោកបន្តទៀតថា ក្រៅពីផលប៉ះពាល់ទាំងនេះ ក៏នៅមានផលប៉ះពាល់ដ៏ធំផ្សេងទៀត គឺខ្សាច់ទាំងនោះត្រូវយកមកលុបបឹង និងតំបន់ដីសើមសំខាន់ៗនៅជុំវិញទីក្រុងភ្នំពេញ។ តាមបច្ចេកទេស តំបន់ដីសើមមិនត្រូវលុបចោលឡើយ។ ផ្ទុយទៅវិញ ត្រូវអភិរក្សដើម្បីទ្រទ្រង់ប្រព័ន្ធជីវចម្រុះ ធ្វើឲ្យមានសំណើមចិញ្ចឹមរុក្ខជាតិក្នុងទីក្រុងឲ្យស្រស់បំព្រង ជាការបម្រើដល់បរិស្ថានល្អ ទ្រទ្រង់ជីវិតមនុស្ស សត្វ ជាប្រព័ន្ធទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ជាដើម៖ «អ៊ីចឹងតំបន់ដីសើមមានសារសំខាន់ណាស់សម្រាប់ទ្រទ្រង់សុខភាពប្រជាពលរដ្ឋនៅក្នុងទីក្រុង»។
ទាក់ទិននឹងផលប៉ះពាល់នេះដែរ ភូមិឋានប្រជាពលរដ្ឋរស់នៅត្រើយខាងកើតនៃទន្លេមេគង្គ ដូចជានៅសង្កាត់តាព្រហ្ម ខណ្ឌច្បារអំពៅ កោះនរា ខណ្ឌមានជ័យ បានទទួលរងនូវការបាក់ច្រាំងយ៉ាងធ្ងន់ធ្ងររហូតដាច់បាត់ផ្លូវក្នុងភូមិ និងខូចខាតផ្ទះអ្នកភូមិមួយចំនួនទៀត។
ក្រុមប្រជាពលរដ្ឋរស់នៅតំបន់ទាំងនោះអះអាងថា តាំងពីដូនតាគាត់មក មិនដែលមានបាក់ច្រាំងអស់ដីតាមមាត់ទន្លេរាប់សិបម៉ែត្រដូច្នេះទេ ប៉ុន្តែក្នុងរយៈពេលប្រមាណជា ៣ឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីមានអាជីវកម្មបូមខ្សាច់អនាធិបតេយ្យមក ច្រាំងទន្លេបានបាក់ជាប់រហូតពីមួយឆ្នាំទៅមួយឆ្នាំ៖ «បាក់ដីបាក់ថ្នល់ គឺដោយសារបូមខ្សាច់ហ្នឹង ពីមុនកោះដីហ្នឹងដើរបានតើ! ហើយផ្សែងកប៉ាល់បូមខ្សាច់ហ្នឹងញ័រ រំខាន ប៉ះពាល់ដល់សុខភាពស្ងួតកតែម្តង»។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្តិធារ៉ា មានប្រសាសន៍ពន្យល់ថា រាល់ការបាក់ច្រាំងទន្លេទាំងអស់មិនមែនសុទ្ធតែកើតឡើងដោយការបូមខ្សាច់នោះទេ គឺមានករណីខ្លះ ការបូមខ្សាច់ក៏ត្រូវឲ្យធ្វើជាចាំបាច់ដើម្បីការពារការបាក់ច្រាំងនោះទៅវិញទេ និងដើម្បីកុំឲ្យប្ដូររបបជលសាស្ត្រប៉ះពាល់ដល់តំបន់រក្សាជីវចម្រុះ ឲ្យតែអាជីវកម្មបូមខ្សាច់នោះធ្វើឡើងតាមបច្ចេកទេសដោយមានការសិក្សាត្រឹមត្រូវ៖ «អ៊ីចឹងវាអាស្រ័យទៅលើការគ្រប់គ្រងបច្ចេកទេស។ ធម្មតាបច្ចេកទេសបូមខ្សាច់គេមានការកំណត់មួយច្បាស់ គឺថាបូមក្នុងកម្រិតមួយដែលមាននិរន្តរភាព ខ្សាច់ខុសពីរ៉ែដទៃត្រង់ថា វាកកើតឡើងវិញ ប៉ុន្តែបើយើងបូមវាហួសហេតុ ហួសកម្រិតដែលធម្មជាតិកន្លែងហ្នឹង ជលសាស្ត្រកន្លែងហ្នឹង អាចនឹងហូរដីល្បាប់ឲ្យមកចាក់បំពេញឡើងវិញនោះ វានឹងធ្វើឲ្យទៅជាការបំផ្លាញដែរ។ អ៊ីចឹងត្រូវតែមានបញ្ញត្តិច្បាស់លាស់មួយលើការបូមប្រកបដោយនិរន្តរភាព និងមានការទទួលខុសត្រូវ»។
ប៉ុន្តែបញ្ហាដែលចោទជាសំខាន់ និងនាំឲ្យមានការរិះគន់លើអាជីវកម្មបូមខ្សាច់កន្លងមកនោះ គឺដោយសារគ្មានការទទួលខុសត្រូវមួយច្បាស់លាស់ ទាំងបច្ចេកទេស ភាពត្រឹមត្រូវនៃការធ្វើអាជីវកម្ម ការទទួលខុសត្រូវលើផលប៉ះពាល់ដែលកើតកន្លងមកនេះ។
កន្លងមក ការបាក់ច្រាំងទន្លេ ផ្លូវថ្នល់នៅតាមដងទន្លេ សុទ្ធតែមានសកម្មភាពបូមខ្សាច់នៅប្រឈមមុខគ្នានោះ និងមានសំឡេងតវ៉ារបស់អ្នកភូមិតវ៉ាយ៉ាងស្វិតស្វាញប្រឆាំងនឹងអាជីវកម្មនោះ។
ទន្ទឹមគ្នានោះ ក៏ពុំឃើញមានការសិក្សាណាមួយផ្អែកលើបច្ចេកទេសច្បាស់លាស់ ឯករាជ្យ ដែលអាចឲ្យជឿទុកចិត្តបានថា ការបាក់ច្រាំងនោះបណ្ដាលមកពីការបូមខ្សាច់ ឬបណ្ដាលមកពីបាតុភូតធម្មជាតិនោះទេ។
ផ្ទុយទៅវិញ គេឃើញមានភាពមិនប្រក្រតីជាច្រើនកើតឡើងជុំវិញអាជីវកម្មបូមខ្សាច់នេះ ដូចជាការផ្តល់អាជ្ញាប័ណ្ណពុំមានតម្លាភាព ការលក់អាជ្ញាប័ណ្ណជាច្រើនដំណ ហើយចុងបញ្ចប់អ្នកដែលធ្វើអាជីវកម្មជាក់ស្តែង គឺជាជនបរទេស ក្នុងនោះភាគច្រើនជាជនជាតិវៀតណាម។
មាត្រា៦ នៃអនុក្រឹត្យរបស់រដ្ឋាភិបាលកាលពីខែកញ្ញា ឆ្នាំ២០១៤ ស្ដីពីការកែសម្រួលសមាសភាព និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានចែងថា បទល្មើស ឬភាពអនាធិបតេយ្យនៃការធ្វើអាជីវកម្មខ្សាច់កើតមាននៅក្នុងរាជធានីខេត្តណានោះ អភិបាលនៃគណៈអភិបាលរាជធានីខេត្តនោះ ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខរាជរដ្ឋាភិបាល ប៉ុន្តែមិនដែលឃើញមានមន្ត្រីណាមួយត្រូវរដ្ឋាភិបាលពិន័យ ឬហៅមកសួរនាំពីការផ្ដល់ភ្លើងខៀវឲ្យក្រុមហ៊ុន ឬបុគ្គលឯកជនមានសិទ្ធិបូមខ្សាច់នៅមូលដ្ឋានរបស់ខ្លួននោះឡើយ។
មន្ត្រីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា អាជ្ញាប័ណ្ណអាជីវកម្មបូមខ្សាច់មានសុពលភាពរយៈពេលមួយឆ្នាំទៅពីរឆ្នាំយ៉ាងយូរ។
ចាប់តាំងពីឆ្នាំ២០១១ មក អតីតក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានប្រកាសលុបអាជ្ញាធរប័ណ្ណបូមខ្សាច់ទាំងអស់ហើយ ចំណែកឯក្រសួងរ៉ែ និងថាមពលថ្មី ក៏ប្រកាសថា ខ្លួនមិនដែលចេញអាជ្ញាប័ណ្ណបូមខ្សាច់ថ្មីដល់ក្រុមហ៊ុន ឬបុគ្គលណាមួយឡើយ។ ប៉ុន្តែនៅចន្លោះឆ្នាំ២០១១ រហូតមកដល់ចុងឆ្នាំ២០១៤ កន្លងមកថ្មីៗនេះ គេឃើញមានអាជីវកម្មធ្វើសកម្មភាពពេញទន្លេយ៉ាងអនាធិបតេយ្យ។
ជាងនេះទៅទៀត មន្ត្រីនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្តិធារ៉ា ឲ្យដឹងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ ថា អាជ្ញាប័ណ្ណមួយចំនួនក្នុងចំណោមអាជ្ញាប័ណ្ណជាង១៣០ ដែលក្រសួងបានផ្តល់ឲ្យកន្លងមកនោះ នៅមានសុពលភាពនៅឡើយ ហើយនឹងផុតកំណត់នៅចុងឆ្នាំ២០១៥ នេះ។
ភាពមិនច្បាស់លាស់នៃអាជីវកម្មបូមខ្សាច់នេះ បានជំរុញឲ្យគណៈកម្មការទី៣នៃរដ្ឋសភា កាលពីថ្ងៃពុធ ទី២៤ ធ្នូ បានកោះហៅរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ មកសាកសួរអំពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងវិបត្តិទឹកទន្លេ និងប្រព័ន្ធធារាសាស្ត្រផ្សេងៗទៀត។ នៅក្នុងជំនួបនោះ លោក លឹម គានហោ បានអះអាងថា ការបូមខ្សាច់ក្នុងទន្លេជាសកម្មភាពខុសច្បាប់។ បន្ទាប់មក ក្រសួងធនធានទឹក និងឧតុនិយម ក៏ចេញសេចក្ដីបំភ្លឺមួយថា ស្ថាប័ននេះពុំមានសិទ្ធិចេញអាជ្ញាប័ណ្ណឲ្យធ្វើអាជីវកម្មខ្សាច់នោះទេ។
រដ្ឋមន្ត្រីក្រសួងធនធានទឹក លោក លឹម គានហោ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បញ្ជាក់ទៀតថា គណៈកម្មាធិការនេះក៏គ្មានសិទ្ធិចេញអាជ្ញាប័ណ្ណទៅឲ្យក្រុមហ៊ុនបូមខ្សាច់នោះឡើយ គឺគ្រាន់តែជាយន្តការសិក្សាលើផ្នែកបច្ចេកទេសតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
