ពលរដ្ឋ​នៅ​ជាប់​ដង​ស្ទឹង​សែន​ខេត្ត​កំពង់ធំ​បារម្ភ​បាក់​ច្រាំង​ដោយសារ​សកម្មភាព​បូម​ខ្សាច់

2015-06-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រឿងចក្រ​បូម​ខ្សាច់​នៅ​ឃុំ​ឈូក ជាប់​នឹង​ឃុំ​គោល ស្រុក​ប្រាសាទសំបូរ ខេត្ត​កំពង់ធំ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥។
គ្រឿងចក្រ​បូម​ខ្សាច់​នៅ​ឃុំ​ឈូក ជាប់​នឹង​ឃុំ​គោល ស្រុក​ប្រាសាទសំបូរ ខេត្ត​កំពង់ធំ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥។
Photo Provided

ប្រជាពលរដ្ឋ​នៅ​ឃុំ​គោល ស្រុក​ប្រាសាទសំបូរ ខេត្ត​កំពង់ធំ ដែល​រស់នៅ​ជាប់​ដង​ស្ទឹង​សែន ព្រួយ​បារម្ភ​ខ្លាច​បាក់​ដី​ច្រាំង​ស្ទឹង ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ និង​ផ្ទះ​របស់​ពួក​គាត់​នៅ​ពេល​ខាង​មុខ។ ការ​បារម្ភ​នេះ បន្ទាប់​ពី​មាន​សកម្មភាព​បូម​ខ្សាច់​នៅ​តំបន់​នោះ​ប្រមាណ ២​ខែ​មក​ហើយ ដោយ​មិន​មាន​ការ​ទប់ស្កាត់។ យ៉ាង​ណា អាជ្ញាធរ​បញ្ជាក់​ថា ការ​បូម​ខ្សាច់​នោះ​នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ទេ ឲ្យ​តែ​ពួក​គេ​បូម​តាម​ការ​កំណត់​របស់​អាជ្ញាធរ។

ពលរដ្ឋ​នៅ​ភូមិ​កំពង់ជ្វា ឃុំ​គោល ប្រមាណ ១០០​គ្រួសារ នាំ​គ្នា​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ព្យាយាម​ឲ្យ​មាន​ការ​បកស្រាយ​ជុំវិញ​ការ​បូម​ខ្សាច់​ស្ទឹង​សែន ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​មួយ។

តំណាង​ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​កំពង់ជ្វា លោក នួន យ៉ែម ឲ្យ​ដឹង​ថា មាន​គ្រឿងចក្រ​មួយ​គ្រឿង​នៅ​ប្រចាំ​ការ និង​រថយន្ត​ដឹក​ខ្សាច់​ពី ៦ ទៅ ៧​គ្រឿង​សម្រាប់​នាំ​ខ្សាច់​ចេញ​ពី​តំបន់​នោះ។ លោក​ថា តាម​គម្រោង​នៃ​ការ​បូម​ខ្សាច់ គឺ​គេ​តម្រូវ​ឲ្យ​បូម​នៅ​ផ្នែក​ខាង​ក្រោម​ស្ទឹង ឆ្ងាយ​ពី​ភូមិ​ប្រជាពលរដ្ឋ ប៉ុន្តែ​សកម្មភាព​បូម​បែរ​ជា​នៅ​ក្បែរៗ​តំបន់​ពលរដ្ឋ​រស់នៅ​ទៅ​វិញ៖ «ប៉ុន្តែ​វស្សា​នេះ​ប្រាកដ​ជា​ស្រុត​ហើយ​លោកគ្រូ ព្រោះ​មិន​ទាន់​បូម​ផង​វា​ស្រុត​ដែរ ប៉ុន្តែ​វា​ស្រុត​តាម​ដំណើរ​វា»

កាល​ពី​ខែ​មេសា កន្លង​ទៅ ពលរដ្ឋ ១០០​គ្រួសារ នាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​ទៅ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ធំ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ក្រុមហ៊ុន​បូម​ខ្សាច់ ដែល​កំពុង​ដំណើរ​ការ​នៅ​ចំណុច​អូរបាក់ទូក ភូមិ​កំពង់ជ្វា។ ពលរដ្ឋ​ហៅ​សកម្មភាព​នោះ​ថា​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​រ៉ែ និង​ថាមពល ទៀត​ផង។ ក្នុង​ពាក្យ​បណ្ដឹង​រៀបរាប់​ថា ការ​បូម​ខ្សាច់​នឹង​ធ្វើ​ឲ្យ​ដី​ស្រែ​ចម្ការ ផ្ទះ​សម្បែង​របស់​ពលរដ្ឋ​បាក់​ស្រុត ហើយ​នឹង​ប៉ះពាល់​ដល់​ជីវភាព​របស់​ពលរដ្ឋ ជាដើម។

ឆ្លើយ​តប​ការ​បារម្ភ​នេះ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​កំពង់ធំ លោក នឹម ចន្ថា មាន​ប្រសាសន៍​ថា ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​នោះ គឺ​ឈ្មោះ ជាវ ប៊ុនធឿន។ លោក​ពន្យល់​ថា ម្ចាស់​អាជីវកម្ម​រូប​នោះ​បាន​ស្នើសុំ​អាជ្ញាប័ណ្ណ​ទៅ​ក្រសួង​រួច​រាល់​ហើយ ប៉ុន្តែ​នៅ​រង់ចាំ​ការ​យល់ព្រម​ពី​ក្រសួង​មក​វិញ។ លោក​អះអាង​ថា ថ្វីត្បិត​តែ​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ក៏ដោយ ប៉ុន្តែ​ដំណើរ​ការ​បូម​ខ្សាច់​អាច​ប្រព្រឹត្ត​ទៅ​បាន គឺ​មាន​ការ​សិក្សា​យ៉ាង​លម្អិត​ពី​សំណាក់​គណៈកម្មការ​ថ្នាក់​ខេត្ត​រួច​ទៅ​ ហើយ។ ម្យ៉ាង​ទៀត ការ​បូម​ខ្សាច់​តំបន់​នោះ គឺ​មាន​ការ​យល់ព្រម​ពី​អាជ្ញាធរ​ឃុំ ស្រុក និង​ខេត្ត ព្រម​ទាំង​ធ្វើ​ឡើង​តាម​សំណើ​របស់​អាជ្ញាធរ​ឃុំ​ឈូក និង​ស្រុក ឲ្យ​យក​ខ្សាច់​ពី​បាត​ស្ទឹង​ចេញ ដើម្បី​បញ្ចៀស​បញ្ហា​មួយ​ចំនួន និង​ស្រប​ពេល​ដៃគូ​របស់​ក្រុមហ៊ុន​នេះ ត្រូវ​ការ​ខ្សាច់​ប្រញាប់​ផង ទើប​ខេត្ត​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​មុន​ពេល​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង៖ «អ៊ីចឹង​នៅ​ក្នុង​កំណត់​ហេតុ គឺ​មាន​យ៉ាង​ល្អិតល្អន់​ថា ឃុំ​ស្នើសុំ​ឲ្យ​យក​អា​ហ្នឹង​ចេញ​ដោយ​គាត់​បារម្ភ​ខូចខាត​ ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ឃុំ​គាត់»

តាម​គម្រោង អាជីវកម្ម​បូម​ខ្សាច់​មួយ​នេះ​នឹង​នាំ​ផលិតផល​ខ្សាច់​របស់​ខ្លួន​ដែល​បូម​ ចេញ​ពី​ស្ទឹង​សែន ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន មួយ​ឈ្មោះ ស៊ីណូ​ហាយដ្រូ (Sino Hydro) និង​ក្រុមហ៊ុន​ចិន មួយ​ទៀត ដើម្បី​យក​ទៅ​ធ្វើ​ទំនប់​ប្រឡាយ​នៅ​ស្រុក​ស្ទោង និង​នៅ​ខេត្ត​សៀមរាប។ ចំនួន​បរិមាណ​ខ្សាច់​ដែល​ក្រុមហ៊ុន​ឯកជន​នេះ​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ ក្រុមហ៊ុន​ចិន គឺ​ចំនួន ៨​ម៉ឺន​ម៉ែត្រ​គូប សម្រាប់​រយៈពេល ៥​ឆ្នាំ។

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ដដែល​អះអាង​ថា ការ​បូម​ខ្សាច់​នៅ​ឃុំ​ឈូក នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​នៅ​ទីនោះ​ទេ។ ផ្ទុយ​ទៅ​វិញ ប្រជា​សហគមន៍​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ថែម​ទៀត ឲ្យ​តែ​ការ​បូម​ខ្សាច់​នោះ​ធ្វើ​ឡើង​តាម​ការ​កំណត់​របស់​អាជ្ញាធរ។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​គ្រោង​នឹង​ចុះ​ទៅ​ពន្យល់​ប្រាប់​ប្រជាពលរដ្ឋ​ចំពោះ​បញ្ហា​នេះ។

យ៉ាង​ណា មេ​ភូមិ​កំពង់ជ្វា លោក វ៉ាន់ សេស បញ្ជាក់​ថា ត្បិត​តែ​សកម្មភាព​បូម​ខ្សាច់​មិន​ទាន់​ប៉ះពាល់​ដល់​ពលរដ្ឋ​ក៏ដោយ ប៉ុន្តែ​លោក​ថា​បើ​សកម្មភាព​នោះ​នៅ​តែ​បន្ត​បូម​ដេញ​មក​ផ្នែក​ខាង​លើ​ស្ទឹង​ ទៀត ថ្ងៃ​អនាគត​នឹង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​មិន​ខាន។

ដោយ​ឡែក​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ លោក ស៊ុន ចន្ធី មាន​ប្រសាសន៍​ថា លោក​នឹង​សួរ​បញ្ហា​នេះ​ទៅ​អភិបាល​ខេត្ត​បន្ត​ទៀត ដើម្បី​បន្ថែម​លើ​ការ​លើក​ឡើង​របស់​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល។ លោក​ថា លោក​នឹង​អាច​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ផ្អាក​សកម្មភាព​បូម​ខ្សាច់​នោះ ដោយ​រង់ចាំ​អាជ្ញាប័ណ្ណ​តាម​ផ្លូវ​ច្បាប់​ពី​ក្រសួង ជៀសវាង​ធ្វើ​ឲ្យ​ពលរដ្ឋ​ចេះ​តែ​បារម្ភ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល