អាជ្ញាធរខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទ កុំឲ្យនេសាទរំខានដល់ការរស់នៅ ឬការធ្វើដំណើររបស់ត្រីបាណន់គីង្គក់ ឬត្រីឆ្លាមប៉ារ៉ា ដែលកំពុងបង្ហាញខ្លួន នៅក្នុងលម្ហសមុទ្រ នាប្រជុំកោះរ៉ុង និងកោះរ៉ុងសន្លឹម ស្ថិតក្នុងក្រុងព្រះសីហនុ។
ពលរដ្ឋ ដែលប្រកបមុខរបរដឹកភ្ញៀវទេសចរចេញកម្សាន្តតាមឆ្នេរ និងកោះមួយចំនួន បានអះអាងថា ចំពោះវត្តមានត្រីកម្រ ដូចជា ត្រីបាណន់គីង្គក់ ឬត្រីឆ្លាមប៉ារ៉ា និង ហ្វូងត្រីបាឡែននេះ គឺមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវទេសចរមកពីអឺរ៉ុប មានការចាប់អារម្មណ៍ច្រើន។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា វត្តមានរបស់ត្រីបាណន់គីង្គក់ ឬត្រីឆ្លាមប៉ារ៉ា ដែលបានបង្ហាញខ្លួនចំនួន ៣ក្បាលជាថ្មីទៀត និងហ្វូងត្រីបាឡែនប្រមាណ ១០ក្បាលនោះ នឹងអាចទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវបរទេសមកពីគ្រប់ទិសទី ឲ្យចូលមកទស្សនាកម្សាន្តនាខេត្តព្រះសីហនុ បានច្រើនថែមទៀតនាបណ្ដាឆ្នាំខាងមុខ។
លោក បានអំពាវនាវដល់ប្រជានេសាទ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឲ្យជួយការពារថែរក្សាត្រីបាណន់គីង្គក់ ឬឆ្លាមប៉ារ៉ា ដែលបានបង្ហាញខ្លួនជាថ្មីទៀត នៅលើលម្ហសមុទ្រនាប្រជុំកោះរ៉ុងសន្លឹម និងកោះរ៉ុង ក្រុងព្រះសីហនុ៖ «ត្រីបាណន់គីង្គក់ហ្នឹង កន្លងមករដ្ឋបាលខេត្ត និងខាងមន្ទីរកសិកម្ម គឺបានណែនាំដល់បងប្អូនប្រជានេសាទ ឲ្យជួយថែរក្សាការពារ និងហាមមិនឲ្យចាប់វានោះទេ ព្រោះជាប្រភេទត្រីកម្រជិតផុតពូជ ដែលយើងត្រូវនាំគ្នាថែរក្សាទាំងបរិស្ថាននិងត្រីប្រភេទនេះ ឲ្យបានយូរអង្វែង ដើម្បីឲ្យភ្ញៀវទេសចររបស់យើង ជាពិសេស កូនចៅជំនាន់ក្រោយរបស់យើងបានឃើញ និងរួមគ្នាថែរក្សាពូជត្រីកម្រល្អឲ្យបានគង់វង្ស » ។
កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ប្រជាពលរដ្ឋរស់នៅសង្កាត់កោះរ៉ុងសន្លឹម បានឲ្យដឹងថា កាលពីពេលមុន ត្រីកម្រនេះ បានបណ្ដែតខ្លួនតែចំនួន ១ក្បាលទេ។ ប្រជាពលរដ្ឋបន្តថា ក្នុងចំណោមត្រីបាណន់គីង្គក់ទាំង ៣ក្បាលខាងលើនេះ ឃើញមានត្រីធំ ១ក្បាល និងតូចៗ ចំនួន ២ក្បាល។
ប្រជាពលរដ្ឋ ដែលប្រកបរបរដឹកភ្ញៀវតាមកាណូត ឬទូកទេសចរណ៍ ដើម្បីទស្សនាតាមឆ្នេរ និងតាមបណ្ដាកោះមួយចំនួន បានឲ្យដឹងថា វត្តមានរបស់ត្រីបាឡែនគីង្គក់ ឬត្រីឆ្លាមប៉ារ៉ា និងត្រីបាឡែនមួយហ្វូងផ្សេងទៀត ដែលបានបង្ហាញខ្លួនជាបន្តបន្ទាប់ នាប្រជុំកោះរ៉ុងសន្លឹម និងកោះរ៉ុង ក្នុងប៉ុន្មានខែចុងក្រោយនេះ បានធ្វើឲ្យភ្ញៀវទេសចរចាប់អារម្មណ៍។ ពលរដ្ឋបន្តថា មានពេលខ្លួនភ្ញៀវទេសចរមកពីអឺរ៉ុប បានជួលទូកពួកគេសម្រាប់ជិះផ្ដាច់មុខពេញមួយថ្ងៃ ឬច្រើនជាងនេះ ដើម្បីជិះទស្សនាតាមឆ្នេរ និងតាមកោះនានា ព្រោះពួកគេចង់ឃើញត្រីបាណន់គីង្គក់ និងត្រីបាឡែនទាំងនោះបណ្ដែតខ្លួនលើផ្ទៃសមុទ្រ ដោយផ្ទាល់ភ្នែក ជាជាងឮគេនិយាយ និងបង្ហោះរូបវីដេអូ តាមបណ្ដាញសង្គម។
លោក យន្ត មីន បានអំពាវនាវដល់ប្រជានេសាទ និងអ្នកពាក់ព័ន្ធផ្សេងៗ ទៀត ត្រូវជួយថែរក្សាការពារត្រីបាណន់គីង្គក់ ឬត្រីឆ្លាមប៉ារ៉ា ត្រីបាឡែន និងអណ្តើកសមុទ្រ ឬសត្វល្មិច ឲ្យបានគង់វង្សទាំងអស់គ្នា ដោយមិនត្រូវចាប់ ឬសម្លាប់ត្រីប្រភេទនេះជាដាច់ខាត ព្រោះត្រីប្រភេទនេះ គឺជាប្រភេទត្រីកម្រ និងស្លូតបូតណាស់៖ « ចំពោះវត្តមានត្រីបាណន់គីង្គក់ បានបង្ហាញខ្លួននៅសមុទ្រខេត្តព្រះសីហនុយើងនេះ គឺប្រជានេសាទយើង ក៏មានការយល់ដឹងដែរ គឺពួកគេមិនបាននេសាទ ឬចាប់ត្រីប្រភេទហ្នឹង ដើម្បីយកធ្វើអាជីវកម្មនោះទេ។ ដូច្នេះ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ខ្ញុំសូមអំពាវនាវបន្តទៀត ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជានេសាទ ត្រូវពិនិត្យមើលត្រីប្រភេទណាគួរចាប់យកទៅធ្វើអាជីវកម្ម ហើយត្រីប្រភេទណាមិនត្រូវចាប់ ដូចជា ត្រីបាណន់គីង្គក់ ត្រីបាឡែន និងអណ្តើកសមុទ្រ ឬសត្វល្មិចជាដើម គឺមិនត្រូវចាប់យកធ្វើអាជីវកម្មនោះទេ គឺត្រូវដោះលែងឲ្យចូលទៅក្នុងសមុទ្រវិញ ក្នុងករណីធ្វើនេសាទ ហើយជាប់ត្រីប្រភេទកម្រទាំងនេះ។ ដូច្នេះ ស្នើឲ្យបងប្អូនប្រជានេសាទ បើនេសាទបានត្រីប្រភេទកម្រខាងលើនេះ ត្រូវដោះលែងវិញ ព្រោះខេត្តយើងរាល់ថ្ងៃនេះ មានសេដ្ឋកិច្ចរីកចម្រើនខ្លាំងណាស់ ហើយមានប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនចង់មកទស្សនាកម្សាន្តនាថ្ងៃអនាគត » ។
ទាក់ទិនបញ្ហានេះដែរ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ លោក នេន ចំរើន បានឲ្យដឹងថា ត្រីកម្រចំនួន ៣ក្បាលនេះ ពលរដ្ឋខ្មែរនិយមហៅថា បាណន់គីង្គក់ ឬឈ្មោះហៅក្រៅតពីដូនតា ត្រីឆ្លាមប៉ារ៉ា ប៉ុន្តែបើឈ្មោះជាភាសាអង់គ្លេសប្រើផ្លូវការ គឺ Whale Shark នៅក្នុងអំបូរ Rhincodontidae៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
