សកម្មជន​បរិស្ថាន​ថា អាជ្ញាធរ​អសមត្ថភាព​ និង​​គ្មាន​​​ឆន្ទៈ​​ដោះ​ស្រាយ​​រឿង​​ចាក់​​ដី​​លុប​​ឆ្នេរ​​ព្រែក​ត្រែង

ដោយ សេក បណ្ឌិត
2018-12-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​យុវជន​ទាម​ទារ​ឱ្យ​អាជ្ញាធរ​កាយ​ដី​ចេញ​ពី​ឆ្នេរ​ព្រែកត្រែង និង​មាន​ចំណាត់​ការ​តាម​ផ្លូវច្បាប់​លើ​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ។ រូបថត​កាល​ពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីស
ក្រុម​យុវជន​ទាម​ទារ​ឱ្យ​អាជ្ញាធរ​កាយ​ដី​ចេញ​ពី​ឆ្នេរ​ព្រែកត្រែង និង​មាន​ចំណាត់​ការ​តាម​ផ្លូវច្បាប់​លើ​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ។ រូបថត​កាល​ពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីស
Photo: RFA

សកម្មជន​បរិស្ថាន​មើល​ឃើញ​ថា អាជ្ញាធរ​ជំនាញ​អសមត្ថភាព និង​គ្មាន​ឆន្ទៈ​ពិតប្រាកដ ក្នុង​ការ​ដោះស្រាយ​រឿង​ក្រុមហ៊ុន​ឯកជន ចាក់​ដី​រំលោភ​យក​ឆ្នេរ​ព្រែកត្រែង ត្រង់​ភូមិសាស្ត្រ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​នោះ​ឡើយ។ ពួកគេ​សន្និដ្ឋាន​​បែប​នេះ ដោយសារ​តែ​​អស់​​រយៈ​ពេល​​ជា​ច្រើន​​ខែ​​មក​​ហើយ អាជ្ញាធរ​មិនបាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន​​កាយ​​ដី​​ដែល​​ចាក់​​លុប​​នោះ​​ចេញ​​វិញ​​ឡើយ ហើយ​ក៏​​គ្មាន​ជនណា​ម្នាក់ ​ត្រូវ​​បាន​​នាំ​​ខ្លួន​​ឱ្យ​​ទទួល​​ខុស​ត្រូវ​​ចំពោះ​​សកម្មភាព​​ល្មើស​ច្បាប់​​នេះ​​ដែរ។

សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីស ព្រួយបារម្ភ​ថា បទល្មើស​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង អាច​នឹង​ស្ងប់ស្ងាត់ ហើយ​ករណី​នេះ​នឹង​អាច​ទៅជា​រឿង​ស្របច្បាប់​វិញ ប្រសិនបើ​មិន​មាន​ប្រតិកម្ម ឬ​ការចាប់អារម្មណ៍​ពី​សាធារណជន​ទេ​នោះ។

កញ្ញា​ហ៊ាន​អះអាង​បែបនេះ ដោយសារ​មក​ទល់​នឹង​ពេលនេះ ទីតាំង​ចាក់​លុប​នោះ មិន​មាន​ប្រែប្រួល​អ្វី​ឡើយ ដោយ​ក្រុមហ៊ុន​មិនបាន​កាយ​ដី​នោះ​ចេញ​វិញ​ឡើយ ហើយ​អាជ្ញាធរ​ក៏​ស្ងាត់ គ្មាន​ចំណាត់​ការ​អ្វី​លើ​ករណី​នេះ​ទៀត​ដែរ៖ «ប្រសិនបើ​ក្រុមហ៊ុន​​រំលោភបំពាន​ច្បាប់ ហើយ​គាត់​បាន​សិទ្ធិ​ស្របច្បាប់​វិញ អ៊ីចឹង​មានតែ​អាជ្ញាធរ​បំពាន​ច្បាប់​វិញ។ ការ​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង​ជា​រូបភាព​មួយ ប៉ុន្តែ​នៅ​កំពង់សោម ជា​តំបន់​មាត់​ឆ្នេរ ឬក៏​តំបន់​សមុទ្រ​មួយ​ចំនួន​ក៏​អាច​មាន​ករណី​ហ្នឹង​កើតឡើង​ដែរ ហើយក៏​បាន​កើត​ឡើង​ហើយ​ដែរ។ អ៊ីចឹង​ប្រសិនបើ​រឿង​ព្រែកត្រែង​មួយ អាជ្ញាធរ​ពិតជា​អត់​អាច​ដោះស្រាយ​បាន​មែន ខ្ញុំ​គិត​ថា តទៅ​មុខ​ទៅ គឺ​ប្រាកដ​ជា​មាន​ក្រុមហ៊ុន ឬក៏​អ្នក​មាន​អំណាច​បន្ត​ការ​ចាក់ដី​លុប​ឆ្នេរ​ទៅលើ​តំបន់​ធនធានធម្មជាតិ​របស់​រដ្ឋ​តទៅទៀត»

កាលពី​អំឡុង​ខែ​កញ្ញា កន្លង​ទៅ មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ លោក ជា សុផារ៉ា ចុះ​ត្រួតពិនិត្យ​សកម្មភាព​ចាក់​ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​នៅ​ចំណុច​ឆ្នេរ​ព្រែកត្រែង ដើម្បី​ឱ្យ​កាយ​យក​ដី​ដែល​បាន​ចាក់​បំពេញ​នោះ​ចេញ និង​រក្សា​ឆ្នេរ​ធម្មជាតិ​ដូចដើម​វិញ។

ចំណែក រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ លោក ថោង ខុន បាន​អះអាង​ថា ក្រុមហ៊ុន​អភិវឌ្ឍ​ឆ្នេរ​ព្រែកត្រែង​នោះ កំពុងតែ​រំលោភបំពាន​ច្បាប់ ហើយ​គណៈកម្មការ​គ្រប់គ្រង​តំបន់​ឆ្នេរ​កំពុងតែ​ពិនិត្យ​មើល​ទិដ្ឋភាព​ច្បាប់​ទាក់ទង​នឹង​ករណី​នេះ។

អាស៊ីសេរី​បាន​ទាក់ទង​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឱ សារឿន តាម​ទូរស័ព្ទ​ជាច្រើន​ដង នៅ​ថ្ងៃទី២៤ ធ្នូ ដើម្បី​បំភ្លឺ​បន្ថែម​ជុំវិញ​ករណី​នេះ ក៏ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ពិធីបុណ្យ​សមុទ្រ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​មិន​ត្រូវការ ការ​អភិវឌ្ឍ​ទាំងឡាយ​ណា​ដែល​ធ្វើ​ឱ្យ​ខូចខាត​បរិស្ថាន​តំបន់​ឆ្នេរ​នោះ​ឡើយ។ លោក​បាន​ដាក់​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​យក​ចិត្ត​​ទុកដាក់​ដោះស្រាយ​រឿង​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ និង​ហាម មិន​ឱ្យ​មានការ​ចាក់​ដី​លុប​ឆ្នេរសមុទ្រ​ដោយ​ខុសច្បាប់​នោះ​ឡើយ៖ «ហាម​ដាច់ខាត​នូវ​ការ​ចាក់ដី​ចូល​ទៅ​ក្នុង​សមុទ្រ​ដោយ​គ្មាន​ការអនុញ្ញាត។ ចំណុច​នេះ អស់លោក​ត្រូវ​ធ្វើ​ឱ្យ​ជាប់ ធ្វើជា​ប្រចាំ ដោយ​មិន​អាច​ធ្វេសប្រហែស​ទេ។ យើង​ចង់បាន​ការ​អភិវឌ្ឍ​ហើយ ប៉ុន្តែ​ការ​អភិវឌ្ឍ​ណាមួយ​ដែល​យើង​មិន​អាច​គ្រប់គ្រង​បាន មិន​ត្រូវ​បណ្ដែតបណ្ដោយ​នោះ​ទេ»

ដី​ឆ្នេរ​ព្រែកត្រែង ដែល​រង​ការ​ចាក់​លុប​ដោយ​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ កាល​ពី​ពេល​កន្លង​ទៅ។ រូបថត​កាល​ពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីស
ដី​ឆ្នេរ​ព្រែកត្រែង ដែល​រង​ការ​ចាក់​លុប​ដោយ​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ កាល​ពី​ពេល​កន្លង​ទៅ។ រូបថត​កាល​ពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីស Photo: RFA

ទោះជា​យ៉ាងណា សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីស គ្មាន​ជំនឿ​ទេ​ទៅលើ​បទបញ្ជា​ថ្មី​នេះ ព្រោះ​ករណី​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង​តែមួយ អាជ្ញាធរ​អសមត្ថភាព​នឹង​ធ្វើ​ទៅ​ហើយ ខណៈ​ខេត្ត​ព្រះសីហនុ​មានការ​ចាក់​ដី​លុប​ឆ្នេរ​ជាច្រើន​កន្លែង​ផ្សេងទៀត​នោះ។ កញ្ញា​អះអាង​ថា នឹង​បន្ត​តាមដាន​ករណី​លុប​ឆ្នេរ​ព្រែកត្រែង​នេះ​តទៅទៀត ហើយ​កញ្ញា​ក៏​មាន​គម្រោង​កៀរគរ​យុវជន​ផ្សេងទៀត​ដែរ ដើម្បី​តស៊ូ​មតិ​ឱ្យ​មាន​ការ​ស្តារ​បរិស្ថាន​តំបន់​ឆ្នេរ​ដែល​រង​ការ​ចាក់​លុប​នោះ ឱ្យ​មាន​សភាព​ដូចដើម​វិញ៖ «គាត់​ចុះទៅ​នាំ​ក្រុមការងារ​ដើម្បី​អន្តរាគមន៍​កាយ​ដី​ចេញ​វិញ ប៉ុន្តែ​ជាក់ស្ដែង​គាត់​ចុះ​ហ្នឹង​មានន័យថា​ម៉េច? បើ​ដី​នៅតែ​ក្នុង​សមុទ្រ​ដដែល​ហ្នឹង។ អ៊ីចឹង​បើ​គាត់​ធ្វើ​ក្នុង​រូបភាព​បែបនេះ អាច​និយាយ​បាន​ថា គាត់​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ ឬក៏​អាច​មាន​ពាក់ព័ន្ធ​នឹង​រឿង​ផលប្រយោជន៍ ឬក៏​រូបភាព​អ្វី​ផ្សេង​នៅ​ក្រោយ​ខ្នង។ ខ្ញុំ​គិត​ថា បើ​គ្រាន់តែ​បញ្ជា​ឱ្យ​ក្រុមហ៊ុន​កាយ​ដី​ចេញ​វិញ​មិនបាន ហើយ​គាត់​ក៏​នៅ​ស្ងៀម នោះ​ខ្ញុំ​គិត​ថា តួនាទី​របស់​គាត់​ជា​អាជ្ញាធរ ឬ​ជា​ថ្នាក់ដឹកនាំ​ហ្នឹង គឺ​អត់​មាន​ឥទ្ធិពល​អ្វី​ទាល់តែសោះ​តែម្ដង»

ក្រុមហ៊ុន​ដែល​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង​នោះ គឺជា​របស់​អ្នកស្រី ជឹង សុភាព ហៅ យាយ ភូ ភរិយា​របស់​លោក​ឧកញ៉ា ឡៅ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ឡៅ ម៉េងឃីន គឺជា​ម្ចាស់​ក្រុមហ៊ុន ស៊ូកាកូ អ៊ីន (Shukaku Inc) ដែល​បាន​ចាក់​ដី​លុប​តំបន់​បឹងកក់​ដ៏​ចម្រូងចម្រាស កាល​ពី​ពេល​កន្លងទៅ។

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ដែល​បាន​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង​នេះ​បាន​នៅឡើយ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​សមាគម​អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ ថ្លែង​ថា ករណី​ឆ្នេរ​ព្រែកត្រែង​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ថា នីតិរដ្ឋ​ដែល​មន្ត្រី​របប​ក្រុងភ្នំពេញ​ទន្ទេញ​ចាំមាត់​នោះ មិន​មាន​ការអនុវត្ត​ជាក់ស្ដែង​ឡើយ។ លោក​ថា ករណី​លុប​ឆ្នេរ​ព្រែកត្រែង​នេះ ជា​បទល្មើស​ឧក្រិដ្ឋ​ជាក់ស្ដែង ហើយ​ម្យ៉ាង​រឿង​នេះ​ថែមទាំង​មាន​បញ្ជា​ពី​ថ្នាក់ដឹកនាំ​កំពូល​ទៀត​ផង ដូច្នេះ​មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​កសាង​សំណុំ​រឿង​នេះ​ទៅ​តុលាការ និង​ចាត់ការ​ឱ្យ​មាន​ប្រសិទ្ធភាព។ លោក​សង្កត់ធ្ងន់​ថា ការ​ខកខាន​មិនបាន​ចាត់ការ​រឿង​នេះ គឺជា​គំរូ​ដ៏​អាក្រក់ និង​ធ្វើ​ឱ្យ​អំពើ​និទ្ទណ្ឌភាព​កាន់តែ​រីក​រាលដាល​ក្នុង​សង្គម​ខ្មែរ ដែល​ពោរពេញ​ដោយ​អំពើពុករលួយ​នោះ៖ «អំពើ​យោគយល់ ទោរទន់ បក្ខពួក​និយម កេង​រក​ផលប្រយោជន៍​ហ្នឹងហើយ ដែល​ធ្វើ​ឱ្យ​ប្រទេស​យើង​ធ្លាក់​ទន់ខ្សោយ​ទៅ​ក្នុង​ភាព​មួយ​ដែល​ថា មិនមែន​ជា​នីតិរដ្ឋ​នោះ។ ជនល្មើស​ច្រើន​ណាស់​ដែល​ស្គាល់ ដែល​ដឹង​ថា ប្រព្រឹត្ត​អំពើ​ល្មើស​ខុសច្បាប់​ហើយ ថែមទាំង​មាន​អ្នកដឹកនាំ​កំពូល​បញ្ជា​ឱ្យ​ធ្វើ​ទៀត ប៉ុន្តែ​ផ្ទុយទៅវិញ​យើង​ឃើញ​ថា អាជ្ញាធរ ឬ​មន្ត្រី​នគរបាល​ថ្នាក់​ខេត្ត​យើង ហាក់​ដូចជា​ខ្លាច​បាក់​នឹង​ឥទ្ធិពល​របស់​មន្ត្រី​ឧកញ៉ា​ដែល​ប្រព្រឹត្ត​ល្មើស​វិញ»

ការ​ចាក់​លុប ឬ​ចាក់​បំពេញ​ដី ឬ​ចាក់​បំពេញ​ដែនទឹក​ដោយ​គ្មាន​ការអនុញ្ញាត ត្រូវ​បាន​កំណត់​ក្នុង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​ថា ជា​បទល្មើស​ឧក្រិដ្ឋ ដែល​ជនល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ ដល់ ១០​ឆ្នាំ និង​ទោស​ពិន័យ​ជា​ប្រាក់​ពី ១៥​លាន​រៀល ទៅ ១៥០​លាន​រៀល។ ច្បាប់​នេះ​ក៏​ចែង​ដែរ​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ណា​ដែល​សមគំនិត​នឹង​អ្នក​ប្រព្រឹត្ត​បទល្មើស ឬ​ជួយ​សម្រួលការ​ប្រព្រឹត្ត​បទល្មើស​នោះ ក៏​នឹង​ត្រូវ​ផ្ដន្ទាទោស​ដូន​ជន​ប្រព្រឹត្ត​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល