អភិបាលខេត្ត​ព្រះសីហនុ​អះអាង​ថា​បាន​ទប់ស្កាត់​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ

ដោយ ដែន អយុធ្យា
2015-05-22
Share
ទឹក​ស្អុយ​ហូរ​ចូល​សមុទ្រ ៦២០ សកម្មភាព​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ និង​ការ​បោះចោល​សំរាម​អនាធិបតេយ្យ​ចូល​លូ​បង្ហូរ ចូល​សមុទ្រ​នៅ​តំបន់​ឆ្នេរ​អូរឈើទាល ជាប់​របង​ថ្ម​ហ៊ុមព័ទ្ធ​ឆ្នេរ​អតីត​ក្រុមហ៊ុន​អារីស្តុន រូបថត​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA

អភិបាលខេត្ត​ព្រះសីហនុ បាន​អះអាង​ថា អាជ្ញាធរ​កំពុង​ស្ថាបនា​លូ​បង្ហូរទឹក​ស្អុយ​មួយ​ចំនួន នៅ​តាម​មាត់​សមុទ្រ ដើម្បី​បង្ហូរ​ទឹក​ស្អុយ ចូល​ទៅ​អាង​ច្រោះ​ទឹក​ស្អាត មុននឹង​បង្ហូរ​ចូល​ទៅ​ក្នុង​លំហ​សមុទ្រ។

ការ​អះអាង​នេះ កើតឡើង​ក្រោយពេល​មាន​ការរិះគន់​ពី​សំណាក់​មន្ត្រី​សង្គម​ស៊ីវិល ភ្ញៀវ​ទេសចរ និង​ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (FaceBook) មួយ​ចំនួន បាន​ចោទ​ថ្នាក់ដឹកនាំ​ខេត្ត​ទេសចរណ៍​មួយ​នេះ និង​មន្ទីរ​ពាក់ព័ន្ធ​ថា គ្មាន​សមត្ថភាព​ទប់ស្កាត់​សកម្មភាព​បង្ហូរ​កាកសំណល់ និង​ទឹក​ស្អុយ​ចូល​ទឹកសមុទ្រ​រួចមក។

អភិបាលខេត្ត​ព្រះសីហនុ លោក ឈិត សុខុន មាន​ប្រសាសន៍​ថា នឹង​មិន​មានការ​បង្ហូរ​កាកសំណល់​សំរាម ឬ​ទឹក​ស្អុយ​ចូល​សមុទ្រ នា​តំបន់​ឆ្នេរ​អូរ​ឈើទាល​ដូច​ពេល​មុន​ទៀត​ទេ ព្រោះ​អាជ្ញាធរ​កំពុង​ស្ដារ និង​ដាក់​លូ​ដើម្បី​រំដោះ​ទឹក​ស្អុយ ដែល​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ឬ​ប្រជាពលរដ្ឋ បង្ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ ដោយ​មិនបាន​ឆ្លង​ការ​អាង​ច្រោះ​ទឹក​ស្អាត​ត្រឹមត្រូវ។

លោក ឈិត សុខុន ក៏​បាន​ព្រមាន​ផាក​ពិន័យ ទៅ​លើ​ប្រជាពលរដ្ឋ ឬ​ប្រតិបត្តិ​ករ​ទេសចរ​ទាំងឡាយ​ណា ដែល​ទុកដាក់​កាកសំណល់​រឹង​រាវ គ្មាន​សណ្ដាប់ធ្នាប់ នៅ​តាម​ទី​សាធារណៈ ក្នុង​ពេល​ឆាបៗ​នេះ​។

បន្ថែម​លើ​នេះ លោក ឈិត សុខុន បាន​អំពាវនាវ ដល់​ភ្ញៀវ​ទេសចរ ដែល​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ ត្រូវ​សហការ​ថែរក្សា ឬ​វេច​ខ្ចប់​កាកសំណល់​បន្សល់​ទុក ពី​អាហារ​ហូបចុក​រៀងៗ​ខ្លួន ដើម្បី​រួមចំណែក​សំអាត​អនាម័យ​ឆ្នេរ ឲ្យ​មាន​សោភណភាព​ល្អ​៖ «ឥឡូវ​នេះ​ខ្ញុំ​បាន​ដាក់​ម៉ូទ័រ និង​ទុយយោ​បូម​ទឹក​ស្អុយ បញ្ជូន​ទៅ​ក្នុង​អាង​ច្រោះ​ទឹក​ស្អាត​បាន​ចំនួន ៩០​ម៉ែត្រ​គីប​រួច​ហើយៗ​រង់ចាំ​មើល​ថា តើ​លូ​ធ្លាប់​បង្ហូរ​ចូល​ទៅ​សមុទ្រ​នោះ​ស្ងួត​ឬ​បែប​ណា​? ទើប​អាជ្ញាធរ មាន​វិធានការ​បន្ត​ទៀត លើ​បញ្ហា​កាកសំណល់​រឹង​រាវ​ហូរ​ចូល​សមុទ្រ​នា​ឆ្នេរ​អូរ​ឈើទាល ដោយ​មិនបាន​ឆ្លងកាត់​អាង​ច្រោះ​ទឹក​ស្អាត​ឲ្យ​បាន​ត្រឹម​ត្រូវជា​មុន​នេះ។ បញ្ហា​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ នា​ខេត្ត​ព្រះសីហនុ គឺ​អាជ្ញាធរ​ខេត្ត​បាន​ចាត់វិធានការ​រួចហើយ»

អភិបាល​ខេត្ត​ព្រះសីហនុ បន្ត​ថា ដើម្បី​រក្សា​សោភណភាព និង​អនាម័យ ឲ្យ​បាន​ប្រសើរ​នា​ថ្ងៃ​ខាងមុខ អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ ក៏បាន​ស្ថាបនា​លូ​ជាច្រើន​ខ្សែ​ទៀត នៅ​ទល់មុខ​កំពង់​ផែ​អន្តរជាតិ និង​តាម​ឆ្នេរ ទល់មុខ​សាលាខេត្ត​ជាដើម ដើម្បី​រំដោះ​ទឹក​ស្អុយ ចូល​ទៅ​អាង​ស្តុក​ច្រោះ​ទឹក​ស្អាត មុននឹង​បង្ហូរ​ចូល​សមុទ្រ។

ត្រង់​ចំណុច​នេះ លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​ស៊ីអ៊ិនរ៉ូ សាខា​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់ អាជ្ញាធរ​ខេត្ត ឬ​មន្ទីរ​ពាក់ព័ន្ធ គួរ​ស្ថាបនា​លូ​បង្ហូរ​ទឹក​ស្អុយ ដើម្បី​បង្ហូរ​ទឹក​ស្អុយ ចូល​ទៅ​អាង​ច្រោះ​ទឹក​ស្អាត​ឲ្យ​បាន​ច្រើនជាង​ពេល​បច្ចុប្បន្ន។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បាន​គាំទ្រ​ផែនការ ផាក​ពិន័យ​ធ្ងន់ធ្ងរ ទៅលើ​ប្រតិបត្តិ​ករ​ទេសចរ ឬ​ប្រជាពលរដ្ឋ ដែល​បោះចោល​សំរាម​រឹង​រាវ គ្មាន​របៀបរៀបរយ នៅ​តាម​ទី​សាធារណៈ ដែល​អាច​នាំ​ឲ្យ​ជះឥទ្ធិពល​ដល់​វិស័យ​ទេសចរណ៍។

លោក សុខ សុខុម បន្ត​ថា ភាព​គ្មាន​អនាម័យ នៅ​តាម​ឆ្នេរ​នានា អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​ភ្ញៀវ​ទេសចរ ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ នា​បណ្ដា​ឆ្នាំ​ខាងមុខ បើ​អាជ្ញាធរ​មិន​បាន​គិតគូរ​សំអាត​បរិស្ថាន​ឆ្នេរ ឲ្យ​មាន​សោភណភាព​ល្អ​នោះ៖ «អាជ្ញាធរ​ខេត្ត​ព្រះសីហនុ គួរតែ​សម្របសម្រួល​ឲ្យ​ឆ្នេរ​នានា នៅ​ក្នុង​ខេត្ត​នេះ ឲ្យ​មាន​លក្ខណៈ​ធំ​ទូលាយ និង​មាន​សោភណភាព​អនាម័យ ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ​បាន​កាន់​តែ​ច្រើន និង​ឲ្យ​សាក​សមជា​ទីក្រុង​ទេសចរណ៍ ហើយ​មាន​ឆ្នេរ​ស្រស់​ស្អាត​បំផុត​នៅ​លើ​ពិភពលោក»

ទាក់ទិន​បញ្ហា​នេះ លោក នូ សុផល ប្រធាន​មន្ត្រី​ទេសចរណ៍ ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​នេះ ទាំង​ភ្ញៀវ​ទេសចរ និង​ប្រតិបត្តិ​ករ​ទេសចរ នៅ​មិនទាន់​ចូលរួម​សហការ ទៅ​តាម​ការណែនាំ របស់​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍ ឬ​អាជ្ញាធរ​ខេត្ត ក្នុង​ការ​ថែរក្សា​អនាម័យ​ឆ្នេរ ឲ្យ​បាន​១​រយ​ភាគរយ​ទេ។

លោក​ថា បញ្ហា​នេះ​ទាំង​ភ្ញៀវ​ទេសចរ និង​ប្រតិបត្តិ​ករ​ទេសចរ​ភាគច្រើន បាន​គិត​ពី​ប្រយោជន៍ ឬ​ការ​ចំណេញ​លើ​មុខរបរ​រៀងៗ​ខ្លួន ដោយ​មិន​បាន​គិត​ជួយ​ថែរក្សា​បរិស្ថាន ដើម្បី​រួច​ចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​នា​ថ្ងៃ​អនាគត​នោះ​ទេ៖ «មិន​ថា​ប្រតិបត្តិ​ករ​ទេសចរ ឬក៏​ភ្ញៀវ​ទេសចរ​ទេ គឺ​សូម​ឲ្យ​បងប្អូន​សូម​មានការ​ភ្ញាក់​រលឹក និង​យល់ដឹង ហើយ​រួមគ្នា​ថែរក្សា​សំអាត​អនាម័យ ឬ​សំណល់​រឹង​រាវ នៅ​តាម​ឆ្នេរ​ខេត្ត​ព្រះសីហនុ​ជាប្រចាំ។ ជា​ពិសេស​សំណល់​សំរាម ដែល​ទុកចោល​នៅមុខ​ផ្ទះ​រៀងៗ​ខ្លួន គឺ​ធ្វើ​យ៉ាង​ណា​រក្សា​បរិស្ថាន​ឲ្យ​បាន​ល្អ»

ទាក់ទិន​បញ្ហា​នេះ ប្រជាពលរដ្ឋ និង​ប្រតិបត្តិ​ករ​ទេសចរ ថ្លែង​ថា ពួកគេ​រង់ចាំ​សហការ​សំអាត​អនាម័យ​នៅ​ក្នុង​មូលដ្ឋាន ខេត្ត​ព្រះសីហនុ ជា​រហូត​ជាមួយ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ។ ប៉ុន្តែ​ភារៈ​ស្ថាបនា​លូ​បង្ហូរទឹក​ស្អុយ ដើម្បី​រំដោះ​ទឹក​ស្អុយ​ចូល​ទៅ​ក្នុង​អាង​ច្រោះ​ទឹក​ស្អាត មុន​បង្ហូរ​ចូល​សមុទ្រ គឺជា​ភារៈ​កិច្ច ឬ​ជា​ការ​ទទួលខុសត្រូវ របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ហើយ​ពួកគេ​រង់​ចាំ​សហការ​រក្សា​បរិស្ថាន​នេះ​ជាប់​ជានិច្ច។

ទោះជា​បែបនេះ​ក្ដី លោក ឈិត សុខុន អភិបាលខេត្ត​ព្រះសីហនុ បាន​ព្រមាន​ថា អាជ្ញាធរ​ខេត្ត បាន​សុំ​គោល​ការ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ឈាន​ដល់​ផាក​ពិន័យ​អ្នក​បោះចោល​កាកសំណល់​រឹង​រាវ គ្មាន​អនាម័យ ឲ្យ​បាន​ធ្ងន់ធ្ងរ នា​ថ្ងៃ​អនាគត បើ​សិន​នៅ​បន្ត​ចោល​សំរាម​អនាធិបតេយ្យ ឬ​បន្ត​បង្ហូរ​ទឹក​ស្អុយ ចេញពី​ទីតាំង​ធ្វើ​អាជីវកម្ម​របស់​ខ្លួន ចូល​ទៅ​ក្នុង​សមុទ្រ ដោយ​មិន​ឆ្លងកាត់​អាង​ច្រោះ​ទឹក​ស្អាត​ជាមុន​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល