ពលរដ្ឋរស់ក្រុងស្ទឹងត្រែង បារម្ភពីផលប៉ះពាល់អវិជ្ជមាននានា ដោយសារគ្រោះទឹកជំនន់ អាចនឹងកើតមានឡើងជារៀងរាល់ឆ្នាំ។ ពួកគេបានទម្លាក់កំហុសបាតុភាពនេះ ទៅលើការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ដែលពួកគាត់ចាត់ទុកថា ជាផ្នែកមួយងាយនឹងកើតមានគ្រោះទឹកជំនន់។
ការបារម្ភនេះ បន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់ នៅរដូវវស្សាឆ្នាំនេះ ធ្វើឱ្យប៉ះពាល់លំនៅឋានពលរដ្ឋទូទាំងខេត្តស្ទឹងត្រែងជាង ៦០០ពាន់គ្រួសារ ក្នុងនោះមានពលរដ្ឋយ៉ាងហោចណាស់ជាង ១ពាន់ ៤០០គ្រួសារ បានជម្លៀសទៅកាន់ទីទូលសុវត្ថិភាព។
ពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង លោក ថាន ពៅ ឱ្យដឹងនៅថ្ងៃទី៩ កញ្ញាថា ភូមិសាស្ត្រក្នុងក្រុងស្ទឹងត្រែង ជាតំបន់ខ្ពង់រាប មានពលរដ្ឋរាប់ពាន់គ្រួសារបានមកតាំងទីលំនៅ នៅតំបន់ទំនាប ងាយនឹងរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ និងទឹកភ្លៀង ក៏ប៉ុន្តែនៅគ្រា ដែលទំនប់វារីអគ្គិសនីសេសានក្រោមពីរ បើកបង្ហូរទឹកមួយកម្រិតទៀត គ្រោះមហន្តរាយនេះ នឹងកើតមានកាន់តែខ្លាំងឡើង។ លោកថា ទឹកជំនន់ឆ្នាំនេះ កើតមានខុសធម្មតា និងស្រកយឺតៗ ខុសប្លែកកាលពីមិនទាន់មានទំនប់វារីអគ្គិសនី៖ «គ្រាន់តែពេលមិនទាន់ធ្វើទំនប់ហ្នឹង មិនទាន់លិចអ៊ីចឹងពេកទេ។ ពេលធ្វើហើយអ៊ីចឹង លិចស្ទើរតែរាល់ឆ្នាំទៅវិញ នេះចំណុចមួយដែលធ្វើឲ្យពលរដ្ឋ មានការភិតភ័យ និងព្រួយបារម្ភ ជាមួយបញ្ហាគ្រោះទឹកជំនន់។ មានការព្រួយបារម្ភជាមួយទឹក ធ្វើឲ្យទឹកធ្វើឲ្យខាតបង់គ្រប់បែបយ៉ាង ជាមួយការងាររកស៊ី ដាំដំណាំ និងគាត់លក់ដូរនៅផ្សារធ្វើឲ្យគាត់បាត់បង់ពេលវេលា»។
រយៈពេលជាង ១សប្ដាហ៍ចុងក្រោយនេះនៅខេត្តស្ទឹងត្រែង មានគ្រោះមហន្តរាយ ទឹកជំនន់ទន្លេមេគង្គ បានជន់លិចស្រុក/ក្រុងចំនួន៦ ប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៦០០ពាន់គ្រួសារ (៦.១៣៣) និងស្រូវវស្សាអស់ជិត ៤.០០០ហិកតារ (៣.៩៦៥) និងពលរដ្ឋជាង ១ពាន់ ៤០០គ្រួសារ (១.៤៦៦) ភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព។ គ្រោះទឹកជំនន់នេះ ពុំបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋនោះទេ។ រីឯអាជ្ញាធរខេត្ត និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ បានចុះអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋ និងផ្ដល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋរងគ្រោះមួយចំនួនផងដែរ។
ឆ្លើយតបរឿងនេះ តំណាងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ លោក អ៊ុំ រ៉េត អះអាងថា ក្រុមហ៊ុនបានបើកបង្ហួរទឹកចេញពីផ្ទៃអាងលក្ខណៈធម្មជាតិ មិនប៉ះពាល់លើពលរដ្ឋរស់នៅខ្សែទឹកខាងក្រោមនោះទេ។ លោកបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនកំពុងបង្ហូរទឹកជិត ៥ពាន់ម៉ែត្រគូប ក្នុងវិនាទី (៤.៨១១២m3/s)ដែលជាលំហូរបែបធម្មជាតិ៖ «អត់ទៀងទេ មួយថ្ងៃបើកបិទមិនដឹងប៉ុន្មានដងទេ តាមរយៈខ្សែទឹកវាអត់ទៀង ខ្សែទឹកខាងលើ និងខាងក្រោមវាអត់ទៀងទេ។ ខ្សែទឹកខាងលើ និងខាងក្រោមវាអត់ទៀងទេ។ លំហូរនេះវាហូរធម្មជាតិ » ។ » ។
នាយកប្រតិបត្តិអង្គការបណ្ដាញការពារទន្លេបី លោក លាង ប៊ុនលាភ (3SPN Coordinator) ពន្យល់ថា ជំនន់ទឹកទន្លេមេគង្គ បូករួមទាំងការបើកបង្ហូរទ្វារទឹកទំនប់វារីអគ្គិសនីផងនោះ នឹងធ្វើឱ្យទឹកជន់កាន់តែខ្លាំង ប៉ះពាល់ផ្ទះសម្បែង និងសុខុមាលភាពពលរដ្ឋ។ លោកថា បាតុភាពនេះ ជាសញ្ញាអវិជ្ជមានមួយ ពញ្ញាក់ស្មារតីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគួរឈប់សាងសង់ទំនប់វារីអគ្គិសនី តាមដងទន្លេទៀត និងត្រូវមានជម្រើសផ្សេងៗ ដើម្បីផលិតថាមពលរដ្ឋអគ្គិសនី៖ «រដ្ឋាភិបាលក្តី អ្នកពាក់ព័ន្ធចូលរួមធ្វើគោលនយោបាយក្តី ជាពិសេស គោលនយោបាយខាងអគ្គិសនីក្តី យើងទៅប្រើលុយអស់ជិត ១ពាន់លានហើយ បង្កទុកបង្កភ័យ ដែលយើងមានជារៀងរាល់ឆ្នាំ។ ទុកភ័យនេះមិនប្រាកដថា មានឆ្នាំហ្នឹង ឆ្នាំក្រោយអត់មានទេ។ អ៊ីចឹងវានៅតែបន្តជារហូត ធ្វើឲ្យមនុស្សខ្លាចរអា និងទន្លេ សូឡាហ្នឹងវាជួយរំដោះវិបត្តិថាមពលអគ្គិសនីបាន ដោយសារសូឡាឥឡូវគុណភាពខ្ពស់។ ជាឧទាហរណ៍ សូឡានៅ បាវិត ១០គីឡូវ៉ាត់ យើងប្រើទុនអស់តែ ១២លានទេ ( ១២លានដុល្លារ ) បើប្រៀបធៀបសេសាន ៧០០ ទៅ ៨០០រយលាន បានតែ ៤៥០ មេហ្គាវ៉ាត់ ឃើញថា តម្លៃខុសគ្នាពីរដង » ។
អ្នកជំនាញបរិស្ថានពន្យល់ថា ទំនប់វាវារីអគ្គិសនីសេសានក្រោមពីរ បានបើកបង្ហូរទ្វារទឹកបន្ថែមទៀត ចូលទន្លេសេកុង រួមផ្សំទឹកទន្លេមេគង្គហក់ឡើងខ្ពស់ខុសធម្មតានឹងធ្វើឱ្យរួមខេត្តស្ទឹងត្រែងទាំងមូលក្លាយជាផ្ទៃអាង ឬទឹកជំនន់ធ្ងន់ធ្ងរ។
សេចក្ដីរាយការណ៍ពីពលរដ្ឋខេត្តស្ទឹងត្រែង ឱ្យដឹងទៀតថា ទំនប់វារីអគ្គិសនីសេសានក្រោមពីរមិនត្រឹមតែបង្កប៉ះពាល់ពលរដ្ឋរស់នៅខ្សែទឹកខាងក្រោមទេ ពលរដ្ឋរស់នៅខ្សែទឹកខាងលើ ក្នុងឃុំតាឡាត ស្រុកសេសាន ក៏ធ្លាប់ជួបគ្រោះមហន្តរាយនេះដែរ។ កាលពីឆ្នាំ២០១៨ ពលរដ្ឋជាង ១ពាន់គ្រួសរ រស់នៅឃុំតាឡាតជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ៣លើកជាប់គ្នា និងមានពលរដ្ឋជាច្រើនគ្រួសារខ្វះខាតស្បៀង។ បាតុភាពនេះ ពួកគេគេអះអាងថា ក្រុមហ៊ុនបានបិទទ្វារទឹក ធ្វើឱ្យទឹកចាលឡើងលិចភូមិកំណើតរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។