មន្ត្រី​សិទ្ធិមនុស្ស ថា​សាលដីកា​តុលាការ​កំពូល ជា​រឿង​អយុត្តិធម៌​សម្រាប់​សកម្មជន​មាតា​ធម្មជាតិ

វ៉ែន សុមេធ
2018.07.14
Share on WhatsApp
Share on WhatsApp
ស៊ឹង សែនករុណា អំ សំអាត ៦២២ លោក ស៊ឹង សែនករុណា មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) [ឆ្វេង] និង​លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​​លីកាដូ (LICADHO)។
Photo: RFA

មន្ត្រី​សិទ្ធិមនុស្ស​សម្ដែង​ការ​សោកស្ដាយ​ដែល​តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​ផ្ដន្ទាទោស​អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ៣​រូប របស់​សាលាឧទ្ធរណ៍​ទុក ជា​បាន​ការ​ដដែល ដែល​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគេ​ទាំង ៣នាក់។ មន្ត្រី​សិទ្ធិមនុស្ស​យល់ថា សកម្មភាព​របស់​យុវជន​ទាំង ៣ គឺជា​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន មិនមែន​ជា​ការប្រព្រឹត្ត​បទល្មើស​ឡើយ ហើយ​ការសម្រេច​ក្តី​នេះ​នឹង​នាំ​ឱ្យ​អ្នក​ទាំង ៣ និង​យុវជន​ផ្សេងទៀត​បាក់​ទឹកចិត្ត លែង​ចង់​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​តទៅទៀត។

អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ៣ រូប គឺ​យុវជន សាន់ ម៉ាឡា ទ្រី សុវិគា និង​ស៊ីម សំណាង ត្រូវ​បន្ត​ជាប់ទោស​តទៅទៀត ក្នុង​សំណុំរឿង “​គំរាមកំហែង​ថា​នឹង​ខូចខាត​ដោយ​ភ្ជាប់​នឹង​បញ្ជា​អ្វីមួយ​” តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល ដែល​បានសម្រេច​កាលពី​ថ្ងៃទី១៣ កក្កដា កន្លងទៅ។

សកម្មជន​បរិស្ថាន​ម្នាក់​ក្នុងចំណោម​អ្នក​ទាំង ៣ គឺ​លោក ស៊ីម សំណាង ថ្លែង​ថា សេចក្តី​សម្រេច​នេះ គឺជា​រឿង​អយុត្តិធម៌ និង​មិន​នឹកស្មាន​ដល់ ព្រោះ​ពួក​លោក​មិនបាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ដូច​ការ​ប្តឹង​ចោទប្រកាន់​របស់​ក្រុមហ៊ុន​ឡើយ។ ម្យ៉ាងវិញទៀត តុលាការ​គ្រប់​ជាន់ថ្នាក់​សុទ្ធតែ​មិន​មាន​សាក្សី និង​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​បង្ហាញ​ពី​ពិរុទ្ធភាព​របស់​ពួក​លោក​ក្នុង​សំណុំរឿង​នេះ​ឡើយ ដូច្នេះ​ពួក​លោក​មិន​យល់ថា តើ​ហេតុអ្វី​បានជា​តុលាការ​កាត់​ឱ្យ​ពួក​លោក​ចាញ់​ក្តី​ក្រុមហ៊ុន​គ្រប់​ដំណាក់កាល​បែបនេះ​ទៅវិញ។ «»

សកម្មជន​បរិស្ថាន​ទាំង ៣នាក់ ត្រូវ​បាន​តុលាការ​គ្រ​ប់លំដាប់​ថ្នាក់​នៃ​របប​លោក ហ៊ុន សែន កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៨​ខែ ដោយ​ព្យួរទោស​ប្រហែល ៨​ខែ ក្រោម​បទ​ចោទ​ដែល​ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​ខេត្ត​កោះកុង ផ្លាស់ប្ដូរ​នៅ​នាទី​ចុងក្រោយ គឺ​បទ “​ផ្ដើម​គំនិត​គំរាមកំហែង​ថា​នឹង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ភ្ជាប់​នឹង​បញ្ជា​អ្វីមួយ” ។ តុលាការ​ក៏បាន​បង្គាប់​ឱ្យ​អ្នក​ទាំង ៣ សង​សំណង​ចំនួន ១០០​លាន​រៀល ឬ​ប្រហែល ២ ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក ទៅ​ឱ្យ​ភាគី​ដើម​បណ្តឹង និង​ប្រាក់​ពិន័យ ២​លាន​រៀល​ផ្សេងទៀត ចូល​រដ្ឋ​ផង​ដែរ។

មេធាវី​ការពារ​ក្តី​ឱ្យ​សកម្មជន​បរិស្ថាន​ទាំង៣ លោក សំ ចំរើន យល់​ឃើញ​ថា ការសម្រេច​ផ្ដន្ទាទោស​កូន​ក្តី​របស់​លោក​ដោយ​តុលាការ​គ្រប់​ជាន់ថ្នាក់​នេះ គឺជា​សេចក្ដី​សម្រេច​ផ្អែក​តែ​ទៅលើ​តម្លៃ​សេដ្ឋកិច្ច ដោយ​មិន​ឈរ​លើ​តម្លៃ​ផ្សេងទៀត ដូចជា តម្លៃ​សីលធម៌ សង្គម និង​នយោបាយ​ឡើយ។ លោក​ថា សកម្មភាព​របស់​កូន​ក្តី​លោក​កាលពី​ឆ្នាំ ២០១៥ ដែល​ចុះ​ទប់ស្កាត់​ការ​បូម​ខ្សាច់​ខុសច្បាប់​នៅ​ខេត្ត​កោះកុង រហូត​មានការ​ប្ដឹងផ្ដល់​ពី​ក្រុមហ៊ុន​នោះ មិន​អាច​រាប់​ថា​ជា​ការ​ប្រព្រឹត្ត​បទល្មើស​ឡើយ ប៉ុន្តែ​គឺជា​ការ​រួមចំណែក​ក្នុង​កិច្ចការពារ​បរិស្ថាន និង​សង្គម ដើម្បី​ផលប្រយោជន៍​សាធារណៈ​ប៉ុណ្ណោះ។ ដូច្នេះ​លោក​យល់ថា សេចក្ដី​សម្រេច​ផ្ដន្ទាទោស​កូន​ក្តី​របស់​លោក​នេះ ជា​សេចក្ដី​សម្រេច​មិន​មាន​លក្ខណៈ​ពេញលេញ​ស្របតាម​បទដ្ឋាន​ច្បាប់​សាកល​ឡើយ។ «»

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​សមាគម​អាដហុក (ADHOC) លោក សឹង សែនករុណា សម្ដែង​ការ​សោកស្ដាយ​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​នេះ​។ លោក​យល់ថា ការ​ផ្ដន្ទាទោស​អតីត​សកម្មជន​អង្គការ​ធម្មជាតិ​ទាំង ៣​នាក់​នេះ គឺជា​ការ​បំបាក់​ស្មារតី​អ្នក​ហ៊ាន​ចេញមុខ​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ និង​បង្ហាញ​កាន់តែ​ច្បាស់​ថា របប​ដឹកនាំ​បច្ចុប្បន្ន​ហាក់​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​ឡើយ។ «»

អតីត​សកម្មជន​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ គឺជា​អ្នកតស៊ូ​មតិ​ដ៏​ខ្លាំងក្លា​ប្រឆាំង​នឹង​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ភ្លូកទឹកភ្លូកដី​នៅ​តាម​ដងស្ទឹង និង​ព្រែក នៃ​តំបន់​មាត់សមុទ្រ​ក្នុង​ខេត្ត​កោះកុង បើទោះបីជា​ពួកគេ​ត្រូវ​ទទួលរង​ការ​ធ្វើទុក្ខបុកម្នេញ​ម្ដង​ហើយ​ម្ដងទៀត​ក្តី។ របប​លោក ហ៊ុន សែន តែង​បាន​ច្រានចោល​ការ​លើកឡើង​របស់​ក្រុម​សកម្មជន​បរិស្ថាន​ទាំងនោះ អំពី​ភាព​អានាធិបតេយ្យ​នៃ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ក្នុង​ខេត្ត​កោះកុង និង​បាន​បដិសេធ​រឿងអាស្រូវ​ពុករលួយ​ខាតបង់​ចំណូល​ពន្ធ​រាប់​រយ​លាន​ដុល្លារ​ពី​វិស័យ​នេះ ក៏ប៉ុន្តែ​ក្រោយ​មក​របប​នេះ ហាក់ដូចជា​បាន​ទទួល​ស្គាល់​នូវ​អ្វី​ដែល​ក្រុម​សកម្មជន​បាន​រក​ឃើញ ដោយ​បាន​បិទ​លែង​ឱ្យ​មានការ​នាំចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស​តទៅទៀត ហើយក៏​បាន​ហាម​មិន​ឱ្យ​មានការ​បូម​ខ្សាច់​ទ្រង់ទ្រាយ​ធំ ក្នុង​ខេត្ត​កោះកុង​តទៅទៀត​ដែរ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់ថា ប្រសិនបើ​គ្មាន​ការចូលរួម​របស់​ក្រុម​យុវជន​នៃ​អង្គការ​មាតា​ធម្មជាតិ​ទេ ការ​បិទ​អាជីវកម្ម​ខ្សាច់​បែប​អានាធិបតេយ្យ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត​កោះកុង​នោះ ក៏​មិន​អាច​កើត​មាន​ឡើង​បាន​ដែរ ដូច្នេះ​ការ​លះបង់​របស់​ក្រុម​យុវជន​ទាំងនោះ មិន​គួរ​ត្រូវ​បាន​តបស្នង​មកវិញ​ដោយ​ការ​ដាក់​ទោសទណ្ឌ​ពួកគេ​បែបនេះ​ឡើយ។ លោក​យល់ថា ការ​ផ្ដន្ទាទោស​សកម្មជន​ទាំង ៣​នាក់​នេះ គឺជា​ដាក់​សម្ពាធ និង​ជា​ការ​ព្រមាន​សកម្មជន​បរិស្ថាន​ដទៃ​ទៀត កុំ​ឱ្យ​បន្ត​សកម្មភាព​របស់​ពួកគេ​តទៅទៀត។ «»

ការ​សម្រេច​របស់​តុលាការ​កំពូល​នេះ ធ្វើ​ឱ្យ​សកម្មជន​បរិស្ថាន​ទាំង ៣​នាក់ ត្រូវ​បន្ត​ស្ថិត​ក្នុង​ហានិភ័យ​នៃ​ការ​អនុវត្ត​ទោស​ពន្ធនាគារ​ដែល​នៅសល់ ប្រសិនបើ​ពួកគេ​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ពី​បទ​ល្មើស​ផ្សេងទៀត ក្នុង​រយៈពេល ៥​ឆ្នាំក្រោយ។ អ្នក​ទាំង​៣ ក៏​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ម្ដង​ទៀត​ដែរ ប្រសិនបើ​ខកខាន​មិនបាន​បង់​ប្រាក់​សំណង​ឱ្យ​ភាគី​ដើម​បណ្តឹង ក្នុង​ករណី​មាន​សាលដីកា​ស្ថាពរ​បង្ខំ​ឱ្យ​អ្នក​ទាំង​៣ ត្រូវតែ​សង​សំណង​មែន​នោះ។

យុវជន ស៊ីម សំណាង ថ្លែង​ថា ពួក​លោក​មិនទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ទាក់ទង​នឹង​សំណង​រដ្ឋប្បវេណី​នេះ ដោយ​រង់ចាំ​ការ​ជួប​ជជែក​ជាមួយ​មេធាវី​របស់​ជា​មុន​សិន តែ​យ៉ាងណា​លោក​ថា ពួក​លោក​ជា​សកម្មជន​បរិស្ថាន​គ្មាន​លុយ​ឯណា​ដល់​ជាង ២ ម៉ឺន​ដុល្លារ​ទៅ​សង​ក្រុមហ៊ុន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។