អាជ្ញាធរខេត្តឧត្តរមានជ័យ ឲ្យដឹងថា ខេត្តនេះនឹងមានវារីអគ្គិសនីកម្លាំងពី ១០ ទៅ ២០មេហ្គាវ៉ាត់ប្រើប្រាស់នៅពេលដែលក្រុមហ៊ុនចិន ចាប់ផ្ដើមសាងសង់ទំនប់ទឹកនៅតំបន់ភ្នំអាតោ នៅស្រុកចុងកាល់ បានរួចរាល់។ ក៏ប៉ុន្តែ គម្រោងវារីអគ្គិសនីឈ្មោះថា ស្ទឹងស្រែងទី២ នេះ អាចនឹងប៉ះពាល់ទៅលើដីស្រែចម្ការរបស់ប្រជាពលរដ្ឋ ព្រៃសហគមន៍ និងជម្រកសត្វព្រៃជាច្រើនពាន់ហិកតារ។
អ្នកគ្រប់គ្រងសហគមន៍ព្រៃឈើសង្ឃរុក្ខវ័ន្ត ក្នុងខេត្តឧត្តរមានជ័យ ព្រួយបារម្ភថា ព្រៃឈើរាប់ពាន់ហិកតារដែលរដ្ឋាភិបាលធ្លាប់តែលក់កាបូនទៅឲ្យអន្តរជាតិ អាចនឹងបាត់បង់ ហើយសត្វព្រៃជាច្រើនប្រភេទ ក៏រួមខើចទីជម្រកនៅពេលណាដែលទំនប់វារីអគ្គិសនីលេចចេញជារូបរាងនៅតំបន់ជាប់គ្នានោះ។
ប្រធានសហគមន៍សង្ឃរុក្ខវ័ន្ត ដែលជាម្ចាស់ពានរង្វាន់ត្រូពិកផ្នែកការពារព្រៃឈើ គឺព្រះភិក្ខុ ប៊ុន សាលួត។ ព្រះអង្គមានថេរដីកាកាលពីព្រឹកថ្ងៃពុធ ទី២៨ ខែមករា ថា ព្រះអង្គបានការពារព្រៃទំហំជាង ១៨.០០០ហិកតារតាំងតែពីអំឡុងឆ្នាំ២០០២។ ព្រៃឈើទាំងនេះ ត្រូវរដ្ឋាភិបាលចុះកិច្ចព្រមព្រៀងលក់កាបូនទៅឲ្យអន្តរជាតិតាំងតែពីឆ្នាំ២០១០ មក។ ក្រៅពីនោះ ព្រៃសហគមន៍បានផ្ដល់ឲ្យប្រជាពលរដ្ឋជាច្រើនអាចរកកម្រៃចិញ្ចឹមជីវិតពីអនុផលព្រៃឈើ ដូចជាដកផ្សិតព្រៃ បោចវល្លិ ផ្ដៅ និងបេះជ័រចុងលក់ ជាដើម។
ព្រះភិក្ខុ ប៊ុន សាលួត ព្រួយបារម្ភថា ទាំងការលក់កាបូនព្រៃឈើ និងការរកកម្រៃចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ អាចនឹងប៉ះពាល់ខ្លាំងនៅពេលណាដែលក្រុមហ៊ុនចិន ឈ្មោះ ស៊ីណូហៃក្រូ ធ្វើទំនប់វារីអគ្គិសនី បណ្ដាលឲ្យផ្ទៃទឹកជន់លិចព្រៃសហគមន៍៖ «អាត្មាថាមិនឲ្យក្រុមហ៊ុនចិន ទៅបិទកន្លែងហ្នឹងទេ វាប៉ះពាល់ដល់ព្រៃឥណទានកាបូននៅលើពិភពលោក។ ក្រុមហ៊ុនធ្វើអ៊ីចឹងបានប្រយោជន៍តែក្រុមហ៊ុនហ្នឹង»។
ព្រះភិក្ខុ ប៊ុន សាលួត ប៉ាន់ប្រមាណថា ប្រសិនបើក្រុមហ៊ុនចិន សាងសង់ទំនប់ទឹកនៅតំបន់ភ្នំអាតោ នោះរួចរាល់ គឺនៅរដូវវស្សាទឹកនឹងជន់លិចព្រៃរបស់ព្រះអង្គប្រមាណ ៥.០០០ហិកតារ។
ប្រជាពលរដ្ឋនៅភូមិស្រះកែវ និងភូមិចារ ឃុំពង្រ ស្រុកចុងកាល់ ជាង ១៥០គ្រួសារ ក៏ធ្លាប់ព្រួយបារម្ភអំពីបញ្ហាទឹកជំនន់លិចលង់ដីស្រែចម្ការរបស់ពួកគេដែរ បន្ទាប់ពីគេឃើញក្រុមហ៊ុនចិន ដឹកជញ្ជូនគ្រឿងចក្រចូលទៅចាប់ផ្ដើមការងារកាលពីថ្ងៃទី១៨ ខែមករា កន្លងទៅ។
នាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ លោក ហោ ជិនវិរៈយុទ្ធ ឲ្យដឹងថា ការសាងសង់ទំនប់ទឹកនៅភ្នំអាតោ នោះ គឺជាគម្រោងវារីអគ្គិសនីឈ្មោះថា ស្ទឹងស្រែងទី២។ លោក ហោ ជិនវិរៈយុទ្ធ ឲ្យដឹងទៀតថា ប្រសិនបើក្រុមហ៊ុនចិន សាងសង់ទំនប់ទឹកនោះរួចរាល់ គឺគេរំពឹងថាអាចនឹងទាញយកថាមពលអគ្គិសនីពី ១០ ទៅ ២០មេហ្គាវ៉ាត់ សម្រាប់ប្រើប្រាស់នៅក្នុងតំបន់។ ក៏ប៉ុន្តែ អាជ្ញាធរទទួលស្គាល់ថា គម្រោងនោះពិតជាមានផលប៉ះពាល់ដីស្រែចម្ការ និងព្រៃឈើច្រើនពាន់ហិកតារមែន៖ «ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព អភិបាលខេត្តលោកឲ្យប្រមូលទិន្នន័យប៉ះពាល់ពីប្រជាពលរដ្ឋឲ្យបានច្បាស់លាស់ ហើយស្នើទៅថ្នាក់ជាតិឲ្យជំរុញទៅក្រុមហ៊ុន ឲ្យដោះស្រាយការប៉ះពាល់រួចរាល់សិន មុននឹងចាប់ផ្ដើមសាងសង់»។
លោក ហោ ជិនវិរៈយុទ្ធ បញ្ជាក់ថា ជុំវិញការប៉ះពាល់ព្រៃសហគមន៍ជាច្រើនពាន់ហិកតារនោះ គឺជារឿងថ្នាក់ជាតិដែលត្រូវដោះស្រាយ ពីព្រោះព្រៃឈើជាសម្បត្តិរបស់រដ្ឋ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន ឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៨ ខែមករា គឺមានប្រជាពលរដ្ឋជាង ៦០គ្រួសារហើយដែលដាក់ពាក្យប្ដឹងតវ៉ា ជុំវិញការប៉ះពាល់ដោយសារគម្រោងទំនប់វារីអគ្គិសនីនេះ៕
ទស្សនាវីដេអូស្ដីអំពីព្រះសង្ឃការពារព្រៃឈើ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។