យុវតី ស៊ុន រដ្ឋា ធ្វើ​ការងារ​បរិស្ថាន រហូត​រងបទចោទ​រួម​គំនិត​ក្បត់

ដោយ ខែ សុណង
2021-06-30
Share
យុវតី ស៊ុន រដ្ឋា ធ្វើ​ការងារ​បរិស្ថាន រហូត​រងបទចោទ​រួម​គំនិត​ក្បត់ យុវតី ស៊ុន រដ្ឋា ធ្វើ​ការងារ​បរិស្ថាន រហូត​រងបទចោទ​រួម​គំនិត​ក្បត់។
រូប៖ ចលនាមាតាធម្មជាតិ។

កញ្ញា ស៊ុន រដ្ឋា ជា​យុវតី​មួយ​រូប​ដែល​ស្រឡាញ់បរិស្ថាន និង​​ជាប់ចិត្ត​ខ្លាំង​ជាមួយ​ភាព​ស្រស់​​បំព្រងនៃ​ធម្មជាតិ។ នាង​ស្អប់ខ្ពើម​អំពើ​អយុត្តិធម៌​សង្គម និ​ងការ​​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ ដោយ​សារ​តែ​បែបនេះហើយ ទើប​នាង​ចូល​ប្រឡូក​ក្នុង​​ការងារជា​សកម្មជន​បរិស្ថាន​។

យុវតី ស៊ុន រដ្ឋា មាន​អាយុ ២៦ ឆ្នាំ។ នាងមាន​ស្រុក​កំណើត​នៅសង្កាត់​អូចារ ក្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង។ នាង​ជាកូនទី​៤ នៅក្នុងគ្រួសារ​ដែល​មាន​បងប្អូន​សរុប ៥ នាក់។ ឪពុកម្តាយ​​របស់​នាង មាន​មុខរបរជា​ជាងតទឹក និង​តំឡើងប្រព័ន្ធទឹក។ ពួក​គាត់​បាន​ផ្លាស់​ទៅ​រស់​នៅ​ឃុំ​ពេជ្រចិន្ដា ស្រុក​ភ្នំព្រឹក្ស ខេត្ត​បាត់​ដំបងវិញ នៅពេល​រដ្ឋា​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​បឋម​សិក្សា។

ម្តាយ​របស់​កញ្ញា ស៊ុន រដ្ឋា គឺ​លោកស្រី ដួង រី រៀបរាប់​ថា កូនរបស់​លោក​ស្រី​ម្នាក់​នេះ​ឈ្លាសវៃ និង​រៀន​ពូកែ​តាំង​ពី​តូច ជាពិសេស​រូបគេ​ចេះ​​ចូល​រួម​ការងារ​សង្គម​តាំង​ពី​​នៅ​ថ្នាក់​មធ្យម​សិក្សា។ លោកស្រី​បញ្ជាក់​ទៀតថា រដ្ឋា​ជា​ក្មេង​ម្នាក់​ដែល​ប្រណិប័តន៍ឪពុក​ម្តាយ និងគ្រួសារយ៉ាង​ខ្ជាប់​ខ្ជូន ដោយ​មិន​មាន​ទាស់​ចំណុច​ណា​នោះ​ទេ៖ «វា​មិន​ដែល​ទៅ​ធ្វើ​អ្វី​ខុស​ទេ សូម្បីតែ​គ្រូ​ស្រឡាញ់​វាដែរ។ វា​មិន​ដែល​ថា មាន​ទំនាស់​ជាមួយ​អ្នក​ណា អ្ន​កណី អត់​ទេ។ ហើយ​រៀន​បាន​លេខ១ ​លេខ២ ​រាល់​ឆ្នាំ ហើយ​​ដល់​ឆ្នាំ​វាជិត​ប្រឡង ថ្នាក់ទី១១ ទី១២ វា​ចូល​ខាង​ក្រុម​យុវជន​។ វា​ដើរ​មើល​តាម​ភូមិ ​ចែក​អំណោយ​តាម​ឃុំ​ តាម​អ៊ីចឹងទៅ»។

Sun_Ratha_Environment_Activist_02.jpg
កញ្ញា ស៊ុន រដ្ឋា សកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិ ដែលកំពុងជាប់ពន្ធនាគារក្រោមការចោទប្រកាន់ពីបទរួមគំនិតក្បត់។

យុវតី ស៊ុន រដ្ឋា បាន​ឡើង​មក​រៀន​ថ្នាក់​ឧត្តម​សិក្សា​នៅ​ភ្នំពេញ កាល​ពី​ឆ្នាំ២០១៤ ដោយ​ចាប់​យក​ជំនាញ​គណនេយ្យ។ ក្នុងរយៈពេល​ ៤ឆ្នាំនៅសាកលវិទ្យាល័យ នាង​សិក្សា​ដោយ​មិន​បង់ថ្លៃនោះទេ ព្រោះនាង​ជា​និស្សិត​អាហារូបករណ៍។ នាង​បាន​បញ្ចប់​ការ​សិក្សា​នៅឆ្នាំ ២០១៨ និង​ទទួល​សញ្ញាបត្រ​នៅឆ្នាំ២០១៩។

និយាយ​ពី​បុគ្គលិកលក្ខណៈវិញ រដ្ឋា​ជា​យុវតី​មួយរូប​ដែល​ស្លូតបូត តែ​រួស​រាយ​រាក់​ទាក់ និង​ច្បាស់លាស់​ក្នុងការងារ។ នាង​រាប់​អាន​មនុស្ស​គ្រប់វ័យ ដោយ​មិន​ប្រកាន់​វណ្ណៈ ហើយ​ចេះ​បង្កើត​បរិយាកាស​សប្បាយ​រីករាយជាមួយ​អ្នក​នៅ​ជុំវិញ​ខ្លួន។ នាង​មាន​ទម្លាប់​ល្អ​ពីរយ៉ាងក្នុងជីវិតប្រចាំថ្ងៃ នោះគឺ​ការ​អាន​សៀវភៅ និង​មិន​​ប្រើប្រាស់​ថង់​ប្លាស្ទិច។

នាង​ធ្លាប់​​ធ្វើ​វីដេអូ​ខ្លី​មួយ​អំពីវិបត្តិ​ថង់ប្លាស្ទិច​នៅកម្ពុជា ហើយ​អំពាវនាវ​​ឱ្យ​ពលរដ្ឋ​ខ្មែរ​កែ​ប្រែ​ឥរិយាបថ​របស់​ខ្លួន​​ ដើម្បី​កាត់​បន្ថយ​សម្រាម​ប្លាស្ទិច​ដែល​កំពុង​គំរាម​កំហែង​ដល់​បរិស្ថាន«ប្រសិន​បើ​អ្នក​ចូល​ចិត្ត​ញ៉ាំ​កាហ្វេ ឬ​ភេសជ្ជៈ​ផ្សេងៗ អ្នក​គួរ​តែ​យក​កែវ​ដាក់​តាម​ខ្លួន។ ឈប់​ប្រើប្រាស់ទុយោ​ប្លាស្ទិច ដោយ​ងាក​ទៅ​ប្រើបំពង់​ទុយោ​ដែល​ផលិត​ពី​​អ៊ីណុក ​ឫស្សី និង​វត្ថុ​ដែល​ផលិត​ពី​ធម្មជាតិ​ផ្សេងៗ។ ឈប់​ប្រើប្រាស់​ថង់​ប្លាស្ទិច​រាល់​ពេល​ដែល​ទិញ​ទំនិញ ដោយ​ងាក​មក​ប្រើថង់​ដែល​ផលិត​ចេញពី​​ធម្មជាតិ ឬ​ថង់​ក្រណាត់ ឬក៏​លោក​អ្នក​អាច​ដាក់​ទំនិញ​ទាំងនោះនៅក្នុង​កាតាប​របស់​អ្នក​ផងដែរ។ រាល់​ពេល​ដែលលោក​អ្នក​ត្រូវ​ការ​ខ្ចប់​អាហារទៅ​ទីឆ្ងាយ​ម្តងៗ​ អ្នក​គួរ​តែ​ដាក់​ប្រអប់​បាយ និងស្លាបព្រាតាម​ខ្លួន ឬលោក​អ្នក​អាច​ប្រើ​ប្រអប់​ដែលធ្វើ​ពី​រុក្ខជាតិ​ដែល​វា​អាច​រលាយ​បាន​លឿន។ បង្ហាញ​ការប្តេជ្ញារបស់​អ្នកក្នុងការកាត់​បន្ថយ​ការ​​ប្រើប្រាស់​​ប្លាស្ទិចទៅក្នុង​បណ្តាញ​សង្គម ហើយ​ជំរុញ​ឱ្យ​មិត្តភក្តិ និងក្រុម​គ្រួសារ​​របស់​អ្នកចាប់ផ្តើម​​អនុវត្ត​ទម្លាប់​ងាយៗ​ទាំងនេះ»។

វីដេអូ​មួយនេះរបស់រដ្ឋា ​ត្រូវ​បាន​បង្ហោះនៅលើ​ទំព័រ​ហ្វេសប៊ុក​មាតាធម្មជាតិ (Mother Nature Cambodia) កាល​ពី​ខែមករា ឆ្នាំ២០២០។ គិត​មក​ដល់ពេល​នេះ វីដេអូនេះមាន​អ្នក​ចូល​ទស្សនាជាង ១លានដងហើយ ក្នុងនោះ​មាន​អ្នក​បញ្ចេញ​យោបល់ និង​ស្រឡាញ់ចូល​ចិត្ត​រាប់ម៉ឺន​ដង។

Sun_Ratha_Environment_Activist_01.jpg
កញ្ញា ស៊ុន រដ្ឋា នៅក្នុងសកម្មភាពផ្សព្វផ្សាយអប់រំពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិចកាលពីខែមករា ឆ្នាំ២០២០។

កញ្ញា ស៊ុន រដ្ឋា បាន​ចូល​​ប្រឡូក​ក្នុង​ការងារ​​បរិស្ថាន​អំឡុង​ពេល​នាង​រៀន​នៅ​ថ្នាក់​ឧត្តម​សិក្សា។ ​ក្នុងឆ្នាំ២០១៧ នាង​បាន​ស្ម័គ្រចិត្ត​ជាអ្នក​ចូលរួម​រៀប​ចំ​បុណ្យ​កោងកាង​នៅ​ខេត្ត​កោះកុង ដើម្បី​ផ្សព្វផ្សាយ​ពីសក្តានុពល​ព្រៃកោងកាង បញ្ហា​ប្រឈម ព្រម​ទាំង​ផល​ប៉ះពាល់​ដោយ​ការ​បូម​ខ្សាច់។ គឺ​ចាប់​ពីពេល​នោះហើយ ដែល​នាង​បាន​ស្វែងយល់​ច្បាស់​អំពីបញ្ហា​បរិស្ថាន និង​សង្គម ហើយ​បន្ត​សកម្មភាព​ជាច្រើន​ទៀត​ទាក់ទង​នឹង​រឿង​បរិស្ថាន ទេសចរណ៍ និង​សិទ្ធិមនុស្ស។

អនុប្រធាន​គណៈកម្មការ​ជន​ជាតិ​ដើម​ភាគតិចជងតំបន់​អារ៉ែងលោក ហ៊ឹង ពៅ ឱ្យដឹងថា ពលរដ្ឋ​ជាច្រើន​ក្នុងសហគមន៍​របស់លោក មិន​ថាចាស់ ឬក្មេងនោះទេ ពួក​គាត់ចូលចិត្ត​កញ្ញា ស៊ុន រដ្ឋា ណាស់ ព្រោះនាង​រាប់​អានពួក​គាត់​ដោយ​ស្មោះ។ ម្យ៉ាងវិញទៀត សកម្មភាព​របស់នាង​បាន​ផ្តល់ប្រយោជន៍​ជាច្រើន​ដល់​សហគមន៍។ លោក​បញ្ជាក់ថា អ្នក​ភូមិ​ទទួល​បាន​ចំណូល​បន្ថែម​ពីគម្រោង​អេកូទេសចរណ៍ ដែល​កញ្ញា ស៊ុន រដ្ឋា បាន​នាំភ្ញៀវ​ និង​យុវជន មក​ដើរកម្សាន្តនៅ​តំបន់​អារ៉ែង។ លោកបញ្ជាក់ថា សកម្មជន​បរិស្ថាន​រូបនេះ​ថែ​ម​ទាំងមាន​បំណងជួយ​ឱ្យ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ជង​តំបន់​អារ៉ែង ក្លាយ​ជា​សហគមន៍​អេកូ​ទេសចរណ៍​ដ៏​រឹងមាំមួយ​ថែមទៀតផង៖ «ចុះមក​ដល់​សហគមន៍​យើង​ខ្ញុំ​ហ្នឹង គាត់​ក៏​បាន​ជួយ​បង្រៀន​ទាក់ទង​នឹង​ទទួល​ភ្ញៀវ​ទេសចរ បង្រៀន​ទាក់ទង​រឿង​ធ្វើ​ម្ហូប ហើយ​យើង​ទទួល​ភ្ញៀវ​ហ្នឹង​បែប​ម៉េច ធ្វើ​ម៉េច​ឱ្យ​គេ​ពេញចិត្ត ហើយ​យើង​គួរ​តែ​បង្ហាញ​សក្តានុពល​នៅក្នុង​តំបន់​របស់​យើង​ហ្នឹង​របៀប​ណា។ ហើយ​មួយទៀត គាត់​ចង់​ឱ្យ​យើង​ធ្វើ​វត្ថុអនុស្សាវរីយ៍សម្រាប់​លក់​ឱ្យ​ភ្ញៀវ។ មួយទៀត គាត់​ឱ្យ​យើង​ព្យាយាម​ផ្សះផ្សារ​ជាមួយ​អាជ្ញាធរ ដើម្បី​យើង​បង្កើត​សហគមន៍​បាន​ដំណើរ​ការ​ទៅ​មុខ»

លោក ហ៊ឹង ពៅ ឱ្យដឹងទៀតថា ពលរដ្ឋ​ក្នុង​សហគមន៍​របស់​លោកសោកស្តាយ​ជាខ្លាំង​ នៅពេល​ដឹងថា អាជ្ញាធរ​ចាប់​ខ្លួន​កញ្ញា ស៊ុន រដ្ឋា។ លោក​បន្តថា គ្មាន​អ្នក​ណា​​ម្នាក់​ជឿថា រដ្ឋា​​បាន​ប្រព្រឹត្តអំពើ​ខុស​ច្បាប់ដូច​ការ​ចោទ​ប្រកាន់​​នោះឡើយ ផ្ទុយ​ទៅវិញអ្វីដែលនាងធ្វើ​កន្លងមក​ គឺ​ដើម្បី​ជួយ​ការពារបរិស្ថាន និង​លើកកម្ពស់​ជីវភាព​សហគមន៍តែ​ប៉ុណ្ណោះ៖ «យើង​អត់​ចង់​ឱ្យ​មានការ​ចោទ​ប្រកាន់អ៊ីចឹងទេ ព្រោះ​គាត់​ជាមនុស្ស​ក្មេង អត់​មាន​គំនិត​អ្វី​អាក្រក់​សោះ។ បើ​យើង​តាម​សង្កេតមើលតាំង​ពី​​គាត់​ចុះ​មក​អារ៉ែង ៤-៥ដងហ្នឹង​មក គាត់​អត់​មាន​និយាយ​ពី​រឿង​អាជ្ញាធរ​អាក្រក់អ្វីនោះ ដូច​អត់​មាន​ទេ។ គាត់​និយាយតែ​ពីរឿង​បរិស្ថាន និយាយ​ពី​រឿង​ឱ្យ​យើង​រៀបចំ​សមាជិក​ហ្នឹងឱ្យចេះ​ទទួល​ភ្ញៀវ ឱ្យ​ចេះ​បង្កើត រក្សា​វប្បធម៌​ប្រពៃណី​ពីមុន​មក​តែប៉ុណ្ណឹង»។

Environmental_activist_arrested_20_06_2021.jpg
យុវតី ស៊ុន រដ្ឋា ស្ថិតនៅក្នុងរថយន្តជាមួយសកម្មជនបរិស្ថានផ្សេងទៀតដែលត្រូវបានតុលាការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ជាតិ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។

​តុលាការរបបលោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​កញ្ញា ស៊ុន រដ្ឋា ចំនួន​ពីរបទល្មើស រួមមាន «បទប្រមាថព្រះមហាក្សត្រ» និង​ «បទ​រួម​គំនិតក្បត់» ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០ឆ្នាំ។ រីឯសកម្មជនបរិស្ថាន​ម្នាក់​ទៀត គឺលោក យីម លាងហ៊ី ក៏ត្រូវ​បាន​ចោទប្រកាន់ចំនួន​ពីរបទល្មើស​​​ដូច​គ្នានេះដែរ ខណៈ​យុវជន​​ លី ចាន់ដារ៉ាវុធ រង​ការ​ចោទ​ប្រកាន់​មួយ​បទល្មើស គឺបទ «រួម​គំនិតក្បត់»

អតីត​សកម្មជន​បរិស្ថាន​លោក​ស្រី លីម គីមស័រ ចាត់​ទុក​ករណី​ចាប់ខ្លួនកញ្ញា ស៊ុន រដ្ឋា និង​​សកម្មជន​ពីរ​នាក់​ទៀត​នោះ គឺជាការបំបិទមាត់​យុវជន​មិន​ឱ្យ​ឈឺ​ឆ្អាល​​ក្នុង​បញ្ហា​បរិស្ថាន។ លោក​ស្រី​បន្ត​ថា ការងារ​ដែល កញ្ញា ស៊ុន រដ្ឋា បាន​ធ្វើកន្លងទៅនោះ មាន​តម្លៃសម្រាប់​សង្គម ពីព្រោះ​បាន​បណ្តុះ​ទឹក​ចិត្ត​​យុវជន​ដទៃទៀតឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន និង​លើក​ស្ទួយ​ជីវភាព​សហគមន៍​មូលដ្ឋាន​ជាដើម៖ «ពេល​ដែល​យុវជន​ម្នាក់​ដែល​គាត់​មាន​សក្តានុពល ជាមនុស្ស​ម្នាក់​ដែល​មាន​គំនិត​ច្រើន គាត់​ត្រូវ​បាន​ចាប់​ខ្លួន វា​អាច​បំបាក់ស្មារតី​ទៅដល់​យុវជន​ផ្សេងៗ​ទៀត។ គាត់​គិតថា ខំប្រឹង​ធ្វើចង់ស្លាប់​​ទៅហើយ តែ​ទទួល​​លទ្ធផលមក​វិញ​​បានត្រឹម​តែ​​ជាប់​គុក ហើយ​និង​ចោទ​ប្រកាន់។ អ៊ីចឹង​វា​បាត់​បង់​មនុស្ស​ដែល​គាត់​ធ្វើ​ការងារ​បែបហ្នឹង»។​

អាជ្ញាធរ​ និង​ប្រព័ន្ធឃោសនា​របបលោក ហ៊ុន សែន បាន​ព្យាយាមនិយាយ​​​ដាក់បន្ទុក​លើកញ្ញា ស៊ុន រដ្ឋា និង​សកម្មជន​ពីរនាក់​ទៀតថា ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់ ដើម្បី​បង្កឱ្យ​មាន​ភាពវឹកវរ​នៅក្នុង​ប្រទេស​ ឈាន​ទៅផ្តួល​រំលំ​រដ្ឋាភិបាល​។

ទោះជា​យ៉ាងណា ការលើកឡើង​បែប​នេះ មិនបាន​ធ្វើឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​ជឿជាក់​ឡើយ ​ព្រោះ​មនុស្ស​ទូទៅ​យល់ច្បាស់​ថា ការងារ​ការពារបរិស្ថានមិន​មែនជា​បទល្មើស​នោះ​ទេ ប៉ុន្តែ​វាជា​សកម្មភាពដែល​គួរទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ទៅ​វិញជាការ​ឆ្លើយតប​នឹង​ទង្វើរំលោភ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា សហគមន៍​ជាតិ​ និង​អន្តរជាតិ​បាន​នាំគ្នា​ថ្កោលទោស​ការចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ទាំងនេះ និង​កំពុងធ្វើយុទ្ធនាការ​ទាមទារ​ឱ្យអាជ្ញាធរ​ដោះលែង​ពួកគេ​ឱ្យមាន​សេរីភាព​វិញ

Environmental_activist_Six_arrested_21_06_2021_02.jpg
យុវតី ស៊ុន រដ្ឋា ស្ថិតនៅក្នុងរថយន្តជាមួយសកម្មជនបរិស្ថាន ៦ នាក់ដែលត្រូវបានអាជ្ញាធរកម្ពុជាចចាប់ឃុំខ្លួន រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញ ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុធ និងលោក យឹម លាងហ៊ី។

ចំពោះ​ក្រុម​គ្រួសារ​របស់​សកម្មជន​បរិស្ថាន​ទាំងបីនាក់​វិញ ពួក​គាត់​ក៏មិនបាន​​ស្តីបន្ទោស​ឱ្យយុវជន​ទាំងនោះដែរ តែផ្ទុយទៅវិញមាន​តែ​លើក​ទឹក​ចិត្ត​ឱ្យ​ពួក​គេបន្តការ​តស៊ូ​ទៅមុខ​ទៀត​ក្នុងបុព្វហេតុ​ការពារ​បរិស្ថាន។

ម្តាយ​របស់​កញ្ញា ស៊ុន រដ្ឋា លោក​ស្រី ដួង រី​ មាន​ប្រសាសន៍​ថា លោកស្រី​រំភើប​ចិត្ត​នៅពេល​ឃើញ​សាធារណជនទាំង​ជាតិ និង​អន្តរជាតិ ផ្តល់​តម្លៃ​ដល់​សកម្មភាពការងារ​របស់​រដ្ឋា និង​ជឿជាក់​លើ​ភាព​ស្អាត​ស្អំ​របស់​នាង។ លោក​ស្រីស្នើយ៉ាង​ទទូច​ដល់​អាជ្ញាធរឱ្យ​​ដោះលែង​កូន​លោក​ស្រីវិញ ដើម្បី​រូបគេ​អាច​បន្ត​​ការងារ​ស្រប​តាម​បំណង​របស់​ខ្លួន៖ «ខ្ញុំ​មើល​តាម​ហ្វេសប៊ុក​ទៅឃើញគេ​គាំទ្រកូន​ខ្ញុំ​ច្រើន អ៊ីចឹង​ខ្ញុំ​មាន​ចិត្ត​ថារំភើប​ ព្រោះ​កូន​ខ្ញុំ​វាមិន​​ដែលធ្វើ​​ពាក្យថា​​ក្បត់​ផង អត់​មាន​សោះ។ ​ដូច​ថានៅ​តាម​ស្រុក​ភូមិកំណើតក៏អ៊ីចឹងដែរ មាន​តែ​គេ​រាប់​អាន គេ​ស្រឡាញ់អ៊ីចឹង»

កញ្ញា​ ស៊ុន រដ្ឋា មាន​ក្តីបំណង​ធំៗមួយ​ចំនួន​នៅក្នុង​ជីវិត​ជាអ្នក​ការពារ​បរិស្ថាន។ នាង​​ចង់​ឱ្យ​សង្គម​ខ្មែរ​គិតគូរ យក​ចិត្ត​ទុក​ដាក់ និង​ផ្តល់​តម្លៃ​ដល់​បរិស្ថាន។ ជាមួយគ្នានេះ នាង​ចង់ជួយ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​សហគមន៍​មូលដ្ឋាន​តាម​រយៈសេវាកម្មអេកូទេសចរណ៍ ដោយ​ចៀសវាង​ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ។ ជាពិសេស​នាង​ចង់​ឃើញ​ប្រជាពលរដ្ឋខ្មែរ​គ្រប់រូប​រស់​នៅ​ដោយ​សេចក្តីថ្លៃថ្នូរ មាន​ការគោរព​សិទ្ធិមនុស្ស និង​ទទួល​បាន​យុត្តិធម៌​ស្មើៗគ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល