សាធារណជន​​សាទរ​​ការ​​បញ្ឈប់​​ការ​​ឈូស​ឆាយ​​ព្រៃ​​នៅ​តំបន់​​ភ្នំ​តាម៉ៅ

ដោយ ជី វិតា
2022.08.07
Share on WhatsApp
Share on WhatsApp
សាធារណជន​​សាទរ​​ការ​​បញ្ឈប់​​ការ​​ឈូស​ឆាយ​​ព្រៃ​​នៅ​តំបន់​​ភ្នំ​តាម៉ៅ រូបភាពនៃ​សកម្មភាព​ឈូស​ឆាយ​ព្រៃ​នៅភ្នំតាម៉ៅ នៅ​មុន​ពេល​លោក​ ហ៊ុន សែន ចេញ​បញ្ជា​ឱ្យបញ្ឈប់​សកម្មភាព​ឈូសឆាយ​ព្រៃ សម្រាប់​គម្រោង​អភិវឌ្ឍន៍ កាល​ពី​ថ្ងៃ​ទី៧ ខែ​សីហា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្តល់ឱ្យ

សាធារណជន​សម្ដែង​ក្ដី​រីករាយ ដែល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃទី៧ ខែសីហា​នេះ បាន​ចេញ​បញ្ជា​ឱ្យ​រក្សា​ទុក​ដី​ព្រៃ​តំបន់​ភ្នំតាម៉ៅ ដោយ​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​ឈូសឆាយ​ និង​ដាំដើម​ឈើ​នៅ​តំបន់​នោះ​ឡើង​វិញបញ្ជា​របស់​លោកនាយករដ្ឋមន្ត្រី ឱ្យ​បញ្ឈប់​រាល់ការ​ឈូសឆាយ បំផ្លាញ​ព្រៃ​អភិរក្ស​ការពារ​ដោយ​ព្រះរាជក្រិត្យ​នៅ​តំបន់ភ្នំ​តាម៉ៅ​នេះ ធ្វើឡើង​ក្រោយ​ពេល​សាធារណជន​ទូទៅ រួមមាន អង្គការ​សង្គមស៊ីវិល និងយុវជន​ស្រឡាញ់​បរិស្ថាន​ផង បាន​ធ្វើ​យុទ្ធនាការ និង​បញ្ចេញមតិ​យ៉ាងផុលផុស ​ប្រឆាំង​នឹងការ​បំផ្លាញ​ធនធាន​ធម្មជាតិដ៏​មាន​តម្លៃ​នៅទី​នោះ។

ពលរដ្ឋរស់នៅ​ភូមិកណ្ដឹង ឃុំកណ្ដឹង ក្បែរព្រៃ​តំបន់​ភ្នំតាម៉ៅ លោកស្រី ភួង សុធី ប្រាប់​វិទ្យុអាស៊ីសេរី​ថា ប្រជាជន​បាន​នាំគ្នា​ថែ​រក្សា​ព្រៃ​តំបន់​ភ្នំតាម៉ៅ​ជាង ​២០​ឆ្នាំ​មក​ហើយ ពោលគឺ​តាំងពី​ព្រៃមាន​កម្ពស់​ត្រឹមក្បាល​ជង្គង់ ហើយនៅពេល​គេឈូសឆាយ គេចំណាយពេល​ត្រឹមតែ​ ១​សប្ដាហ៍បានបំផ្លាញ​ព្រៃឈើ​អស់រាប់​រយ​ហិកតារ។ យ៉ាងណាក៏ដោយ ទោះបីជាព្រៃ​ត្រូវបាន​ឈូសឆាយ​កម្ទេច​បែបនេះ​ហើយ​ក្ដី ក៏​លោកស្រី​ថា លោកស្រី​សប្បាយ​ចិត្តពេលបាន​ដំណឹង​ថា រដ្ឋាភិបាល​បញ្ឈប់​ការឈូស​ឆាយ​ហើយ​គ្រោង​នឹង​ឱ្យ​ដាំឈើឡើង​វិញ៖ «ពេល​ខ្ញុំ​ដឹង​ក្ដី​មក​ ដើម​ឈើ​នៅ​តូចៗ ​ទេ។​ ឥឡូវ​ថែ​រក្សា​វា​បាន​ដើម​ឈើ​ធំៗ ​អស់​ហើយ​ហ្នឹង​ ឥឡូវ​បាន​ថា ​គាត់​អត់​នេះ​អ៊ីចឹង ​វា​អរ​ អរ​ឡើង​ថា ​ចង់​ស្រក់​ទឹក​ភ្នែក​​»

មុនពេល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជា​ឱ្យបញ្ឈប់​ការ​ឈូសឆាយ​ដីព្រៃតំបន់​ភ្នំតាម៉ៅ​នៅ​ព្រឺកថ្ងៃទី៧ ខែសីហានេះ ក្រុមយុវជន​ខ្មែរថាវរៈ និង​ក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ បាន​ចេញ​ធ្វើការ​តស៊ូមតិ​ពីរកន្លែង​ផ្សេង​គ្នា។ អ្នកនាង ឈឿន ដារ៉ាវី ប្រាប់​វិទ្យុអាស៊ីសេរីថា ក្រុមយុវជន​ខ្មែរថាវរៈ ៩​នាក់​ ក្នុងនោះ​មាន​ស្រី ៣នាក់ បានទៅលត់​ជង្គង់​សំពះនៅ​មុខ​គ្រឿងចក្រ​ឱ្យបញ្ឈប់​ការ​ឈូសឆាយ​ព្រៃតំបន់​ភ្នំតាម៉ៅ តែគ្រឿងចក្រនៅ​តែ​បន្តឈូសឆាយ ហើយ​បន្ទាប់ពី​ដឹង​ថា លោក​នាយករដ្ឋមន្ត្រី​បញ្ជា​ឱ្យបញ្ឈប់​ការឈូសឆាយ ទើបអ្នក​បញ្ជា​គ្រឿងចក្រ​ទាំងនោះ​ឈប់​សកម្មភាពអ្នកនាង​ ឈឿន ដារាវី បន្ថែមថា នេះគឺជា​គំរូភាព​ជោគជ័យ​បានមកពី​ការចូលរួម​បញ្ចេញ​មតិរបស់​មហាជន ហើយ​សំណូមពរ​ដល់​សាធារណជន​ឱ្យ​បន្តភាព​ក្លាហាន​បញ្ចេញមតិ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ ​ទៀត ​ដែល​កំពុង​កើត​មាន​ក្នុង​សង្គម​កម្ពុជា៖«អារម្មណ៍​ម្នាក់ៗ ​ពេល​ហ្នឹង ​អរ ​គឺ​ហោះ​សម្បើម​ហៃ​ ដល់​ថ្នាក់​លោត​កញ្ឆេង​​ពេញ​ហ្នឹង​​ភ្លាមៗ​ គឺ​រំ​ភើប​ណាស់​ ហើយ​ជា​មួយ​ពលរដ្ឋ​ ដែល​យើង​បាន​ជួប​តាម​ផ្លូវ​ ក៏​បាន​ប្រាប់​ថា ​ឥឡូវ​គេ​នឹង​ឈប់​ឈូស​ហើយ​ គឺ​ម្នាក់ៗ ​សប្បាយ ​ហើយ​មាន​សង្ឃឹម​ឡើង​វិញ​ភ្លាម​ទៅ​ណា!​ អ៊ីចឹង​ អ្វី​ដែល​ពួក​យើង​ធ្វើ​ គឺ​ជោគ​ជ័យ​»។​

ចំណែកសកម្មជន​បរិស្ថាន ចលនា​មាតាធម្មជាតិ បាន​ធ្វើយុទ្ធនាការ​សង្គ្រោះ​ភ្នំតាម៉ៅ ដោយ​ជិះស៊ីក្លូ​ពីក្រុង​ភ្នំពេញ ទៅសួន​សត្វភ្នំតាម៉ៅយុទ្ធនាការ​នេះ មាន​យុវជន​ចូលរួម​ជាង​ ១០នាក់ ហើយ​ពួកគេ​បាន​ប្រើ​ពាក្យ​ស្លោក​ថា អភិរក្ស​តំបន់​ភ្នំតាម៉ៅ ឱ្យ​ដូច​អភិរក្ស​ស៊ីក្លូ

អ្នកគ្រប់គ្រង​គម្រោង​សង្គ្រោះ និង​ថែរក្សាសត្វព្រៃ​នៃ​អង្គការ​សម្ព័ន្ធសត្វព្រៃ លោក និច ម៉ាក់​ (Nick Marx) ប្រាប់​វិទ្យុអាស៊ីសេរី​ថា លោករីករាយ​ដែល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​រក្សា​ព្រៃតំបន់​ភ្នំតាម៉ៅ ហើយ​អរគុណ​ដល់​សាធារណជន ​ដែល​បាន​ជួយ​បញ្ចេញ​មតិ និង​ធ្វើយុទ្ធនាការ​សង្គ្រោះ​ព្រៃភ្នំតាម៉ៅ​នៅ​លើ​ហ្វេសប៊ុក (Facebook) រហូត​មក​ដល់​ពេល​នេះ។ ជាមួយគ្នានេះ លោក​បន្ថែម​ថា អង្គការ​សម្ព័ន្ធ​សត្វព្រៃ កំពុង​ត្រៀម​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ ឡេង ណាវ៉ាត្រា ដើម្បី​ដាំដើម​ឈើ​ឡើងវិញ​ នៅកន្លែង​ដែល​បាន​ឈូសឆាយ ហើយ​លោក​ក៏​ស្វាគមន៍​អង្គការ​នានា​ សហការ​ជាមួយ​អង្គការ​លោក ​ដើម្បី​ដាំឈើ​ដែរ៖ «ខ្ញុំ​យំ​ សប្បាយ​ឡើង​យំ​ ខ្ញុំ​អរគុណ​ប្រជាជន​ទាំងអស់​ ជួយ​អើ​ជួយ​ចង់​ការពារ​ព្រៃ។​ ខ្ញុំ​អរគុណ​អ្នក​កាសែត​ និង​មួយ​ទៀត ​ខ្ញុំ​អរគុណ​ ឡេង​ ណាវ៉ាត្រា​ និង​សម្ដេច​ ហ៊ុន​ សែន​»

ហ្វេសប៊ុកផេក លោកនាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន នៅថ្ងៃទី៧ ខែសីហា បានបង្ហោះ​សារ​ថា ដោយ​មាន​សំណូមពរ​ជាច្រើន​មក​រដ្ឋាភិបាល និង​ក្នុងនាម​លោកជាអ្នក​មានទំនួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៃ​រាជ​រដ្ឋាភិបាល លោកចេញ​បញ្ជា​ឱ្យ​រក្សាព្រៃក្បែ​សួនសត្វភ្នំតាម៉ៅ និង​បញ្ឈប់ការ​ឈូសឆាយ​ដី​ព្រៃ ហើយ​ដាំព្រៃឈើ​ឡើងវិញ ​នៅ​កន្លែង​ដែល​បាន​ឈូសឆាយ។ ភ្លាមៗ ​បន្ទាប់ពី​លោកនាយករដ្ឋមន្ត្រី​បាន​បង្ហោះ​បញ្ជា​នេះ ពលរដ្ឋបាន​បញ្ចេញ​សារសាទរ និង​អរគុណដល់​លោក ហ៊ុន សែន។ ជាមួយគ្នានេះ ពលរដ្ឋក៏បាន​សំណូមពរ​ដល់​រដ្ឋាភិបាល​បញ្ឈប់​ក្រុមហ៊ុន​ផ្សេងៗ ​ដែល​កំពុង​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ផ្សេង​ទៀត​ដែរ។ ក្នុងនោះម្ចាស់​គណនីហ្វេសបុក លោក ហេង គីមហុង បានខំមិន (comment) ​ថា «ខ្ញុំសូម​អរគុណណាស់​សម្តេច តែខ្ញុំសូម​ឱ្យ​សម្តេច​ពិនិត្យ​មើល​នៅ​ព្រៃមេត្តា​ធម្មជាតិ​មួយ​ទៀត នៅ​ខេត្តកំពង់ស្ពឺ នៅ​ក្នុង​ស្រុក​ឱរ៉ាល់»

ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានចាប់​ផ្ដើម​ឈូសឆាយ​ដីព្រៃតំបន់​ភ្នំតាម៉ៅ កាលពីថ្ងៃទី១ ខែសីហា ហើយ​ក្រុមហ៊ុន​បាន​សម្រុក​ឈូសឆាយ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​គិត​មក​ដល់​ថ្ងៃនេះ ក្រុមហ៊ុន​បាន​ឈូសឆាយ​ដី​ព្រៃ​អស់​ជិត ៤០០ហិកតារ។ សាធារណៈជន​បាន​ថ្កោលទោស ចំពោះការ​ផ្ដល់​សិទ្ធិដល់​ក្រុម​ហ៊ុន​ឯកជន​វិនិយោគ​ឈូសឆាយ​ដី​ព្រៃតំបន់​ភ្នំតាម៉ៅ ដែល​មាន​ទំហំ​ជាង ​២​ពាន់​ហិកតា ព្រោះព្រៃ​នៅតំបន់​នេះជា​ជម្រក​សត្វព្រៃ និង​បក្សី​ជិតផុតពូជ ហើយ​វាក៏ផ្ដល់​អនុផល​ព្រៃឈើ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្បែរ​នោះ​ដែរ។ ជាពិសេស ព្រៃតំបន់​ភ្នំតាម៉ៅ​ជាព្រៃអភិរក្ស​ការពារ​ដោយ​ព្រះរាជក្រឹត្យ​ទៀត​ផង។​

អង្គការសង្គមស៊ីវិល​កន្លងមក តែងតែរិះគន់​រដ្ឋាភិបាល​ថា មិនបាន​សិក្សា​ស្រាវជ្រាវ​ឱ្យបាន​ត្រឹមត្រូវ​មុន​ផ្ដល់​ដី​សម្បទាន​ដល់​ក្រុមហ៊ុន​វិនិយោគ​នោះ​ទេ ហើយ​ប្រការ​នេះតែងតែ​នាំ​ឱ្យ​អ្នក​បរិស្ថាន និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​កន្លែង​អភិវឌ្ឍ​ត្រូវ​រង​គ្រោះ។ ជាមួយគ្នានេះ ការផ្ដល់​ដីព្រៃតំបន់​ឧទ្យាន​សួន​សត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃភ្នំតាម៉ៅ ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈរបស់រដ្ឋ ក៏មិន​បាន​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់​ផងដែរ ព្រោះកន្លងមក ក្រុមហ៊ុន​បានចូល​ឈូសឆាយ​ដី​ព្រៃ​តំបន់​ភ្នំតាម៉ៅ ដោយសំអាង​លើ​អនុក្រឹត្យ​អន្ដរកាល​ចេញ​ពី​ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន តែ​ប៉ុណ្ណោះ។ តាមច្បាប់ភូមិបាល រដ្ឋសភា​ត្រូវ​បង្កើត​ឱ្យ​មាន​ច្បាប់​អនុបយោគ​ជាមុន​សិន ហើយ​ប្រើច្បាប់​អនុបយោគ​នេះ ដើម្បី​ផ្ទេរទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ទៅជា​ទ្រព្យសម្បត្តិឯកជន​របស់​រដ្ឋ មុន​នឹង​ផ្ដល់​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ។ អ្នកច្បាប់ថា ការ​ប្រើប្រាស់​អនុក្រឹត្យ​អន្តរកាល​ជំនួស​ឱ្យ​ច្បាប់​អនុបយោគ ដែល​រដ្ឋសភា​ខកខាន​មិនបាន​អនុម័ត​រាប់​សិប​ឆ្នាំ​កន្លង​មក​នេះគឺមិន​ត្រឹមត្រូវ​តាម​ច្បាប់​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។