ពិធី​បំបួស​ដើម​ឈើ​របស់​​ព្រះសង្ឃ និង​យុវជន​ចលនា​មាតា​ធម្មជាតិ​បាន​បញ្ចប់​ទោះ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ រារាំង​

0:00 / 0:00

ព្រះសង្ឃ និង​យុវជន​ចលនា​មាតា​ធម្មជាតិ​ធ្វើ​ពិធី​បំបួស​ដើម​ឈើ​ធំៗ ដែល​សល់​តាំង​ពី​សម័យ​សង្គម​រាស្ត្រនិយម របស់​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ក្នុង​ក្រុង​ព្រះសីហនុ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​នេះ​រារាំង​នៅ​ព្រឹក​ថ្ងៃ​ទី១៥ ធ្នូ។​ប៉ុន្តែ​ទោះ​ជា​មាន​ការ​រារាំង​បែប​ក្តី​ក៏​ក្រុម​យុវជន​ទាំងនេះ នៅ​តែ​ព្យាយាម​បំបួស​រហូត​បាន​ជោគជ័យ។

ក្រុមយុវជនចំនួន១៣នាក់និងព្រះសង្ឃពីរអង្គផងនោះ បាន​ធ្វើ​ពិធី​បំបួស​ដើម​ឈើ​នៅ​ខេត្ត​ព្រះសីហនុ​បាន​សម្រេច​ដូច​ការ​គ្រោង​ទុក។ យុវជន​នៃ​អង្គការ​មាតា​ធម្មជាតិ​បាន​ស្លៀក​ពាក់​ស និង​នាំ​គ្នា​យក​ស្បង់​ជីវរ ទៅ​រុំ​ជុំវិញ​ដើម​ឈើ ដែល​ត្រូវ​បំបួស ហើយ​ថែម​ទាំង​សរសេរ​អក្សរ​នៅ​លើ​នោះ​ថា "ដើម​ឈើ​ជាតិ"។ ម៉្យាង​វិញ​ទៀត​ដោយ​សារ​ដើម​ឈើ​ទាំង​នោះ​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​សម្ដេច ព្រះ នរោត្តម សីហនុ មក ពួក​គេ​បាន​បិទ​រូប​ថត​សម្ដេច​តា និង​សរសេរ​ថា (ដើម​ឈើ​ជាតិ) "បើ​អ្នក​ការពារ​ខ្ញុំ ខ្ញុំ​នឹង​ថែ​រក្សា​អ្នក"។

ប៉ុន្តែ​ក្នុង​ពេល​កំពុង​ធ្វើ​ពិធី​នោះ​ស្រាប់​តែ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ ដឹក​នាំ​ដោយ​អ្នក​នាំ​ពាក្យ​ខេត្ត​ព្រះ សីហនុ លោក ឃាង ភារម្យ បាន​ចេញ​មក​រារាំង​ដោយ​ចោទ​ប្រកាន់​ថា ព្រះសង្ឃ និង​យុវជន​ចលនា​មាតា​ធម្មជាតិ​មិន​បាន​សុំ​ការ​អនុញ្ញាត ឬ​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ​មក​សាលាខេត្ត និង​ចោទ​ប្រកាន់​ថា សកម្មភាព​របស់​ក្រុម​យុវជន​ទាំង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ទៅ​វិញ។

ចំពោះ​ក្រុម​យុវជន និង​ព្រះសង្ឃ​វិញ លើក​ហេតុផល​ឡើង​ថា ផ្អែក​តាម​ច្បាប់​ការ​ជួប​ជុំ និង​ប្រមូល​ផ្តុំ​ដើម្បី​ធ្វើ​ពិធី​សាសនា​បែប​នេះ គឺ​មិន​ចាំបាច់​តម្រូវ​ឲ្យ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ទេ។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ មាន​ប្រសាសន៍​ថា ការ​ស្រលាញ់ ធនធាន​ធម្មជាតិ​មិន​មែន​តែ​ក្រុម​យុវជន​ប៉ុន្មាន​នាក់​នេះ​ទេ ហើយ​លោក​បាន​ចោទ​ប្រកាន់​ថា រឿង​នេះ​តូច​ទេ ប៉ុន្តែ​ក្រុម​យុវជន​ប្រឹង​ពង្រីក​ឲ្យ​ធំ។ លោក​អះអាង​ថា ចំពោះ​ផែនការ ពង្រីក​ផ្លូវ​អាជ្ញាធរ ព្យាយាម រិះរក​មធ្យោបាយ​បង្វែរ ឬ​ពង្វាង​គេច​ចេញ​ពី​ដើម​ឈើ ចំណែក​ដើម​ឈើ​ប៉ុន្មាន​ដើម​នៅ​លើ​ផ្លូវ​ឯករាជ្យ ដែល​យុវជន​ទៅ​បំបួស​អាជ្ញាធរ​គ្មាន​គម្រោង​កាប់​ចេញ​ទេ៖ «រឿង​នេះ​អត់​ធំ​ទេ ប៉ុន្តែ​សកម្មជន​ទាំង​អស់​នោះ​គាត់​ព្យាយាម​បំប៉ោង​ឲ្យ​កាន់​តែ​ធំ​គាត់​គិត​ថា ការ​ស្រឡាញ់​ធម្មជាតិ​ហ្នឹង​មាន​តែ​ក្រុម​គាត់​ប៉ុន្មាន​នាក់​ទេ​បូក​ទាំង​អាស៊ី​សេរី​ដែរ អ៊ីចឹង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ហាក់​បី​ដូច​អត់​ស្រឡាញ់​ធម្មជាតិ​សោះ ខ្ញុំ​ដឹង​តែ​ថា ការ​រៀបចំ​សេណារីយ៉ូ​របៀប​ម៉េច​តែ​ខ្ញុំ​មិន​ព្យាយាម​បក​ស្រាយ​ច្រើន សរសេរ​តាម​សំដី​ខ្ញុំ​ចុះ​អត់​អី​ទេ «

យុវជន​អង្គការ​មាតា​ធម្មជាតិ លោក ថុន រដ្ឋា ឲ្យ​ដឹង​ថា តាម​គម្រោង​ត្រូវ​បំបួស​ដើម​ចំនួន ៩ដើម ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​ដើម​ឈើ​ចំនួន​ពីរ​ដើម​ត្រូវ​បាន​អាជ្ញាធរ​កាប់​ដើម្បី​ពង្រីក​ផ្លូវ​ទៅ ហើយ។​ លោក​បន្ត​ថា ដោយឡែកដើមឈើចំនួន០៦ដើម នៅ​លើ​ផ្លូវ​ឯករាជ្យ​អាជ្ញាធរ​អះអាង​ថា នឹង​មិន​កាប់​ចេញ​ទេ។ លោក ថុន រដ្ឋា ឲ្យ​ដឹង​ទៀត​ថា ព័ត៌មាន​ចុង​ក្រោយ ដែល​លោក​ទទួល​បាន គឺ​ស្បង់​ជីវរ ដែល​ក្រុម​លោក​យក​ទៅ​រុំ​ដើម​ឈើ​មាន​ជន​មិន​ស្គាល់​មុខ​បក​ចេញ​ពី​ដើម​ឈើ​វិញ។

លោក​យល់​ថា ដើម​ឈើ​ដែល​ត្រូវ​បាន​បំបួស​រួច​ហើយ នឹង​ក្លាយ​ជា​ដើម​ឈើ​របស់​មនុស្ស​គ្រប់​គ្នា ដែល​មាន​បារមី​បីបាច់​ថែ​រក្សា៖ «បើ​ទោះ​ជា​ពេល​នេះ​គេ​ដោះ​ស្បង់​ចីពរ​ចេញ​មែន​ពិត ប៉ុន្តែ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​យើង​ជឿ​ថា ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​នឹង​មើល​បញ្ហា​នេះ យើង​រំពឹង​ថា បើ​មាន​ការ​អភិវឌ្ឍ​របប​លោក ហ៊ុន សែន នឹង​ចាប់​ផ្ដើម​គិត​ពី​ការ​អភិវឌ្ឍ​ដែល​ប៉ះ​ពាល់​ដើម​ឈើ»

យុវជន​អង្គការ​មាតា​ធម្មជាតិ​បញ្ជាក់​ថា មូលហេតុ​ដែល​ជំរុញ​ឲ្យ​ពួក​គាត់​នាំ​គ្នា​ទៅ​បំបួស​ដើម​ឈើ​នេះ​គឺ ដើម្បី​ថែ​រក្សា​ដើម​ឈើ​ទាំង​នោះ​ឲ្យ​នៅ​គង់វង្ស ហើយ​ពួក​គេ​រំពឹង​ថា អាជ្ញាធរ​នឹង​ព្យាយាម​ថែ​រក្សា​ដើម​ឈើ​ទាំង​នោះ បើ​ទោះ​ជា​ការ​ពង្រីក​ផ្លូវ​ត្រូវ​ប៉ះពាល់​ដើម​ឈើ​ក្តី៕