ក្រុមហ៊ុនមួយបន្តចូលកាប់ឈើនៅតំបន់ការពារភ្នំក្រឡាពស់ ខេត្តស្ទឹងត្រែង
2024.02.24

ក្រុមហ៊ុនធី.អេស.អិម.ដាប់បែលយូ ឯ.ក (T.S.M.W. Co., Ltd.) បន្តឲ្យក្រុមកម្មកររបស់ខ្លួនចូលទៅកាប់ឈើដែលមានតម្លៃនៅក្នុងតំបន់ការពារភ្នំក្រឡាពស់ ខេត្តស្ទឹងត្រែង ហើយដឹកជញ្ជូនឈើទាំងនោះ ចូលទៅក្នុងតំបន់សម្បទានសេដ្ឋកិច្ច ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធ។ សកម្មជនព្រួយបារម្ភពីការហិនហោចព្រៃឈើនៅតំបន់ការពារទាំងនោះ ខណៈមន្ត្រីនាំពាក្យកងរាជអាវុធហត្ថអះអាងថា ប្រសិនបើមានករណីនេះកើតឡើង កម្លាំងសមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់។
ដើមឈើមូលធំរាប់រយដើម នៅក្នុងតំបន់ការពារភ្នំក្រឡាពស់ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបានក្រុមកម្មកររបស់ក្រុមហ៊ុន ធី.អេស.អិម.ដាប់បែលយូ ឯ.ក កាប់ផ្ដួលនិងដឹកជញ្ជូនយកទៅដាក់ក្នុងបរិវេណក្រុមហ៊ុនដោយសេរី។ ក្រុមហ៊ុនមួយនេះ បានឈូសឆាយផ្លូវខ្វាត់ខ្វែងនៅក្នុងតំបន់ការពារមួយនេះ អស់រយៈពេលជាងមួយឆ្នាំហើយ បន្ទាប់ពីទទួលបានដីសម្បទានសេដ្ឋកិច្ច។ សកម្មជនបរិស្ថានថា ក្រុមឧក្រិដ្ឋជនប្រើប្រាស់រូបភាពដដែល ដើម្បីកាប់បំផ្លាញព្រៃឈើនៅកម្ពុជា ដោយជ្រកក្រោមស្លាកដីសម្បទានសេដ្ឋកិច្ច រួចលួចកាប់ឈើតំបន់ការពារ ដើម្បីបំពេញតម្រូវការរបស់ខ្លួន។
សកម្មជនការពារព្រៃឈើដែលចុះស៊ើបអង្កេតរឿងនេះ លោក ម៉ែន ម៉ាត់ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ ខែកុម្ភៈថា ក្រុមហ៊ុន ធី.អេស.អិម.ដាប់បែលយូ ឯ.ក បានដំណើរការអាជីវកម្មឈើរបស់ខ្លួនជាង ១ឆ្នាំមកហើយ ក្រុមហ៊ុននេះបានបញ្ជូនកម្មករជាច្រើននាក់ចូលទៅកាប់យកឈើមានតម្លៃនៅក្នុងតំបន់ការពារភ្នំក្រឡាពស់ ដោយបានប្រើប្រាស់ត្រាក់ទ័រអូសឈើ និងរថយន្តប៉ាកុង ឬអារ៉ែវចូលទៅក្នុងបរិវេណក្រុមហ៊ុនមួយនេះ។ លោកសោកស្ដាយព្រៃឈើនៅតំបន់ការពារកាប់បំផ្លាញបែបនេះ ហើយលោកក៏ទទូចទៅរដ្ឋាភិបាលថ្មី ធ្វើយ៉ាងណាទប់ស្កាត់បទល្មើសកុំឲ្យមានការលួចកាប់ដើមឈើ នៅក្នុងតំបន់អភិរក្សបន្តទៀត។
លោក ម៉ែន ម៉ាត់៖ «អំពាវនាវដល់រដ្ឋាភិបាលឲ្យជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ពីព្រោះវាមានការកើតឡើងជារៀងរាល់ឆ្នាំ តំបន់របស់ខ្លួនគេអត់កាប់ទេ វាតែងតែមកកាប់នៅក្នុងតំបន់ការពារទៅវិញ ពីព្រោះនៅក្នុងតំបន់ការពារវាមានឈើល្អៗ ជាច្រើនសុទ្ធតែជាឈើមានតម្លៃ។ អ៊ីចឹងបានជាគេមកលួចកាប់ឈើក្នុងតំបន់ការពារហ្នឹង»។
រីឯសកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត លោកព្រួយបារម្ភព្រៃឈើនៅតំបន់ការពារ និងបន្តបាត់បង់បន្ថែមទៀតដោយសារតែគម្រោងអភិវឌ្ឍន៍ ផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន ដោយគ្មានតម្លាភាព ហើយមិនមានអ្វីចំណេញសម្រាប់សង្គមជាតិនោះទេ។
លោក លី ចាន់ដារ៉ាវុត៖ «ការខូចខាតរបស់ប្រជាជនទាំងនោះមិនដែលឃើញមានការប៉ះប៉ូវពីរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនដែរ ដូច្នេះខ្ញុំមើលឃើញថា វាជាជំនួញខាតមិនបានចំណេញទៅដល់ប្រទេសទេ ប៉ុន្តែវាចំណេញទៅលើក្រុមហ៊ុនឯកជន និងមន្ត្រីដែលពាក់ព័ន្ធនឹងជំនួញឈើនេះទៅវិញ»។
ក្រុមហ៊ុនធី.អេស.អិម.ដាប់បែលយូ របស់ប្រទេសកូរ៉ ដែលមានលោក មិក សាផាណារេត ហៅឧកញ៉ា ជ័យ ជាអ្នកគ្រប់គ្រងនិងបានបញ្ជូនកម្មកររបស់ខ្លួនឲ្យចូលទៅកាប់យកឈើមានតម្លៃនៅតំបន់ការពារភ្នំក្រឡាពស់ មានដូចជា ដើមស្រឡៅ ឈើទាល និងដើមឈ្លីចជាដើម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងតំណាងក្រុមហ៊ុន ធី.អេស.អិម.ដាប់បែលយូ ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី២៣ ខែកុម្ភៈ។
ជុំវិញរឿងនេះអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បាននិយាយការពារក្រុមហ៊ុនថា កន្លងទៅក្រុមហ៊ុន ធី.អេស.អិម.ដាប់បែលយូ កាប់ប្រមូលឈើនៅតែក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួនប៉ុណ្ណោះ។ តែទោះជាយ៉ាងណាលោកថា ប្រសិនបើមានករណីកាប់ឈើនៅក្នុងតំបន់ការពារ និងក្រៅតំបន់ដីសម្បទានសេដ្ឋកិច្ចមែន អាជ្ញាធរជំនាញនឹងមិនលើកលែងចំពោះជនប្រព្រឹត្តឡើយ។
លោក អេង ហ៊ី៖ «ឲ្យតែមានបទល្មើសគឺយើងបង្ក្រាបហើយមិនចាំបាច់អ្វីតទៅទៀតទេ ពីព្រោះយើងបានដាក់ពាក្យស្លោកមកហើយកន្លងមក គណៈកម្មាធិការជាតិបានដាក់ពាក្យស្លោកចេញឲ្យតែប្រព្រឹត្តបទល្មើសគឺបង្ក្រាប ហើយអ្វីដែលមិនធ្ងន់ធ្ងរធ្វើការអប់រំនិងសន្យា»។
កាលពីចុងឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួន បង្ក្រាបបទល្មើសធនធានធម្មជាតិ និងត្រូវអនុវត្តច្បាប់ព្រៃឈើឲ្យបានតឹងរ៉ឹងបំផុត។
ទាក់ទិននឹងបញ្ហានេះ នាយកប្រតិបត្តិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង យល់ឃើញថា រដ្ឋាភិបាលត្រូវតែចុះស៊ើបអង្កេត ស្វែងរកការពិតនិងត្រូវចាត់វិធានការឲ្យបានតឹងរ៉ឹងបំផុត ប្រសិនបើក្រុមហ៊ុនមួយនេះ បានកាប់បំផ្លាញធនធានធម្មជាតិ និងកេងប្រវ័ញ្ចទ្រព្យសម្បត្តិរបស់ជាតិ ហើយត្រូវអនុវត្តច្បាប់ដោយមិនមានការលើកលែង។
លោក ហេង គឹមហុង៖ «ក្រសួងបរិស្ថានមិនគួរព្រងើយកន្តើយ ហើយគួរតែធ្វើការស៊ើបអង្កេតជាបន្ទាន់ ហើយទប់ស្កាត់ប្រសិនបើជាក្រុមហ៊ុននេះមានជាប់ពាក់ព័ន្ធ ហើយមានភស្តុតាងគ្រប់គ្រាន់ ដើម្បីធ្វើការដាក់បន្ទុកទៅលើសកម្មភាពខុសច្បាប់ក្រុមហ៊ុននេះ ទាក់ទងក្នុងការកាប់បំផ្លាញព្រៃឈើផ្ទុយពីគោលនយោបាយរបស់ប្រទេសកម្ពុជាទាំងស្រុង ត្រូវតែមានការដាក់ទណ្ឌកម្មផ្អាកជាបណ្ដោះអាសន្ន ឬធ្វើសកម្មភាពណាមួយ ដើម្បីឲ្យក្រុមហ៊ុននេះទទួលខុសត្រូវចំពោះមុខច្បាប់»។
ក្រុមហ៊ុនកូរ៉េ ហឹរ៉ាយហ្សិន អេហ្គរីខលឈ័រ ឌេវេឡុបមេន (Horizon Agriculture Development Co., Ltd) ទទួលបានដីសម្បទានសេដ្ឋកិច្ច ទំហំជិត ១ម៉ឺន (៩.៧៨៨) ហិកតារស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ពីរដ្ឋាភិបាលលោក ហ៊ុន សែន កាលពីខែមីនា ឆ្នាំ២០២២។ ប៉ុន្តែភ្លាមៗ នោះក្រុមហ៊ុនមួយនេះក៏បានផ្ទេរដីសម្បទានទាំងនោះ ទៅឱ្យក្រុមហ៊ុន ធី.អេស.អិម.ដាប់បែលយូ រយៈពេល ៥០ឆ្នាំ ដើម្បីដាំដើមកៅស៊ូ និងដើមប្រេងខ្យល់ ដែលមានលោក សូ សារ៉ាន ជានាយកក្រុមហ៊ុន ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុនមិនបានធ្វើដំណាំអ្វីនោះទេ ក្រៅពីការកាប់ឈើក្នុងតំបន់ការពារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។