ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស និង​ថ្ម​ម៉ាប ចំនួន​២​នៅ​ក្រចេះ កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​នៅ​តំបន់​នោះ

ដោយ សុជីវី
2024.02.16
ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស និង​ថ្ម​ម៉ាប ចំនួន​២​នៅ​ក្រចេះ កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​នៅ​តំបន់​នោះ រណ្តៅថ្មម៉ាបនៅខេត្តក្រចេះ។
រូប៖ Youtube Marble KH

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អូរត្រូន ខេត្ត​ក្រចេះ អះអាង​ថា មាន​ក្រុមហ៊ុន​ចំនួន​២ កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស និង​ថ្មម៉ាប បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ ។ អ្នកភូមិ​ស្នើ​ឲ្យ​អាជ្ញាធរ​និង​ក្រុមហ៊ុន​ជួយ​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា អាជ្ញាធរ​ត្រូវតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ និង​ត្រូវ​ដោះស្រាយ​តាម​សំណើ​របស់​ពលរដ្ឋ។

ប្រជាពលរដ្ឋ​ស្ថិតនៅ​តំបន់​អូរត្រូន ភូមិ​អូរត្រូន ឃុំ​ក្បាលដំរី ស្រុក​អូរ​គ្រៀងសែនជ័យ ខេត្ត​ក្រចេះ អះអាង​ថា ក្រុមហ៊ុន​ចំនួន​២ គឺ ក្រុមហ៊ុន សឹង យន្ដ គ័ង យិក ខូអិលធីឌី (XING YUAN KANNG YEAK CO., LTD. ) ធ្វើ​អាជីវកម្ម​រ៉ែ​មាស គ្រប់គ្រង កាក​សំណល់​មិន​បាន​ត្រឹមត្រូវ​ហូរ​ទឹក​កខ្វក់​ចូល​អូរ​ធម្មជាតិ និង​ក្រុមហ៊ុន សំបូរ ម៉ូ​នី​ង ដឹកជញ្ជូន​ថ្ម​ម៉ាប​ធ្វើ​ឲ្យ​ខូចខាត​ផ្លូវ​ដី​ហ៊ុយ​ប៉ះពាល់​ដល់​សុខភាព និង​ដឹក​ថ្ម​ធ្លាក់​ពី​រថយន្ត​បង្ក​គ្រោះថ្នាក់​ដល់​អ្នកភូមិ​ជា​បន្តបន្ទាប់ ។​អ្នកភូមិ​ចង់​ឲ្យ​ក្រុមហ៊ុន​ទាំង​២ គ្រប់គ្រង​អាជីវកម្ម​របស់​ខ្លួន​កុំ​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ហើយ​អាជ្ញាធរ​ត្រូវតែ​មាន​វិធានការ​ទៅលើ​ក្រុមហ៊ុន​ណា​ដែល​បង្ក​ផល​ប៉ះពាល់​ពលរដ្ឋ។

តំណាង​សហគមន៍​ភូមិ​អូរត្រូន លោក ចន ចាន់ថុន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១៥ ខែ​កុម្ភៈ​ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្មម៉ាប កំពុង​កាយ​យក​ថ្ម​ជាង ២០​កន្លែង ហើយ​បាន​ដឹក​ជញ្ជូន​ធ្វើ​ឲ្យ​ខូចខាត​ផ្លូវ​ដី​ហ៊ុន​ប៉ះពាល់​សុខភាព និង​មាន​ថ្ម​ធាក់​ពីលើ​រថយន្ត​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ជា​បន្ត​បន្ទាន់​។ លោក​ព្រួយបារម្ភ​ខ្លាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត ដោយសារ​កន្លង​ទៅ​អាជ្ញាធរ​មិន​មាន​ដំណោះស្រាយ​សមរម្យ​ណា​ដល់​ពលរដ្ឋ​ឡើយ។

លោក ចន ចាន់ថុន៖ «ខ្ញុំ​បារម្ភ​ការ​ហុយ​វា​ខូចសុខភាព​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ​ទីមួយ ទី​ពីរ​បារម្ភ​ខ្លាំង​បាត់បង់​ធនធាន​ធម្មជាតិ​ខ្មែរ​យើង យើង​ឲ្យ​ក្រុមហ៊ុន​បរទេស​គេ​មក​វិនិយោគ វិនិយោគ​ដូច​ធ្វើ​នំ​អត់​ម្សៅ​ក៏​មាន​ហើយ​គេ​ចំណេញ​ច្រើន​រដ្ឋ​យើង​នឹង​វា​បាន​តិច»

លោក ចន ចាន់ថុន ចង់​ឃើញ​រដ្ឋាភិបាល​គិតគូរ​ថែរក្សា​សម្បត្តិ​ជាតិ ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំង​នោះ​បំផ្លាញ និង​មិនបាន​ប្រយោជន៍​អ្វី​ដល់​ជាតិ​ជា​ដុំកំភួន​ឡើយ។

រីឯ​សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក លី ចាន់ដារ៉ាវុត ឲ្យ​ដឹង​ថា លោក​មិន​គាំទ្រ​ចំពោះ​គម្រោង​ដែល​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ ហើយ​រាល់​គម្រោង​ទាំងនោះ​មិន​មាន​ផល​ចំណេញ​ដល់​ប្រទេសជាតិ​ដែរ ដោយសារ​កន្លងទៅ​ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​លើកលែង​ពន្ធ​នាំចេញ​ថ្ម​ទៅ​ក្រៅប្រទេស ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវតែ​សិក្សា​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​តម្លាភាព ទៅលើ​គម្រោង​ទាំងនោះ ដើម្បី​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ។

លោក លី ចាន់ដារ៉ាវុត៖ «រដ្ឋាភិបាល​គួរតែ​ធ្វើការ​ការពារ​ធនធាន​ធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​យកចិត្តទុកដាក់​ប្រសើរ​ជាង​ការ​ទាញ​យក​ធនធាន​ធម្មជាតិ​ទាំងអស់​នោះ​ក្នុង​លឿន​មួយ​ដ៏​លឿន​ហើយ​មួយ​ទៀត គឺ​បំផ្លិចបំផ្លាញ​អ្វី​ដែល​មាន​ស្រាប់ ជាពិសេស​គឺ​ភ្នំ​ដូច្នេះ​វា​មិន​សម​ហេតុផល​ទាល់តែសោះ ដែល​យើង​ត្រូវ​ដូរ​ធនធានធម្មជាតិ​ដ៏​មានតម្លៃ​របស់​យើង​ជាមួយនឹង​ជំនួញ​អត់​បាន​ផ្ដល់​ផល​ចំណេញ​ដល់​កម្ពុជា​ទាល់តែ​សោះ»

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង អភិបាល​ខេត្ត​ក្រចេះ លោក វ៉ា ថន និង​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ខេត្តក្រចេះ លោក សុខ គីរីរតន៍ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃទី​១៥ ខែ​កុម្ភៈ ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក។

សហគមន៍​លើកឡើង​ថា ក្នុង​មួយថ្ងៃ​ក្រុមហ៊ុន សំបូរ ម៉ុនីង ធ្វើ​ការ​ដឹកជញ្ជូន​ដោយ​រថយន្ត​វេអង ក្នុង​១​ថ្ងៃ ចាប់ពី​៧០​គ្រឿង​ទៅ ១០០​គ្រឿង ទៅ​លក់​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ចិន ។ ចំណែក​ក្រុមហ៊ុន​ចិន សឹង យន្ដ គ័ង យិក ខូអិលធីឌី (XING YUAN KANNG YEAK CO., LTD. ) អង្គការ​សមធម៌​កម្ពុជា​(Equitable Cambodia ) រក​ឃើញ​ថា កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​នៅ​ជុំវិញ​តំបន់​ដែល​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​សព្វថ្ងៃ។

កាល​ពី​ថ្ងៃ​ទី២៩ ខែ​កញ្ញា ឆ្នាំ​២០២៣ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម បាន​អនុញ្ញាត​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​លក់​ថ្ម​ធម្មជាតិ និង​ណែនាំ​ឲ្យ​ក្រុម​ឈ្មួញ​ទាំងនោះ​ធ្វើតាម​ការអនុញ្ញាត​របស់​រដ្ឋាភិបាល ដើម្បី​ងាយស្រួល​ជាង​មុន​ក្នុង​ការ​នាំចេញ​ថ្ម​កែច្នៃ​ធម្មជាតិ និង​ថ្ម​ធម្មជាតិ​មិន​ទាន់​កែច្នៃ។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង យល់ឃើញ​ថា រាល់​ការ​ធ្វើ​អាជីវកម្ម​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​ចុះ​សិក្សា​ស្រាវជ្រាវ និង​រាយការណ៍​ជូន​អាជ្ញាធរ​ថ្នាក់​ជាតិ ដើម្បី​ចុះ​ត្រួតពិនិត្យ​និង​ត្រូវ​ផ្អាក​សកម្មភាព​ទាំងនោះ​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​កាន់តែ​ខ្លាំង។

លោក ហេង គឹមហុង៖ «ដូច្នេះ​យើងខ្ញុំ​មានការ​បារម្ភ បារម្ភ​ខ្លាំង​មែនទែន នៅតែ​បង្ក​ការ​រំខាន​ផ្ដល់​ហានិភ័យ​ដល់​សុវត្ថិភាព​សហគមន៍ យើងខ្ញុំ​ទទូច​ថា សុំ​ឲ្យ​មានការ​ផ្អាក​ជា​បណ្ដោះអាសន្ន​រហូតដល់​ក្រុមហ៊ុន​នេះ​គោរព​ទៅតាម​បទដ្ឋាន​ស្តង់ដារ​ច្បាស់លាស់ បើ​មិន​អ៊ីចឹង​ទេ វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​និង​ប្រព័ន្ធ​អេកូឡូស៊ី​របស់​សហគមន៍​មូលដ្ឋាន»

ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​រកស៊ី​ទាំងនោះ ត្រូវ​មាន​ការ​ទទួលខុសត្រូវ​ខ្ពស់ ដោយ​មិន​ត្រូវ​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​មិន​ខ្វល់​អំពី​ការ​ខូចខាត​ដល់​ប្រយោជន៍​សាធារណៈ ប៉ះពាល់​លើ​ប្រជាពលរដ្ឋ និង​បរិស្ថាន​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។