ពលរដ្ឋស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យខ្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ

ប្រជាពលរដ្ឋជិត ១០០គ្រួសារក្នុងចំណោមជាង ២ពាន់គ្រួសារនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។ ពួកគាត់ប្រឈមមុខនឹងខ្វះខាតទឹកប្រើប្រាស់ក្នុងរយៈពេល ២ខែខាងមុខទៀត ប្រសិនបើអាជ្ញាធរពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាល ពុំបានចុះជួយពួកគាត់ទាន់ពេលនោះ។ ទាក់ទិននឹងបញ្ហានេះ អភិបាលស្រុកអូរជ្រៅ បញ្ជាក់ថា អាជ្ញាធរស្រុកកំពុងរិះរកវិធានការដោះស្រាយជូនប្រជាពលរដ្ឋបណ្ដើរៗហើយ។
អ្នកភូមិនៅស្រុកអូរជ្រៅ អំពាវនាវសុំឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ និងអង្គការពាក់ព័ន្ធនានា ជួយផ្ដល់ទឹកស្អាតប្រើប្រាស់ និងបង្គន់អនាម័យ ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
អ្នកភូមិដែលខ្វះទឹកប្រើប្រាស់ប្រមាណ ៣០នាក់ក្នុងចំណោម ៩០គ្រួសារ នាំគ្នាអង្គុយនៅមាត់អណ្ដូងក្បែរសាលាបឋមសិក្សាភូមិរុនថ្មី ឃុំសឹង្ហ ស្រុកអូរជ្រៅ។ ពួកគាត់ត្រេកអរជាខ្លាំង នៅពេលដែលឃើញអ្នកព័ត៌មានចុះទៅដល់ទីនោះ។
លោកស្រី លីស នាថ ឈរនៅមាត់អណ្ដូងសម្បុរស្រអែម ថ្លែងក្នុងទឹកមុខអរផងភ័យផងថា ពួកគាត់ខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃប្រមាណ ២ខែមកហើយ គឺថ្ងៃខ្លះសម្រាកដោយមិនបានមុជទឹកមុជភក់នោះទេ។ ស្ត្រីវ័យ ៤៥ឆ្នាំរូបនេះបន្តថា សព្វថ្ងៃរស់នៅដោយសារទិញទឹកពីអ្នកភូមិក្បែរខាងដែលមានជីវភាពមធ្យម ដឹកតាមគោយន្តប្រើប្រាស់បណ្ដោះអាសន្នម្ដង ១ពាន់លីត្រ ប្រើបានប្រមាណ ៣ថ្ងៃប៉ុណ្ណោះ៖ «ដឹកមួយដងក្នុងមួយធុង ១ម៉ឺន ៥ពាន់រៀល ២ថ្ងៃអស់ ៣ម៉ឺន។ រកប្រាក់មិនបានចិញ្ចឹមកូនផង ណាមួយទិញទឹកប្រើទៀត ពិបាកណាស់ខ្ញុំ! មិនដឹងថាគិតយ៉ាងណាទេ?»។
ភូមិនេះមានចម្ងាយប្រមាណ ៧គីឡូម៉ែត្រពីព្រំប្រទល់កម្ពុជា-ថៃ ហើយមានសាលាបឋមសិក្សាមួយខ្នង ជញ្ជាំងនិងដំបូងប្រក់ស័ង្កសីមានមួយបន្ទប់។ នៅជុំវិញសាលារៀននេះ ស្រះទឹកជម្រៅប្រមាណ ៤ម៉ែត្រ រីងហួតហែងគ្មានទឹកសូម្បីតែមួយដំណក់។ អ្នកភូមិភាគច្រើនរស់នៅពឹងផ្អែកទិញទឹកប្រើប្រាស់ប្រចាំថ្ងៃ។ ភូមិនេះមានផ្ទះប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវកកកុញប្រមាណ ៣០០ខ្នង ក្នុងនោះផ្ទះដែលមានមនុស្សរស់នៅជាប្រចាំប្រមាណ ៩០គ្រួសារប៉ុណ្ណោះ។ ក្រៅពីនោះ ពួកគេចំណាកស្រុកទៅស្វែងរកការងារធ្វើនៅក្រៅប្រទេស។
នាយកសាលាបឋមសិក្សាភូមិរុនថ្មី លោក ម្លិះ ថន មានប្រសាសន៍ក្នុងទឹកមុខស្រពោន ខណៈអង្គុយបង្រៀនសិស្សថា ប្រជាពលរដ្ឋធ្វើចំណាកស្រុកដោយសារកត្តាជីវភាពខ្វះខាត ហើយគ្មានការងារធ្វើនៅក្នុងស្រុក។ គ្រូបង្រៀនវ័យ ៥៤ឆ្នាំរូបនេះថ្លែងដោយសម្ដីមួយៗថា រូបគាត់បង្រៀនសិស្សដោយក្ដីស្រឡាញ់ និងចង់ឲ្យក្មេងមានអនាគតល្អទៅថ្ងៃខាងមុខ បើទោះជាការបង្រៀនពុំមានប្រាក់ខែឧបត្ថម្ភពីក្រសួងអប់រំ ក៏ដោយ៖ «មុននឹងបានជារូបរាងសាលារៀននេះឡើង វេទនាណាស់! កាលពីដើមដំបូងលិចទឹកភ្លៀង ពិបាកជាងនេះឆ្ងាយណាស់ ខ្ញុំចេះតែដើរសុំស័ង្កសីពីអង្គការនានាយកមកប្រក់ដំបូងទើបបានប៉ុណ្ណឹង»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុកអូរជ្រៅ លោក សាន ស៊ានហូ មានប្រសាសន៍ទទួលស្គាល់ថា ប្រជាពលរដ្ឋនៅភូមិរុនថ្មី ឃុំសឹង្ហ ពិតជាខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃប្រាកដមែន។ លោកបញ្ជាក់ថា មូលហេតុដែលប្រជាពលរដ្ឋខ្វះខាតទឹក ដោយសារតំបន់នោះទីទួល គ្មានប្រភពទឹក។ ម្យ៉ាងទៀត ឆ្នាំនេះជួបគ្រោះរាំងស្ងួតច្រើនខែ ទើបប្រជាពលរដ្ឋរស់នៅតំបន់នោះខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ។ លោកអះអាងថា អាជ្ញាធរស្រុកកំពុងដំណើរការដោះស្រាយជូនអ្នកភូមិទាំងនោះហើយ៖ «ខ្ញុំបានប្រជុំមេឃុំគ្រប់ឃុំមកហើយ ដើម្បីស្រង់ចំនួនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ ក្នុងនោះឃើញថា មានភូមិខ្លះប្រជាពលរដ្ឋខ្វះខាតទឹកប្រើបណ្ដើរៗ និងខ្លះទៀតកំពុងប្រឈមខ្វះខាតក្នុងរយៈដ៏ខ្លីខាងមុខ»។
ចំណែកឯបញ្ហាសាលារៀនវិញ លោក សាន ស៊ានហូ បញ្ជាក់ថា លោកបាននាំរឿងនេះជម្រាបទៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ឲ្យដោះស្រាយ និងរកគ្រូបង្រៀនសិស្សទាំងនោះរួចរាល់ហើយ៖ «យើងបានប្រជុំជាច្រើនលើកច្រើនសាហើយ ឃើញថា ទីតាំងដែលប្រជាពលរដ្ឋរស់នៅនោះ អាជ្ញាធរខេត្តកំពុងតែរៀបចំបែងចែកដីជូនពលរដ្ឋ ព្រមទាំងរកទីតាំងដីសម្រាប់ធ្វើសាលារៀននៅឡើយ»។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ ឆ្នាំនេះប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃស្ទើរគ្រប់ស្រុក មានជាអាទិ៍ ស្រុកស្វាយចេក ម៉ាឡៃ និងស្រុកអូរជ្រៅ ជាដើម។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋនៅស្រុកអូរជ្រៅ ច្រើនជាងគេ ជាពិសេសនៅឃុំសឹង្ហ តែម្ដង ដោយសារនៅតំបន់នោះជាទីទួលខ្ពស់ និងគ្មានប្រភពទឹកដូចនៅតំបន់ផ្សេងទៀត៖ «ប្រជាពលរដ្ឋទាំងនោះក្រីក្រខ្លាំងជាងគេបំផុតក្នុងខេត្តបន្ទាយមានជ័យ ហើយពុំទាន់មានអាជ្ញាធរណាចុះទៅធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធនៅទីនោះនៅឡើយទេ»។
អាជ្ញាធរស្រុកអូរជ្រៅ ឲ្យដឹងថា ប្រជាពលរដ្ឋជាង ២ពាន់គ្រួសាររស់នៅឃុំចំនួន៣ កំពុងប្រឈមមុខនឹងខ្វះខាតទឹកប្រើប្រាស់ក្នុងរយៈពេលប្រមាណ ២ខែខាងមុខទៀត មានឃុំសឹង្ហ ឃុំសុភី និងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕