ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការបូមខ្សាច់នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំនួន ៤៨គ្រួសារ នាំគ្នាផ្ដិតមេដៃស្នើឲ្យអាជ្ញាធរឃុំ បញ្ឈប់អាជីវកម្មបូមខ្សាច់មួយកន្លែងចេញពីស្ទឹងក្រឡាញ់ ឲ្យបានឆាប់រហ័ស។ អ្នកភូមិបញ្ជាក់ថា ពួកគាត់បានតវ៉ាឲ្យម្ចាស់អាជីវកម្ម បញ្ឈប់ការបូមខ្សាច់ជាច្រើនលើកច្រើនសាមកហើយ តែពុំទទួលបានលទ្ធផល។
ប្រជាពលរដ្ឋនៅស្រុកព្រះនេត្រព្រះ សម្ដែងការមិនពេញចិត្តនឹងអាជ្ញាធរមូលដ្ឋាន ថាបណ្ដោយឲ្យអាជីវកម្មបូមខ្សាច់ ធ្វើសកម្មភាពដោយសេរី។
ពលរដ្ឋរស់នៅភូមិអន្លង់វិល ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ គឺលោក ខូយ សូនី។ លោកឲ្យដឹងនៅថ្ងៃទី១៥ មីនា ថា អាជីវកម្មបូមខ្សាច់ឯកជនមួយកន្លែងរបស់ លោក ឡុង គារ ជាប្រជាពលរដ្ឋអ្នកមានទ្រព្យធន បូមខ្សាច់បាក់ច្រាំងស្ទឹងក្រឡាញ់ នៅចំណុចភូមិអន្លង់វិល ហើយធ្វើឲ្យល្អក់ទឹកមិនអាចយកទៅប្រើប្រាស់បានប្រមាណ ៣ខែហើយ ដោយពុំមានអាជ្ញាធរណាទប់ស្កាត់នោះទេ៖ « ម្ចាស់អាជីវកម្មបូមខ្សាច់គេស្ដីឲ្យខ្ញុំថា អញមិនខ្លាចពួកឯងប៉ុន្មានទេ ព្រោះគេមានទឹកលុយ។ ដល់តែអ៊ីចឹងទៅ ពួកខ្ញុំចេះតែនាំគ្នាខឹង ហើយខ្លាចទប់មិនបាន បង្កហិង្សាដាក់គ្នានៅពេលណាមួយទេ »។
លោកបន្ថែមថា ប្រជាពលរដ្ឋធ្លាប់តវ៉ាឲ្យអាជ្ញាធរភូមិ និងឃុំ បញ្ឈប់អាជីវកម្មនេះចំនួន ៣លើកមកហើយ តែពុំទទួលបានលទ្ធផលនោះឡើយ។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុកព្រះនេត្រព្រះ លោក លី សុវណ្ណារិទ្ធ មានប្រសាសន៍ថា លោកបានបញ្ជាឲ្យម្ចាស់អាជីវកម្ម ឈប់បូមខ្សាច់ម្ដងរួចមកហើយកាលពីថ្ងៃទី១៣ មីនា។ ចំណែកឯការបូមខ្សាច់សាជាថ្មីទៀតនោះ លោកថា ពុំទាន់ទទួលដំណឹងនៅឡើយ៖ « បាទ ! អត់អីទេ។ ខ្ញុំរកតែអ្នកដែលមិនខ្លាចនេះឯងតើ។ ខ្ញុំនឹងឲ្យសមត្ថកិច្ចចុះទៅពិនិត្យមើលការងារនេះ »។
ទោះបីជាយ៉ាងណា អ្នកស្រុកអះអាងថា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ អាជីវកម្មបូមខ្សាច់នៅតែធ្វើសកម្មភាពដដែល ដោយមិនខ្លាចរអាប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននោះទេ។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា អាជីវកម្មបូមខ្សាច់នេះ ដំណើរការទៅបានលុះណាមានភ្លើងខៀវពីអាជ្ញាធរមូលដ្ឋាន។ លោកពន្យល់ថា ការបូមខ្សាច់នោះបានប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដូចជាការបាក់ដី និងធ្វើឲ្យខូចគុណភាពទឹក ជាដើម ដែលអាជ្ញាធរមូលដ្ឋានត្រូវតែទប់ស្កាត់ជាបន្ទាន់៖ « មានន័យថា ឈប់ឲ្យមានឈប់កើត និងសុំឲ្យចប់ចាប់ពីថ្ងៃនេះតទៅ ដើម្បីដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ »។
អ្នកភូមិគំរាមថា ប្រសិនបើអាជ្ញាធរឃុំ និងស្រុក មិនបញ្ឈប់អាជីវកម្មបូមខ្សាច់ឲ្យបានឆាប់ទេ ពួកគាត់នឹងនាំគ្នាទៅដកហូតឧបករណ៍បូមខ្សាច់ដោយខ្លួនឯងចេញពីបាតស្ទឹងក្នុងពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
