ប្រជា​សហគមន៍​ខេត្ត​ព្រះវិហារ​ថា ក្នុង​មួយ​យប់ៗ មាន​គោយន្ត​មិន​ក្រោម ១០០គ្រឿង​ដឹក​ឈើ​ចេញ​ពី​ព្រៃ​ព្រះ​រកា

ប្រជា​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ អះអាង​ថា បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ពុំ​ថយ​ចុះ​នោះ​ទេ ដោយ​នៅតែ​មានការ​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញ​ក្រៅ​មិន​ក្រោម ១រយ (១០០) គោយន្ត​ក្នុង​មួយ​យប់ៗ។ ពួក​គេ​អះ​អាង​ថា មន្ត្រី​បរិស្ថាន​ដែល​ឈរ​ជើងការ​ពារ​ព្រៃ​នៅ​តំបន់​នោះ​មិន​ត្រឹមតែ​មិន​យក​ចិត្ត​ទុក​ដាក់​ទប់​ស្កាត់​បទ​ល្មើស​នោះ​ទេ បែរ​ជា​ប្រឹង​ឆ្លើយ​ដោះ​សា​គេច​ពី​ការទទួលខុសត្រូវ​ដដែលៗ។

តំណាង​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា​រស់នៅ​ស្រុក​ឆែប ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៦ វិច្ឆិកា​ថា ឈើ​ត្រាច ពពេល​ស្ទៀង និង​ឈើ​ទាល​ដុះ​ក្នុង​ព្រៃ​ព្រះ​រកា កំពុង​ទទួលរង​ការ​កាប់​ផ្ដួល​ធ្វើអាជីវកម្ម​យ៉ាង​ពេញទំហឹង​នៅ​រយៈ​ពេល ៣ខែ​ចុងក្រោយ​នេះ។ លោក​ថា ក្រុម​ឈ្មួញ​បាន​ចុះទៅ​ទិញ​ឈើ​ដល់​មូលដ្ឋាន និង​មាន​ឈ្មួញ​ខ្លះ​ជួល​ពលរដ្ឋ​កាប់​ឈើ​លក់​ឱ្យ​ខ្លួន។

តំណាង​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា​លោក ណែត ណៃ អង្កេត​ឃើញ​ថា ស្រុក​ឆែប​មានផ្លូវ​ចូល​ព្រៃ​ព្រះ​រកា ៥កន្លែង ដោយ​មាន​ការ​​​ដឹកជញ្ជូន​ឈើ​ចេញ​ក្រៅ​តាម​គោយន្ត​មិន​ក្រោម ១រយ (១០០) គ្រឿង​នោះ​ទេ​ក្នុង​មួយ​យប់ៗ។ លោក​ស្ដី​បន្ទោស​មន្ត្រី​បរិស្ថាន​មួយ​ចំនួន ដែល​ឈរ​ជើងការ​ពារ​ព្រៃ​នៅ​តំបន់​នោះ​ថា មាន​ចេតនា​បណ្ដែត​បណ្ដោយ​ឱ្យ​កើតមាន​បទល្មើស​ព្រៃឈើ ព្រោះតែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន៖ «កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ពេល​យប់​ដឹក​គ្រប់​ច្រក​ល្ហក់​ទាំង​អស់​នៅ​ពេល​យប់ ដឹក​ពេល​យប់​កាប់​ពេល​យប់ ហើយ​ឡាន​ចាំ​ទិញ​នៅ​តាម​ផ្លូវ​ត្រៀប​ឃ្លុំ​បួនជ្រុង​ក៏​មាន​អា​ផ្ចឹក និង​រាំង​ហ្នឹង។ ដូច​ពិបាក​ថា វា​រលាយ​មិន​រលាយ​វា​អស់។ ពួក​ខ្ញុំ​ធ្លាប់​ទៅ​ល្បាត​ពិនិត្យមើល​ហ្នឹង​ឈើ​មានតែ​ដើម​ច្បោះ​ជ័រ​ច្រើន​ក្រៅពី​ដើម​ច្បោះ​ជ័រ​ហ្នឹង​នៅ​តិច​បំផុត »។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​នាយក​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា លោក យ៉ាន់ ប៊ុនសឿន ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​ ​គ្មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី៦ វិច្ឆិកា។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​​លោក នេត្រ ភក្ត្រា ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ព្រោះ​លោក​មិន​លើក​ទូរស័ព្ទ និង​មិន​ឆ្លើយ​សំណួរ​តាម​បណ្តាញ​សង្គម​សិកណល (Signal) នៅ​ថ្ងៃ​ដដែល​នេះ។

ទោះ​យ៉ាង​ណា​ក្ដី លោក នេត្រ ភក្ត្រា ប្រាប់​អាស៊ី​សេរី កាលពី​ខែ​កក្កដា​ថា ទោះបី​អាជ្ញាធរ​ខំ​ប្រឹងប្រែង​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ក៏​ដោយ​ក៏​បទល្មើស​ទ្រង់ទ្រាយ​តូចៗ នៅ​តែ​កើត​មាន។ លោក​ថា ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​អនុវត្ត​វិធានការ​អភិ​រក្ស​តំបន់​ការពារ​ធម្មជាតិ និង​ចាត់វិធានការ​រាល់​បទល្មើស​ធនធានធម្មជាតិ​គ្រប់រូប​ភាព​។​

នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ​ ​លោក​ ប៉ឹ​ក​ ​សោភ័ណ​ ​សង្កេតឃើញ​ថា​ ​បទល្មើស​កើន​ឡើង​ខ្លាំង​ ​ដោយសារ​ពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​ព្រៃ​ព្រះ​រកា​ ​មិន​អា​ចចុះ​ល្បាត​ព្រៃ​បាន​ដូចមុន​ ​ហើយ​ពួកគេ​បាន​ត្រឹមតែ​ឃ្លាំមើល​នៅ​ខាង​ក្រៅ​ ​តំបន់​ព្រៃ​អភិ​រក្ស​តែប៉ុណ្ណោះ​។​ ​លោក​ថា​ ​មន្ត្រី​ជំនាញ​ ​តែងតែ​ព្យាយាម​ឆ្លើយ​ដោះសា​ថា គ្មាន​បទល្មើស​ព្រៃឈើ ដើម្បី​គេច​ពី​ការទទួលខុសត្រូវ​ ​ក៏ប៉ុន្តែ​ជាក់​ស្ដែង​បទល្មើស​នៅតែ​កើតឡើង​ច្រើន៖ «បទល្មើស​ហ្នឹង​វា​កើត​ឡើង វា​ហាក់​ដូចជា​ស្របគ្នា​ជាមួយ​ហ្នឹង​ ​មន្ត្រី​ដែន​ជម្រក​ ​ដែល​គាត់​ធ្វើអ្វី​ៗ​សព្វ​បែបយ៉ាង តែ​ផ្ទុយ​ទៅ​វិញ សម្រាប់​សហគមន៍​នៅ​ជុំវិញ​ព្រៃ​ព្រះ​រកា គាត់​អត់​អាច​ចូលរួម​ការពារ​ព្រៃ​បាន។ មើល​ទៅ​ហាក់​ដូច​ជា ការ​រួមចំណែក​ទៅ​វិញ ជាមួយ​ជនល្មើស »។

ក្នុង​ឯកសារ​ព្រៃ​ព្រះ​រកា​មាន​ទំហំ​ជាង ៩ម៉ឺន​ហិកតារ ស្ថិត​នៅចន្លោះ​ព្រំប្រទល់​ស្រុក​ត្បែង​មានជ័យ​ ​ស្រុក​ជាំ​ក្សាន្ត និង​ស្រុក​ឆែប​របស់​ខេត្ត​ព្រះវិហារ។ កាល​ពី​ចុងខែ​កុម្ភៈ ឆ្នាំ២០២០ ក្រុម​យុវជន​ព្រះសង្ឃ និង​សហគមន៍​ព្រៃ​ព្រះ​រកា បាន​យក​ញត្តិ​មាន​ស្នាម​មេ​ដៃ​ជាង ១រយ​នាក់ (១៥៤) ដាក់​ជូន​ក្រសួង​បរិស្ថាន​ស្នើ​ឱ្យ​ចាត់វិធានការ​តាមច្បាប់​ចំពោះ​បទល្មើស​ព្រៃឈើ​ ​និង​សត្វព្រៃ​ក្នុង​ព្រៃ​អភិ​រក្ស​មួយ​នេះ​។​ ​ក៏ប៉ុន្តែ​ក្រុម​អ្នក​ស្រឡាញ់​ធនធានធម្មជាតិ​ទាំងនោះ​ ​អះអាង​ថា​ ​មកទល់​ពេល​ពេលនេះ ក្រសួង​មិនទាន់​ឆ្លើយតបនឹង​ញត្តិ​របស់​ពួកគេ​នៅឡើយ​ទេ​ ​បើ​ទោះបីជា​ពួកគេ​មាន​ភស្តុតាង​ជាច្រើន​បញ្ហា​ពី​សកម្មភាព​ដឹក​ឈើ​ ​អំពើពុករលួយ​ ​និង​កាប់​ឈើ​ខុសច្បាប់​ក្នុង​ព្រៃ​អភិ​រក្ស​យ៉ាង​ណា​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។