ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​រិះគន់​ថា ភ្នំ​ប្រវត្តិសាស្ត្រ "ភ្នំ​ធំ" នឹង​ហិនហោច ព្រោះ​ក្រុមហ៊ុន​ជីវកម្ម​ថ្ម

0:00 / 0:00

ប្រជាពលរដ្ឋ​​នៅ​ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ មួយ​ចំនួន​ព្រួយ​បារម្ភ​ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​​វាយ​កម្ទេច​ថ្ម​នៅ​ភ្នំ​ធំ ឃុំ​អូរប្រាសាទ ​​ធ្វើ​ឱ្យ​ហិនហោច​សម្បត្តិ​ធម្មជាតិ​របស់​រដ្ឋ​កាន់​តែ​ខ្លាំង​ឡើង។ អ្នក​ភូមិ​អះអាង​ថា​ ក្រុម​ហ៊ុន​ទាំង​នេះ​មិន​ត្រឹម​តែ​មិន​មាន​ប្រយោជន៍​ដល់​ពលរដ្ឋ​នៅ​តំបន់​នោះ​ហើយ​ ថែម​ទាំង​​រំខាន​ដល់​ការ​រស់​នៅ​ ដូចជា​មាន​សំឡេង​ឮ​ខ្លាំង ​កម្ទេច​ថ្ម​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​​។ អ្នក​ភូមិ​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បញ្ឈប់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​កិន​ថ្ម​ទាំង​នោះ​ជា​បន្ទាន់។

ប្រជាពលរដ្ឋ​នៅ​ស្រុក​មង្គលបូរី មួយ​ចំនួន​មាន​ការ​ងឿង​ឆ្ងល់​ថា​ ហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​កិន​ថ្ម​​ភ្នំ​ទាំង​នោះ​​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​យ៉ាង​គគ្រឹកគគ្រេង​បែប​នេះ​បាន​។

ពលរដ្ឋ​នៅ​ស្រុក​មង្គលបូរី​ម្នាក់ អ្នក​ស្រី​ សៀង ច័ន្ទ​នាង​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២៣​កក្កដា​ ថា សព្វ​ថ្ងៃ​មាន​​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​កិន​ថ្ម​នៅ​ភ្នំ​ធំ ចំនួន ៣​ក្រុមហ៊ុន​ ដូចជា​​ក្រុមហ៊ុន គោលណៃ ក្រុមហ៊ុន លឹម សេង ក្រុមហ៊ុន អិត លឿ និង​ក្រុមហ៊ុន នុក ទូច កំពុង​ធ្វើ​សកម្មភាព​យ៉ាង​មមាញឹក​ក្នុង​ការ​វាយ​បំបែក​ថ្ម​យក​ទៅ​លក់ ដើម្បី​បាន​ប្រាក់​ចំណេញ​ផ្ទាល់​ខ្លួន។ ពលរដ្ឋ​រូប​នេះ​អះអាង​ទៀត​ថា នៅ​ពេល​ក្រុមហ៊ុន​ទាំង​នោះ​វាយ​បំបែក​ថ្ម​ម្ដងៗ សំឡេង​ឮ​ខ្លាំង ហើយ​បាន​ខ្ទាត​កម្ទេច​ថ្ម​ទៅ​ប៉ះ​ដំបូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ជើង​ភ្នំ​ជា​ញឹកញាប់។ បន្ថែម​ពី​នេះ អាជីវកម្ម​នេះ​បម្រើ​តែ​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន​ដោយ​មិន​មាន​ការ​អភិវឌ្ឍន៍​ផ្លូវ​ថ្នល់ មន្ទីរពេទ្យ និង​សាលា​រៀល​ជូន​ពួក​គាត់​នៅ​តំបន់​នោះ​ទេ៖ «នៅ​ពេល​បាញ់​បំផ្ទុះ​ភ្នំ​ម្ដងៗ ធ្វើ​យ៉ាង​ផ្ទះ​នឹង​វា​រង្គើ​ប្រេះ ហើយ​ប្រជាពលរដ្ឋ​មិន​ចង់​ឱ្យ​យក​ថ្ម​ពី​ភ្នំ​នេះ​ទេ ព្រោះ​កាល​ណា​អស់​ភ្នំ​ទៅ​ទឹក​លិច​ងាប់​អស់​ហើយ​ប្រជាពលរដ្ឋ។ ឥឡូវ​គេ​វាយ​យក​ថ្ម​ភ្នំ​ទៅ​ជា​វាល​ធំធេង​ហើយ និយាយ​ទៅ​អស់​មួយ​ចំហៀង ហើយ​គេ​ចេះ​តែ​ធ្វើ​សកម្មភាព​មិន​ឈប់​សោះ​ ខ្ញុំ​គិត​ថា​អនាគត​មិន​សល់​ទេ​ភ្នំ​នេះ »

ចំណែក​ពលរដ្ឋ​នៅ​ក្បែរ​ជើង​ភ្នំ​ធំ​ម្នាក់​ទៀត​ លោក មុំ វី រៀបរាប់​ថា ប្រជាពលរដ្ឋ​ក្នុង​ភូមិ​មិន​មាន​អំណាច​ទប់​ស្កាត់​ក្រុមហ៊ុន​ទាំង​នោះ​បាន​ទេ ដោយ​ម្នាក់ៗ បាន​ត្រឹម​ស្ដាយ និង​បារម្ភ​ពី​ភាព​ហិនហោច​ភ្នំ​ប្រវត្តិសាស្ត្រ​នេះ​ក្លាយ​ទៅ​ទីវាល ធ្វើ​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ឮ​តែ​ឈ្មោះ​ក្នុង​បទ​ចម្រៀង​តែ​មិន​បាន​ស្គាល់។ លោក​បន្ថែម​ថា ម្ចាស់​ក្រុម​ហ៊ុន​កិន​ថ្ម​ទាំង​នោះ ប្រហែល​ជា​ខ្សែ​រយៈ​ក្រុម​អ្នក​មាន​អំណាច​នៅ​ក្នុង​ប្រទេស​ហើយ បាន​ជា​ពួក​គេ​បែង​ចែក​​ភ្នំ​គ្នា​សម្រុក​វាយ​កម្ទេច​ថ្ម​យក​លក់ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ បាន​ដោយ​សេរី​បែប​នេះ៖ «ខ្ញុំ​ស្ដាយ​ណាស់​របស់​ធម្មជាតិ​កើត​ពី​ទឹក​ដី​​តាំង​ពី​បូរាណ​មក ខ្ញុំ​ស្ដាយ​ណាស់​តែ​មិន​ដឹង​ធ្វើ​ម៉េច​ទេ វា​នូវ​លើ​រដ្ឋអំណាច​ វា​ពិបាក​ណាស់​យើង​ជា​ពលរដ្ឋ​វា​ពិបាក​និយាយ​ណាស់​។ភ្នំ​មួយ​កំណាត់​ខាង​ត្បូង​អស់​ហើយ បើ​គេ​វាយ​បំបែក​ភ្នំ​ទាំង​យប់​ទាំង​ថ្ងៃ​ ខ្ញុំ​ទៅ​ចាំ​ស្រូវ​នៅ​ក្បែរ​នោះ​ឮ​សូវ​សំឡេង​បាក់​ភ្នំ​គ្រាំងៗ ហើយ​នៅ​ខាង​ក្រោយ​សាលា​បឋម​អស់​ភ្នំ​មួយ​ហើយ »

ពលរដ្ឋ​ទាំង​នេះ​ព្រួយបារម្ភ​ទៀត​ថា ប្រសិន​បើ​ហិនហោច​ភ្នំ​មួយ​នេះ​ នឹង​បណ្ដាល​ឱ្យ​ផ្ទះ​របស់​ពលរដ្ឋ​នៅ​ជាប់​ជើង​ភ្នំ​ប្រមាណ ៥០០គ្រួសារ ត្រូវ​ទឹក​លិច ហើយ​មិន​អាច​រស់​នៅ​ទី​នោះ​បាន​ឡើយ។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក អ៊ុំ រាត្រី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ ​នៅ​ថ្ងៃ​ទី២៣ កក្កដា ដោយ​លោក​ប្រាប់​ថា ជាប់​រវល់​ប្រជុំ៖ «ខ្ញុំ​កំពុង​ប្រជុំ​សូម​អធ្យាស្រ័យ​ណាស់​ ខ្ញុំ​កំពុង​ប្រជុំ​បាទ

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក យស មុនីរ៉ាត់ ក៏​មិន​អាច​ទាក់​ទង​ ដើម្បី​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ដែរ ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

ប៉ុន្តែ​ប្រធាន​មន្ទីរ​រ៉េ និង​ថាមពល ខេត្ត​បន្ទាយមានជ័យ លោក ស៊ុត វឌ្ឍនា ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​វាយ​បំបែក​ថ្ម​នៅ​ភ្នំ​ធំ​ទាំង ៣កន្លែង​នោះ​មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​រ៉ែ និង​ថាមពល​ត្រឹមត្រូវ។ លោក​បន្ថែម​ថា ចំពោះ​ផល​ប៉ះពាល់​ដោយសារ​ក្រុមហ៊ុន​វាយ​បំបែក​ថ្ម​ទៅ​លើ​ប្រជាពលរដ្ឋ​នោះ គឺ​ខាង​មន្ទីរ​មិន​ហ៊ាន​សម្រេច​ឲ្យ​បញ្ឈប់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​បាន​នោះ​ទេ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (ADHOC) ខេត្ត​បន្ទាយ​មាន​ជ័យ លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា ក្រសួង​មិន​ត្រូវ​ផ្ដល់​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុម​ហ៊ុន​ទាំង​នោះ​វាយ​កម្ទេច​ថ្ម​ភ្នំ​ធំ​នោះ​ទេ ព្រោះ​ជា​ភ្នំ​ប្រវត្តិសាស្ត្រ​ ហើយ​ស្ថិត​ក្នុង​តំបន់​ទីប្រជុំជន ដែល​មាន​ពលរដ្ឋ​រស់​នៅ​ជា​ច្រើន​គ្រួសារ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ បន្ថែម​ថា អាជីវកម្ម​នេះ​ បាន​ប្រយោជន៍​ទៅ​លើ​ក្រុម​ហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម​ និង​អ្នក​មាន​អំណាច​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​មួយ​ក្រុម​តូច​ប៉ុណ្ណោះ ចំណែក​ពលរដ្ឋ​មិន​ទទួល​បាន​ផល​ប្រយោជន៍​ឡើយ៖ «អ្នក​ក្រ​ដែល​រង​គ្រោះ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​ក្នុង​ស្រុក​មង្គលបូរី​ផង និង​ពលរដ្ឋ​ទូទាំង​ប្រទេស​ផង​ ដែល​គេ​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​នោះ​។បើ​សិន​ជា​យក​ភ្នំ​នោះ​កែច្នៃ​ធ្វើ​កន្លែង​កម្សាន្ត​​បែប​ធម្មជាតិ​អី​ ជា​ការ​ប្រសើរ​ជួយ​ដល់​សង្គម​ ប៉ុន្តែ​បែប​ជា​នាំ​គ្នា​ទៅ​បំផ្លិចបំផ្លាញ​ គឺ​មិន​មែន​ជួយ​ដល់​សង្គម​ឱ្យ​រីក​ចំរើន​ទេ »

ភ្នំ​ធំ​ជា​ភ្នំ​ប្រវត្តិសាស្ត្រ​មាន​រៀបរាប់​នៅ​ក្នុង​បទ​ចម្រៀង​ជំនាន់​ដើម​និពន្ធ​ដោយ គង្គ ប៊ុន​ឈឿន ស្ថិត​នៅ​ខាង​លិច​ផ្លូវ​ជាតិ​លេខ ៥ មាន​ចម្ងាយ​ប្រហែល ៣០០​ម៉ែត្រ​ក្នុង​ចម្ការ​លោក ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គលបូរី។

កាល​ពី​​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៦ ថ្ម​ធ្លាក់​បាន​សង្កត់​ខូច​អ៊ិកស្កាវាទ័រ (Excavator) ចំនួន ២គ្រឿង និង​ស្លាប់​កម្មករ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន លឹម សេង​ ធ្វើ​អាជីវកម្ម​ថ្ម​ធំ​ចំនួន ៣នាក់ រួម​មាន លោក លឹម ប៊ុនឡុង អាយុ ២៦ឆ្នាំ លោក ហែម គឹមឡេង អាយុ ៥២ឆ្នាំ និង​លោក ថន រដ្ឋា អាយុ ៣៦ឆ្នាំ រស់​នៅ​ភូមិ​ភ្នំ​ធំ​ខាងត្បូង ឃុំ​ប្រាសាទ ស្រុក​មង្គលបូរី។ ក្រោយ​មក អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ផ្អាក​ក្រុមហ៊ុន លឹម សេង មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ​បណ្ដោះអាសន្ន ប៉ុន្តែ​ប្រមាណ ៣ខែ​ក្រោយ​មក​ក្រុមហ៊ុន​មួយ​នេះ​ក៏​បាន​ដំណើរ​ការ​ជា​ធម្មតា​ឡើង​វិញ។

លោក ស៊ុំ ច័ន្ទគា កត់សំគាល់​ថា ក្រៅ​អំពី​ក្រុមហ៊ុន​អាជីវកម្ម​កិន​ថ្ម​នៅ​ស្រុក​មង្គលបូរី​ហើយ​ នៅ​មាន​ភ្នំ​ជាច្រើន​កន្លែង​ទៀត​ មាន​ជាអាទិ៍ ភ្នំ​ពង្រ​កង​វ៉ា​នៅ​ក្រុង​សិរីសោភ័ណ ភ្នំ​លៀប​នៅ​ស្រុក​ព្រះនេត្រព្រះ និង​តាដុង​នៅ​ស្រុក​ស្វាយចេក​ខេត្ត​បន្ទាយ​មាន​ជ័យ ជាដើម ក៏​ប្រឈម​នឹង​រលាយ​​ហិនហោច​ដោយសារ​ការ​ធ្វើ​ជា​ជីវកម្ម​ថ្ម​ភ្នំ​ដែរ។

រដ្ឋធម្មនុញ្ញ​មាត្រា​៥៩ ចែង​ថា រដ្ឋ​ត្រូវ​រក្សា​ការពារ​បរិស្ថាន និង​តុល្យភាព​នៃ​ភោគទ្រព្យ​ធម្មជាតិ ហើយ​ត្រូវ​ចាត់ចែង​ឲ្យ​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​គ្រប់គ្រង មាន​ជា​អាទិ៍ ដីធ្លី ទឹក អាកាស ខ្យល់ ប្រព័ន្ធ​អេកូឡូស៊ី រ៉ែ ថាមពល ប្រេងកាត និង​ឧស្ម័ន ថ្ម និង​ខ្សាច់ ត្បូង​ថ្ម ព្រៃ​ឈើ និង​អនុផល​ព្រៃ​ឈើ ពពួក​សត្វ​ព្រៃ មច្ឆជាតិ និង​ធនធាន​ធម្មជាតិ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។