ក្រសួង​កសិកម្ម​ព្រមាន​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​វៀតណាម​រំលោភ​ច្បាប់

ការ​សិក្សា​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) និង​អង្គការ​ដទៃ​ទៀត បាន​រក​ឃើញ​ថា ជា​យូរ​មក​ហើយ​ដែល​កម្ពុជា មាន​បញ្ហា​ក្នុង​ការ​ចាត់​ចែង និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ។ ដំបូង គេ​ឃើញ​មាន​វិបត្តិ​កើត​មាន​ចំពោះ​ព្រៃ​ឈើ សម្បទាន​រ៉ែ ឧស្ម័ន និង​ប្រេង ហើយ​ចុង​ក្រោយ​នេះ មាន​វិបត្តិ​ដី​សម្បទាន​សេដ្ឋកិច្ច។

0:00 / 0:00

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ដែល​ចុះ​ទៅ​សិក្សា​រឿង​នេះ ក៏​បាន​រក​ឃើញ​ថា កម្ពុជា ពិត​ជា​មាន​កំហុស​ឆ្គង​ក្នុង​ការ​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​បរទេស ជា​ពិសេស​ឲ្យ​ទៅ​ក្រុមហ៊ុន​វៀតណាម។

តើ​រដ្ឋាភិបាល​នឹង​ចាត់​វិធាន​ការ​យ៉ាង​ណា ប្រសិន​បើ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដូច​ការ​រក​ឃើញ​មែន​នោះ?

រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក តេង ឡៅ ព្រមាន​ថា ប្រសិន​បើ​ក្រុមហ៊ុន​វៀតណាម ដែល​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋ មិន​អនុវត្ត​តាម​កិច្ច​សន្យា ឬ​ផែន​ការ​ដែល​កំណត់​ទេ​នោះ រដ្ឋាភិបាល​នឹង​ដក​ហូត​យក​ដី​សម្បទាន​ទាំង​នោះ​មក​វិញ។

ការ​លើក​ឡើង​នេះ​ជា​ការ​ឆ្លើយ​តប​ដំបូង​បំផុត​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ចំពោះ​របាយការណ៍​ថ្មី​ចេញ​ដោយ​អង្គការ​ឃ្លាំ​មើល​ពិភពលោក ដែល​រក​ឃើញ​ថា ក្រុមហ៊ុន​វៀតណាម ធំ​២ កំពុង​បង្ក​វិបត្តិ​ដីធ្លី និង​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។

ទោះ​យ៉ាង​ណា លោក តេង ឡៅ មិន​បាន​បញ្ជាក់​ថា តើ​ពេល​នេះ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រាជ​រដ្ឋាភិបាល នឹង​ចាត់​វិធាន​ការ​ស៊ើប​អង្កេត​បែប​ណា​ខ្លះ ចំពោះ​សកម្មភាព​រំលោភ​ច្បាប់​របស់​ក្រុមហ៊ុន​វៀតណាម ទាំង​នោះ​នៅ​ឡើយ​ទេ។

ក្នុង​សំណួរ​ដែល​ចោទ​សួរ​ថា តើ​ព្រៃ​ឈើ​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន ឬ​រដ្ឋាភិបាល?

ចម្លើយ​លោក តេង ឡៅ បញ្ជាក់​ថា ព្រៃ​ឈើ​ទាំង​នោះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ដែល​មាន​សិទ្ធិ​កាប់​រាន​លក់ ប៉ុន្តែ ត្រូវ​បង់​ថ្លៃ​សួយសារអាករ​ជូន​រដ្ឋ​តាម​ច្បាប់​កំណត់។ លោក​មិន​បាន​បញ្ជាក់​ថា ពន្ធ​អាករ​ប៉ុន្មាន​ភាគ​រយ​នឹង​ត្រូវ​តម្រូវ​ឲ្យ​បង់​ជូន​រដ្ឋ​នោះ​ឡើយ។

មាត្រា​១៤ នៃ​ច្បាប់​ស្ដីពី​ការ​វិនិយោគ កំណត់​ថា អត្រា​ពន្ធ​លើ​ប្រាក់​ចំណេញ​សុទ្ធ ៩% លើក​លែង​តែ​អត្រា​ពន្ធ​ផ្សេងៗ​លើ​ការ​រុករក និង​អាជីវកម្ម​ធនធាន​ធម្មជាតិ​ព្រៃ​ឈើ ប្រេង​កាត រ៉ែ មាស ត្បូង​ថ្ម​មាន​តម្លៃ។

អង្គការ​ឃ្លាំ​មើល​ពិភពលោក រក​ឃើញ​ថា មក​ដល់​ចុង​ឆ្នាំ​២០១២ រដ្ឋាភិបាល​បាន​ជួល​ដី​ជា​លក្ខណៈ​សម្បទាន​សេដ្ឋកិច្ច​ចំនួន ២​លាន ៦​សែន​ហិកតារ ទៅ​ឲ្យ​ក្រុមហ៊ុន​ជាច្រើន។ ក្នុង​នោះ​មាន​ក្រុមហ៊ុន​វៀតណាម ធំ​២ គឺ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai = HAGL) និង​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group = VRG)។ របាយការណ៍​អង្គការ​នេះ​បង្ហាញ​ថា ក្រុមហ៊ុន​ទាំង​ពីរ​កំពុង​តែ​បង្ក​មហន្តរាយ​ដល់​បរិស្ថាន និង​ជីវភាព​រស់នៅ​ប្រជា​សហគមន៍។ លើស​ពី​នេះ កំពុង​ឃុបឃិត​ជាមួយ​មន្ត្រី​គ្រាក់ៗ​របស់​រដ្ឋាភិបាល និង​ឧកញ៉ា​ពុក​រលួយ​មួយ​ចំនួន ដើម្បី​កាប់​រាន​ព្រៃ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​សម្បទាន។ របាយការណ៍​ផ្ដោត​សំខាន់​ថា រដ្ឋាភិបាល​កម្ពុជា ខ្លួន​ឯង ជា​ចំណែក​មួយ​នៃ​ការ​បង្ក​បញ្ហា​ទាំង​នោះ តាម​រយៈ​ការ​ផ្តល់​អាជ្ញា​ប័ណ្ណ​សម្បទាន​ដីធ្លី​បំពាន​ច្បាប់​ជា​ធរមាន។

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក សុន ឆ័យ ដែល​ទើប​បញ្ចប់​បេសកកម្ម​រយៈពេល ៤​ថ្ងៃ នៅ​ខេត្ត​រតនគិរី ដើម្បី​ស្រង់​ស្ថិតិ និង​រក​ភស្តុតាង​នៃ​ការ​រំលោភ​ច្បាប់​របស់​ក្រុមហ៊ុន​វៀតណាម បាន​រក​ឃើញ​លើស​អ្វី​ដែល​អង្គការ​ឃ្លាំ​មើល​ពិភពលោក កំពុង​មាន។ លោក សុន ឆ័យ រក​ឃើញ​ថា ក្រុមហ៊ុន​ទាំង​ពីរ​នោះ​បាន​បំបែក​ខ្លួន​ជា​ក្រុមហ៊ុន​តូចៗ​ផ្សេង​ទៀត ដើម្បី​ជ្រែក​ចូល​ទៅ​វិនិយោគ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន រួម​មាន​នៅ​ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ ប៉ៃលិន ពោធិ៍សាត់ និង​កោះកុង។ ភាគ​ច្រើន ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​កងទ័ព​វៀតណាម ដែល​មាន​អាវុធ​យាម​កាម រារាំង​មិន​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ឬ​ប្រជាពលរដ្ឋ​ចូល​ក្នុង​តំបន់​ដែល​បាន​កាន់​កាប់​បាន​ឡើយ។

លោក សុន ឆ័យ បញ្ជាក់​ថា តាម​ការ​រក​ឃើញ មាន​ជនជាតិ​ភាគ​តិច​ចារាយ និង​ជនជាតិ​ភាគ​តិច​ទំពូន រាប់​រយ​គ្រួសារ កំពុង​ប៉ះពាល់​លើ​ការ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​វៀតណាម ៧២ និង​ក្រុមហ៊ុន​វៀតណាម ៧៤ ដែល​ជា​ក្រុមហ៊ុន​បំបែក​ខ្លួន​ចេញ​ពី​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ។ មាន​ក្រុមហ៊ុន​វៀតណាម អេឡាវ មួយ​ទៀត ក៏​កំពុង​មាន​វត្តមាន​នៅ​ខេត្ត​រតនគិរី ដែរ។ លោក​បន្ត​ថា ក្រុមហ៊ុន​ទាំង​៣​នោះ មិន​រវល់​ដាំ​កៅស៊ូ​ទេ តែ​មមាញឹក​ខ្លាំង​កាប់​ឈើ​យក​លក់ និង​រាន​យក​ដី​ទុក​លក់​ឲ្យ​ក្រុមហ៊ុន​ឯ​ទៀត។

ក្រោយ​ពី​បញ្ចប់​បេសកកម្ម​នោះ លោក សុន ឆ័យ កំពុង​រៀបចំ​ភស្តុតាង​ជា​រូបភាព បទ​សម្ភាសន៍ និង​ឯកសារ​វីដេអូ​មួយ​ចំនួន ដាក់​ទៅ​ប្រធាន​រដ្ឋសភា និង​រដ្ឋាភិបាល និង​ដើម្បី​ឲ្យ​បំភ្លឺ​ពី​ការ​ផ្តល់​ដី​សម្បទាន​ទាំង​នោះ។

អ្វី​ជា​ការ​ព្រួយ​បារម្ភ​ទៀត តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​រូប​នេះ គិត​ថា លំហូរ​ចូល​នៃ​ជន​អន្តោប្រវេសន៍​វៀតណាម នឹង​មាន​ការ​កើន​ឡើង ដោយ​ក្រុមហ៊ុន​វៀតណាម ខ្លះ​បាន​បញ្ជូន​ជនជាតិ​វៀតណាម ជាង ២០០​គ្រួសារ មក​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន ហើយ​កម្មករ​ខ្មែរ​មាន​តែ ២០​គ្រួសារ​ប៉ុណ្ណោះ ដែល​ជួយ​ជម្រះ​ស្មៅ​ក្នុង​ចម្ការ​កៅស៊ូ។

មន្ត្រី​គ្រប់គ្រង​យុទ្ធនាការ​ដីធ្លី​នៃ​អង្គការ​ឃ្លាំ​មើល​ពិភពលោក អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស (Megan MacInnes) ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី២០ ខែ​ឧសភា ដោយ​សង្កត់​ធ្ងន់​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​របស់​ក្រុមហ៊ុន​វៀតណាម ២ គឺ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និង​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប នៅ​កម្ពុជា និង​ប្រទេស​ឡាវ កំពុង​រំលោភ​ច្បាប់​បរិស្ថាន និង​សិទ្ធិ​មនុស្ស។

អ្នកស្រី​បាន​ថ្លែង​ដែល​មាន​ន័យ​បកប្រែ​ជា​ភាសា​ខ្មែរ​ដូច្នេះ​ថា៖ «ជំនួស​ការ​លើក​ឡើង​ពី​ភស្តុតាង​នៅ​ក្នុង​របាយការណ៍ និង​កែលំអ​ស្ថានភាព​របស់​ពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​រាប់​រយ​នាក់​នៅ​មូលដ្ឋាន​នោះ ហ្វាង អាន់ យ៉ាឡាយ ហាក់​ដូច​ជា​ខ្វល់​ខ្លាំង តែ​លើ​រឿង​ការពារ​មុខ​មាត់​របស់​ខ្លួន​នៅ​ចំពោះ​មុខ​សាធារណៈ​ប៉ុណ្ណោះ។ តើ​ក្រុមហ៊ុន​នឹង​ធ្វើ​យ៉ាង​ម៉េច ដើម្បី​បញ្ឈប់​មហន្តរាយ ដែល​ខ្លួន​ទទួល​ខុស​ត្រូវ​នេះ?»

ការ​ចោទ​ជា​សំណួរ​របស់​អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស ធ្វើ​ឡើង​ជា​ការ​ឆ្លើយ​បក​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ចេញ​កាល​ពី​ថ្ងៃ​ទី១៣ ខែ​ឧសភា ដោយ​ទទូច​ឲ្យ​អង្គការ​ឃ្លាំ​មើល​ពិភពលោក បង្ហាញ​ភស្តុតាង​ច្បាស់​ពី​ការ​រក​ឃើញ ហើយ​សន្យា​នឹង​ចូលរួម​ដោះស្រាយ​នូវ​បញ្ហា​ទាំងអស់​ដែល​កើត​មាន​មិន​ប្រក្រតី​នៅ​កម្ពុជា។ សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុមហ៊ុន​វៀតណាម ក៏​បាន​លើក​ឡើង​ថា ភាគី​អង្គការ​ឃ្លាំ​មើល​ពិភពលោក មិន​បាន​មក​តាម​ការ​ណាត់​ជួប ដើម្បី​មក​មើល​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ឡើយ។

អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស បាន​បំភ្លឺ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា តំណាង​អង្គការ​ឃ្លាំ​មើល​ពិភពលោក បាន​ជួប​ជាមួយ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ គឺ​លោក ដន ង្វៀនឌឹក (Doan Nguyen Duc) កាល​ពី​ខែ​សីហា ឆ្នាំ​២០១២ នៅ​ខេត្ត​ផ្លីគូរ (PleiKu) ប្រទេស​វៀតណាម និង​បាន​បង្ហាញ​ភស្តុតាង​ជាច្រើន ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​កាប់​រាន​ព្រៃ​ឈើ​ខុស​ច្បាប់​ទៀត។ អ្នកស្រី​ចោទ​ជា​សំណួរ​ថា ម៉េច​បាន​លោក ដន ង្វៀនឌឹក ក្រឡាស់​ថា​មិន​បាន​ជួប​ទៅ​វិញ? លុះ​នៅ​ខែ​មីនា ឆ្នាំ​២០១៣ អង្គការ​ឃ្លាំ​មើល​ពិភពលោក បាន​ផ្ញើ​លិខិត​មួយ​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ធ្វើ​បច្ចុប្បន្ន​ភាព​នៃ​ដំណើរ​ការ​សកម្មភាព​របស់​ក្រុមហ៊ុន ដើម្បី​ចង់​ដឹង​ថា តើ​មាន​ការ​វិវឌ្ឍន៍​ដល់​ណា​ខ្លះ ចាប់​ពី​ការ​ជួប​គ្នា​កាល​ពី​ខែ​សីហា ឆ្នាំ​២០១២។ ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​ឆ្លើយ​តប​ទេ។

អង្គការ​ឃ្លាំ​មើល​ពិភពលោក បង្ហាញ​ថា មាន​ពលរដ្ឋ​ប្រមាណ ៤​សែន​នាក់​ក្នុង ១២​ខេត្ត កំពុង​រង​ផល​ប៉ះពាល់​ពី​ការ​ច្បាម​យក​ដី​ពី​ក្រុមហ៊ុន​វៀតណាម ធំៗ​ចំនួន​២ ក្រោម​រូបភាព​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) កំពុង​បេសកកម្ម​នៅ​កម្ពុជា ថ្លែង​ថា ការ​វិនិយោគ​នៅ​កម្ពុជា ត្រូវ​តែ​គោរព​តាម​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ដែល​កម្ពុជា ទទួល​ស្គាល់ ដើម្បី​ធានា​ការ​វិនិយោគ​បរទេស​ស្ថិត​ក្រោម​ច្បាប់ និង​ធានា​ដល់​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។