រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជូនដំណឹងថា អ្នកដែលរស់នៅជាយរាជធានីភ្នំពេញ អាចប្រឈមកង្វះទឹកស្អាតប្រើប្រាស់ក្នុងរដូវប្រាំងនេះ ដោយសារ តម្រូវការប្រើប្រាស់ទឹកស្អាត សម្រាប់រាជធានីភ្នំពេញទាំងមូល លើសចំនួនការផ្គត់ផ្គង់។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឱ្យដឹងក្នុងសេចក្តីប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា បច្ចុប្បន្នក្រុងភ្នំពេញមានរោងចក្រផលិតទឹកស្អាត ចំនួន៤កន្លែង ផលិតទឹកស្អាត បានជាមធ្យម ប្រមាណប្រាំមួយសែន ( ៦០០.០០០ម៣) ម៉ែត្រគីប ក្នុងមួយថ្ងៃ។ ឯតម្រូវការប្រើប្រាស់ទឹកស្អាតវិញ កើនឡើងប្រមាណ ប្រាំពីរសែន (៧០០ ០០០ម៣) ម៉ែត្រគីប ក្នុងមួយថ្ងៃ ជាហេតុធ្វើឱ្យខ្វះទឹកស្អាត សម្រាប់ចែកចាយ ពិសេសគឺនៅតំបន់ជាយក្រុងភ្នំពេញ ក្នុងម៉ោងដែលមានតម្រូវការទឹកប្រើប្រាស់ខ្លាំង។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ស៊ីម ស៊ីថា បានទេ នៅថ្ងៃទី១២ មីនា។ ប៉ុន្តែក្នុងសេចក្ដីប្រកាសបង្ហាញថា ជាការឆ្លើយតបនឹងបញ្ហាកង្វះទឹកស្អាតប្រើប្រាស់នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងសាងសង់រោងចក្រផលិតទឹកស្អាតមួយកន្លែងថ្មីទៀត នៅសង្កាត់បាក់ខែង ហើយរំពឹងថា រោងចក្រថ្មី នឹងអាចដំណើរការក្នុងឆ្នាំ២០២៣ ហើយអាចផលិតទឹកស្អាតបន្ថែមទៀត បានជិតបួនសែន (៣៩០.០០០)ម៉ែត្រគីប ក្នុងមួយថ្ងៃ។
រីឯដំណោះស្រាយចំពោះបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ពេលនេះ គឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អំពាវនាវឱ្យពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ជួយសន្សំសំចៃទឹកស្អាត ក្នុងការប្រើប្រាស់ ដោយកុំប្រើប្រាស់ទឹកស្អាត បាញ់លាងសម្អាតផ្ទះ កាត់បន្ថយការស្រោចស្រពសួនច្បារ និងលាងរថយន្ត ជាដើម ដើម្បីទុកទឹកស្អាត ចែករំលែកដល់អតិថិជន នៅជាយក្រុងភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
