ក្រសួងធនធានទឹក និងឧតុនិយម ព្យាករថា កម្ដៅនឹងធ្លាក់ចុះបន្តិចនៅសប្ដាហ៍នេះ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ឧសភា ដោយធ្លាក់ចុះពីអតិបរមា ៤០អង្សាសេ មកនៅចន្លោះ ៣៤ ដល់ ៣៧អង្សាសេ។ ប៉ុន្តែបាតុភូតរន្ទះបាញ់ និងខ្យល់កន្ត្រាក់នៅបន្តកើតមានច្រើនដដែល។
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ចុះថ្ងៃទី១២ ឧសភា អះអាងថា មកដល់ពេលនេះ បាតុភូតកម្ដៅ អ៊ែល នីណូ (EL Nino) នៅតែបន្តមានឥទ្ធិពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក ជាហេតុធ្វើឲ្យក្រសួងមិនទាន់ប្រាកដថា រដូវវស្សា ឆ្នាំនេះ នឹងចូលនៅពេលណានោះទេ។ តែក្រសួងសង្ឃឹមថា រដូវវស្សានឹងខិតជិតចូលដល់នៅពេលដ៏ខ្លីខាងមុខនេះ។
ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ឧសភា នឹងមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស។ រាជធានីភ្នំពេញ ខេត្តនៅតំបន់វាលទំនាប និងខេត្តជាប់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់បន្តបន្ទាប់ពីមធ្យមទៅបង្គួរ តែអាចមានតំបន់មួយចំនួនគ្មានភ្លៀងធ្លាក់ច្រើន។ ឯបណ្ដាខេត្តនៅតំបន់ខ្ពង់រាប ភាគខាងជើង និងខ្ពស់រាបភាគឦសានប្រទេស ស្ថានភាពភ្លៀង នឹងធ្លាក់ពីតិចទៅមធ្យម។
យ៉ាងហោចណាស់មានមនុស្ស ៣នាក់ស្លាប់ និងរងរបួសធ្ងន់ ដោយសាររន្ទះបាញ់ និងមនុស្សជាច្រើននាក់ រងរបួសធ្ងន់ស្រាល ដោយសារខ្យល់កន្ត្រាក់ ក្នុងចន្លោះឆ្លងរដូវប្រាំង ចូលរដូវវស្សា ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ឧសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
