មន្ត្រី​បរិស្ថាន​សង្ស័យ​ឈ្មួញ​សត្វ​ព្រៃ​ជា​​អាជីព ជា​ខ្មាន់​កាំភ្លើង​បាញ់​មន្ត្រី​ឧទ្យានុរក្ស​ម្នាក់​នៅ​ខេត្ត​មណ្ឌលគិរី​របួស​ធ្ងន់

ដោយ​ សន ចាន់រដ្ឋា
2019-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ចេង ចន្ធី ជា​មន្ត្រី​ឧទ្យានុរក្ស​​ ខេត្ត​មណ្ឌលគិរី រង​របួស​ត្រូវ​គ្រាប់​កាំភ្លើង​ចំ​គល់​ភ្លៅ​ខាង​ឆ្វេង ដែល​​ខ្មាន់​កាំភ្លើង​បាញ់​ពេល​ល្បាត​ព្រៃ។
លោក ចេង ចន្ធី ជា​មន្ត្រី​ឧទ្យានុរក្ស​​ ខេត្ត​មណ្ឌលគិរី រង​របួស​ត្រូវ​គ្រាប់​កាំភ្លើង​ចំ​គល់​ភ្លៅ​ខាង​ឆ្វេង ដែល​​ខ្មាន់​កាំភ្លើង​បាញ់​ពេល​ល្បាត​ព្រៃ។
រូបថត៖ មន្ទីរ​ព័ត៌មាន​ខេត្ត​មណ្ឌលគិរី

មន្ត្រី​ឧទ្យានុរក្ស​ម្នាក់​​រង​របួស​ធ្ងន់​ពេល បំពេញ​បេសកកម្ម​ល្បាត​ព្រៃ នៅ​ចំណុច​អូរ​ក្បាល​កោះ​កាលឹម​ក្រោម ប៉ុស្តិ៍ ១៤  ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក ខេត្ត​មណ្ឌលគិរី​នៅ​ថ្ងៃ​ទី២៩ មករា។ មន្ត្រី​បរិស្ថាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ​កំពុង​ស៊ើបអង្កេត​រក​ជន​ដៃ​ដល់ ដែល​គេ​សង្ស័យ​ថា ជា​ប្រភេទ​បទ​ល្មើស​សត្វព្រៃ​បង្ក​ឡើង​ដោយ​ព្រាន​ព្រៃ​អាជីព។

ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី លោក កែវ សុភ័ក្ត្រ  ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៩ មករា​ថា ខ្មាន់ កាំភ្លើង​បាន​បាញ់​រះ​មក​លើ ក្រុម​មន្ត្រី​ឧទ្យានុរក្ស សមត្ថកិច្ច និង​សហគមន៍​មាន​គ្នា ៦នាក់ អំឡុង​ពេល​ពូក​គេ​ល្បាត​ព្រៃ​កាល​ពី​យប់​ថ្ងៃ​ទី២៩ មករា ហើយ​ក្រោយ​មក​ពួក​គេ​បាន​បាញ់​តបត​គ្នា បាន​បណ្ដាល​ឲ្យ​មន្ត្រី​ឧទ្យានុរក្ស​ម្នាក់​ឈ្មោះ ចេង ចន្ធី រង​របួស​ធ្ងន់​ដោយ​ត្រូវ​គ្រាប់​កាំភ្លើង​ចំ​គល់​ភ្លៅ​ខាង​ឆ្វេង។ លោក​ថា យប់​ថ្ងៃ​កើត​ហេតុ ក្រុម​ជន​សង្ស័យ​មាន​គ្នា​ពី ៥ ទៅ ៦នាក់ មាន​កាំ​ភ្លើង​ប្រហែល ២ ទៅ ៣ដើម​បាន​បាញ់​រះ​បន្ថែម​ទៀត លើ​ម៉ូតូ​មន្ត្រី​ឧទ្យានុរក្ស​មួយ​គ្រឿង។ ទន្ទឹម​នឹង​នេះ  មុន​ពេល​កើត​ហេតុ ក្រុម​ឧទ្យានុរក្ស​ប្រទះ​ឃើញ ជន​សង្ស័យ​ចង​អង្រឹង​ចោល​ក្នុង​ព្រៃ​អភិរក្ស ហើយ​ពួក​គេ បាន​បោះ​ទីតាំង​ឃ្លាំមើល​សកម្មភាព​ទាំង​នោះ ដើម្បី​ចាំ​ស្ទាក់​ចាប់​បទ​ល្មើស​សត្វព្រៃ និង​ព្រៃ​ឈើ។ ក្រោយ​មក​ពួក​គេ​បាន​ប្រទះ​ឃើញ​ក្រុម​ជន​សង្ស័យ​កាន់​សត្វ​ឈ្លូស និង​ជ្រូក​ព្រៃ ដែល​ទើប​តែ​ឆ្លុះ​បាន៖ «ក្រោយ​ពី​ឈប់​ម៉ូតូ​ឃើញ មាន​ជន​ម្នាក់ លី​ជ្រូក និង​ឈ្លូស​មួយ​ក្បាល ដើម្បី​មក​ដល់​កន្លែង​គេ​ស្នាក់​នៅ។ កម្លាំង​យើង​ស្ទាក់​ចាប់ ពួក​គេ​បម្រះ​រត់ ស្រែក​ហើយ​មាន​ការ​បាញ់​ពី​លើ​មក​តែ​ម្តង គឺ​បាញ់​មក​រក​កង​កម្លាំង​យើង។ យើង​ការពារ​ខ្លួន​យើង​បាញ់​តប​ត រយៈ​ពេល​មួយ​សន្ទុះ​មាន​ការ​ស្ងប់ស្ងាត់ កម្លាំង​យើង​ម្នាក់​ត្រូវ​គ្រាប់​មួយ​គ្រាប់»

លោក កែវ សុភ័ក្ត្រ បន្ថែមថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី២៩ មករា សមត្ថកិច្ច​នៃ​ស្នងការ​ខេត្ត​មណ្ឌលគិរី នៅ​មិន​ទាន់​រក​ឃើញ​ជន​ដៃ​ដល់ ដែល​បាញ់​មន្ត្រី​ឧទ្យានុរក្ស​ម្នាក់ ឲ្យ​រង​របួស​ធ្ងន់​នោះ​ទេ។ចំណែក​ជន​រង​គ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ។ លោក​ថា ​ការ​ផ្ទុះ​អាវុធ​នេះ ទំនង​ជា​ប្រភេទ​បទ​ល្មើស​ជួញ​ដូរ​សត្វព្រៃ​ខុស​ច្បាប់ ដែល​បង្ក​ឡើង​ដោយ​ព្រាន​ព្រៃ​អាជីព។

យ៉ាងណា​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា សង្កេត​ឃើញ​ថា កំណាត់​ឈើ​រាប់​សិប​ម៉ែត្រ​គូប​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ត្រូវ​គេ​ប្រទះ​ឃើញ ឈ្មួញ​លាក់​ក្នុង​ទន្លេ​ស្រែ​ពក ក្បែរ​តំបន់​កើត​ហេតុ​នេះ​ដែរ។ ហេតុ​នេះ​ហើយ​លោក​សង្ស័យ​ថា​ ដើម​ចម​នាំ​ឲ្យ​ផ្ទុះ​អាវុធ​បែប​នេះ អាច​ជាប់​ពាក់ព័ន្ធ​ឈ្មួញ​រក​ស៊ី​ឈើ​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំ ពុំ​មែន​ក្រុម​ឆ្លុះ​សត្វ​ព្រៃ​នៅ​ពេល​យប់​នោះ​ទេ។ លោក​ជឿ​ថា បើ​សមត្ថកិច្ច​មាន​ឆន្ទៈ​ស៊ើប​អង្កេត​រក​ជន​ល្មើស គ្មាន​អ្វី​លំបាក​ទេ ព្រោះ​បទ​ល្មើស​ព្រៃ​ឈើ​កើត​ឡើង​ជា​ប្រព័ន្ធ ហើយ​ចំណុច​ជួញ​ដូរ​ឈើ​នៅ​តំបន់​នោះ គឺ​ឋិត​ក្នុង​កណ្ដាប់​ដៃ​របស់​សមត្ថកិច្ច​មូលដ្ឋាន៖ «ឈើ​ហ្នឹង​ភាគ​ច្រើន​គេ​ទម្លាក់​នៅ​ទន្លេ​ស្រែ​ពក​ច្រើន​មែនទែន រាប់​រយ​ដុំ។ ខ្ញុំ​គិត​ថា​ដោយសារ​បទ​ល្មើស​ជា​ប្រព័ន្ធ បើ​គាត់​ចង់​រក​ស្រួល ចំណុច​នេះ​គេ​ធ្វើ​ឈើ។ ខ្ញុំ​គិត​ថា គាត់​ស្វែង​រក​បាន»

មន្ត្រី​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា  មន្ត្រី​ឧទ្យានុរក្ស​នៅ​ខេត្ត​មណ្ឌលគិរី សរុប​ចំនួន ១០៤​នាក់ គ្រប់គ្រង​ទំហំ​ផ្ទៃដី​អភិរក្ស​ជាង ១​លាន​ហិកតារ​នៅ​ទូទាំង​ខេត្ត។

កាល​ពី​ដើម​ឆ្នាំ ២០១៨  មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល មន្ត្រី​អាវុធហត្ថ និង​មន្ត្រី​បរិស្ថាន​សរុប​ចំនួន ៣​រូប ត្រូវ​បាន​ជនសង្ស័យ​បាញ់​សម្លាប់​ ក្នុង​អំឡុង​ពេល​ពួកគាត់​ចុះ​បំពេញ​បេសកកម្ម​ការពារ​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​សត្វព្រៃ​កែវសីមា ឋិត​នៅ​ភូមិ​ពូហ្យាម ឃុំ​សែនមនោរម្យ ស្រុក​អូរ​រាំង។ ក្រោយ​មក​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន ជន​សង្ស័យ​បាន ៣នាក់ គឺ​ជា​ប៉ូលិស​ការពារ​ព្រំដែន​ក្នុង​នោះ​មាន​ម្នាក់ ជា​មេ​ប៉ុស្តិ៍ ជា​ជន​ដៃ​ដល់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល