ក្រុមកម្មករកាប់ឈើលក់ឲ្យក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) ជាង២០គ្រួសារផ្ទុះការតវ៉ាទាមទារឲ្យក្រុមហ៊ុនបើកលុយដល់ពួកគេ ។ពួកគាត់អះអាងថា ប្រាក់ទាំងនោះពួកគេ ខំចូលទៅកាប់ឈើនៅក្នុងតំបន់ព្រៃឡង់ យកទៅលក់ឲ្យក្រុមហ៊ុននេះជាង ១ឆ្នាំមកហើយ។ ពួកគេបន្ថែមថា ក្រុមហ៊ុនម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) បានបញ្ជូនពួកគេឲ្យចូលទៅកាប់ឈើនៅក្នុងតំបន់ព្រៃឡង់ យកមកលក់ឲ្យខ្លួនតម្លៃ ៤០ម៉ឺនរៀលក្នុងមួយម៉ែត្រគីប ប៉ុន្តែក្រុមហ៊ុននេះមិនបានបើកលុយឲ្យពួកគេនោះទេ ។
កម្មករស៊ីឈ្នួលកាប់ឈើម្នាក់មកពីស្រុកអន្លង់វែង លោក ញ៉ាញ ផល ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី៥ខែមិថុនាថា ពួកលោកមានគ្នាជាង២០គ្រួសារ និងក្រុមមកពីខេត្តផ្សេងៗ ទៀត ត្រូវក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) បញ្ជូនឲ្យចូលទៅកាប់ឈើនៅក្នុងតំបន់ព្រៃឡង់ជាង១ឆ្នាំមកហើយ រហូតមកដល់ពេលនេះក្រុមហ៊ុនមិនបានបើកលុយនោះទេ ដោយក្នុងមួយគ្រួសារក្រុមហ៊ុនជំពាក់ជាង ១០លានរៀល។
លោក ញ៉ាញ ផល៖ « ដឹកចេញពីព្រៃឡង់មកចូលក្នុងក្រុមហ៊ុន៩៧ ហើយអត់ឲ្យលុយមួយរៀលឲ្យទៅណារួចឲ្យតែយកដឹកមកក្រុមហ៊ុនគេធានាខុសត្រូវឲ្យអ៊ីចឹង មិនបាច់មានអីច្រើនទេមានលុយតែមួយលានក្នុងខ្លួននេះអត់អាលីងឆិញ ធ្វើបាបគ្នាអ៊ីចឹងងាប់ហើយក្រុមហ៊ុនទេ ដែលបោកប្រាសកម្លាំងញើសឈាមពួកខ្ញុំនោះ » ។
បុរសរូបនេះបន្ថែមថា កម្មករខ្លះទៀតមិនហ៊ានវិលត្រឡប់ទៅស្រុកកំណើតវិញនោះទេ ព្រោះមិនមានប្រាក់យកទៅសងម្ចាស់បំណុល ហើយពួកគាត់ក៏មិនហ៊ានប្ដឹងទៅអាជ្ញាធរដែរ ដោយសារម្ចាស់ក្រុមហ៊ុនមួយនេះមានភាពស្និតស្នាលជាមួយអាជ្ញាធរ ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានក្រុមហ៊ុនម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) លោក សយ សុផល ដើម្បីឆ្លើយតបការចោទប្រកាន់នេះបានទេ នៅថ្ងៃទី៥ មិថុនា។
មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អួត ឡាទីន ចាត់ទុកការតវ៉ានេះជាតម្រុយនិងជាភស្តុតាងមួយ ដែលបង្ហាញទៅមន្ត្រីជំនាញថាពិត ជាមានការកាប់បំផ្លាញព្រៃឈើនៅដែនជម្រកសត្វព្រៃព្រៃឡង់ខេត្តព្រះវិហារ ហើយក៏មានជាប់ព័ន្ធជាមួយក្រុមហ៊ុនម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) ដែរ ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) កាប់ប្រមូលផលអនុផលព្រៃឈើក្នុងអនុតំបន់ II អនុតំបន់ III និងអនុតំបន់ IV នៃដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ភីអ៊ិនធី (PNT)។ ក្រុមហ៊ុនម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) មានទីតាំងជាប់តំបន់ព្រៃឡង់ ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ។ កន្លងទៅក្រុមសកម្មជន និងប្រជាសហគមន៍ តែតែងរកឃើញក្រុមហ៊ុនមួយនេះ កាប់ឈើខុសច្បាប់ និងរាយការណ៍ទៅសមត្ថកិច្ចជំនាញនៅតំបន់នោះ ដើម្បីធ្វើការទប់ស្កាត់ ប៉ុន្តែមន្ត្រីទាំងនោះមិនព្រមចុះបង្ក្រាបឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។