ការពិនិត្យ​កសាង​ប្រភព​ថាមពល​ឡើង​វិញ ជា​មធ្យោបាយ​ល្អ​កាត់​បន្ថយ​ការ​ប៉ះពាល់​ទឹក​ទន្លេ

ដោយ ទីន ហ្សាការីយ៉ា
2019-05-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កាល​ពី​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ២០១៥ កូន​សត្វ​ផ្សោត​ទន្លេ​មេគង្គ​មួយ​ក្បាល ហែល​​ក្នុង​ទន្លេ​ជាមួយ​មេ​របស់​វា គួរ​ឲ្យ​ទាក់ទាញ។ ហេតុ​ផលមួយ​ដើម្បី​ធានា​និរន្តរភាព​នៃ​ការ​រស់​នៅ​របស់​សត្វ​ផ្សោត​ទាំង​នេះ អង្គការ WWF ផ្ដល់​អនុសាសន៍​ថា ទំនប់​វារី​អគ្គិសនី ដនសាហុង (Don Xahong) មិន​ត្រូវ​សង់​ឡើយ។
កាល​ពី​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ២០១៥ កូន​សត្វ​ផ្សោត​ទន្លេ​មេគង្គ​មួយ​ក្បាល ហែល​​ក្នុង​ទន្លេ​ជាមួយ​មេ​របស់​វា គួរ​ឲ្យ​ទាក់ទាញ។ ហេតុ​ផលមួយ​ដើម្បី​ធានា​និរន្តរភាព​នៃ​ការ​រស់​នៅ​របស់​សត្វ​ផ្សោត​ទាំង​នេះ អង្គការ WWF ផ្ដល់​អនុសាសន៍​ថា ទំនប់​វារី​អគ្គិសនី ដនសាហុង (Don Xahong) មិន​ត្រូវ​សង់​ឡើយ។
រូប៖ ហ្វេសប៊ុក អង្គការ WWF-កម្ពុជា (Kimsan Lor/WWF-Cambodia)

អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ (WWF) និង​អង្គការ​អភិរក្ស​ធម្មជាតិ (The Nature Conservancy) អំពាវនាវ​ឲ្យ​ប្រទេស​ក្នុង​ពិភពលោក រួម​មាន​បណ្ដា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ ឱ្យ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ស្ដីពី​ការ​ពិនិត្យ​ឡើង​វិញ នូវ​ប្រភព​ថាមពល​ពី​ការ​សាងសង់​វារី​អគ្គិសនី ដើម្បី​ដោះ​ស្រាយ​បញ្ហា​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ និង​ទិសដៅ​ផលិត​ថាមពល​អគ្គិសនី ដោយ​ពុំ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​លំហូរ​របស់​ទន្លេ និង​ស្ថានភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​អន្តរជាតិ​ទាំង​ពីរ​នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា គឺ​ធ្វើ​ឡើង ខណៈ​ដែល​មាន​កិច្ច​ប្រជុំ​កំពូល​ស្ដីពី​វារីអគ្គិសនី​ពិភពលោក រយៈ​ពេល ៣ថ្ងៃ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដែល​នឹង​ជជែក​ពិភាក្សា​អំពី​វិធានការ​មួយ​ចំនួន ដើម្បី​សម្រេច​បាន​នូវ​ថាមពល​អគ្គិសនី​ប្រកប​ដោយ​ចិរភាព។ សេចក្ដី​ប្រកាស​បន្ត​ថា វារីអគ្គិសនី គឺ​ជា​ប្រភព​ផ្គត់ផ្គង់​អគ្គិសនី សម្រាប់​បណ្ដា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ រួម​មាន ប្រទេស​កម្ពុជា វៀតណាម ឡាវ ថៃ ម៉ីយ៉ាន់ម៉ា ឬ​ភូមា និង​ប្រទេស​ចិន ក៏​ប៉ុន្តែ ការ​ស្រាវជ្រាវ​បង្ហាញ​ភស្តុតាង​ច្បាស់​ថា ការ​សាងសង់​ទំនប់​វារី​អគ្គិសនី នៅ​លើ​ដង​ទន្លេ​មេគង្គ និង​ដៃ​ទន្លេ​មេគង្គ នឹង​នាំ​ឲ្យ​អន្តរាយ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​ស្បៀងអាហារ ធនធាន​ត្រី ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ជាង ២១លាន​នាក់ ព្រម​ទាំង​ការ​អភិរក្ស​សត្វ​ផ្សោត និង​ត្រី​ឆ្លាំង​យក្ស ជា​ដើម។

អ្នក​ជំនាញ​ការ​ផ្នែក​ធនធាន​ទឹក​ទន្លេ​មេគង្គ របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ (WWF) លោក ម៉ាក ហ្គ័រចូត (Marc Goichot) លើក​ឡើង​ថា ការ​វិនិយោគ​ថាមពល ពី​ពន្លឺ​ព្រះអាទិត្យ និង​ខ្យល់ គឺ​អាច​ផ្តល់​ការងារ​ដល់​មនុស្ស​រាប់​លាន​នាក់ ដោយ​ចំណាយ​ប្រាក់​វិនិយោគ​ទុន​តិច និង​ដោយ​គ្មាន​ផល​ប៉ះពាល់​ពី​គម្រោង​ខ្នាត​ធំ​នៃ​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី ដូច​ជា​នៅ​សម្បូរណ៍ ក្នុង​ខេត្ត​ក្រចេះ និង​នៅ​ខេត្ត​ស្ទឹងត្រែង​ជា​ដើម។

សមាគម​វារី​អគ្គិសនី​អន្តរជាតិ (International Hydropower Association-IHA) ដោយ​មាន​ការ​ចូលរួម​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ៤០ ក្នុង​ពិភព​លោក រៀបចំ​កិច្ច​ប្រជុំ​ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់ ១៦ ខែ​ឧសភា ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​សង្គម​ស៊ីវិល អ្នក​ជំនាញ​ផ្នែក​វិស័យ​ឧស្សាហកម្ម ហិរញ្ញវត្ថុ និង​តំណាង​ពី​ប្រទេស​ចូលរួម​ចំនួន ៧០ ព្រម​ទាំង​អ្នក​ស្រាវជ្រាវ​ផ្នែក​បរិស្ថាន​ជា​ច្រើន​រូប​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល