ប្រជាសហគមន៍ព្រៃឡង់អះអាងថា កម្មកររាប់រយនាក់ប្រើប្រាស់រណាយន្តរាប់សិបគ្រឿង កំពុងមមាញឹក កាប់ទន្ទ្រានដែនជម្រកសត្វព្រៃឡង់ ដើម្បីយកដីធ្វើជាកម្មសិទ្ធិឯកជនអស់ជិត ១ពាន់ហិកតារថ្មីទៀត ឋិតក្នុងខេត្តស្ទឹងត្រែង។ ក្រុមល្បាតសហគមន៍បានចុះដល់ទីតាំងកាប់ទន្ទ្រានព្រៃស្រោង ស្តាយស្រណោះព្រៃព្រឹក្សា ដែលជាជម្រកសត្វព្រៃកម្ររស់នៅ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថានកំពុងប្រឈមការរលាយហិនហោច ហើយការអនុវត្តច្បាប់មានតិចតួចនៅឡើយ។
ប្រជាសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង ឱ្យដឹងថា បច្ចុប្បន្នដែនជម្រកសត្វព្រៃឡង់ ឋិតនៅចំណុច ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ កំពុងទទួលរងការកាប់ទន្ទ្រានដើមឈើទាំងតូចទាំងធំ និងឈូសឆាយព្រៃ ឱ្យក្លាយជាវាលរហោឋាន ដើម្បីយកដីធ្វើអាជីវកម្ម កំពុងកើតមានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគ្មានទប់ស្កាត់នៅឡើយទេ។
ការលើកឡើងនេះ ក្រោយពីប្រជាសហគមន៍ ៩ នាក់ បានចុះល្បាតរួមគ្នាជាថ្មីទៀត កាលពីសប្តាហ៍មុន (១៧ កុម្ភៈ) រកឃើញឧក្រិដ្ឋកម្មព្រៃឈើកើតមានច្រើន ដោយមានការឃុបឃិតគ្នាជាប្រព័ន្ធរវាងឈ្មួញ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួន។
សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តស្ទឹងត្រែង លោក គង់ រី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៨ កុម្ភៈថា ព្រៃឡង់នៅចំណុចភូមិមន និងភូមិវាលពោធន៍ឃុំអន្លង់ជ្រៃ ត្រូវគេកាប់អស់ជាង ២ រយហិកតារ (២០០) ជាថ្មីទៀត។ រីឯព្រៃឡង់នៅចំណុចវាលព្រិច ក្នុងភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ក៏ត្រូវគេកាប់បំផ្លាញអស់ជិត ១ ពាន់ហិកតារ នៅរយៈពេល ជាង ៣ ខែចុងក្រោយនេះ។ លើសពីនេះ ក្រុមអ្នកកាប់ឈើជាច្រើនក្រុម ប្រដាប់ដោយរណាយន្តជាច្រើនគ្រឿង កំពុងមមាញឹកកាប់រានព្រៃទាំងតូចទាំងធំ រួចដុតកម្ទេចចោល ដើម្បីបម្លែងតំបន់នោះ ជាដីកម្មសិទ្ធិ ឯកជន។ លោកបញ្ជាក់ថា ប្រជាសហគមន៍បានផ្តល់ដំណឹងនេះឱ្យមន្ត្រីជំនាញ និងអាជ្ញាធរចុះអនុវត្តច្បាប់ តែគ្មានបានផលឡើយ៖ «មិនមែន ២០នាក់ទេ រាប់រយនាក់តែម្តង មិនមែនអារតែខេត្តយើងអីណា ! ព្រះវិហារកំពង់ធំ ក្រចេះចូលអារព្រោងព្រាតអស់ហើយ តាមម្តុំ ហុងមីន និងហុងចំប៉ក់ឡាន ព្រោងព្រាត់។ គោរពចូលអភិបាលខេត្ត និងសម្តេច រួមទាំងមន្ត្រីបរិស្ថានគ្រប់ជាន់ថ្នាក់ មេត្តាជួយជ្រោមជ្រែង និងការពារធនធានធម្មជាតិយើង ដែលកំពុងមានការកាប់បំផ្លាញធ្ងន់ធ្ងរបំផុត»។
ប្រជាសហគមន៍ព្រៃឡង់រូបនេះបន្ថែមថា ក្រុមកម្មករភាគច្រើន មកពីខេត្តព្រះវិហារ ក្រចេះ និងកំពង់ធំ បានស៊ីឈ្នួលអារឈើឱ្យអ្នកមានអំណាច នៅពីក្រោយខ្នង។ លោកថា ពួកលោកបានបន្លំខ្លួនជាអ្នកកាប់ឈើខុសច្បាប់ ទើបឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានអនុញ្ញាតឱ្យចូលតំបន់នោះ តែប្រសិនបើមន្ត្រីជំនាញស៊ើបដឹងថា ពួកលោកជាអ្នកការពារព្រៃឈើវិញ នឹងប្រឈមចំពោះមុខច្បាប់។
ប្រជាសហគមន៍ព្រៃឡង់ម្នាក់ទៀត លោក អ៊ុក ម៉ៅ អះអាងថា សកម្មភាពកាប់ទន្ទ្រានព្រៃឡង់កំពុងកើតមាន នៅច្រើនតំបន់ផ្សេងៗទៀត ធ្វើឱ្យដែនអភិរក្សមួយនេះ កាប់តែរួមតូចជារៀងរាល់ថ្ងៃ។ លោកថា ព្រៃឡង់ឋិតក្នុងឃុំចម្ការលើ និងឃុំអន្លង់ភេ ក៏កំពុងប្រឈមការឈូសឆាយរុករានបែបអនាធិបតេយ្យអស់រាប់រយហិកតារជាថ្មីទៀត នៅរយៈពេលជាង ២ខែចុងក្រោយនេះ។ លោកសង្កត់ធ្ងន់ថា ឧក្រិដ្ឋកម្មព្រៃឈើទាំងនេះ កើតមានឡើងច្រើន ដោយសារមន្ត្រីពាក់ព័ន្ធមួយចំនួន នៅពីក្រោយខ្នង៖ «បានហ៊ានថា មន្ត្រីនៅពីក្រោយខ្នង ក្រុមសហគមន៍យើងខ្ញុំរាយការណ៍ទៅគាត់ គាត់អត់ដែរចំណាត់ការអីមួយទេ។ ចំណាត់ការបានតែអ្នកតួចតាចទេ អ្នកធ្វើការធំៗ ដូចអត់មានចំណាត់ការទេ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងលោក អេង ភីរុង និង អភិបាលស្រុកថាឡាបរិវ៉ាត់ លោក ជា សារឿន បាននៅឡើយទេ នៅថ្ងៃទី២៨ កុម្ភៈ ដោយទូរសព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
ប៉ុន្តែអភិបាលស្រុករូបនេះ បានថ្លែងប្រាប់ប្រជាសហគមន៍ កាលពីសប្តាហ៍មុនថា កុំទាន់ផ្តល់ព័ត៌មានពីបទល្មើសព្រៃឈើទៅប្រព័ន្ធផ្សព្វផ្សាយ ដោយត្រូវរង់ចាំ ការបោះឆ្នោតឃុំ/សង្កាត់រួចរាល់សិន។ លោកថា អាជ្ញាធរនឹងចាត់វិធានការពង្រឹងការពារធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់ និងព្រៃសហគមន៍ ដោយទាមទារកិច្ចសហប្រតិបត្តិការល្អ រវាងអាជ្ញាធរ និងប្រជាសហគមន៍ ដើម្បីបង្ក្រាបបទល្មើសព្រៃឈើ។
រីឯអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង មានប្រសាសន៍ថា មន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធ កំពុងចុះស្រាវជ្រាវ និងធ្វើកិច្ចការងារនេះហើយ ប្រសិនបើរកឃើញ មានការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ អាជ្ញាធរខេត្តនឹងអនុវត្តតាមច្បាប់ជាធរមាន៖ «ជាគោលការណ៍រដ្ឋបាលខេត្តស្រាវជ្រាវករណីហ្នឹងទាំងអស់ តើដីណាខ្លះជាដីមានកម្មសិទ្ធិស្របច្បាប់ ហើយដីណាខ្លះ? ដីណាខ្លះពុំមានកម្មសិទ្ធិស្របច្បាប់ ហើយដីណាខ្លះ ជាដីកាប់ទន្ទ្រាន នៅតំបន់ការពារធម្មជាតិទាំងអស់ហ្នឹង។ តាមពិតមិនមែនតែតំបន់ព្រៃឡង់ទេ គឺគ្រប់តំបន់ទាំងអស់ហ្នឹង។ បើសិនជាឃើញ យ៉ាងណានោះ យើងនឹងអនុវត្តតាមនីតិវិធី ជាគោលការណ៍សម្រេចរបស់រដ្ឋាភិបាល ក្នុងការការពារធនធម្មជាតិ ក្នុងដែនសមត្ថកិច្ចនីមួយៗ។
កាលពីសប្តាហ៍មុន (១៧ កុម្ភៈ) ប្រជាសហគមន៍ ៩នាក់ បានលបចុះល្បាតព្រៃឡង់ នៅឃុំអន្លង់ជ្រៃពេញមួយថ្ងៃ ដោយរកឃើញគ្រឿងចក្រជាច្រើនគ្រឿង និងរណាយន្តរាប់សិបគ្រឿង គឺជាមធ្យោបាយ កាប់ទន្ទ្រានព្រៃឡង់ ឱ្យក្លាយជាវាល ដើម្បីយកដីលក់។ លទ្ធផលនៃការចុះល្បាត សហគមន៍បានកំណត់អត្តសញ្ញាណ មេឈ្មួញម្នាក់ដែលគេតែងហៅឈ្មោះក្រៅថា យាយ ០២ ជាមេខ្លោង កាប់ទន្ទ្រានព្រៃឡង់ មានទំនាក់ទំនងស្និទ្ធជាមួយអាជ្ញាធរមានអំណាច ហើយបញ្ជូនឈ្មោះគាត់ ទៅមន្ត្រីជំនាញ តែគ្មានចំណាត់ការនៅឡើយទេ មកទល់ពេលនេះ។ រីឯសកម្មភាពកាប់ទន្ទ្រានព្រៃការពារ នៅតែកើតមានច្រើនដដែល។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តស្ទឹងត្រែង លោក ប៊ី វ៉ាន់នី ចាត់ទុក ឧក្រិដ្ឋកម្មព្រៃឈើទាំងនេះ គឺជាភាពកម្សោយនៃការអនុវត្តច្បាប់ របស់ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តស្ទឹងត្រែង ធ្វើឱ្យក្រុមជនល្មើសមិនញញើតច្បាប់។ លោកទាមទារឱ្យមន្ត្រីជំនាញ និងសមត្ថកិច្ចត្រូវចុះទប់ស្កាត់បទល្មើសព្រៃឈើទាំងនេះជាបន្ទាន់ និងត្រូវដកហូត ដីព្រៃអភិរក្សមកជាសម្បត្តិរដ្ឋវិញ ជាពិសេសត្រូវអនុវត្តច្បាប់ដល់អ្នកពាក់ព័ន្ធ៖ «ភាគច្រើនអ្នកប្រព្រឹត្តមិនមែនអ្នកនៅឆ្ងាយនៅភ្នំពេញអីទេ គឺអ្នកនៅមូលដ្ឋានហ្នឹងហើយ ដែលកាប់ទន្ទ្រានដីព្រៃ តំបន់ការពារព្រៃឡង់។ យើងស្នើសុំឱ្យមានការការអនុវត្តច្បាប់»។
ព្រៃឡង់ឋិតក្នុងចន្លោះខែត្រចំនួនបួន គឺខែត្រក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខែត្រកំពង់ធំ ត្រូវរដ្ឋាភិបាលប្រកាសបង្កើតជាដែនជម្រកសត្វព្រៃកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ មានផ្ទៃដីជាង ៤សែនហិកតារ (៤៣១.៦៨៣ហិកតារ) ដែលឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
កាលពីខែមិថុនា ឆ្នាំ ២០២១កន្លងទៅ សហរដ្ឋអាមេរិក បានកាត់ផ្ដាច់ជំនួយអភិរក្សព្រៃឡង់ ២១លានដុល្លារ ដែលត្រូវផ្ដល់ឱ្យរដ្ឋាភិបាលកម្ពុជា ដោយសារតែពិនិត្យឃើញថា ព្រៃឡង់នៅតែទទួលរងការកាប់បំផ្លាញព្រៃឈើខ្លាំងក្លាដដែល ហើយអាជ្ញាធរបានធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តលើសហគមន៍មូលដ្ឋាន និងសង្គមស៊ីវិលដែលចូលរួមការពារព្រៃឡង់។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលើកឡើងថា ស្របពេលដែលការកាប់ឈើខុសច្បាប់នៅតែបន្តកើតមានទាំងនៅក្នុង និងជុំវិញដែនជម្រកសត្វព្រៃឡង់ អាជ្ញាធរកម្ពុជាមិនត្រឹមតែមិនកាត់ទោសឱ្យបានសមល្មមចំពោះបទល្មើសព្រៃឈើ ឬបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនោះឡើយ ប៉ុន្តែអាជ្ញាធរបែរជាបន្តបំបិទសំឡេង និងធ្វើទុក្ខបុកម្នេញលើសហគមន៍មូលដ្ឋាន និងសង្គមស៊ីវិលទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។