យុវជន​​អាស៊ាន​និង​សហរដ្ឋអាមេរិក​បារម្ភ​ចំពោះ​បញ្ហា​​បរិស្ថាន​ក្នុង​តំបន់​និង​ពិភពលោក

0:00 / 0:00

រដ្ឋាភិបាល​សហរដ្ឋអាមេរិក មើល​ឃើញ​ថា ការ​ប្រឈមមុខ​នឹង​បញ្ហា​បរិស្ថាន ហើយ​បង្កើត​ឱ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ មិនមែន​កំពុង​គំរាមកំហែង​តែ​នៅ​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍ ដែល​ហៅ​កាត់​ថា អាស៊ាន ប៉ុណ្ណោះ​ទេ គឺ​វា​កំពុង​គំរាមកំហែង​ជាស​កល​នៅ​ទូទាំង​ពិភពលោក។

ដោយសារ​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​បរិស្ថាន​នេះ ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បាន​ផ្ដើម​គំនិត​ឡើង ដើម្បី​ឱ្យ​អ្នក​ដឹកនាំ​យុវជន​នៅ​បណ្ដា​ប្រទេស​អាស៊ាន​ដែល​ហៅ​កាត់​ថា វ៉ាយ.ស៊ីលលី (YSEALI) បាន​ជួប​ប្រជុំ​គ្នា​បង្កើន​ជំនាញ​ជា​អ្នក​ដឹកនាំ ហើយ​សហការ​ដោះស្រាយ​បញ្ហា​ប្រឈមមុខ​ផ្នែក​បរិស្ថាន​នេះ​ជាមួយ​គ្នា។

ក្រុម​យុវជន​ខ្មែរ​នៅ​ខេត្ត​សៀមរាប និង​យុវជន​មក​ពី​បណ្ដា​ប្រទេស​អាស៊ាន ទាំង ១០ ព្រម​ទាំង​យុវជន​សហរដ្ឋអាមេរិក ចំនួន​ជិត ១០០​នាក់ ដែល​មាន​អាយុ​ចាប់​ពី ១៨ ដល់ ២៥​ឆ្នាំ កំពុង​ចូលរួម​សិក្ខាសាលា​មួយ​ក្នុង​បំណង​បង្កើន​ជំនាញ​ជា​អ្នក​ដឹកនាំ ព្រមទាំង​ភ្ជាប់​ការ​ទាក់ទង​ធ្វើការ​រួមគ្នា​ឈាន​ទៅ​រក​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​មុខ​ផ្នែក​បរិស្ថាន។

សិក្ខាសាលា​រយៈពេល ៤​ថ្ងៃ សម្រាប់​ក្រុម​យុវជន​បណ្ដា​ប្រទេស​អាស៊ាន និង​សហរដ្ឋអាមេរិក ជួប​ប្រជុំ​គ្នា​ចាប់​តាំង​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែ​មេសា នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា វា​មាន​សារសំខាន់​បំផុត​ក្នុង​កិច្ច​ការពារ​បរិស្ថាន​ក្នុង​តំបន់ និង​ជា​សកលលោក។

សកលវិទ្យាធិការ​នៃ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​សាខា​ខេត្ត​សៀមរាប ដែល​ដឹកនាំ​យុវជន​ខ្មែរ​ចូល​រួម​សិក្ខាសាលា​នោះ គឺ​លោក ផាន់ គារ៉ា។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែ​មេសា បន្ទាប់​ពី​ការ​បើក​ឱ្យ​ដំណើរការ​សិក្ខាសាលា​នោះ​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា ក៏​ដូចជា​ប្រទេស​ក្នុង​តំបន់ កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា​បរិស្ថាន​ដូច​គ្នា។

លោក ផាន់ គារ៉ា បញ្ជាក់​ថា ក្រុម​យុវជន​ជិត ១០០​នាក់ មក​ពី​បណ្ដា​ប្រទេស​អាស៊ាន និង​សហរដ្ឋអាមេរិក ដែល​កំពុង​មក​ធ្វើ​សិក្ខាសាលា​ពេល​នេះ មិន​ត្រឹមតែ​ជជែក​គ្នា​ដើម្បី​រក​ដំណោះស្រាយ​ជុំវិញ​បញ្ហា​បរិស្ថាន​ប៉ុណ្ណោះ​ទេ គឺ​ពួកគេ​គ្រោង​នឹង​ទៅ​ដាំ​ដើម​ឈើ​ជាមួយ​សហគមន៍​នៅ​តំបន់​កំពង់ភ្លុក នា​បឹង​ទន្លេសាប នៃ​ស្រុក​ប្រាសាទបាគង និង​នៅ​ឃុំ​ត្បែង នៃ​ស្រុក​បន្ទាយស្រី ដើម្បី​ជួយ​ដល់​បរិស្ថាន​បៃតង​ទៀត​ផង។

​លោក ផាន់ គារ៉ា បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូចជា​នៅ​តាម​ប្រទេស​ក្នុង​តំបន់៖ «យើង​ទាំង​អស់​គ្នា​មិន​អាច​រង់ចាំ​ត​ទៅ​ទៀត​បាន ដែល​យើង​ត្រូវ​តែ​ធ្វើការ​រួម​គ្នា ដោយ​ដឹង​ឭ និង​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​បរិស្ថាន​នេះ»

​សហរដ្ឋអាមេរិក ក៏​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​គំរាមកំហែង​មក​លើ​បរិស្ថាន​នៃ​តំបន់​បណ្ដា​ប្រទេស​អាស៊ាន និង​ពិភពលោក​ដែរ។ ដោយសារ​ការ​ព្រួយ​បារម្ភ​នេះ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ផ្ដល់​ថវិកា​ប្រមាណ ២៥​ម៉ឺន​ដុល្លារ តាម​រយៈ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា មក​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈ្មោះ ខាល់ឈើរ៉ល វីស្តាស៍ (Cultural Vistas) ដោយ​សហការ​ជាមួយ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​សាខា​ខេត្ត​សៀមរាប ដើម្បី​រៀបចំ​ឱ្យ​ក្រុម​យុវជន​នៃ​បណ្ដា​ប្រទេស​អាស៊ាន បាន​ជួប​ពិភាក្សា និង​រក​ដំណោះស្រាយ រួមគ្នា​សម្រាប់​អនាគត។

មន្ត្រី​ទំនាក់ទំនង​សាធារណៈ​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ជេ រ៉ាម៉ែន (Jay Raman) មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​លោក​ប្រធានាធិបតី អូបាម៉ា ដែល​ចង់​ឱ្យ​យុវជន​សហរដ្ឋអាមេរិក បាន​ភ្ជាប់​ការ​ទាក់ទង​ជាមួយ​យុវជន​នៃ​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍។ បញ្ហា​ជាច្រើន​ដែល​សហរដ្ឋអាមេរិក ចង់​ឱ្យ​យុវជន​បណ្ដា​ប្រទេស​អាស៊ាន ចេះ​ធ្វើការ​តស៊ូ​មតិ និង​ដោះស្រាយ​ជា​រួម​គ្នា ដូចជា​បញ្ហា​បរិស្ថាន ភាព​ជា​សហគ្រិន និង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ជាដើម។

លោក ជេ រ៉ាម៉ែន បាន​ជំរុញ​ឱ្យ​យុវជន​ខ្មែរ​ត្រូវ​តែ​ចូល​រួម​ដោះស្រាយ​បញ្ហា​ជា​ច្រើន ដែល​ប្រទេស​កម្ពុជា កំពុងតែ​ប្រឈមមុខ​ក្នុង​ពេល​បច្ចុប្បន្ន៖ «តាម​រយៈ​ឯកសារ​និង​ព័ត៌មាន​ដែល​ខ្ញុំ​បាន​អាន​ឃើញ​ថា សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា បច្ចុប្បន្ន គឺ​ងាយ​រងគ្រោះ​បំផុត បណ្ដាល​មក​ពី​ការ​ប្រែប្រួល​បរិស្ថាន​ជាង​តំបន់​ណាៗ​ទាំង​អស់​នៅ​ក្នុង​ពិភពលោក។ ការ​ប្រែប្រួល​អាកាសធាតុ និង​បរិស្ថាន​ខុស​ធម្មតា គឺ​អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ ប៉ះពាល់​ដល់​យុវជន និង​ការ​អប់រំ​ជាដើម»

​ទោះ​យ៉ាង​ណា សហរដ្ឋអាមេរិក​យល់​ថា បើ​និយាយ​អំពី​បញ្ហា​គំរាមកំហែង​ទៅ​លើ​បរិស្ថាន​វិញ វា​មិនមែន​តែ​នៅ​កម្ពុជា មួយ​ទេ ពីព្រោះ​វា​មាន​បញ្ហា​បរិស្ថាន​ឆ្លង​ដែន និង​បរិស្ថាន​រួម​គ្នា​តាម​រយៈ​ខ្សែ​ទឹក​ទន្លេ​តែមួយ ដែល​ជា​ផ្នែក​ប៉ះពាល់​សកល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។