ដើមឈើធំៗមានអាយុកាលរាប់រយឆ្នាំ ឋិតក្នុងតំបន់ដែនជម្រកសត្វព្រៃព្រះរកា ក្នុងខេត្តព្រះវិហារដែលគ្រប់គ្រងដោយក្រសួងបរិស្ថានកំពុងទទួលរងការកាប់ផ្តួលធ្វើអាជីវកម្មជាបន្តបន្ទាប់។ ក្រុមយុវជនដែលធ្វើដំណើរដល់ទីតាំងបទល្មើសព្រៃឈើទាំងនេះ បានថតវីដេអូ និងរូបភាពបង្ហោះតាមបណ្ដាញសង្គម (Facebook) ផ្តាំប្រាប់រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្មី លោក អ៊ាង សុផល្លែត ថា អសមត្ថភាពថែទាំភោគទ្រព្យជាតិ។
ក្រុមអ្នកស្រឡាញ់បរិស្ថានមើលឃើញថា បើទោះបីជាមានការផ្លាស់ប្តូរ នាយករដ្ឋមន្ត្រីថ្មី និងរដ្ឋមន្ត្រីក្រសួងបរិស្ថានថ្មីយ៉ាងណាក្តី ក៏វិបត្តិព្រៃឈើ ក្នុងតំបន់ដែនជម្រកសត្វព្រៃព្រះរកានៅតែមិនទាន់អាចដោះស្រាយបានដដែល។
ពួកគេសោកស្តាយដែលដើមឈើធំៗដែលដូនតាខំថែរក្សារាប់រយឆ្នាំ បែរជារងការបំផ្លាញ នៅសម័យនេះ ដោយគ្មានការទទួលខុសត្រូវ។
សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន លោក ម៉ា ចិត្រា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៣ ធ្នូ ថា មន្ត្រីជំនាញមានតួនាទី អភិរក្សព្រៃព្រះរកា តែបែរជាមិនអាចការពារបានព្រៃអភិរក្សមួយនេះបាន។
លោកថា រដ្ឋាភិបាលត្រូវទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ ព្រលឹងដូនតា និងការប្រែប្រួលអាកាសធាតុ ប៉ះពាល់ដល់សង្គមជាតិរយៈពេលវែង។
លោក ម៉ា ចិត្រា៖ «អ្នកមានតួនាទី និងអ្នកមានបុណ្យស័ក្ដិដែលត្រូវការពារតំបន់នេះមិនអាចការពារបាន យើងសោកស្តាយមែនទែន ឆ្លុះបញ្ចាំងរដ្ឋាភិបាលកញ្ជើរធ្លុះ។ កេរដូនតាខំថែរក្សារាប់រយឆ្នាំ បែរជាបំផ្លាញសម័យនេះ អាចនិយាយបានថា រដ្ឋាភិបាលកញ្ជើរធ្លុះ»។
ថ្មីៗនេះ ក្រុមយុវជនស្រឡាញ់បរិស្ថាន និងប្រជាសហគមន៍ ជិត ១០នាក់ បានចុះឃ្លាំមើលស្ថានភាពព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃព្រះរកា រយៈពេល ៥ ថ្ងៃ ៤ យប់ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែធ្នូ។ ពួកគេប្រទះឃើញ ដើមឈើមុខកាត់ជាង ២ម៉ែត្រជាច្រើនដើម ត្រូវគេកាប់ផ្តួលអារច្រៀកក្នុងព្រៃធ្វើអាជីវកម្ម ឋិតនៅចំណុចអូរស្កាច់ ក្នុងស្រុកជាំក្សាន្ត។
រីឯក្រុមជនល្មើសជាច្រើនក្រុម បានបោះតង់អារឈើ ក្នុងព្រៃដោយមានរណារថយន្ត និងភ្លើងសូឡា ជាមធ្យោបាយប្រព្រឹត្តបទល្មើសព្រៃឈើ ស្ទើរគ្រប់តំបន់ក្នុងដែនអភិរក្សនេះដោយគ្មានការអនុវត្តច្បាប់។
ប្រជាសហគមន៍ការពារព្រៃព្រះរកា ថ្លែងសុំមិនបញ្ចេញឈ្មោះ ព្រោះខ្លាចមន្ត្រីបរិស្ថានធ្វើបាប សង្កេតឃើញថា ក្រុមជនល្មើសយកគោយន្ត និងសម្ភារៈអារឈើ ចូលព្រៃព្រះរកា ដើម្បីដេកប្រចាំការ ប្រព្រឹត្តបទល្មើសព្រៃឈើ ឃុបឃិតជាមួយមន្ត្រីបរិស្ថាន។
លោកថា មន្ត្រីបរិស្ថានតែងតែរារាំង និងគំរាមកំហែងសហគមន៍មិនឱ្យចុះល្បាតព្រៃ ក៏ប៉ុន្តែក្រុមអ្នកអារឈើបែរជាចូលព្រៃយ៉ាងងាយស្រួល។
ពលរដ្ឋថ្លែងសុំលាក់ឈ្មោះ៖ «មន្ត្រីបរិស្ថានសម្រាក ដេកក្នុងព្រៃក៏ឮសំឡេងម៉ាស៊ីនដែរ ដែលសហគមន៍មើលឃើញថា គាត់ជាមន្ត្រីគ្មានឆន្ទៈការពារព្រៃដូចកាតព្វកិច្ចដែលគាត់ត្រូវធ្វើ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត និងអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បាននៅឡើយទេ នៅថ្ងៃទី១៣ ធ្នូ។
រីឯនាយកដែនជម្រកសត្វព្រៃព្រះរកា លោក យ៉ាន ប៊ុនសឿន ក៏វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការអធិប្បាយបានដែរ នៅថ្ងៃដដែលនេះ។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ សង្កេតឃើញថា បទល្មើសព្រៃឈើនៅតែកើតមានច្រើនដដែលៗ ស្ទើរក្លាយជាទម្លាប់ទៅហើយ ដែលរដ្ឋាភិបាលអាណត្តិថ្មីនេះ មិនទាន់ដោះស្រាយឱ្យមានប្រសិទ្ធភាពនៅឡើយទេ។
លោក ប៉ែន ប៊ុណ្ណារ៍៖ «និទ្ទណ្ឌភាពបូកនឹងអំពើពុករលួយ គ្រប់បទល្មើសទាំងអស់ អាចបន្តដំណើរទៅមុខមិនមានការទប់ស្កាត់ វាជាទម្លាប់ទៅហើយ បទល្មើសព្រៃឈើ ត្រូវគេកាប់រំលំដឹកទៅក្រៅប្រទេសរាប់ម៉ឺន រាប់ពាន់ម៉ែត្រគូប»។
របាយការណ៍អង្កេតលើកទី២ របស់ក្រុមអ្នកស្រាវជ្រាវនៃសកលវិទ្យាល័យកូពែនហេហ្គែន (Copenhagen) នៃប្រទេសដាណឺម៉ាក (Denmark) បង្ហាញថា កម្ពុជាបានបាត់បង់ព្រៃឈើជាង ១៤ម៉ឺនហិកតារ (១៤៤.០០០) កាលពីឆ្នាំ២០២០។ ក្នុងនោះ ការបាត់បង់គម្របព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃឡង់បានកើនឡើង ២២% ព្រៃព្រះរកាកើនឡើង ៤៣% និងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នចំនួន ៤៧%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។