ក្រុម​យុវជន ព្រះសង្ឃ និង​សហគមន៍​ជាង ១០០នាក់​ផ្តិត​មេដៃ​ស្នើសុំ​លុប​បំបាត់​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​ព្រៃ​ព្រះ​រកា

0:00 / 0:00

ក្រុម​យុវជន ព្រះសង្ឃ និង​សហគមន៍​ព្រៃ​ព្រះ​រកា​ជាង ២០នាក់ បាន​យក​ញត្តិ​មាន​ស្នាម​មេដៃ ១៥៤ នាក់ ដាក់​ជូន​ក្រសួង​បរិស្ថាន​នៅ​ព្រឹក​ថ្ងៃ​ទី២៨ កុម្ភៈ ក្នុង​បំណង​ស្នើ​ឱ្យ​ស្ថាប័ន​សាមី​មួយ​នេះ ចាត់​វិធានការ​តាម​ច្បាប់​ចំពោះ​បទ​ល្មើស​ព្រៃ​ឈើ និង​សត្វ​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ។ ការ​ដាក់​ញត្តិ​នេះ បន្ទាប់​ពី​ពួក​គេ បាន​ចុះ​ល្បាត​ព្រៃ ៩លើក រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ ៩៨ករណី ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា។

ញត្តិសំណូមពរដោយទទូចចំនួន៣ទំព័រ និង​ស្នាម​មេដៃ​ជាង ១៥០នាក់ (១៥៤) អ្នក​ស្រឡាញ់​ធនធាន​ធម្មជាតិ​ទាំង​នេះ ដាក់​ជូន​រដ្ឋមន្ត្រី ក្រសួងបរិស្ថាន លោក សាយ សំអាល់ នៅ​ព្រឹក​ថ្ងៃ​ទី២៨ កុម្ភៈ នៅ​ទីស្ដីការ​ក្រសួង​បរិស្ថាន ក្នុង​រាជ​ធានី​ភ្នំពេញ។ ខ្លឹមសារ​ញត្តិ​នោះ បង្ហាញ​នូវ​បញ្ហា​ស្នូល ៦ចំណុច ស្នើ​ឱ្យ​ស្ថាប័ន​សាមី​មួយ​នេះ ដោះ​ស្រាយ​ជា​បន្ទាន់ រួម​មាន ទី១. ការ​ផាក​ពិន័យ​អន្តរកាល​ពុំ​មានប្រសិទ្ធភាព ដោយ​សារ​ជន​ល្មើស​មាន​ថៅកែ ជា​អ្នក​បង់​លុយ​ជំនួស ដូច្នេះ​ពួក​គេ​នៅ​តែ​អាច​ចូល​ព្រៃ​កាប់​ឈើ​បន្ត​ទៀត។ ទី២. មាន​ផ្លូវ​ខ្វាត់ខ្វែង​ក្នុង​ព្រៃ ងាយ​ស្រួល​ដល់​ក្រុម​ជន​ល្មើស​ដឹក​ជញ្ជូន​ឈើ និង​សត្វ​ព្រៃ។ ទី៣. ពុំ​មាន​ការ​ស៊ើប​អង្កេត​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ចាំ​ទទួល​ទិញ​ឈើ នៅ​ពេល​ចាប់​ជន​ល្មើស​បាន​ម្ដងៗ។ ទី៤. ពុំ​មាន​យន្តការ​តាម​ដាន ត្រួត​ពិនិត្យ ដាក់​ទោស​មន្ត្រី​អនុវត្ត​ច្បាប់​មិន​ល្អ ឬ​ឃុបឃិត​ជាមួយ​ឈ្មួញ​ពាក់ព័ន្ធ។ ទី៥. ពុំ​មាន​ការ​ចុះ​ពិនិត្យ​តាម​ផ្ទះ​ពលរដ្ឋ​នៅ​ជុំវិញ​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា និង​ទី៦. ជន​ល្មើស​ចូល​អារ​ឈើ និង​ដឹក​ជញ្ជូន​ឈើ​នៅ​ពេល​យប់ បង្ក​ការ​លំបាក ក្នុង​ការ​ឃាត់ ឬ​ចាប់ មក​អនុវត្ត​ច្បាប់ របស់​មន្ត្រី​ជំនាញ។

តំណាង​ក្រុម​យុវជន លោក សាន់ ម៉ាឡា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៨ កុម្ភៈ​ថា បទ​ល្មើស​ព្រៃ​ឈើ ចំនួន ៩៨ ករណី ដែល​ពួក​គេ​រួម​គ្នា​ចុះ​ល្បាត ៩លើក​ចាប់​តាំង​ពី​ដើម​ឆ្នាំ២០១៩ រហូត​មក រឹប​អូស​ឈើ​បាន​ជាង ៤០០ (៤១៨) បន្ទះ ក្នុង​នោះ​មាន​ប្រភេទ​ឈើ គគីរ កកោះ ផ្ដៀក ពពេល និង​ស្រឡៅ​ជា​ដើម។ លោក​ថា ខ្លឹមសារ​ញត្តិ​នេះ បាន​ភ្ជាប់​ភស្តុតាង​មួយ​ចំនួន រួមមាន លេខ GPS ឃ្លីប​វីដេអូ​បង្ហាញ ពី​សកម្មភាព​អ្នក​ដឹក​ឈើ​ខុស​ច្បាប់ ដែល​ក្រុម​ជន​ល្មើស​សារភាព​ថា ខ្លួន​ដឹក​ឈើ​ឱ្យ​ថៅកែ​ណា​មួយ។ លោក​បញ្ជាក់​ថា ភស្តុតាង​ទាំង​នេះ គឺ​ជា​មូលដ្ឋាន​សម្រាប់​ក្រសួង​បរិស្ថាន​ចុះ​ស៊ើប​អង្កេត រក​ថៅកែ​ទិញ​ឈើ​ខុស​ច្បាប់​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា មក​ផ្ដន្ទាទោស​តាម​ច្បាប់៖ « យើង​មើល​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា​ហ្នឹង​មាន​ដែរ ប៉ុន្តែ​វា​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ ក្រៅ​ពី​សកម្មភាព​ល្បាត​ដោយ​មន្ត្រី​ឧទ្យានុរក្ស​ហ្នឹង ខ្ញុំ​គិត​ថា ក្រសួង​ត្រូវ​មាន​យុទ្ធសាស្ត្រ​បន្ថែម​ទៀត ដូច្នេះ​ចង់​ឱ្យ​ក្រសួង​ហ្នឹង​បង្ហាញ​យុទ្ធសាស្ត្រ ពី​សកម្មភាព​ខ្លួន​ឯង​ជាក់លាក់។ ប្រសិន​ជា​សំណូមពរ និង​ញត្តិ​មិន​ត្រូវ​បាន​ដោះ​ស្រាយ យើង​ទៅ​ពេល​ក្រោយ នៅ​តែ​ឃើញ​បទ​ល្មើស ក្រុម​របស់​យើង ជា​មួយ​នឹង​សហគមន៍​យើង​នឹង​គិត​គ្នា​ថា គួរ​ធ្វើ​អី​ជា​សាធារណៈ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ក្រសួង​ដោះ​ស្រាយ ដើម្បី​ធានា​ថា ធ្វើ​ម៉េច​តំបន់​ហ្នឹង​លែង​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ »

យុវជន​ម្នាក់​ទៀត ដែល​សកម្ម​ចុះ​ល្បាត​ព្រៃ ព្រះ​រកា លោក ម៉ា ចិត្រា ថ្លែង​ថា ការ​ដោះ​ស្រាយ​បញ្ហា​នេះ ពុំ​មាន​អ្វី​លំបាក​ទេ ប្រសិនបើ រដ្ឋាភិបាល និង​ក្រសួង​បរិស្ថាន​មាន​សុឆន្ទៈ​ដោះ​ស្រាយ ព្រោះ​ពួក​គេ​បាន​បង្ហាញ​គោល​គំនិត​មួយ​ចំនួន បង្កប់​ក្នុង​ខ្លឹមសារ​ញត្តិ​នោះ ដោយ​ទទូច​ឱ្យ​ក្រសួង រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​សកម្មភាព​កាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់ ក្នុង​ព្រៃ​ព្រះ​រកា។ លោក​សង្កេត​ឃើញ​ថា កន្លង​ទៅ​មន្ត្រី​ជំនាញ​ចាប់​ខ្លួន​ជន​ល្មើស​បាន ក៏​ប៉ុន្តែ​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង ចាំ​បង់​លុយ​វិន័យ​អន្តរកាល​ជំនួស ហើយ​មួយ​រយៈ​ខ្លី​ក្រោយ​មក ជន​ល្មើស​ដដែល​នោះ នៅ​តែ​បន្ត​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​ដដែល៖ «ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត រក​អ្នក​ដែល​នៅ​ពី​ក្រោយ​ខ្នង​នៃ​អ្នក​កាប់​ឈើ​ហ្នឹង។ ប្រសិន​ជា​រក​បាន​ហើយ ខ្ញុំ​គិត​ថា ព្រៃ​ឈើ​ហ្នឹង​នឹង​នៅ​គង់វង្ស អត់​មាន​អ្នក​ណា​អាច​កាប់​លក់​ដូរ​បាន​ទេ។ ព្រោះ​អី​បើ​យើង​ទៅ​ចាប់​អ្នក​កាប់ ឬ​អ្នក​ដឹក ចាប់​មិន​ងាយ​អស់​ទេ ដោយសារ​តែ​កន្លង​មក​ហ្នឹង ពេល​ដែល​ចាប់​ហើយ មាន​អ្នក​ទៅ​បង់​លុយ​ជំនួស។ អ៊ីចឹង​យើង​ទៅ​រក​អ្នក​ទៅ​បង់​លុយ​ជំនួស​ហ្នឹង ហើយ​ធ្វើ​ម៉េច​ចាត់​វិធានការ​លើ​អ្នក​ទាំងនោះ អា​ហ្នឹង​យើង​គិត​ថា ព្រៃ​ព្រះ​រកា​នៅ​គង់វង្ស »

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា បញ្ជាក់​យ៉ាង​ខ្លី​ថា ក្រសួង​បាន​ទទួល​ញត្តិ​នេះ​រួច​ហើយ និង​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ជាក់​ស្ដែង​លើ​ទី​តាំង ដែល​មាន​ចែង​ក្នុង​ខ្លឹមសារ​ញត្តិ​នេះ។ ក៏​ប៉ុន្តែ​លោក​មិន​អធិប្បាយ​លម្អិត​ថា ក្រសួង​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​ពេល​ណា​នោះ​ទេ។ ចំពោះ​សំណួរ​ថា តើ​ក្រសួង​នឹង​ស៊ើប​អង្កេត​រក​ថៅកែ​ចាំ​ទទួល​ទិញ​ឈើ ក្នុង​ព្រៃ​ព្រះ​រកា​ឬ​ទេ? អ្នក​នាំ​ពាក្យ​រូប​នេះ នៅ​មិន​ទាន់​ឆ្លើយ​សំណួរ​នេះ​នៅ​ឡើយ​ទេ។

ព្រៃ​ព្រះ​រកា​មាន​ទំហំ​ជាង ៩​ម៉ឺន​ហិកតារ ស្ថិតនៅ​ចន្លោះ​ព្រំប្រទល់​ស្រុក​ចំនួន​៣ គឺ​ស្រុក​ត្បែង​មាន​ជ័យ ស្រុក​ជាំ​ក្សាន្ត និង​ស្រុក​ឆែប របស់​ខេត្ត​ព្រះវិហារ​។ សហគមន៍​មូលដ្ឋាន​ និង​ក្រុម​យុវជន​កត់​សម្គាល់​ថា កន្លងទៅ​ពួកគេ​ផ្ដល់​ព័ត៌មាន ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ និង​សកម្មភាព​អារ​ឈើ ចេញពី​ព្រៃ​ព្រះ​រកា ជាច្រើន​ករណី​មក​ហើយ​ក្ដី ក៏​ប៉ុន្តែ​មិន​ទាន់​មាន​តម្រុយ​ថា ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ស៊ើបអង្កេត និង​អនុវត្ត​ច្បាប់​លើ​ថៅកែ​ឈើ​ណា​ម្នាក់ មក​ផ្ដន្ទាទោស​តាម​ច្បាប់​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។