ល្បែង​បៀរ​អាប៉ោង និង​ភ្នាល់​បាល់ កើត​មាន​នៅ​ព្រៃវែង

មន្ត្រី​រាជការ និង​ប្រជា​ពលរដ្ឋ​មាន​លំនៅ​នៅ​ខេត្ត​ព្រៃវែង បាន​អះអាង​នៅ​ថ្ងៃ​១៩ កញ្ញា ថា ល្បែង​ភ្នាល់​បាល់ និង​បៀរ​-​អាប៉ោង បាន​កើត​មាន​​យ៉ាង​អនាធិបតេយ្យ ដោយ​មិន​ឃើញ​មាន​សមត្ថកិច្ច​ធ្វើ​ការ​បង្ក្រាប​ឡើយ ទោះបី​ល្បែង​ភ្នាល់​ទាំង​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ដាក់​បទបញ្ជា​មិន​ឲ្យ​កើត​មាន​បែប​ណា​ក្តី។

គ្រូ​បង្រៀន​ឈ្មោះ ឌឿន ថាវី រស់​នៅ​ស្រុក​កំពង់លាវ ក្រុង​ព្រៃវែង មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា ល្បែង​ភ្នាល់​បាល់​បាន​កើត​មាន​យ៉ាង​អនាធិបតេយ្យ និង​ចេញ​មុខ​ពេញ​ទំហឹង នៅ​ទី​ប្រជុំ​ជន ខេត្ត​ព្រៃវែង ដោយ​មិន​មាន​សមត្ថកិច្ច​​ចាត់​វិធានការ​បង្ក្រាប​នោះ​ទេ។

លោក​ឲ្យ​ដឹង​ថា ល្បែង​ភ្នាល់​បាល់​នេះ​ជ្រក​ក្រោម​ស្លាក​ហាង​ខារ៉ាអូខេ យីហោ​ជាប់​ចិត្ត មាន​ទីតាំង​នៅ​សង្កាត់​កំពង់​លាវ ស្រុក​កំពង់​លាវ ក្រុង​ព្រៃវែង និង​កំពុង​ធ្វើ​សកម្មភាព​ជា​រៀងរាល់​ថ្ងៃ។

គ្រូ​បង្រៀន​រូប​នេះ​ស្នើ​ដល់​សមត្ថកិច្ច​មូលដ្ឋាន ក៏​ដូច​ជា​រដ្ឋាភិបាល ឲ្យ​ចាត់​វិធានការ​លុប​បំបាត់​ល្បែង​ភ្នាល់​បាល់​ឲ្យ​អស់​ពី​ទឹក​ដី​ខេត្ត​ព្រៃវែង ព្រោះ​បាន​បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា និង​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​មាន​ជីវភាព​​កាន់តែ​ក្រីក្រ។

គ្រូ​បង្រៀន​ឈ្មោះ ឌឿន ថាវី បញ្ជាក់​ថា ៖ «បើក​លក្ខណៈ​បើក​អ៊ិនធើណិត ប៉ុន្តែ​អ្នក​ចាក់​ហ្នឹង​គឺ​ចាក់​ច្រើន​នៅ​ព្រៃវែង។ នៅ​ក្រោយ​អេស៊ីលីដា​ធំ នៅ​ទី​រួម​ខេត្ត​ព្រៃវែង។ បាល់​ហ្នឹង​គឺ​ចាក់​ពេញ​ទំហឹង​តែម្ដង!»

ស្ត្រី​ជា​អាជីវករ​ម្នាក់​ស្ថិត​ក្នុង​ចំណោម​ស្ត្រី​ផ្សេង​ទៀត ដែល​ស្វាមី​របស់​គាត់​បាន​ឈ្លក់​វង្វេង​នឹង​ល្បែង​បៀរ​-​អាប៉ោង​ងើប​មុខ​មិន​រួច មាន​ប្រសាសន៍​ថា ប្លង់​ដី និង​ផ្ទះ​របស់​ពួក​គេ ត្រូវ​បាន​ប្តី​យក​ទៅ​បញ្ចាំ​យក​លុយ​លែង​ល្បែង​អស់​គ្មាន​សល់ និង​បាន​កើត​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ស្ទើរ​រាល់​ថ្ងៃ បណ្ដាល​មក​ពី​ល្បែង​ភ្នាល់​ទាំង​នេះ។ ស្ត្រី​រូប​នេះ​បាន​ស្នើ​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ ឲ្យ​ជួយ​បង្ក្រាប​វង់​ល្បែង​បៀរ​-​អាប៉ោង កំពុង​កើត​មាន​នៅ​មូលដ្ឋាន​ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ឲ្យ​បាន​ទាន់​ពេល​វេលា បើ​មិន​ដូច្នេះ​ទេ នឹង​បង្ក​មហន្ត​រាយ​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​អនាគត។

ទាក់ទង​នឹង​ល្បែង​ភ្នាល់​នេះ​ដែរ កសិករ​វ័យ​ចំណាស់​ឈ្មោះ ជុំ ឈឿន រស់​នៅ​ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ថា នៅ​មូលដ្ឋាន​នេះ​ក៏​កើត​មាន​វង់​ល្បែង​បៀរ​-​អាប៉ោង​ជា​ច្រើន​កន្លែង ហើយ​សមត្ថកិច្ច​មិន​បាន​បង្ក្រាប​ឡើយ។ លោក​ថា វង់​ល្បែង​ទាំង​នេះ​បាន​នាំ​ឲ្យ​ពលរដ្ឋ​ក្នុង​​មូលដ្ឋាន​មាន​ជីវភាព​កាន់​តែ​ក្រ​ទៅ​ៗ ព្រោះ​បាន​យក​ប្លង់​ដី និង​ទ្រព្យ​សម្បត្តិ ដែល​មាន​ទាំង​ប៉ុន្មាន លក់​ដើម្បី​លេង​ល្បែង​អស់​គ្មាន​សល់ និង​កើត​មាន​អំពើ​ហិង្សា ព្រម​ទាំង​មាន​ប្តី​ប្រពន្ធ​លែងលះ​គ្នា​ជា​ច្រើន​គ្រួសារ​ទៀត​ផង។

កសិករ​វ័យ​ចំណាស់​ឈ្មោះ ជុំ ឈឿន រស់​នៅ​ឃុំ​ឈើកាច់ ៖ «មាន ២ ទៅ ៣​កន្លែង​នៅ​ផ្សារ​ឈើ​កាច់ ២​កន្លែង នៅ​ទ្រា ១​កន្លែង និង​នៅ​ក្បាល​ដំរី ១​ទៀត។ លេង​នៅ​ក្បាល​ដំរី លេង​អាប៉ោង ចាញ់​សុទ្ធ​តែ​អស់​រាប់​លាន! ហើយ​នៅ​ឈើ​កាច់ ២​កន្លែង គឺ​មាន​លេង​ប៉ក់ លេង​កាតេ ហើយ​នៅ​ទ្រា​លេង​ប៉ក់​ផង លេង​ហាំ​ផង លេង​អាប៉ោង​ផង។ ច្បាប់​គេ​លេង គេ​ថា ក្រោម ៥​ម៉ឺន តែ​ឥឡូវ​លើស​ពី ១០​ម៉ឺន​ទៅ​ទៀត!»

ឆ្លើយ​តប​នឹង​ការ​អះអាង​របស់​ប្រជា​ពលរដ្ឋ លោក ឡុង សុផាត មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​ឈើ​កាច់ បាន​បដិសេធ​ថា នៅ​មូលដ្ឋាន​​របស់​លោក​មិន​មាន​ទីតាំង​បើក​វង់​ល្បែង​បៀរ​-​អាប៉ោង​ច្រើន​កន្លែង ដូច​ជា​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ដូច្នេះ ៖ «គ្មាន​នរណា​ហ៊ាន​ទេ! គ្មាន​អ្នក​ហ៊ាន​បើក​ល្បែង​ទេ!»

ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង លោក ទឹម ផន ក៏​បាន​បដិសេធ​ថា អត់​មាន​វង់​ល្បែង​បៀរ​-​អាប៉ោង និង​ទីតាំង​ភ្នាល់​បាល់ កើត​មាន​អនាធិបតេយ្យ​នៅ​មូលដ្ឋាន​ខេត្ត​ព្រៃវែង​នោះ​ទេ។ ប៉ុន្តែ​លោក​ថា សមត្ថកិច្ច​នឹង​បើក​ការ​ស៊ើប​អង្កេត ទៅ​តាម​ការ​ចង្អុល​បង្ហាញ​របស់​ប្រជា​ពលរដ្ឋ ប្រសិន​បើ​កើត​មាន​មែន​នោះ សមត្ថកិច្ច​នឹង​ចាត់​វិធានការ​បង្ក្រាប។

លោក ទឹម ផន ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង មាន​ប្រសាសន៍​ដូច្នេះ ៖ «ភ្នាល់​បាល់ យើង​ពិបាក​ណាស់ សមត្ថកិច្ច​យើង​តាមដាន ប៉ុន្តែ​គេ​លេង​តាម​ទូរស័ព្ទ និង​អ៊ិនធើណិត។ វា​ពិបាក​ដែរ ខ្ញុំ​វា​អត់​រក​ឃើញ​សោះ​ឥឡូវ​នេះ!»

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០០៩ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​​​អាជ្ញាធរ​ក្រោម​ឱវាទ បិទ​កន្លែង​ភ្នាល់​បាល់ និង​កន្លែង​​លេង​ល្បែង​ស្លត់​ម៉ាស៊ីន​នៅ​ទូទាំង​ប្រទេស ដោយ​លោក​ថ្លែង​ថា ទីតាំង​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​សីលធម៌ និង​បង្កើត​ឲ្យ​មាន​អសន្តិសុខ​​ក្នុង​សង្គម។

ទោះ​យ៉ាង​នេះ​ក្តី ប្រជា​ពលរដ្ឋ​បាន​លើក​ឡើង​ថា ល្បែង​ភ្នាល់​ទាំង​នេះ​នៅ​បន្ត​កើត​មាន​នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​តាម​ខេត្ត​-​ក្រុង​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ដោយ​អាជ្ញាធរ​មិន​ធ្វើ​ការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើយ៕