ចំនួន​អ្នកស្លាប់​ដោយ​សារ​ជំងឺកូវីដ-១៩ បាន​កើន​ឡើង​ដល់​៥៦នាក់​ បន្ទាប់ពី​អ្នកជំងឺ​ប្រាំពីរ​នាក់​​ទៀត​បាន​ស្លាប់

ចំនួន​អ្នកស្លាប់​ដោយ​សារ​ជំងឺកូវីដ-១៩ បាន​កើន​ឡើង​ដល់​៥៦នាក់​ហើយ​បន្ទាប់ពី​អ្នកជំងឺ​ប្រាំពីរ​នាក់​ទៀត​បាន​ស្លាប់​បន្តបន្ទាប់​គ្នា កាលពីថ្ងៃទី១៨ ​និង​ថ្ងៃទី២១ខែមេសា។ ​អ្នក​ស្លាប់​ទាំង​ប្រាំពីរនាក់​នោះគឺជា​ពលរដ្ឋរស់​នៅ​រាជធានីភ្នំពេញ ខេត្តកណ្តាល ​និង​ខេត្តព្រះសីហនុ។

សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួងសុខាភិបាល​អោយ​ដឹង​ថា អ្នកស្លាប់​ចុងក្រោយ​២​នាក់​ កាលពីថ្ងៃទី២១ មេសា ​គឺជាស្រ្តី​ជនជាតិខ្មែរ។ ពួកគេ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។ ក្នុង​នោះ​ម្នាក់មាន​អាយុ៥៤​ឆ្នាំ​​ជាអ្នករស់នៅ​សង្កាត់ស្ទឹងមានជ័យ។ ចំណែក​ម្នាក់ទៀត​មាន​អាយុ​៥៤ឆ្នាំ​ដែរ​ជាអ្នករស់​នៅ​ក្នុង​សង្កាត់​ផ្សារអូឫស្សី៣ ខណ្ឌ៧មករា។ ស្រ្តីទាំង២​នាក់​សុទ្ធតែមាន​អាការៈហត់ ក្អក និង​ដង្ហក់​ខ្លាំង។ គ្រូពេទ្យ​សន្និដ្ឋាន​ថា​អ្នកទាំង​២​ស្លាប់​ដោយ​សារ​មាន​វិបត្តិ​ផ្លូវដង្ហើមស្រួចស្រាល ធ្ងន់ធ្ងរ និង​រលាក​សួត​ទាំងសង្ខាង​ដោយសារ​វីរុស​កូវីដ-១៩។

ទាក់ទង​នឹង​​ករណី​ឆ្លងថ្មីវិញ ក្រសួង​សុខាភិបាល​រក​ឃើញ​ជាង៣​រយនាក់ (៣០៣) ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។ ការរក​ឃើញថ្មី​នេះធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​​សហគមន៍​២០​ កុម្ភៈ​កើន​ដល់​ជាង ៧ ពាន់នាក់ (៧.២០២) ហើយ។ ប៉ុន្តែនៅ​ថ្ងៃដដែលនេះក៏មាន​អ្នក​ជំងឺជាង ២រយនាក់ (២៣៩) បាន​ជា​សះស្បើយវិ​ញ​ដែរ។

គិត​ត្រឹម​ព្រឹកថ្ងៃទី២១ខែមេសា ម្សិលម៉ិញ កម្ពុជា​មាន​អ្នកកើត​ជំងឺកូវីដ-១៩ ជាង ៧ពាន់ ៧រយ​នាក់ (៧.៧៤៧) ក្នុង​នោះអ្នកជា​សះស្បើយ​មាន​ជិត ២ពាន់ ៨រយ​នាក់ (២.៧៩៤)​ ហើយ​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ជិត៥​ពាន់​នាក់​(៤.៨៩៣)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។