សហជីព​ស្នើ​សុំ​ឱ្យ​ ប.ស.ស​ ទទួល​យក​មតិ​រិះគន់​ ជាជាង​​ការ​គំរាម ​ឬ​​ការ​ឆ្លើយតប​ទាំង​កំហឹង

ដោយ វ៉ែន សុមេធ
2018-06-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក ជាវ ប៊ុនរិទ្ធ អ្នក​នាំ​ពាក្យ​ប្រចាំ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២ ធ្នូ ឆ្នាំ​២០១៦។ RFA
លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក ជាវ ប៊ុនរិទ្ធ អ្នក​នាំ​ពាក្យ​ប្រចាំ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២ ធ្នូ ឆ្នាំ​២០១៦។ RFA
Photo: RFA

ថ្នាក់ដឹកនាំ​សហជីព​មួយ​រូប​ស្នើ​សុំ​ឱ្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (..) មាន​ការ​អត់ធ្មត់​ខ្ពស់​ចំពោះ​មតិ​រិះគន់​ពី​សាធារណជន ដើម្បី​កែ​លម្អ​ការ​ផ្ដល់​សេវា​សាធារណៈ​ដល់​កម្មករ​និយោជិក​ទាំងអស់​ឱ្យ​បាន​កាន់តែ​ប្រសើរ។ ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​ចេញ​លិខិត​បំភ្លឺ​មួយ​ទាក់ទង​នឹង​រឿង​សុពលភាព​នៃ​ប័ណ្ណ​ប..ស ដោយ​ស្ថាប័ន​នេះ​បាន​ប្រើប្រាស់​ពាក្យ​សម្ដី​គ្រោតគ្រាត​មួយ​ចំនួន ចំពោះ​អ្នក​ដែល​បាន​រិះគន់​សេវា​ពេទ្យ​ដែល​ផ្ដល់​ឱ្យ​ដោយ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម និង​អ្នក​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ថា ប័ណ្ណ​ប..ស មាន​សុពលភាព​ត្រឹម​ឆ្នាំ ២០១៨។

បេឡា​ជាតិ​របប​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រើប្រាស់​ពាក្យ “​ជន​អគតិ​” សំដៅ​ទៅលើ​បុគ្គល​ដែល​និយាយ​ថា គ្រូពេទ្យ​ឱ្យ​ថ្នាំ​មិនល្អ​ដល់​កម្មករ​ដែល​ប្រើប្រាស់​ប័ណ្ណ ប​.​ស​.​ស សម្រាប់​ព្យាបាល​ជំងឺ ខុស​ពី​អ្នក​បង់លុយ​ដទៃ​ទៀត។ ស្ថាប័ន​នេះ​ក៏បាន​ហៅ​អ្នក​ដែល​ផ្សព្វផ្សាយ​ថា ប័ណ្ណ ប​.​ស​.​ស​សម្រាប់​ព្យាបាល​ជំងឺ​របស់​កម្មករ នឹង​លែង​មាន​សុពលភាព​ក្រោយ​ឆ្នាំ ២០១៨ ថា​ជា “​ជន​អគតិ​” ផង​ដែរ។

នៅ​ក្នុង​សេចក្តី​បំភ្លឺ​កាលពី​ថ្ងៃទី១០ មិថុនា បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​អះអាង​ថា ប័ណ្ណ​ប​.​ស​.​ស ដែល​ត្រូវ​បាន​ផ្តល់​ជូន​ដល់​កម្មករ​-​កម្មការិនី​នោះ អាច​ប្រើប្រាស់​បាន​រហូត មិន​មាន​កំណត់​សុពលភាព​ប្រើប្រាស់​នោះ​ទេ។ ស្ថាប័ន​ដដែល​បញ្ជាក់​ទៀត​ថា កម្មករ​-​កម្មការិនី​ដែល​ត្រូវ​ទទួល​បាន​ការ​ព្យាបាល​ឥត់​បង់​ប្រាក់​តាមរយៈ​ការ​ប្រើ​ប័ណ្ណ​ប​.​ស​.​ស នោះ ក៏​ត្រូវ​ទទួល​បាន​គុណភាព​នៃ​ការ​ព្យាបាល និង​ទទួល​បាន​ឱសថ ដូច​អតិថិជន​ដែល​បង់លុយ​ដែរ នៅ​គ្រប់​មន្ទីរពេទ្យ​ដៃគូ​របស់ ប​.​ស​.​ស ដោយ​មិន​មាន​ការរើសអើង​ឡើយ។ ស្ថាប័ន​ដដែល​នេះ​ក៏បាន​អំពាវនាវ​ដល់​សាធារណជន និង​កម្មករ​-​កម្មការិនី ឱ្យ​រាយការណ៍​ទៅ​សមត្ថកិច្ច​ក្នុង​ករណី​មាន​ជន​ណា​ដែល​ឃោសនា​អំពី​បញ្ហា​ទាំងនេះ ដើម្បី​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​អនុវត្ត​ច្បាប់​ទៅលើ​ជន​ប្រព្រឹត្ត។

ការ​លើក​ឡើង​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នេះ មិន​ទទួល​បាន​ការ​ស្វាគមន៍​ពី​សហជីព​ឯករាជ្យ​ឡើយ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថ្លែង​ថា បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​គួរ​មាន​ភាព​ទន់ភ្លន់​ជាង​នេះ​ក្នុង​ការ​តបត​នឹង​ការ​លើកឡើង ឬ​ព័ត៌មាន​ពី​គ្រប់​មជ្ឈដ្ឋាន ដោយសារតែ​ខ្លួន​គឺជា​ស្ថាប័ន​ផ្តល់​សេវា​សាធារណៈ​ដល់​កម្មករ ហើយ​ទទួល​បាន​ថវិកា​ពី​កម្មករ និង​ក្រុមហ៊ុន។ លោក​ថា​ព័ត៌មាន​ខ្លះ ជា​រឿង​មិន​ពិត ដែល​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​គ្រាន់តែ​បំភ្លឺ ឬ​ណែនាំ​ដល់​បុគ្គល​នោះ ជា​ការ​គ្រប់គ្រាន់ មិន​គួរ​ជា​ការ​ប្ដឹងផ្ដល់ ឬ​ជា​ការ​ប្រើ​ភាសា​គ្រោតគ្រាត​ដែល​បង្ហាញ​ពី​កំហឹង​របស់​ខ្លួន​ឡើយ។ លោក​បន្ថែម​ថា មាន​មតិ​ខ្លះ ក៏​ជា​ព័ត៌មាន​ពិត​ដែរ ដូច្នេះ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ត្រូវ​យក​ព័ត៌មាន​ទាំងនោះ​ទៅ​ពិចារណា និង​កែ​លម្អ​ឱ្យ​បាន​ប្រសើរ​ឡើង​នូវ​សេវា​ផ្សេងៗ​ដែល​ខ្លួន​ផ្ដល់​ឱ្យ​កម្មករ៖ «យើង​ឃើញ​លិខិត​លើក​ទីមួយ រក​ប្តឹង ដល់​ពេល​លើក​ទីពីរ មាន​ប្រើ​ពាក្យ​ខឹង​ទៅលើ​អ្នក​រិះគន់។ ខ្ញុំ​គិត​ថា យើង​អាច​មាន​សិទ្ធិ​ធ្វើ​បែប​នេះ ប៉ុន្តែ​ក្នុងនាម ប​.​ស​.​ស ត្រូវតែ​ទន់ភ្លន់​ជាង​នេះ​បន្តិច ដោយសារ​យើង​ជា​អ្នកបម្រើ​សេវា​សាធារណៈ ហើយ​យើង​ទទួល​លុយ​ពី​កម្មករ និង​ទទួល​លុយ​ពី​ក្រុមហ៊ុន ដើម្បី​ផ្ដល់​សេវា អ៊ីចឹង​បញ្ហា​រិះគន់​ផ្សេងៗ គួរតែ​រក​ពេល​ជជែក​ដោះស្រាយ​ឱ្យ​បាន​ធូរស្រាល​វិញ​ទៅ ព្រោះ​សេវា​ដែល​រៀបចំ​នេះ គឺ​ដើម្បី​ប្រជាពលរដ្ឋ​ទូទៅ។ វា​ចៀស​មិន​ផុត​ពី​មាន​អ្នក​រិះគន់​ទេ និង​ការ​លើកឡើង​នានា។ បើ​មាន​អ្នក​និយាយ​មិន​ពិត​នោះ អាច​ណែនាំ​គាត់​ទៅ ឬ​ដោះស្រាយ​ជា​លក្ខណៈ​វិជ្ជមាន​វិញ ខ្ញុំ​គិត​ថា ទើប​ជា​រឿង​ប្រសើរ»

កាល​ពី​ពេល​ថ្មីៗ​នេះ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ក៏បាន​ព្រមាន​ប្រើប្រាស់​តុលាការ​ដើម្បី​ចាត់ការ​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ផង​ដែរ ក្រោយ​ពេល​លោក​បាន​រិះគន់​ថា ស្ថាប័ន​នេះ​គេចវេះ​មិន​ទទួលខុសត្រូវ​ចំពោះ​កម្មករ​និយោជិក ដែល​មាន​បញ្ហា​សុខភាព​នៅ​កន្លែង​ការងារ តាមរយៈ​សេចក្ដីជូនដំណឹង​មួយ​ច្បាប់​កាលពី​ខែ​ឧសភា​កន្លងទៅ។

អតីត​សមាជិក គ..ប រូប​នេះ បាន​សម្ដែង​ការ​ហួស​ចិត្ត​នឹង​ការ​គំរាម​ប្ដឹង​រូប​លោក ព្រោះ​អ្វី​ដែល​លោក​បាន​លើកឡើង​នោះ គឺ​ដើម្បី​តែ​ប្រយោជន៍​កម្មករ​ប៉ុណ្ណោះ ដោយសារ​លោក​យល់ឃើញ​ថា កម្មករ​នឹង​បាត់បង់​ប្រយោជន៍​សំខាន់ៗ​មួយ​ចំនួន ក្នុង​ករណី​ពួកគាត់​មាន​បញ្ហា​សុខភាព​បណ្ដាល​មក​ពី​គ្រោះថ្នាក់​ការងារ ហើយ​ត្រូវ​បាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ចាត់ទុកថា ជា​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​នោះ៖ «យើង​ហាក់បីដូចជា​អស់សំណើច ហើយ​មិន​ដឹង​ថា នឹង​ត្រូវ​និយាយ​បែប​ម៉េច។ ក្នុង​សង្គម​មួយ​ដែល​យើង​ហៅថា ជា​សង្គម​ប្រជាធិបតេយ្យ មាន​សេរីភាព ប៉ុន្តែ​នៅ​ពេល​គ្រាន់តែ​លើកឡើង​សម្ដែង​ការ​ការពារ​ផលប្រយោជន៍​កម្មករ បែរជា​ហា​ឡើង​រកតែ​ប្ដឹង»

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ អះអាង​ថា សហជីព​របស់​ពួក​លោក​ទទួល​បាន​ពាក្យ​បណ្តឹង​ជាច្រើន​ពី​ក្រុម​កម្មករ​អំពី​ការ​មិន​យកចិត្តទុកដាក់ និង​រើសអើង​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​មួយ​ចំនួន​នៅ​ពេល​ពួកគាត់​ទៅ​ទទួលយក​របប​ថែទាំ​សុខភាព ដោយ​ប្រើប្រាស់​ប័ណ្ណ​ប..ស។ លោក​ថា បញ្ហា​នេះ​កើតមាន​ជាច្រើន​ករណី ដោយសារ​គ្រូពេទ្យ​មួយ​ចំនួន​មាន​ទម្លាប់​ព្យាបាល​ដោយ​ទទួល​បាន​កម្រៃ ហេតុ​ដូចនេះ​ពួកគេ​ហាក់​មិនសូវ​រវីរវល់​នឹង​ការ​ព្យាបាល​កម្មករ​ដែល​មាន​ប័ណ្ណ​ប..ស ឡើយ ព្រោះ​ជា​សេវា​ដែល​គ្រូពេទ្យ​ទាំងនោះ​មិន​ទទួល​បាន​កម្រៃ៖ «រឿង​ដែល​គេ​ថា​ឱ្យ​ថ្នាំ​មិន​ដូចគ្នា ឬក៏​គេ​ឱ្យ​សុពលភាព​ប័ណ្ណ​តែមួយ​ឆ្នាំ​ដូច ប​.​ស​.​ស បាន​លើកឡើង​នោះ គឺ​យើង​មិនបាន​ជួបប្រទះ​នោះ​ទេ។ រាល់ពេល​មាន​ពាក្យ​បណ្ដឹង យើង​តែងតែ​ឱ្យ​ទាក់ទង​ភ្នាក់ងារ​នៅ​ក្នុង​មន្ទីរពេទ្យ​ហ្នឹង ឬក៏​យើង​ដាក់​ទៅ ប​.​ស​.​ស ដើម្បី​ឱ្យ​មាន​ការ​កែតម្រូវ។ សេវា​ពេទ្យ​នេះ មាន​ការ​កែតម្រូវ​ជា​ហូរហែ​រហើយ​ដែរ។ សមាជិក​ខ្ញុំ​មាន​អ្នក​ប្ដឹង​មក​ជា​ច្រើន អំពី​ការ​មិន​ពេញចិត្ត​សេវា​ហ្នឹង ដោយសារតែ​ពេទ្យ​យឺតយ៉ាវ មើល​ទៅ​ហាក់​ដូចជា​មិនសូវ​យកចិត្តទុកដាក់​លើ​ពួកគាត់»

មេដឹកនាំ​សហជីព​រូប​នេះ យល់ឃើញ​ថា មានតែ​ក្រសួងសុខាភិបាល​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ឱ្យ​របប​ថែទាំ​សុខភាព​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នេះ មាន​ភាព​ល្អ​ប្រសើរ តាមរយៈ​ការ​ពង្រឹង​ក្រមសីលធម៌​របស់​គ្រូពេទ្យ និង​ការកំណត់​តម្លៃ​សេវា​សុខាភិបាល​ឱ្យ​បាន​ច្បាស់លាស់៖ «ទំហំ​មនុស្ស​ទៅ​កាន់​តែ​ធំ ដល់​ពេល​អ៊ីចឹង​បណ្ដឹង​ក៏​មាន​ច្រើន​ដែរ ដូច្នេះ​ខ្ញុំ​គិត​ថា បញ្ហា​នេះ​នឹង​មិន​ទាន់​អាច​ដោះស្រាយ​បានទេ។ អ្វី​ដែល​ខ្ញុំ​គិត ដើម្បី​កែទម្រង់​បាន គឺ​មាន​តែ​ក្រសួងសុខាភិបាល​ហ្នឹងឯង គ្មាន​អ្នកណា​ផ្សេង​ឡើយ។ ទីមួយ​គឺ​ឱ្យ​គ្រូពេទ្យ​ធ្វើតាម​ក្រមសីលធម៌ អត់​មានអី​ណា​មើល​មុខ ឬ​គិត​ពី​លុយ​នោះ​ទេ បើ​មាន​អ្នកជំងឺ ដាច់ខាត​ត្រូវតែ​ព្យាបាល។ ទី​ពីរ​សេវាកម្ម​របស់​រដ្ឋ​ត្រូវ​កំណត់​ឱ្យ​បាន​ច្បាស់លាស់ ឱ្យ​បាន​លឿន ហើយ​និង​ឥរិយាបថ​របស់​គ្រូពេទ្យ​ឱ្យ​មាន​សីលធម៌​ល្អ។ ធ្វើ​បាន​តែ​ប៉ុណ្ណឹង​ទៅ វា​ចប់​បាត់​ហើយ មិន​មាន​បញ្ហា​អ្វី​នោះ​ទេ»

របប​ថែទាំ​សុខភាព​របស់​ប..ស ត្រូវ​បាន​អនុវត្ត​នៅ​ចុង​ឆ្នាំ​២០១៧ កន្លង​ទៅ ដោយមាន​កម្មករ​ប្រើប្រាស់​របប​នេះ​ប្រហែល​ពី ៦០ ទៅ ៧០ ម៉ឺន​នាក់។ លោក អាត់ ធន់ ដែល​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ប..ស​តំណាង​ឱ្យ​ភាគី​កម្មករ បញ្ជាក់​ថា មក​ទល់​នឹង​ពេលនេះ កម្មករ​ដែល​ជា​សមាជិក​ប..ស​ដែល​កំពុង​ប្រើប្រាស់​របប​ថែ​ទាំង​សុខភាព​នេះ បាន​កើន​ឡើង​ដល់​ជាង ១​លាន​នាក់​ហើយ ខណៈ​មូលដ្ឋាន​សុខាភិបាល​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប..ស មាន​ចំនួន​ជាង ១០០កន្លែង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល