កម្ពុជារកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ មួយករណីថ្មីទៀត ក្រោយស្ងប់ស្ងាត់ជាង ១ ខែ។ តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី ២១ ខែ ឧសភា ឱ្យដឹងថា ករណីរកឃើញថ្មីនេះ គឺជាករណីទី ១២៣ ដែលកើតលើបុរសជនជាតិខ្មែរ អាយុ ២៦ ឆ្នាំ ធ្វើដំណើរតាមយន្តហោះ ពីប្រទេសហ្វីលីពីន បន្តជើងហោះហើរពីប្រទេសកូរ៉េខាងត្បូង ។ បុរសនេះ មានស្រុកកំណើតនៅ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។
គាត់ធ្វើដំណើររួមគ្នាជាមួយអ្នកដំណើរចម្រុះជាតិសាសន៍ សរុប ៦៣ នាក់។ ជនជាតិខ្មែរមាន ៣៤ នាក់ ជនជាតិកូរ៉េ ២៣ នាក់ និងជនជាតិដទៃទៀត មានជប៉ុន តៃវ៉ាន់ បែលហ្ស៊ិក និងហុល្លង់។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា បុរសខ្មែរម្នាក់នេះ និងអ្នកដំណើរទាំងនោះ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីម៉ោង ១០ យប់ ថ្ងៃទី២០ ខែឧសភា។ វត្ថុសំណាកវិភាគ បង្ហាញថា មានតែបុរសខ្មែរម្នាក់នេះប៉ុណ្ណោះ មានផ្ទុកជំងឺកូវីដ-១៩។ បុរសនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ចំណែកអ្នកដំណើរ ៦២នាក់ផ្សេងទៀតនោះ ត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ ចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយនៅភ្នំពេញ។
ករណីនាំចូលថ្មីនេះ កើតឡើងគាប់ជួនគ្នានឹងថ្ងៃដែលរបបក្រុងភ្នំពេញ ប្រកាសបើកជើងមេឃ ឱ្យជនបរទេសពីប្រទេសទាំងឡាយ ដែលធ្លាប់ជាប់បម្រាមកម្ពុជា អាចចាប់ផ្ដើមធ្វើដំណើរមកកម្ពុជាវិញបាន ចាប់ពីថ្ងៃទី២០ ខែឧសភាតទៅ។
កន្លងមក ភាគច្រើននៃករណីជំងឺកូវីដ-១៩ នៅកម្ពុជា គឺនាំចូលពីប្រទេសក្រៅ រួមទាំងករណីដំបូងគេ ដែលនាំចូលមកពីទីក្រុងវូហាន ប្រទេសចិនផង។ ប៉ុន្តែ របបក្រុងភ្នំពេញ មិនដែលបិទជើងយន្តហោះពីប្រទេសចិននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។