ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដពីរនាក់ថ្មីទៀត ដែលជាប្ដីប្រពន្ធខ្មែរ ទើបមកពី ប្រទេសអ៊ីរ៉ាក់ (Iraq) ឆ្លងកាត់ទីក្រុងដូហា (Doha) បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមក ដល់ប្រទេសកម្ពុជានៅថ្ងៃទី១៨ ខែតុលា។
ក្រសួង បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២០ ខែតុលាថា បុរសជាប្ដីអាយុ ៣៣ឆ្នាំ និងប្រពន្ធ អាយុ ៣២ឆ្នាំ និងមានកូនប្រុសអាយុ ៣ឆ្នាំម្នាក់ទៀត។ ពួកគេ រស់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប៉ុន្តែបច្ចុប្បន្នអ្នកជំងឺទាំងពីរនាក់ កំពុងដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ចំណែកអ្នកធ្វើដំណើរតាមជើងយន្តហោះជាមួយអ្នកជំងឺទាំងពីរ នាក់ដែលសរុបចំនួន ១០៦នាក់ មានលទ្ធផលតេស្តអវិជ្ជមាន ប៉ុន្តែក្រសួង តម្រូវឲ្យពួកគេ បន្តធ្វើរស់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃនៅតាមសណ្ឋាគារ និងមណ្ឌលចត្តាឡីស័កមួយចំនួនក្នុងទីក្រុងភ្នំពេញ ដើម្បីបន្តតាមដានសុខភាព។
គិតត្រឹមថ្ងៃទី២០ ខែតុលា កម្ពុជា មានអ្នកជំងឺកូវីដ-១៩ចំនួន២៨៥នាក់ក្នុងនោះព្យាបាលជាសះស្បើយចំនួន ២៨០នាក់ និងកំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតចំនួន ៥នាក់ ហើយគ្មានករណីស្លាប់នៅឡើយទេ។
ក្រសួងជំនាញ អះអាងថា ជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំហែងជាប់ជានិច្ចដោយសារប្រទេសជិតខាង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ។ ក្រសួង អំពាវនាវដល់ប្រជាពលរដ្ឋបន្តប្រយ័ត្នជាប្រចាំ ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា ពន្យារពេលរៀបការ ការជប់លៀង និងមិនចេញក្រៅផ្ទះ បើមិនចាំបាច់ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។