សង្គមស៊ីវិល ព្រួយបារម្ភរឿងប្រទេសមួយចំនួន អាចនឹងដាក់កម្ពុជា ឱ្យស្ថិតក្រោមការឃ្លាំមើលករណី វីរុសកូរ៉ូណា ស្របពេលដែលរដ្ឋាភិបាលកម្ពុជា នៅតែអនុញ្ញាតឲ្យមានជើងហោះហើរទៅវិញទៅមក រវាងកម្ពុជា-ចិន ជាធម្មតាដូចដើម ខណៈការឆ្លងមេរោគវីរុសកូរ៉ូណា បន្តរាតត្បាតធ្ងន់ធ្ងរដដែល។ ចំណែកមន្ត្រីរដ្ឋាភិបាល ចាត់ទុកការបញ្ចេញមតិយោបល់នេះថា មានលក្ខណៈជ្រុលនិយម និងអះអាងទៀតថា រដ្ឋាភិបាលមានវិធានការគ្រប់គ្រាន់ ដើម្បីបង្ការ និងទប់ស្កាត់វីរុសកូរ៉ូណាថ្មីនេះ។
មន្ត្រីសង្គមស៊ីវិលមួយចំនួន សម្ដែងការព្រួយបារម្ភថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា បន្តរក្សាជំហរមិន ផ្អាកជើងហោះហើរទៅវិញទៅមករវាងកម្ពុជា-ចិន ស្របពេលមេរោគកូរ៉ូណា កាន់តែរាតត្បាតធ្ងន់ធ្ងរឡើង នៅក្នុងប្រទេសចិននោះ គឺអាចនាំឲ្យប្រទេសជឿនលឿនមួយចំនួន រឹតបន្តឹងអ្នកដំណើរពីកម្ពុជាទៅកាន់ប្រទេសទាំងនោះ ព្រោះគេបារម្ភថា កម្ពុជាអាចជាភ្នាក់ងារចម្លងមេរោគកូរ៉ូណាថ្មី។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា នៅ ពេលប្រទេសមួយចំនួនធំ ព្យាយាមនៅឆ្ងាយពីប្រទេសចិន ដោយខ្លាចមេរោគវីរុសកូរ៉ូណា ហើយកម្ពុជាបែរជាឆក់ឱកាសបង្កើនភាពល្អូកល្អិនជាមួយចិនបែបនេះ ទោះចង់ឬមិនចង់ គឺប្រទេសដែលខ្លាចវីរុសកូរ៉ូណាមួយចំនួន ប្រាកដជាមើលកម្ពុជាក្នុងផ្លូវអវិជ្ជមានមិនខានឡើយ។
ទោះជាយ៉ាងណាក្ដី លោកអះអាងថា នេះគ្រាន់តែជាដំណាក់កាលនៃការព្រួយបារម្ភប៉ុណ្ណោះ ព្រោះមកទល់ពេលនេះ លោកមិនទាន់ដឹងថា មានប្រទេសណាមួយរឹតបន្តឹងអ្នកដំណើរពីកម្ពុជា ឬក៏ដាក់កម្ពុជាក្រោមការឃ្លាំមើលវីរុសកូរ៉ូណានៅឡើយទេ។ លោក សន ជ័យ ជំរុញក្រសួងសុខាភិបាល ឱ្យរឹតបន្តឹងការត្រួតពិនិត្យឲ្យមានប្រសិទ្ធភាព ចំពោះអ្នកដំណើរមកពីប្រទេសចិន ព្រោះករណីផ្ទុះវីរុសកូរ៉ូណានៅកម្ពុជា គឺអាចជះឥទ្ធិពលអវិជ្ជមានច្រើនដល់សេដ្ឋកិច្ចកម្ពុជាទាំងមូល ដែលពិបាកវាយតម្លៃបំផុត៖ « យើងមើលជារួមឃើញថា ទំនងជាចិនបានផលប្រយោជន៍ច្រើនពីការមិនបិទជើងយន្តហោះនេះ ជាជាងកម្ពុជាព្រោះអីកម្ពុជា ទោះបីជាមានការចំណេញដល់ សេដ្ឋកិច្ចមែន ប៉ុន្តែការចំណេញនៅពីក្រោយក្នុងកម្រិតណាមួយនោះ ការបារម្ភក៏វាកើតឡើងស្រប គ្នាដែរជាមួយមេរោគនេះ។អ៊ីចឹងកម្ពុជា ឋិតក្នុងចំណុចកណ្ដាលនៃការព្រួយបារម្ភ។ ពលរដ្ឋកម្ពុជា បារម្ភពីជនជាតិចិន ឬអ្នកដំណើរមកពីចិន ហើយប្រទេសផ្សេង គេបារម្ភអំពីអ្នកដំណើរដែលចេញពីកម្ពុជាទៅប្រទេសគេដែរ » ។
ចំណែកនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ថ្លែងថា ស្របពេលដែលប្រទេសភាគច្រើន រួមមានអាមេរិកជាដើម ផ្អាកជើងហោះហើរ និងរឹត បន្តឹងអ្នកដំណើរពីប្រទេសចិន គឺប្រាកដណាស់ប្រទេសចិន នឹងប្រឈមការធ្លាក់ចុះសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ជាក់ស្ដែងរដ្ឋាភិបាលចិន បានបញ្ចេញប្រតិកម្មរួចហើយ ចំពោះអាមេរិក និងប្រទេសមួយចំនួនថា មានការព្រួយបារម្ភ និងមានចំណាត់ការជ្រុលហួសហេតុ។ ស្ថិតក្នុងបរិបទនេះលោក មឿន តុលា មើលឃើញថា នៅពេលរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅទីក្រុងប៉េកាំង ប្រទេសចិន និងថ្លែងការពារប្រទេសចិន ព្រមទាំងប្រកាន់ជំហរដាច់ខាត មិនផ្អាកជើងហោះហើរ និងមិនជម្លៀសនិស្សិតរបស់ខ្លួនចេញពីទីក្រុងវូហាន គឺបង្ហាញថា រដ្ឋាភិបាលកម្ពុជា ហាក់មានចេតនាការពារការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន ច្រើនជាងការពារប្រជាពលរដ្ឋរបស់ខ្លួន៖ « ប្រទេសគេផ្សេងៗ ប្រសិនបើសិនចិនហោះមកស៊ីងហ្គាពួ គឺស៊ីងហ្គាពួ បិទហើយ។ បើហោះទៅហ្វីលីពីន គឺ ហ្វីលីពីន បិទហើយ បើហោះទៅវៀតណាម គឺវៀតណាម បិទហើយ។ ដូច្នេះនៅច្រកកម្ពុជាមួយ ឧបមាថា ឥឡូវចិនចង់ទៅប្រទេសទី៣ អ៊ីចឹងប្រទេសកម្ពុជា អាចជាកន្លែងឆ្លងកាត់ (Transit) របស់ជនជាតិ ឬអ្នកជំនួញចិនអ៊ីចឹងទៅ។ នេះហើយ ដែលអាចជួយដល់សេដ្ឋកិច្ចចិន។ មួយទៀតជំហរនៅលើពិភពលោក ក៏គេមើលឃើញថា អូ ! វីរុសនេះ គឺមិនមានបញ្ហា អីទេ ជាពិសេសដូចជាកម្ពុជាខណៈមិនទាន់ប្រព័ន្ធសុខាភិបាលរឹងមាំនៅឡើយផង ប៉ុន្តែគេក៏មិន ខ្លាចអីពេកដែរ ដូច្នេះនេះជាសារមួយលួងលោមទៅពិភពលោកទាំងមូលកុំបារម្ភរឿងវីរុសនេះពេកហើយ គួរតែបើកជើងមេឃឲ្យជនជាតិចិនអីជាដើម » ។
ទោះជាយ៉ាងណាក្តី លោក មឿន តុលា ព្រួយបារម្ភថា ក្នុងករណីកម្ពុជានៅតែរក្សាជំហរមិនផ្អាក ជើងហោះហើរជាមួយចិនដដែល ហើយវីរុសកូរ៉ូណា នៅតែបន្តវាយលុយខ្លាំងក្លាឥតស្រាកស្រាន្តនៅក្នុងប្រទេសចិន និងពិភពលោក ដែលមិនទាន់ទប់ស្កាត់បានក្នុងរយៈពេលយូរ គឺកម្ពុជា អាចនឹងក្លាយជាទីតាំងមួយ ដែលប្រទេសមួយចំនួនដាក់ក្នុងបញ្ជីឃ្លាំមើលវីរុសកូរ៉ូណា ដូចជានៅប្រទេសចិនដែរ៖ «ឧទាហរណ៍ ដូចប្រទេសហ្វីលីពីន ដែលខ្ញុំទទួលបានព័ត៌មានគឺ គេចេញគោលនយោបាយថ្មីពាក់ព័ន្ធនឹងយន្តការទប់ស្កាត់ក្នុងសុខភាព គឺមានន័យថា ជនជាតិហ្វីលីពីនណា ដែលមកស្រុកខ្មែរហើយត្រឡប់ទៅវិញ គេតម្រូវឲ្យដាក់ក្នុងការឃ្លាំមើលសុខភាពរយៈពេល ១៤ថ្ងៃ ហើយបើគ្មានវីរុសកូរ៉ូណានេះ គឺអត់អីទេ។ ដូច្នេះ បើមានករណីនេះច្រើនវាអាចប៉ះពាល់ដល់កម្ពុជា មានន័យថា ប្រទេសមួយចំនួន អាចឈានដល់ការបិទជើងយន្តហោះជាបណ្ដោះអាសន្ន និងមិនឲ្យវីសា (Visa) ជនជាតិណាក៏ដោយ ដែលឆ្លងកាត់កម្ពុជា ដូច្នេះគឺវានាំឲ្យមានបញ្ហាធ្ងន់ធ្ងរថែម ទៅលើសេដ្ឋកិច្ចកម្ពុជា » ។
មានប្រទេសជាង ៦០ បានដាក់ចេញវិធានការរឹតបន្តឹងលើការធ្វើដំណើររបស់ជនជាតិចិន ចាប់តាំងពីមានការរីករាលដាលនៃវីរុសនេះ រួមមាន សហរដ្ឋអាមេរិក សិង្ហបុរី និងជប៉ុនជាដើម។ ដោយឡែក កាលពីសប្ដាហ៍មុន ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ប្រកាសថា អាជ្ញាធរគ្មានវិធានការបិទជើងហោះហើរ និងជម្លៀសនិស្សិតខ្មែរពីចិននោះទេ ដោយលោកអះអាងថា វិធានការនេះគឺ ស្មើនឹងសម្លាប់សេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយទំនាក់ទំនងជាមួយចិន។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍ថា កម្ពុជានៅតែរក្សាជំហរ ដូចការ ប្រកាសម្ដងហើយម្ដងទៀត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយលោកអះអាងថា ជំហរនេះ គ្មានការបង្គាប់បញ្ជាពីរដ្ឋាភិបាលចិននោះទេ គឺជាជំហរអព្យាក្រឹត្យ ព្រោះកន្លងមក ទោះបីជាមានប្រទេសផ្សេងផ្ទុះការរីករាលដាលវីរុស ក៏កម្ពុជា មិនដែលផ្អាកជើងហោះហើរដែរ។ លោក ចាត់ទុកថា ការព្រួយបារម្ភនានា គឺជាសិទ្ធិសេរីភាព ។ អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ ឲ្យដឹងដែរថា ចំពោះប្រទេសណា ដែលដាក់កម្ពុជាក្រោមការឃ្លាំមើល ឬមានត្រួតពិនិត្យ សុខភាពពលរដ្ឋរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ដោយសារខ្លាចឆ្លងមេរោគវីរុសកូរ៉ូណាពីកម្ពុជា គឺជានីតិវិធីផ្ទៃក្នុងប្រទេសគេ ហើយលោកមិនបានដឹងរឿងនេះទេ៖ « យើងមានវិធានការដោយយើងបានដាក់បណ្ដាញតាមច្រកទ្វារ អន្តរជាតិនានា ទាំងផ្លូវគោកផ្លូវទឹក និងផ្លូវអាកាសជាដើម គឺយើងបានដាក់ម៉ាស៊ីនស្កែនកម្ដៅដោយហ្មត់ចត់បំផុត ជាពិសេស ខាងក្រសួងសុខាភិបាលលោក យកចិត្តទុកដាក់ណាស់។ ដូចជាកន្លែងមក មានជនជាតិចិនម្នាក់ ដែលថាសង្ស័យនោះ គឺថា ម៉ាស៊ីនយើងមានលទ្ធភាពដឹង ហើយរកឃើញ ហើយយើងយកគាត់ទៅព្យាបាល។ ដូច្នេះហើយជំហរយើងនៅរក្សាដដែល។ ខ្ញុំយល់ថា វាមិនមានផលប៉ះពាល់អ្វីទេ ផ្ទុយទៅវិញយើងបានបើកទូលំទូលាយហើយវិស័យផ្សេងៗ គឺនៅលក្ខណៈដដែល បាទ ទាំងវិស័យទេសចរណ៍អីផ្សេងៗ » ។
អាស៊ីសេរី បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល គឺអ្នកស្រី ឱ វណ្ណឌីន និងលោក លី សូវ៉ាន់ ជាច្រើនលើក ប៉ុន្តែទូរស័ព្ទចូលពុំមានអ្នកទទួល។
រដ្ឋាភិបាលលោក ហ៊ុន សែន បានបង្កើនទំនាក់ទំនងជាមួយមហាអំណាចកុម្មុយនិស្តចិនកាន់តែស៊ីជម្រៅ បន្ទាប់ពីក្រុមប្រទេសប្រជាធិបតេយ្យធំៗ នៅលើពិភពលោក បានថ្កោលទោស ចំពោះចំណាត់ការទាំងឡាយលើគណបក្សសង្គ្រោះជាតិ ដោយបានចាត់ទុកថា នោះជាការគាស់រំលើងគ្រឹះប្រជាធិបតេយ្យនៅកម្ពុជា។ សហភាពអឺរ៉ុប នឹងសម្រេចជាផ្លូវការដក ឬមិនដក ឬដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម ''គ្រប់មុខទំនិញលើកលែងតែអាវុធ ឬហៅកាត់ EBA'' ពីកម្ពុជា នៅសប្ដាហ៍ក្រោយនេះ។
ក្នុងដំណើរទស្សនកិច្ចពិសេសមួយទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី៥ ខែកុម្ភៈ លោក ហ៊ុន សែន មិនបានជួបសួរសុខទុក្ខនិស្សិតខ្មែរដោយផ្ទាល់ ឬទំនាក់ទំនងតាមវិធីណាមួយ ដើម្បីដឹង អំពីសុខទុក្ខរបស់ពួកគេនោះទេ។ ប៉ុន្តែនៅទីនោះ លោក ហ៊ុន សែន បានស្នើសុំត្រង់ៗ ទៅមេដឹកនាំ ចិនឲ្យជួយដល់សេដ្ឋកិច្ចកម្ពុជា ដែលកំពុងប្រឈមមុខនឹងការបាត់បង់ប្រព័ន្ធ EBA របស់សហភាពអឺរ៉ុប ដោយសារមិនព្រមស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សតាមសំណើរបស់សហភាពអឺរ៉ុប។
ការណ៍នេះ បានធ្វើឲ្យក្រុមអ្នកនិយមប្រជាធិបតេយ្យនៅកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ថា មិនបានបង្ហាញពីការយកចិត្តទុកដាក់ពិតប្រាក ចំពោះនិស្សិតខ្មែរដែលជាប់គាំងក្នុងតំបន់រីករាលដាលនៃវីរុសកូរ៉ូណានោះទេ ប៉ុន្តែលោក ហ៊ុន សែន ទៅទីនោះ ដើម្បីចង់ឈ្នះចិត្តពលរដ្ឋខ្មែរផង និងសុំឲ្យចិនជួយធ្វើជាខ្នងបង្អែកការពារអំណាចរបស់ខ្លួនផងប៉ុណ្ណោះ។
គិតត្រមថ្ងៃទី៧ ខែកុម្ភៈ វីរុសដែលមានប្រភពផ្ទុះរីករាលដាលពីទីក្រុងវូហាន ប្រទេសចិន បាន សម្លាប់មនុស្សកើនដល់ ៦៣៨នាក់ហើយ ខណៈអ្នកឆ្លងវីរុសនេះ ក៏បានកើនដល់ជាង ៣ម៉ឺន១ពាន់ (៣១.៤៥៣) នាក់។ ក្នុង ១យប់ តួលេខអ្នកស្លាប់ដោយវីរុសនេះកើនឡើងចន្លោះពី ៥០នាក់ទៅជាង ៧០នាក់។ បច្ចុប្បន្ន មានប្រទេសជិត ៣០ ត្រូវបានវីរុសនេះឆ្លងរាតត្បាត ហើយប្រទេសភាគច្រើនទៀត បានរកឃើញអ្នកឆ្លងវីរុសនេះកើតឡើងជាបន្តបន្ទាប់ លើកលែងតែកម្ពុជាប៉ុណ្ណោះដែលមិនទាន់រកឃើញករណីថ្មីទៀតនៅឡើយ ក្រៅពីបុរសជនជាតិចិនម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ។
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី៥ កុម្ភៈ បានដាក់ក្តីបារម្ភថា ប្រទេសមានប្រព័ន្ធ សុខាភិបាលទន់ខ្សោយ អាចមិនមានសមត្ថភាពរកឃើញអ្នកដែលបានឆ្លងមេរោគកូរ៉ូណាថ្មីនេះ ខណៈមន្ត្រីសង្គមស៊ីវិលនៅកម្ពុជា ក៏កំពុងមានការព្រួយបារម្ភដូច្នេះដែរ ព្រោះប្រទេសកម្ពុជា មាន ជនជាតិចិនចេញចូលច្រើន។ ទោះជាយ៉ាងណា ក្រសួងសុខាភិបាល អះអាងប្រាប់អ្នកកាសែតក្នុង ស្រុកថា សមត្ថភាពតាមដាន និងឆ្លើយតបលើវីរុសកូរ៉ូណារបស់កម្ពុជាមិនចាញ់ប្រទេសរីកចម្រើននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
