ក្រសួងពាណិជ្ជកម្មប្រកាសនៅថ្ងៃទី៣ កញ្ញានេះឲ្យផ្អាកចរាចរ និងប្រមូលត្រឡប់មកវិញនូវម្សៅទឹកដោះគោ នូទ្រីលេត ចំនួន៦លេខកូដ ដែលត្រូវបានរកឃើញថាខ្វះជាតិដែក និងសារធាតុចិញ្ចឹម។ សង្គមស៊ីវិលសារទរចំពោះវិធានការនេះ និងស្នើឲ្យរដ្ឋាភិបាលចាត់វិធានការលើផលិតផលម្សៅទឹកដោះគោសម្រាប់កុមាររបស់ក្រុមហ៊ុនផ្សេងទៀត ដើម្បីធានាគុណភាពត្រឹមត្រូវតាមស្តង់ដារមុនពេលដាក់លក់លើទីផ្សារកម្ពុជា។
ក្រសួងពាណិជ្ជកម្មតម្រូវឲ្យក្រុមហ៊ុននូទ្រីលេត (Nutrilatt Master LM Co., LTD) បញ្ឈប់ការនាំចូល និងចែកចាយផលិតផលម្សៅទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារ ដែលមានអាយុ០ខែ ដល់២ឆ្នាំ។ ក្រសួងពាណិជ្ជកម្មក៏តម្រូវឲ្យក្រុមហ៊ុនប្រមូលត្រឡប់មកវិញ នូវផលិតផលទឹកដោះគោម៉ាក នូទ្រីលេត លេខកូដ B/N 487 488 536 537 538 និង 539 ពីទីផ្សារក្នុងប្រទេស និងធ្វើការត្រួតពិនិត្យគុណភាពម្សៅទឹកដោះគោម៉ាកនូទ្រីលេត ផ្សេងទៀតផងដែរ។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មតម្រូវឲ្យផ្សារទំនើប ឱសថស្ថាន និងហាងលក់ទំនិញនានា ផ្អាកជាបន្ទាន់ការដាក់លក់ម្សៅទឹកដោះគោម៉ាកនូទ្រីលេត លេខកូដទាំង៦ ដែលបានរកឃើញថា ខ្វះជាតិ និងស័ង្កសី មិនត្រូវតាមស្តង់ដារ និងប្រគល់ម្សៅទឹកដោះគោទាំងនោះ ដល់ស្ថាប័នជំនាញរបស់ក្រសួងពាណិជ្ជកម្ម។ ជាងនេះទៅទៀត ក្រសួងពាណិជ្ជកម្មអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ឲ្យបញ្ឈប់ការបំបៅកូនដោយម្សៅទឹកដោះគោម៉ាកនូទ្រីលេត លេខកូដទាំង៦នេះ ហើយបើសង្ស័យថា កូនចៅរបស់ខ្លួនរងផលប៉ះពាល់ដោយសារម្សៅទឹកដោះគោនេះ អាចដាក់បណ្តឹងទៅកាន់ក្រសួងពាណិជ្ជកម្មបាន ដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ។
ការដាក់ចេញវិធានការក្តៅនេះ បន្ទាប់ពីក្រសួងពាណិជ្ជកម្មរកឃើញថា ម្សៅទឹកដោះគោ ម៉ាកនូទ្រីលេត ខ្វះសារធាតុចិញ្ចឹម និងជាតិដែក ដែលប៉ះពាល់ដល់សុខភាពរបស់ទារក និងកុមារធ្ងន់ធ្ងរ។ វិធានការរបស់ក្រសួងពាណិជ្ជកម្ម ក៏ជាការឆ្លើយតបទៅនឹងបណ្តឹងរបស់ក្រុមមាតាបិតាជាច្រើននាក់ ដែលអះអាងថា កូនៗរបស់ពួកគេកើតជំងឺស្លេកស្លាំង ដោយខ្វះជាតិដែក និងខ្វះឈាមក្រហមធ្ងន់ធ្ងរ បណ្តាលមកពីទទួលទានម្សៅទឹកដោះគោម៉ាកនូទ្រីលែត កាលពីខែកក្កដាកន្លងទៅ។
ស្ត្រីជាម្តាយ លោកស្រី គង់ ចន្ទ័ម៉ាលីស ប្រាប់អាស៊ីសេរីថា លោកស្រី និងអាណាព្យាបាលកុមារមានជំងឺស្លេកស្លាំងដ៏ទៃទៀត សប្បាយចិត្តចំពោះវិធានការរបស់ក្រសួងពាណិជ្ជកម្ម ហើយលោកស្រីជឿថា វិធានការនេះនឹងជួយដល់អាណាព្យាបាលដទៃប្រយ័ត្នប្រយែងចំពោះការប្រើប្រាស់ផលិតផលបំបៅកូនៗរបស់ខ្លួន។ លោកស្រីបន្តថាវិធានការនេះក៏ជំរុញឲ្យក្រុមហ៊ុនដទៃផ្សេងទៀត គោរពច្បាប់ និងធានាថាផលិតផលរបស់ពួកគេពិតជាមានការត្រួតពិនិត្យ និងតាមស្តង់ដារ ដែលនឹងមិនធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់។ លោកស្រីក៏សង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ដល់កូនលោកស្រី និងកុមាររងគ្រោះដទៃទៀតក្នុងពេលឆាប់ខាងមុខនេះដែរ៖ «ហើយអ្វីដែលពួកខ្ញុំកាន់តែរំភើបចិត្តទៀតហ្នុងគឺខ្ញុំអាចជួយដល់កុមារដទៃ ដែលកំពុងតែប្រើប្រាស់ផលិតផលហ្នឹង ដើម្បីអោយពួកគាត់មានការប្រុងប្រយ័ត្ន។ ពីព្រោះកូនពួកខ្ញុំកំពុងតែឈឺហើយ អ៊ីញ្ចឹងពួកខ្ញុំក៏អត់ចង់បើកភ្នែកមើល ហើយេពេលទៅមន្ទីរពេទ្យឮតែមានបញ្ហាជាបន្តបន្ទាប់ សូម្បីតែមកដល់ថ្ងៃហ្នឹងនៅតែមានក្មេងចូលមន្ទីរពេទ្យចឹង»។
អាស៊ីសេរីបានទាក់ទងទៅតំណាងក្រុមហ៊ុន នូទ្រីលេត ដើម្បីសុំការឆ្លើយតបចំពោះវិធានការរបស់ក្រសួងពាណិជ្ជកម្មនេះ ប៉ុន្តែអ្នកលើកទូរស័ព្ទមិនបានឆ្លើយតបអ្វីនោះទេ រួចក៏ចុចផ្តាច់ទូរស័ព្ទទៅវិញ។ អាស៊ីសេរីក៏បានព្យាយាមទាក់ទងទៅទៀត ប៉ុន្តែទូរស័ព្ទរបស់តំណាងក្រុមហ៊ុន ក៏លែងអាចទាក់ទងបាន។
ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៦ សីហា បានប្រកាសលទ្ធផលដែលបានមកពីមន្ទីរពិសោធន៍ឯករាជ្យនៅប្រទេសសឹង្ហបុរី បង្ហាញថាម្សៅទឹកដោះគោម៉ាកនូទ្រីលេតចំនួន៦ លេខកូដ ខ្វះជាតិដែក និងសារធាតុស័ង្កសី។ កង្វះជាតិដែកជាមូលហេតុដែលនាំឲ្យកុមារស្លេកស្លាំង ប៉ះពាល់ដល់ការអភិវឌ្ឍន៍ផ្នែកខួរក្បាល សតិបញ្ញា ស្មារតី និងការអភិវឌ្ឍន៍ផ្នែកមនោសញ្ចេតនា អារម្មណ៍ ក្នុងការទំនាក់ទំនងជាមួយមនុស្សក្នុងសង្គម។ ចំណែកការខ្វះជាតិស័ង្កសីនឹងធ្វើឲ្យកុមារមានការលូតលាស់យឺត អាចបណ្តាលឲ្យកុមារក្រិន និងថយចុះសមត្ថភាពរាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត សារទរចំពោះវិធានការរបស់ក្រសួង ប៉ុន្តែលោកស្នើឲ្យក្រសួងអនុវត្តឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពចំពោះការប្រមូលផលិតផលម្សៅទឹកដោះគោដែលខ្វះគុណភាពនោះត្រឡប់មកវិញ។ លោកបន្តថា ក្រសួងក៏ត្រូវជួយអាណាព្យាបាលក្នុងការរៀបចំបណ្តឹងទៅតុលាការផងដែរ។ លោកបន្ថែមថា ក្រសួងពាណិជ្ជកម្មត្រូវពង្រឹងយន្តការត្រួតពិនិត្យគុណភាពនៃផលិតផលនាំចូលទាំងអស់ មុននឹងអនុញ្ញាតឲ្យចរាចរលើទីផ្សារកម្ពុជា៖ «កុមារដែលត្រូវបាន ឬក្រុមគ្រួសារ ដែលត្រូវបានរងគ្រោះដោយសារការប្រើប្រាស់ម្សៅទឹកដោះគោនឹងជួយ គឺក្រសួងអាចនឹងជួយរៀបចំពាក្យបណ្ដឹងប្ដឹងក្រុមហ៊ុនអោយទទួលខុសត្រូវទៅលើបញ្ហា ដែលបានកើតឡើងចំពោះទារកដែលបានប្រើប្រាស់ម្សៅទឹកដោះគោ ហើយបានប៉ះពាល់ដល់សុខភាពរបស់ពួកគេហ្នឹងជារឿងមួយ។»
បណ្តាញសង្គមស៊ីវិលជាតិ អន្តរជាតិប្រមាណ៥០ស្ថាប័ន កាលពីថ្ងៃទី០២ កញ្ញា បានចេញសេចក្តីថ្លែងការណ៍គាំទ្រវិធានការរបស់ក្រសួងពាណិជ្ជកម្ម និងស្នើឲ្យស្ថាប័នជំនាញនេះត្រួតពិនិត្យគុណភាពម្សៅទឹកដោះគោផ្សេងទៀត មុននឹងអនុញ្ញាតឲ្យដាក់លក់ផលិតផលទាំងនោះលើទីផ្សារកម្ពុជា។ សង្គមស៊ីវិលទាំងនេះក៏ទាមទារឲ្យមានការអនុវត្តនូវអនុក្រិត្យលេខ១៣៣ ស្តីពីការគ្រប់គ្រងទីផ្សារលើផលិតផលអាហារទារក និងអាហារបំប៉នទារកឲ្យមានសុវត្ថិភាព និងមានអាហាររូបត្ថម្ភគ្រប់គ្រាន់ដល់ទារក និងកុមារតូចៗ ដើម្បីការពារ និងលើកកម្ពស់ការបំបៅដោះកូនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។