អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោក លី សូវ៉ាន់ អះអាងថា គិតត្រឹមល្ងាចថ្ងៃទី៨ ខែកុម្ភៈ ក្រសួង ពុំទាន់រកឃើញករណីវីរុសកូរ៉ូណាថ្មីទៀតទេ ក្រៅពីបុរសជនជាតិចិនម្នាក់ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ ហើយកំពុងជាសះស្បើយពីជំងឺនេះ។ លោកបញ្ជាក់ថា ការរកមិនឃើញករណីថ្មី មិនមែនដោយសារប្រព័ន្ធសុខាភិបាលកម្ពុជាខ្សោយនោះទេ។ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរូបនេះបន្តថា ក្រសួងនៅតែបន្តតាមដានឃ្លាំមើលទូទាំងប្រទេសដដែល។
គិតត្រឹមល្ងាចថ្ងៃទី៨ ខែកុម្ភៈ ជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណា ដែលមានប្រភពរីករាលដាលពីទីក្រុងវូហាន ប្រទេសចិន បានសម្លាប់មនុស្សកើនដល់ ៧២៤ នាក់ហើយ នៅក្នុងប្រទេសចិន ក្នុងនោះក៏មានជនជាតិអាមេរិកម្នាក់ និងជនជាតិជប៉ុនម្នាក់ផង។ ចំណែកអ្នកឆ្លងវីរុសនេះ ក៏បានកើតដល់ជាង ៣ម៉ឺន ៤ពាន់ (៣៤.៨៨៩) នាក់។ ប្រទេសជិត៣០ ត្រូវបានវីរុសនេះ ឆ្លងរាតត្បាត។ ប្រទេសជប៉ុន ស្ថិតក្នុងលេខរៀងទី២ ដែលមានអ្នកឆ្លងកើនដល់ចំនួន ៨៩នាក់ ខណៈប្រទេសថៃ កើនដល់ ៣២នាក់ ក្នុងនោះមានជនជាតិថៃចំនួន ៣នាក់។ ក្រសួងសុខាភិបាលថៃ បញ្ជាក់ថា ក្នុងចំណោមបីករណីឆ្លងលើជនជាតិថៃនេះ គឺមានមួយករណីកើតលើអ្នកដែលជម្លៀសពីវូហាន និងពីរនាក់ទៀតប្រហែលជាឆ្លងពីភ្ញៀវទេសចរ។ ប្រទេសភាគច្រើនទៀត ក៏បានរកឃើញអ្នកឆ្លងវីរុសនេះកើតឡើងជាបន្តបន្ទាប់ដែរ លើកលែងតែកម្ពុជាដែលរកឃើញតែមួយករណី។
ចាប់ពីតាំងពីមានការរីករាលដាលនៃវីរុសនេះ ប្រទេសជាង ៦០ រួមមាន សហរដ្ឋអាមេរិក សិង្ហបុរី និងជប៉ុនជាដើម បានដាក់ចេញវិធានការរឹតបន្តឹងលើការធ្វើដំណើររបស់ជនជាតិចិន។ ក្រៅពីនេះ ប្រទេសទាំងនោះ ក៏បានផ្សព្វផ្សាយអប់រំឱ្យប្រជាពលរដ្ឋពាក់ម៉ាស់ការពារដែរ ជាពិសេស នៅប្រទេសថៃ ប្រសិនបើជនបរទេសណា មិនព្រមពាក់ម៉ាស់ប្រឈមនឹងការបណ្តេញចេញទៀតផង។
វិធានការទាំងនេះ ខុសឆ្ងាយពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដែលអំពាវនាវកុំឱ្យពលរដ្ឋ ភ័យខ្លាចជ្រុលហួសហេតុ និងថែមទាំងហាមកុំឱ្យអ្នកសារព័ត៌មានពាក់ម៉ាស់ការពារវីរុសកូរ៉ូណា។ លើសពីនេះទៀត លោក ហ៊ុន សែន ក៏ពុំមានវិធានការបិទជើងហោះហើរ ឬជម្លៀសនិស្សិតខ្មែរពីប្រទេសចិន ដូចអ្វីដែលរដ្ឋាភិបាលប្រទេសនានា បានធ្វើនោះទេ ក្រោមហេតុផលថា កុំឱ្យមានប៉ះ ពាល់ដល់សេដ្ឋកិច្ច និងទំនាក់ជាមួយប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
