ក្រសួង​សុខាភិបាល​អនុញ្ញាត​ឱ្យ​ជនជាតិ​ចិន​ដែល​ឆ្លង​វីរុស​កូរ៉ូណា​ចេញ​ពី​កម្ពុជា ក្រោយ​ព្យាបាល​ជា​សះ​ស្បើយ

0:00 / 0:00

ក្រសួងសុខាភិបាល​កម្ពុជា អនុញ្ញាត​ឱ្យ​ជនជាតិ​ចិន​ម្នាក់​ដែល​បាន​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី ចាក​ចេញ​ពី​កម្ពុជា ក្រោយ​ការ​ព្យាបាល​ជា​សះស្បើយ​។ ទន្ទឹម​គ្នា​នេះ មន្ត្រី​សង្គម​ស៊ីវិល​បន្ត​ស្នើសុំ​ក្រសួង​សុខាភិបាល ឱ្យ​បន្ត​រឹត​បន្តឹង​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​វីរុស​កូរ៉ូណា​ថ្មី​នេះ​បន្ថែម​ទៀត ព្រោះ​វីរុស​ដ៏​កាច​សាហាវ​នេះ នៅតែ​បន្ត​ឆ្លង​រាតត្បាត​ខ្លាំង​ក្នុង​ប្រទេស​ចិន និង​ប្រទេស​មួយ​ចំនួន​ទៀត។

នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​របស់​ក្រសួង​សុខាភិបាល​ប្រកាស​ថា ជនជាតិ​ចិន​ដែល​ឆ្លង​ជំងឺ​រលាក​សួត បង្កឡើង​ដោយ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី បាន​ជា​សះស្បើយ ហើយ​គ្រូពេទ្យ​កម្ពុជា​សម្រេច​អនុញ្ញាត ឱ្យ​ជន​ជាតិ​ចិន​រូប​នេះ ចេញ​ពី​មន្ទីរ​ពេទ្យ នៅ​ថ្ងៃ​ចន្ទ ទី​១០ កុម្ភៈ ដើម្បី​វិល​ទៅ​ប្រទេស​កំណើត​វិញ។ ចំពោះ​អ្នក​ដែល​បាន​ប៉ះពាល់ និង​អ្នក​ជិះ​យន្តហោះ​ជាមួយ​អ្នកជំងឺ​រូប​នេះ រហូត​ពេលនេះ ពុំ​មាន​អ្នក​ចេញ​រោគសញ្ញា​អ្វី​នៅឡើយ​ទេ​។ ដោយឡែក​សម្រាប់​ករណី​ដែល​អ្នកប្រើប្រាស់​ហ្វេសប៊ុក​ចែកចាយ​រូបភាព​ជនជាតិ​បរទេស​ម្នាក់​ដួល​សន្លប់ ក្នុង​វាល​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​នោះ ត្រូវ​បាន​ក្រសួង​សុខាភិបាល អះអាង​ថា ជា​ករណី​ខ្យល់គរ មិន​ពាក់ព័ន្ធ​នឹង​វីរុស​កូរ៉ូណា​នោះ​ទេ​។ ជនបរទេស​ម្នាក់​នោះ បាន​ដឹង​ខ្លួន​វិញ ក្រោយ​ពេល​បញ្ជូន​ភ្លាមៗ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ។

ទោះជា​យ៉ាងណា នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ក្រសួង​សុខាភិបាល បង្ហោះ​សារ​ព្រមាន​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដែរ​ថា ទោះបីជា​មកដល់​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ពុំ​ទាន់​រក​ឃើញ​ករណី​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​បន្ថែម​ទៀត​ក្តី ប៉ុន្តែ​លទ្ធភាព​រក​ឃើញ​ករណី​បន្ថែម​ទៀត នឹង​អាច​កើត​មាន ព្រោះ​វីរុស​នេះ​នៅតែ​បន្ត​រាតត្បាត​ខ្លាំង​នៅឡើយ នៅ​ក្នុង​ទីក្រុង​វូហាន (Wuhan) ប្រទេស​ចិន​។ ស្ថាប័ន​ជំនាញ​មួយ​នេះ​អះអាង​ថា ក្រសួង​នៅតែ​បន្ត​ដាក់​ពង្រាយ​មន្ត្រី​ជាង ២​ពាន់​នាក់ ដើម្បី​រក​ករណី​សង្ស័យ​នៅ​ទូទាំង​ប្រទេស ជាពិសេស​នៅ​តាម​អាកាសយានដ្ឋាន​បី​កន្លែង ច្រក​ចេញ​ចូល​តាម​ព្រំដែន​គោក និង​តាម​ផ្លូវ​សមុទ្រ ដោយ​មាន​ដាក់​ម៉ាស៊ីន​ស្ទង់​កម្ដៅ​ដើម្បី​កំណត់​អ្នកជំងឺ​ផង​ដែរ​។ ចំណែក​មន្ទីរ​ពិសោធន៍​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ត្រូវ​បើក​ដំណើរការ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ធ្វើតេស្ត​វត្ថុ​វិភាគ ដែល​បាន​ផ្ញើ​មកពី​ទូទាំង​ប្រទេស ហើយ​ក្រសួង​ត្រៀម​មន្ទីរ​ពិសោធន៍​ពីរ​ទៀត ដើម្បី​ជួយ​ធ្វើតេស្ត​រក​មេរោគ​កូរ៉ូណា។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា ក្រោយ​ពេល​រដ្ឋាភិបាល ប្រកាស​កុំ​ឱ្យ​ពលរដ្ឋ​ព្រួយបារម្ភ​ខ្លាំង និង​ប្រកាស​ថា រក​ឃើញ​វីរុស​កូរ៉ូណា មួយ​ករណី​នោះ គឺ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភាគច្រើន ហាក់​មិនសូវ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ថែទាំ​សុខភាព​នោះ​ទេ​។ អ្នកស្រី​ជំរុញ​ក្រសួង​សុខាភិបាល ឱ្យ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់​ដ៏​សាហាវ​នៃ​វីរុស​កូរ៉ូណា និង​ពី​របៀប​ការពារ​ខ្លួន​ដល់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង៖ «មិន​មែន​តែ​ខ្ញុំ​ទេ មនុស្ស​ភាគ​ច្រើន ក៏​គេ​ព្រួយ​បារម្ភ​ដោយសារ​តែ​ប្រព័ន្ធ​វេជ្ជសាស្ត្រ និង​ឧបករណ៍​សម្ភារៈ​របស់​យើង នៅ​តែ​មិន​ទំនើប និង​មិន​ទាន់​សម័យ​ដូច​គេ។យើង​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ ទោះ​បី​ជា​រដ្ឋាភិបាល​ប្រកាស​ថា យើង​អត់​មាន​អ្នក​ជំងឺ​ផ្សេង​ទៀត​ក្តី មាន​តែ​មួយ​ទេ »

គិត​ត្រឹម​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ វីរុស​កូរ៉ូ​ណា​ថ្មី​ដែល​មាន​ប្រភព​រីក​រាល​ពី​ទីក្រុង​វូហាន​ប្រទេស​ចិន បាន​សម្លាប់ មនុស្ស​កើន​ដល់ ៨១៣​នាក់ នៅ​ក្នុង​ប្រទេស​ចិន ខណៈ​អ្នក​ឆ្លង​វីរុស​នេះ កើន​ដល់​ជិត ៤​ម៉ឺន (៣៧. ៥៦២) នាក់។ អ្នក​ស្លាប់ និង​អ្នក​ឆ្លង​នៅ​មិនទាន់​ថមថយ​នៅ​ឡើយ ដោយ​រយៈពេល​មួយថ្ងៃ កាល​ពី​ថ្ងៃ​សៅរ៍ អ្នក​ស្លាប់​កើន​ដល់ ៨៦​នាក់​។ ចំណែក​អ្នកជំងឺ​ដែល​ព្យាបាល​ជាសះស្បើយ គឺ​មាន​ចំនួន​ជាង ២​ពាន់​នាក់​។ ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ជិត ៣០ ត្រូវ​បាន​រក​ឃើញ​ថា ឆ្លង​វីរុស​នេះ​កើន​ឡើងជា​បន្តបន្ទាប់។

ចាប់ពី​តាំងពី​មាន​ការ​រីក​រាលដាល​នៃ​វីរុស​នេះ ប្រទេស​ជាង ៦០ រួមមាន សហរដ្ឋអាមេរិក សិង្ហ​បុរី និង​ជប៉ុន​ជាដើម បាន​ដាក់​ចេញ​វិធានការ​រឹត​បន្តឹង​ផ្ដោត​លើ​ការ​ធ្វើ​ដំណើរ​របស់​ជន​ជាតិ​ចិន។ ក្រៅ​ពី​នេះ ប្រទេស​ទាំងនោះ ក៏បាន​ផ្សព្វផ្សាយ​អប់រំ​ឱ្យ​ប្រជាពលរដ្ឋ​ពាក់​ម៉ាស់​ការពារ​ដែរ ជាពិសេស នៅ​ប្រទេស​ថៃ ប្រសិនបើ​ជនបរទេស​ណា មិន​ព្រម​ពាក់​ម៉ាស់​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ទៀត​ផង។

​វិធានការ​ទាំងនេះ ខុស​ឆ្ងាយ​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ដែល​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ ភ័យខ្លាច​ជ្រុល​ហួសហេតុ និង​ថែមទាំង​ហាម​កុំ​ឱ្យ​អ្នកសារព័ត៌មាន​ពាក់​ម៉ាស់​ការពារ​វីរុស​កូរ៉ូណា​ទៀត​ផង​។ លើស​ពី​នេះ​ទៀត លោក ហ៊ុន សែន ក៏​ពុំ​មាន​វិធានការ​បិទ​ជើង​ហោះហើរ ឬ​ជម្លៀស​និស្សិត​ខ្មែរ ពី​ប្រទេស​ចិន ដូច​អ្វី​ដែល​រដ្ឋាភិបាល​ប្រទេស​នានា បាន​ធ្វើ​នោះ​ទេ ដោយ​លើក​ហេតុផល​ថា កុំ​ឱ្យ​មាន​ប៉ះពាល់​សេដ្ឋកិច្ច និង​ទំនាក់​ជាមួយ​ប្រទេស​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។