ក្រសួងសុខាភិបាលកាលពីថ្ងៃទី៦ កុម្ភៈ ម្សិលមិញអះអាងថា ជនជាតិចិនម្នាក់ដែលបានរកឃើញថា មានផ្ទុកមេរោគកូរ៉ូណា នៅខេត្តព្រះសីហនុ មានសុខភាពល្អប្រសើរដូចធម្មតាវិញហើយ។ ប៉ុន្តែក្រសួងមិនទាន់អនុញ្ញាតឱ្យបុរសដែលមានវ័យ៦០ឆ្នាំនេះ ចេញពីមន្ទីរពេទ្យខេត្តនៅឡើយទេ ព្រោះក្រុមគ្រូពេទ្យនៅតាមដានលោករហូតដល់ថ្ងៃអាទិត្យទី៩ ខែកុម្ភៈ។
ក្រសួងនឹងអនុញ្ញាតអាចឱ្យលោកចេញពីមន្ទីរពេទ្យ បន្ទាប់ពីការធ្វើតេស្តឈាមនៅថ្ងៃច័ន្ទ ទី១០ ខែកុម្ភ: បើសិនមិនមានបង្ហាញលទ្ធផលវិជ្ជមានវីរុសកូរ៉ូណានោះទេ។ ហើយសមាជិកក្រុមគ្រួសារគាត់ ៣នាក់ទៀតរកមិនឃើញមាន វីរុសកូរ៉ូណាថ្មីនេះ ក៍៏នឹងបានរួចផុតពីការសង្កេតតាមដានសុខភាពចំនួន ១៤ថ្ងៃផងដែរ។
មកទល់នឹងថ្ងៃទី៦ កុម្ភៈនេះ កម្ពុជាមិនទាន់រកឃើញអ្នកមានផ្ទុកមេរោគកូរ៉ូណាថ្មីទៀតទេ ប៉ុន្តែក្រសួងសុខាភិបាលបានត្រៀមបន្ទប់ដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងនៅតាមបណ្ដាខេត្តទាំងអស់ ព្រមទាំងបានត្រៀមសម្ភារ: បរិក្ខារពេទ្យ និងឱសថចាំបាច់សម្រាប់ការព្យាបាលផងដែរ។ អង្គការសុខភាពពិភពលោក (WHO) ឱ្យដឹងថា បច្ចុប្បន្នមានករណីឆ្លងវីរុសកូរ៉ូណាថ្មីនេះចំនួនជិត ៣ម៉ឺន ករណី ហើយមាន មនុស្សស្លាប់ ៥៦៥ នាក់ នៅក្នុង៣០ប្រទេសនិងដែនដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។