ក្រសួង​សុខាភិបាល​ប្រកាស​ថា មាន​អ្នក​ជំងឺ ២នាក់ បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ១៩

0:00 / 0:00

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា មាន​អ្នក​ជំងឺ ២នាក់ បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ១៩ ហើយ ក្នុង​រយៈ​ពេល ២ថ្ងៃ​ជាប់ៗ គ្នា​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​មាន​ករណី​វិជ្ជមាន​ជំងឺ​កូវីដ១៩ ទេ។

ក្រសួង​សុខាភិបាល​និយាយ​ថា អ្នក​ជា​សះ​ស្បើយ​ទាំង ២នាក់ គឺ​មាន​ បុរស​អាយុ ៣០ឆ្នាំ អ្នក​រស់​នៅ​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ដែល​បាន​ធ្វើ​ចត្តាឡឺស័ក នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន និង​បញ្ជូន​សារ ខេត្ត​កំពង់ស្ពឺ និង​បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​មក​ពី​ប្រទេស​រុស្ស៊ី ដោយ​បន្ត​ជើង​ហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី១៩ ខែកក្កដា។​​​

ចំណែក​ឯ​ស្ត្រី​ម្នាក់​ទៀត​ជនជាតិ​កាហ្សាក់ស្តង់ (Kazakhstan) អាយុ ៤២ឆ្នាំ បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​កាហ្សាក់ស្តង់ ដោយ​បាន​ហោះហើរ​ពី​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី៣ ខែ​សីហា។

គិត​ត្រឹម​ថ្ងៃ​ទី១៩ សីហា​ នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ១៩ ចំនួន ២៧៣នាក់​ ក្នុង​នោះ​មាន​ស្រ្តី ៥៤នាក់ និង​បុរស ២១៩នាក់។ អ្នក​ជាសះស្បើយ​សរុប​មាន​ចំនួន ២៥៣នាក់ ស្ត្រី ៥៣នាក់ បុរស ២០០នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។