ក្រសួង​ពាណិជ្ជកម្ម​នឹង​បង្ហាញ​លទ្ធផល​តេស្ត​គុណភាព​ម្សៅ​ទឹកដោះគោNutrilatt នៅ​សប្ដាហ៍​ក្រោយ

ក្រសួងពាណិជ្ជកម្ម នឹង​បង្ហាញ​លទ្ធផល​ត្រួតពិនិត្យ​គុណភាព​ម្សៅ​ទឹកដោះគោ ម៉ាក នូទ្រីលេត (Nutrilatt) នៅ​សប្ដាហៈ​ក្រោយនេះ បន្ទាប់ពី​បាន​បញ្ចូន​ទៅ​ពិនិត្យ​គុណភាព​នៅ​មន្ទីរ​ពិសោធន៍​មួយ​ក្នុង​ប្រទេស​សិង្ហ​បុរី ។ សង្គម​ស៊ីវិល​សារ​ទរ​ចំពោះ​ការ​បង្ហាញ​អំពី​តម្លាភាព​ក្នុង​ស្រាវជ្រាវ​របស់​អាជ្ញាធរ​។ ចំណែក អាណាព្យាបាល​ទារក​ដែល​មាន​ជំងឺ​ស្លេកស្លាំង​បារម្ភ​ពី​លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យ​នេះ ប៉ុន្តែ​នៅ​តែ មិន​បោះបង់​ការស្វែងរក​ការពិត​នៃ​គុណភាព​ម្សៅ​ទឹកដោះគោ ម៉ាក នូទ្រីលេត​នោះ​ទេ។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​អះអាង​ប្រាប់​អាស៊ីសេរី​ថា អង្គភាព​ជំនាញ​របស់​ក្រសួង បាន​ទទួល​លទ្ធផល​ពិនិត្យ​ម្សៅ​ទឹកដោះគោ​ម៉ាក នូទ្រីលេត (Nutrilatt) ពី​មន្ទីរ​ពិសោធន៍​អន្តរជាតិ​រួចហើយ ប៉ុន្តែ​នៅ​មិន​ទាន់​អាច​បង្ហាញ​លទ្ធផល​នេះ​នៅ​ឡើយ​ទេ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួង​ពាណិជ្ជកម្ម លោក ផាន អូន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ សីហា​ថា អង្គភាព​របស់​លោក​នឹង​បង្ហាញ​លទ្ធផល​ធ្វើតេស្ត​ម្សៅ​ទឹកដោះគោ​ម៉ាក នូទ្រីលេត (Nutrilatt) នៅ​ចំពោះ​មុខ​អាណាព្យាបាល​របស់​ទារក​មាន​ជំងឺ​ស្លេកស្លាំង និង​តំណាង​ក្រុមហ៊ុន​នៅ​ថ្ងៃ​ទី២៦ សីហា វេលា​ម៉ោង ៩​ព្រឹក សប្ដាហ៍​ក្រោយនេះ​។ លោក​បន្ត​ថា តំណាង​អង្គការ​អន្តរជាតិ​ចំនួន​៣​ដែល​ធ្វើការ​ពាក់ព័ន្ធ​ជាមួយ​កុមារ និង​សុខភាព រួមមាន​អង្គការ​យូនីសេហ្វ (UNICEF) អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ​ហេឡែន ខេលល័រ​អន្តរជាតិ ( Helen Keller International) ក៏​នឹង​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​នោះ​ដែរ៖ «អត់​ទាន់​បាន​នេះ​ផង​បង ណាត់​ជួប​ខាង​តំណាង​ក្រុមហ៊ុន​ជាមួយ​ខាង​មាតា​ហ្នឹង​ដូចជា​ថ្ងៃ​២៦ ថ្ងៃ​ហ្នឹង​យើង​នឹង​ធ្វើ​ការ​ហែក​ស្រោមសំបុត្រ​ដែល​ខាង​មន្ទីរ​ពិសោធន៍​គេ​ធ្វើ​មានការ​ទទួលស្គាល់​លក្ខណៈ​អន្តរជាតិ អ៊ីចឹង​យើង​អញ្ជើញ​ភាគី​ទាំងសងខាង​ជួប​គ្នា ហើយ​យើង​ហែក​ស្រោមសំបុត្រ​នៃ​លទ្ធផល​ទាំងអស់​គ្នា​មុខ​ភាគី​ទាំងពីរ​តែម្ដង»។

ក្រសួងពាណិជ្ជកម្ម បាន​បញ្ជូន​ម្សៅ​ទឹកដោះគោ​ម៉ាក នូទ្រីលេត ទៅពិនិត្យ​គុណភាព កាលពី​ចុងខែ​កក្កដា​កន្លងទៅ ដើម្បី​ពិនិត្យមើល​សារធាតុចិញ្ចឹម​នៃ​ម្សៅ​ទឹកដោះគោ​នេះ បន្ទាប់ពី​មាន​ការ​ស្នើសុំ​អន្តរាគមន៍​ពី​អាណាព្យាបាល​កុមារ​ដែល​មាន​ជំងឺ​ស្លេកស្លាំង។ ខាង​ក្រសួង​បាន​អះអាង​ថា មន្ទីរ​ពិសោធន៍​ដែល​ត្រួតពិនិត្យ​ម្សៅ​ទឹកដោះគោ​ម៉ាក នូទ្រីលេត គឺជា​កន្លែង​ដែល​មាន​ស្តង់ដារ​ហើយ​អាច​ពិនិត្យ​រក​គុណភាព​ម្សៅ​ទឹកដោះគោ នូទ្រីលេត (Nutrilatt) បាន​ត្រឹមត្រូវ។

ក្រុម​មាតាបិតា​ទារក​ដែល​មាន​ជំងឺ​ស្លេកស្លាំង បាន​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ក្រសួងពាណិជ្ជកម្ម គឺ​ដោយសារតែ​ក្រុមហ៊ុន​បាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ថា ម្សៅ​ទឹកដោះគោ នូទ្រីលេត ជា​ផលិតផល​របស់​ប្រទេស​សិង្ហ​បុរី តែ​ការពិត​ម្សៅ​ទឹកដោះគោ​នេះ​ផលិត​នៅ​ប្រទេស​ម៉ាឡេស៊ី​ទៅវិញ​។ អាណាព្យាបាល​ទាំងនោះ​អះអាង​ថា កូនៗ​របស់​ពួកគេ​រងគ្រោះ​កើត​ជំងឺ​ស្លេកស្លាំង ដោយសារតែ​ទទួលទាន​ម្សៅ​ទឹកដោះគោ ម៉ាក នូទ្រីលេត (Nutrilatt) ធ្វើ​ឱ្យ​ខ្វះ​ជាតិ​ដែក និង​ខ្វះ​ឈាម​ក្រហម​ធ្ងន់ធ្ងរ។

ម្ដាយ​របស់​ទារក​មាន​ជំងឺ​ស្លេកស្លាំង លោកស្រី គង់ ចន្ទ័ម៉ាលីស ឱ្យ​អាស៊ីសេរី​ដឹង​ថា លោកស្រី​និង​អាណាព្យាបាល​ផ្សេងទៀត​នឹង​ចូលរួម​តាម​ការ​កោះហៅ​របស់​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃ​ទី​២៦​ខាងមុខ ដើម្បី​បាន​ឃើញ​លទ្ធផល​នៃ​ការពិនិត្យ​គុណភាព​របស់​ម្សៅ​ទឹកដោះគោ ម៉ាក នូទ្រីលេត។ លោកស្រី​បន្ត​ថា លោកស្រី​ពិតជា​មានការ​បារម្ភ​ចំពោះ​លទ្ធផល​នៃ​ការពិនិត្យ ប៉ុន្តែ​លោកស្រី​ត្រៀម​នឹង​ប្រឈម​ជាមួយ​លទ្ធផល​នោះ​។ លោកស្រី​បញ្ជាក់​ជំហរ​ថា លោកស្រី និង​ក្រុម​អាណាព្យាបាល​ដទៃ​ទៀត​នឹង​បន្ត​ស្វែងរក​ការពិត​ក្នុង​រឿង​នេះ ដោយ​មិន​បញ្ឈប់​ត្រឹមហ្នឹង​នោះ​ទេ៖ «បើសិនជា​លទ្ធផល​ហ្នឹង​វា​ខុស​ពី​អ្វី​ដែល​ពួក​ខ្ញុំ​រំពឹង​ទុក គឺ​ពួក​ខ្ញុំ​នឹង​ពិភាក្សា​គ្នា​ម្តង​ទៀត​ថា នឹង​ត្រូវ​ធ្វើ​របៀប​ម៉េច ចង់​និយាយ​ថា ពួក​ខ្ញុំ​នឹង​គិត​វិធីសាស្ត្រ​ផ្សេង​ទៀតហើយ​ឲ្យ​គេ​បង្ហាញ​លទ្ធផល​ថា ហេតុ​អី​ផលិតផល​ហ្នឹង​អត់​មាន​បញ្ហា​អីច៊ីង ពិ​ព្រោះ​កូន​ពួក​ខ្ញុំ​មឹម ( បៅ ) សុទ្ធ​តែ​មាន​បញ្ហា​ទាំងអស់»។

ទាក់ទង​នឹង​ករណី​ម្សៅ​ទឹកដោះគោ​ម៉ាក​នូទ្រីលែត នេះ​ដែរ អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ជាច្រើន​ដង ទាំង​តាម​ទូរស័ព្ទ និង​ប្រព័ន្ធ​តេឡេក្រាម ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​នោះ​ទេ​។ អ្នកស្រី ឱ វណ្ណឌីន ជា​ញឹកញាប់​ឆ្លើយតប​ចំពោះ​សំណួរ​របស់​អ្នកសារព័ត៌មាន​លើ​ប្រធានបទ​ជាច្រើន ប៉ុន្តែ​ករណី​ម្សៅ​ទឹកដោះគោ​នូទ្រីលែត​នេះ អ្នកស្រី​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ទោះជា​អ្នកសារព័ត៌មាន​ជជីក​សួរ​បែប​ណា​ក្ដី។ ជាង​នេះ​ទៅ​ទៀត ក្រសួង​សុខាភិបាល​ដែល​ជា​ស្ថាប័ន​ទទួលខុសត្រូវ​លើ​សុខភាព​ពលរដ្ឋ​វិញ ក៏​ហាក់​ធ្វើ​មិន​ដឹង​មិន​លឺ​ចំពោះ​ករណី​នេះ​ដែរ ទោះ​ជា​មាន​បណ្ដឹង​ពី​ឪពុកម្ដាយ​ទារក​កើត​ជំងឺ​ស្លេកស្លាំង​នោះ យ៉ាង​ណា​ក៏​ដោយ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​សមាគម​អាដហុក (Adhoc) លោក នី សុខា សាទរ​ចំពោះ​ក្រសួងពាណិជ្ជកម្ម​ដែល​នឹង​បង្ហាញ​លទ្ធផល​ត្រួតពិនិត្យ​គុណភាព​ម្សៅ​ទឹកដោះគោ​នេះ​នៅ​ចំពោះ​មុខ​អ្នក​ពាក់ព័ន្ធ​។ លោក​បន្ថែម​ថា រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ត្រូវតែ​មាន​វិធានការ​ច្បាស់លាស់​ក្នុងការ​ត្រួតពិនិត្យ​គ្រប់​ផលិតផល និង​ទំនិញ​ទាំងឡាយ​ដែល​នាំចូល​កម្ពុជា និង​មិន​ត្រូវ​ធ្វេសប្រហែស​ឲ្យ​មាន​ទំនិញ​ឬ​ផលិតផល​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​នោះ​ទេ​។ លោក​បន្ត​ថា នៅ​ពេល​ទំនិញ​ឬ​ផលិតផល​ទាំង​នោះ​បាន​ចរាចរ​លើ​ទីផ្សារ​ហើយ ទើប​មានការ​ពិនិត្យ​ជា​ក្រោយ នោះ​គឺជា​កំហុស​ឆ្គង​របស់​រដ្ឋាភិបាល៖ «ទាក់ទង​ទៅ​និង​ការ​នាំចូល​ផលិតផល​គឺ​ត្រូវតែ​មាន​ឆ្លងកាត់​ការ​ត្រួត​ពិនិត្យ​របស់​សមត្ថកិច្ច​ដែល​មាន​ការ​ត្រួតពិនិត្យ​ផលិតផល​ទាំងអស់​ហ្នឹង យើង​គិតថា​មិនមែន​តែ​រឿង​ម្សៅ​ទឹកដោះគោ​ហ្នឹង​ទេ រឿង​ផលិតផល​ដែល​នាំចូល​ពី​បរទេស​មក​សម្រាប់​ស្រុក​ខ្មែរ​យើង​គួរតែ​ពង្រឹង​ឲ្យ​បាន​ឡើងវិញ​អំពី​ការ​ត្រួត​ពិនិត្យ​នូវ​ផលិតផល​ទាំងអស់​ហ្នឹង»។

ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ចែងថា បុគ្គល​ទាំងឡាយ​ដែល​ធ្វើ​ធុរកិច្ច មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​អំពើ​មិន​សុចរិត​ឡើយ​។ អំពើ​មិន​សុចរិត សំដៅ​ដល់​អំពើ​ណាមួយ ដែល​អាច​បំភ័ន្ត ឬ​បោក​បញ្ឆោត​អ្នកប្រើប្រាស់ ទោះ​ដោយ​ចេតនា ឬ​អចេតនា​ក្ដី​។ អ្នក​ល្មើស​នឹង​ត្រូវ​រង​ការព្រមាន​ជា​លាយលក្ខណ៍​អក្សរ ពិន័យ​ជា​ទឹកប្រាក់ និង​ឈាន​ដល់​ជាប់​ពន្ធនាគារ ទៅតាម​ស្ថាន​ទម្ងន់​ទោស​ដែល​តុលាការ​រក​ឃើញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។