មន្ត្រីអង្គការសង្គមស៊ីវិលសម្ដែងការព្រួយបារម្ភអំពីការរាតត្បាតជំងឺផ្ដាសាយធំនៅក្នុងពន្ធនាគារ ដែលអាចនឹងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ជនជាប់ឃុំ ដែលធ្វើឱ្យពួកគេរស់នៅកាន់តែលំបាក។ ក្ដីបារម្ភនេះ បន្ទាប់ពីនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានបង្ហាញរបាយការណ៍ថាជំងឺផ្ដាសាយធំកំពុងតែរាតត្បាតខ្លាំងនៅតាមពន្ធនាគារជាច្រើនកន្លែងនៅកម្ពុជា។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី សុខា មានប្រសាសន៍ថា បន្ទប់ឃុំឃាំងតាមពន្ធនគារទូទាំងប្រទេសមានភាពចង្អៀតណែនជាការលំបាកមួយរួចមកហើយ។ លោក បន្តថាប្រសិនបើជំងឺផ្ដាសាយធំកំពុងរាតត្បាតនៅក្នុងពន្ធនាគារទៀតនោះនឹងធ្វើឱ្យជនជាប់ឃុំកាន់តែលំបាកខ្លាំង។ លោក ឱ្យដឹងថាជនជាប់ឃុំងាយឆ្លងជំងឺផ្ដាសាយធំបានយ៉ាងលឿនពីព្រោះអ្នកទោសតែងតែកើតជំងឺរមាស់ស្បែកស្ទើរគ្រប់គ្នា ដោយសារតែបន្ទប់តូចចង្អៀត និងខ្វះអនាម័យ។ លោកស្នើឱ្យអាជ្ញាធរពាក់ព័ន្ធមានវិធានការទប់ស្កាត់រឿងនេះឱ្យបានឆាប់ ដើម្បីកុំឱ្យជំងឺផ្ដាសាយធំឆ្លងដល់ជនជាប់ឃុំកាន់តែច្រើនបន្ថែមទៀត៖ «ដូច្នេះខាងនាយកដ្ឋានពន្ធនាគារ លោកគួរតែមានវិធានការធ្វើម៉េច ដើម្បីរំដោះអ្នកដែលរស់នៅចង្អៀតណែនតាន់តាប់ហ្នឹង ឱ្យអាចមានលទ្ធភាពបង្កឱ្យមានការរស់នៅឱ្យបានឆ្ងាយដាច់ៗពីគ្នា ជាលក្ខណៈបច្ចេកទេសរៀបចំជាមួយខាងក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។ យើងខ្ញុំថាកាលខ្ញុំជាប់ឃុំ ជំងឺកមរមាស់តិចតួចទេ គឺ ថាការឆ្លងពីគ្នាទៅវិញទៅមកហ្នឹងពេញបន្ទប់តែម្ដងទម្រាំជំងឺនេះទៀត ដូច្នេះជាការព្រួយបារម្ភធំណាស់រឿងនេះ។»
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលប្រកាសកាលពីថ្ងៃទី១៦ កញ្ញាថា ជំងឺផ្ដាសាយធំកំពុងផ្ទុះជាចង្កោមនៅក្នុងពន្ធនាគារ ក្នុងចំណោមព្រះសង្ឃ និងពលរដ្ឋតាមភូមិមួយចំនួន នៅក្នុងខេត្តតាកែវ ព្រះវិហារ កោះកុង បាត់ដំបង បន្ទាយមានជ័យ ហើយអាចឆ្លងបន្តដល់ខេត្តដទៃទៀត។ រោគសញ្ញានៃជំងឺផ្តាសាយធំនេះរួមមាន៖ គ្រុនក្តៅលើសពី៣៨.៥ អង្សារសេ និងមានក្អក ឬឈឺក ហើយករណីខ្លះវិវត្តន៍ទៅជាហត់។
ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលប្រាប់អាស៊ីសេរីថា ពិតមែនតែកម្ពុជាពុំមានការរាត្បាតជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ប៉ុន្តែកម្ពុជាមានការកើតឡើងជំងឺផ្តាសាយធំកំពុងរាលដាលនៅក្នុងសហគមន៍ ដែលទាមទារឱ្យប្រជាពលរដ្ឋត្រូវពាក់ម៉ាសនៅពេលជួបប្រជុំគ្នា នៅតាមទីវត្តអារាម និងកន្លែងជួបប្រជុំតាមទីសាធារណៈផ្សេងៗ៖ «ប្រទេសយើងស្ថិតនៅក្នុងតំបន់ត្រូពិក ហើយជាប្រទេសដែលមានរដូវក្តៅ ហើយសើម។ តាមការសិក្សារបស់នាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងរកឃើញថា ប្រទេសកម្ពុជាយើងនៅរៀងរាល់រដូវភ្លៀងតែងតែមាន ការកើនឡើងនៃជំងឺផ្ដាសាយដែលបង្កឡើងដោយមេរោគផ្ដាសាយ វីរុសឈ្មោះ អាំងប្លង់ហ្សា អា។ នៅក្នុងអាំងប្លង់ហ្សា វាមានអនុក្រមផ្សេងៗទៀតច្រើន។ តែឆ្នាំនេះយើងឃើញថា មានការកើតឡើងជាចង្កោមនៃអាំងប្លង់ហ្សា អា ប្រភេទ ហាស៣ អ៊ីនពីរ កើតឡើងច្រើនតាមចង្កោម តាមបណ្តាខេត្តមួយចំនួន»
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា ប្រាប់ថា គិតត្រឹមថ្ងៃទី១៧ កញ្ញា មានពន្ធនាគារចំនួន៣កន្លែងហើយ ដែលបានឆ្លងជំងឺផ្ដាសាយធំ រួមមានពន្ធនាគារនៅខេត្តកោះកុង កំពង់ចាម និង ខេត្តព្រះវិហារ ក៏ប៉ុន្តែលោកថា មិនទាន់បានបូកសរុបតួលេខជនជាប់ឃុំមានប៉ុន្មាននាក់ ដែលបានឆ្លងជំងឺនេះនៅឡើយទេ។ លោកបន្តថា បច្ចុប្បន្នមន្ត្រីពន្ធនាគារបានសហការជាមួយមន្ត្រីក្រសួងសុខាភិបាលដាក់គ្រូពេទ្យនៅតាមពន្ធនាគារទប់ស្កាត់បញ្ហានេះរួចហើយ៖ «អនាម័យយើងសម្អាតដូចករណីជំងឺកូវីដ-១៩ អីចឹង យើងសម្អាតបាញ់ថ្នាំផង យើងប្រើសាប៊ូផង ប្រើអាល់កុលផង ជាពិសេសដាក់ថ្នាំឱ្យគាត់បានលេទៅ វាឃើញបានធូរស្រាលមកវិញ។ ហើយគាត់ហូបចុកអីបានគ្រប់គ្រាន់ និងបានសម្រាកអីឱ្យបានគ្រប់គ្រាន់ទៅគាត់មានការធូរថយមកវិញ។»
លោក នុត សាវនា ឱ្យដឹងថា គិតត្រឹមថ្ងៃទី១២ កញ្ញា មានជនជាប់ឃុំជិត៤ម៉ឺននាក់ (៣៩.៣០០) នៅក្នុងពន្ធនាគារទូទាំងប្រទេស។
ក្រសួងសុខាភិបាលឱ្យដឹងថា ជំងឺផ្ដាសាយធំនេះ គឺត្រូវព្យាបាល ដោយប្រើថ្នាំបញ្ចុះកម្ដៅ ផឹកទឹកឱ្យបានច្រើន គេងឱ្យបានលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិជាពិសេស វីតាមីនសេ។
ទោះជាយ៉ាងណា ការព្យាបាលខ្លះអាចនឹងពិបាកអនុវត្តបានសម្រាប់អ្នកជាប់ឃុំ ដោយសារតែបន្ទប់ឃុំឃាំងចង្អៀតណែន ខ្វះអនាម័យ ហើយអ្នកជាប់ឃុំក្រីក្រក៏មិនមានលទ្ធភាពទទួលបានអាហារសំបូរជីវជាតិនោះដែរ។ ដូច្នេះទើបអង្គការសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធរកដំណោះស្រាយរឿងនេះឱ្យបានឆាប់ ដើម្បីកុំឱ្យជំងឺផ្តាសាយធំនេះកាន់តែរីករាលដាលក្នុងពន្ធនាគារ ស្របពេលនៅក្រៅពន្ធនាគារវិញ ក្រសួងសុខាភិបាលនៅតែរកឃើញករណីជំងឺរលាកសួតថ្មីកូវីដ-១៩ ជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
