អ្នកឃ្លាំមើលសង្គម រិះគន់លោក ហ៊ុន សែន ថាខ្វះវិជ្ជាជីវៈ ក្នុងការជួយអ្នកដំណើរលើកប៉ាល់ទេសចរ វ៉េស្ទើដាម (Westerdam) ដែលអ្នកលើកប៉ាល់ម្នាក់ ក្នុងចំណោមជាងពីរពាន់នាក់ ត្រូវបានរកឃើញ ថាមានផ្ទុកជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩។
អ្នកឃ្លាំមើលសង្គម និងជាអតីតនាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា មិនយល់ទាស់ទៅនឹងបំណងមនុស្សធម៌នោះទេ បើបំណងនោះធ្វើដោយស្មោះស និងត្រឹមត្រូវក្នុងការជួយសង្គ្រោះមនុស្សលើកប៉ាល់ទេសចរនោះមែន។ ប៉ុន្តែ លោកថាទង្វើរបស់លោក ហ៊ុន សែន ក្នុងប្រតិបត្តិការជួយអ្នកលើកប៉ាល់នោះ គឺបង្កប់ចេតនានយោបាយ ដើម្បីឃោសនាយកមុខមាត់ខ្លាំង រហូតធ្វើទាំងខ្វះការការប្រុងប្រយ័ត្ន និងខ្វះវិជ្ជាជីវៈក្នុងការបង្ការជំងឺនេះ ព្រោះទាំងលោក ហ៊ុន សែន និងមន្ត្រីរបបនេះ រួមទាំងអ្នកពាក់ព័ន្ធដទៃទៀត មិនពាក់ម៉ាស់ការពារនោះឡើយ ពេលដែលចុះទៅទទួលអ្នកនៅលើកប៉ាល់ទាំងនោះ។
លោក គល់ បញ្ញា បន្ថែមថា បើទោះបីជាលោក ហ៊ុន សែន អះអាងថា ហ៊ានពលិកម្ម ដើម្បីបុព្វហេតុនេះក៏ដោយ ក៏មិនត្រូវធ្វេសប្រហែសបែបនេះនោះទេ៖ «ទោះបីយើងអាចស្លាប់ក៏ដោយ ប៉ុន្តែវាអាចប៉ះពាល់អ្នកទីបីទៀត។ អ៊ីចឹងហើយការចម្លងមេរោគហ្នឹង គេមានច្បាប់គេ មិនមែនចេះតែមានន័យថា យើងថាខ្ញុំមានសមត្ថភាព ខ្ញុំដឹង ខ្ញុំយល់ថាគ្មានមេរោគទេ ដូច្នេះធ្វើអ្វីតាមចិត្ត មិនបាច់ពាក់ម៉ាស់ មិនបាច់ពាក់ប្រព័ន្ធ ការពារ ដើម្បីទៅជួយគេ និងប្រតិបត្តិការពិនិត្យមើលអ្នកដំណើរនោះទេ។ មិនមែនដូច្នេះទេ កាលណាយើងធ្វើអ៊ីចឹង គេមិនទុកចិត្តយើងទេ»។

លោក គល់ បញ្ញា ថាវិធានការចម្បងមួយ ក្នុងចំណោមវិធានការជាច្រើន ក្នុងការទប់ស្កាត់ និងការពារការឆ្លងរាលដាលនៃជំងឺនេះ គឺការពាក់ម៉ាស់ការពារហ្នឹងឯង ដែលខាងលោក ហ៊ុន សែន ខកខានក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួន។ ជាងនេះទៅទៀត ការប្រុងប្រយ័ត្ននេះ ត្រូវតែមានកាន់ខ្ពស់ក្នុងស្ថានភាពបែបនេះ ព្រោះជំងឺរលាកផ្លូវដង្ហើមដ៏កាចសាហាវនេះ អាចសម្ងំក្នុងខ្លួនមនុស្សបានយូរ ទើបអាចរកឃើញ។ ម្យ៉ាងទៀត អ្នកដំណើរលើកប៉ាល់នោះ បានចាកចេញពីដែនដីហុងកុង នៃប្រទេសចិន ដែលនៅទីក្រុងហុងកុងនេះ មានមនុស្សឆ្លងមេរោគនេះ ដំបូងតាំងពីថ្ងៃទី២២ ខែមករា មកម្ល៉េះ។ ឥឡូវនេះ អ្នកឆ្លងនៅហុងកុង កើនឡើងដល់ ៦២នាក់ហើយ៖ «មិនអាចទៅនាំគណៈប្រតិភូ ទៅអត់មានពាក់ម៉ាស់ ទៅទទួលអ្នកដំណើរដែលសង្ស័យថាអាចមានវីរុស គេសង្ស័យប៉ុណ្ណឹង ក៏គេមានការប្រុងប្រយ័ត្នដែរ ដើម្បីការពារកុំឱ្យឆ្លង។ ធ្វើម៉េចទើបដឹងបានមនុស្សរាប់ពាន់នាក់ ទៅសន្មតថាអត់មានសោះនោះ ? ខាងកម្ពុជាយើងក៏សមត្ថភាព ក្នុងការយល់ដឹងវីរុសនេះ នៅមានកំណត់ដែរ»។
លោក ហ៊ុន សែន និងមន្ត្រីរបបលោក កាលពីថ្ងៃទី១៤ ខែ កុម្ភៈ បានទៅដល់កប៉ាល់ Westerdam ដែលចតនៅកំពង់ផែក្រុងព្រះសីហនុ ដោយឈរទទួលរាក់ទាក់ភ្ញៀវម្នាក់ម្តងៗ ចាប់ដៃ ហុចផ្កា ឱប ថើប ថតរូបជាមួយយ៉ាងរីករាយ ដោយមិនពាក់ម៉ាស់ការពារអ្វីទាំងអស់ ទំនងជាជឿជាក់ខ្លាំង ថា មិនចាំបាច់ពាក់ម៉ាស់ការពារទេ ព្រោះគ្មាននរណាម្នាក់មានផ្ទុកមេរោគនេះទេ។ គ្មានសេចក្ដីរាយការណ៍ណា ដែលថាការមិនពាក់ម៉ាស់ទាំងអស់គ្នានេះ ជាការបញ្ជារបស់លោក ហ៊ុន សែន នោះទេ ប៉ុន្តែលោកធ្លាប់គំរាមបណ្ដេញអ្នកណា ដែលហ៊ានពាក់ម៉ាស់ ចូលក្នុងសាលសន្និសីទ កាលនៅវិមានសន្តិភាព ដោយលោកអះអាងថា មិនគួរណាខ្លាចជំងឺកូរ៉ូណា ឬកូវីដ-១៩ នេះជ្រុលពេកនោះទេ។ លោកថា ខ្លាមិនខ្លា ទៅខ្លាចអាចម៍ខ្លា។
ទោះបីក្រសួងសុខាភិបាលកម្ពុជា អះអាងថា បានពិនិត្យសុខភាពមនុស្សទាំងអស់លើកប៉ាល់ ថាគ្មានមេរោគនេះក៏ដោយ ក៏ក្រោយចាកចេញពីកម្ពុជា ស្ត្រីជនជាតិអាមេរិកម្នាក់ អាយុ ៨៣ ឆ្នាំ ត្រូវបានក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី រកឃើញថាមានផ្ទុកជំងឺរលាកផ្លូវដង្ហើម កូវីដ-១៩ នេះ។
ភ្លាមៗក្រោយក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី ប្រកាសលទ្ធផលធ្វើតេស្តនោះ ខាងភាគីកម្ពុជាមិនសុខចិត្ត ក៏បានស្នើឱ្យក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី ធ្វើតេស្តនេះឡើងវិញ។ តាមសំណូមពរនេះ ខាងប្រទេសម៉ាឡេស៊ីធ្វើតេស្តជាលើកទីពីរ។ លទ្ធផលទាំងពីរលើក នៅតែបញ្ជាក់ថា ស្ត្រីអ្នកដំណើរនោះ ពិតជាមានមេរោគនេះដដែល។
លទ្ធផលលើកទីពីរនេះ ក៏ធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីសុខាភិបាលកម្ពុជា នៅតែកើតទុក្ខមិនសុខចិត្ត។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែកុម្ភៈ លោក ហ៊ុន សែន នៅតែដាក់ការមន្ទិលលើសមត្ថភាពលើក្រសួងសុខាភិបាលប្រទេសសមាជិកអាស៊ានដូចគ្នាមួយនេះ។ លោក ហ៊ុន សែន សង្ស័យលទ្ធផលធ្វើតេស្តរបស់ប្រទេសម៉ាឡេស៊ីនេះ រហូតដល់ដាក់ក្តីសង្ឃឹមលើអ្នកជំងឺ ដែលឆ្លងមេរោគនេះ ជាអ្នកប្រាប់ការពិត ទើបអាចយកជាការបាន៖ «ខ្ញុំគិតថា ប្រហែលមានតែអ្នកជំងឺនោះតែប៉ុណ្ណោះ បន្ទាប់ពីគេព្យាបាលគាត់ជាហើយ គាត់ទៅប្រទេសរបស់គាត់ គាត់នឹងនិយាយនូវអ្វីដែលគាត់ ចង់និយាយ ថា តើគាត់ឆ្លងពិត ឬមិនពិត គឺប្រហែលជាចំណុះលើគាត់និយាយហើយ។ កម្ពុជាខ្លួនឯងរកអត់ឃើញ ទៅដល់នោះទើបរកឃើញ។ តើជំងឺនេះ វាកើតត្រង់ណា ? ព្រោះជំងឺនេះត្រូវមានរយៈពេលរបស់វា»។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សូវ៉ាន់ កាលពីថ្ងៃទី២០ ខែ កុម្ភៈ បានប្រាប់ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន ថា ការធ្វើតេស្តលើកទីពីរនេះទៀតសោត នៅតែ«មានភាពមិនប្រក្រតី» ព្រោះលោកអះអាងថា ខាងប្រទេសម៉ាឡេស៊ី ធ្វើមិនត្រូវតាមស្តង់ដារអន្តរជាតិ ក្នុងការធ្វើតេស្តនេះ។
ទោះបីជាលោក លី សូវ៉ាន់ អះអាងថា ខាងភាគីកម្ពុជាធ្វើត្រឹមត្រូវតាមស្តង់អន្តរជាតិក៏ដោយ ក៏រយៈពេលនៃការធ្វើតេស្តដំបូងនៅកម្ពុជា ដោយយកសំណាកពីអ្នកដំណើរ ២០នាក់ ពីលើកប៉ាល់នោះ គឺធ្វើនៅថ្ងៃទី១៣ ខែ កុម្ភៈ ដែលទើបតែបាន ១៣ថ្ងៃប៉ុណ្ណោះ ក្រោយកប៉ាល់នេះ ដឹកអ្នកទាំងនោះ ចេញពីកំពង់ផែក្រុងហុងកុង។
អង្គការសុខភាពពិភពលោកបានប្រកាសថា មេរោគនេះ អាចសម្ងំលាក់ខ្លួននៅក្នុងខ្លួនមនុស្សរហូតដល់ទៅ ១៤ ថ្ងៃទើបអាចរកឃើញវា។ ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ត្រនៅប្រទេសចិន បានរកឃើញបន្ថែមថា រយៈពេលសម្ងំនេះ អាចមានរហូតដល់ ២៤ថ្ងៃឯណោះ។
កប៉ាល់វ៉េស្ទើដាម (Westerdam) ដែលដឹកមនុស្សជាង ២ ពាន់នាក់ ១.៤៥៥ ជាអ្នកដំណើរទេសចរ និង ៨០២ នាក់ជាបុគ្គលិកលើកប៉ាល់ ចេញពីកំពង់ផែហុងកុង នៅថ្ងៃទី១ ខែកុម្ភៈ និងមកចតនៅក្រុងព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ។ បច្ចុប្បន្ន អ្នកទេសចរនៅលើកប៉ាល់នោះ បានចាកចេញពីកម្ពុជាអស់ហើយ នៅដើមសប្ដាហ៍នេះ ក្រោយពេលថ្មីៗនេះ សំណាកអ្នកដំណើរ និងអ្នកបម្រើលើកប៉ាល់ជាង ១ ពាន់នាក់ ត្រូវបានធ្វើតេស្តទាំងអស់ ដោយទទួលបានលទ្ធផលថាគ្មានផ្ទុកមេរោគនេះទេ។
ទោះជាយ៉ាងនេះក្តី នៅមុនពេលលោក ហ៊ុន សែន និងមន្ត្រីរបបនេះ ចុះទៅជួបអ្នកនៅលើកប៉ាល់នោះ គឺមានតែសំណាកអ្នកលើកប៉ាល់ ២០នាក់ប៉ុណ្ណោះ ដែលត្រូវបានធ្វើតេស្ត និងរកមិនឃើញមេរោគនេះ។

ទោះជារងការរិះគន់ជុំទិសថា លោក ហ៊ុន សែន ធ្វើជាចិត្តល្អ ជួយសង្គ្រោះអ្នកលើកប៉ាល់នេះ ថា ជាការកេងចំណេញប្រយោជន៍នយោបាយយ៉ាងណាក្តី ក៏លោក ហ៊ុន សែន នៅតែអះអាងថា លោកធ្វើនេះ ដើម្បីប្រយោជន៍មនុស្សធម៌សុទ្ធសាធ។
លោក គល់ បញ្ញា ថាលេសនេះ មិនគ្រប់គ្រាន់ក្នុងបិទបាំងការកេងចំណេញប្រយោជន៍នយោបាយនោះទេ ព្រោះរឿងកប៉ាល់នេះ មិនមែនត្រូវធ្លាក់មកលើកម្ពុជាជាអ្នកទទួលខុសត្រូវម្នាក់ឯងទេ ស្របពេលដែលប្រទេសចំនួនប្រាំ រួមទាំងប្រទេស ហ្វីលីពីន និងកោះហ្គាំ (Guam) ដែលជាដែនដីរបស់សហរដ្ឋអាមេរិក ដែលសុទ្ធតែមានពលរដ្ឋខ្លួនលើកប៉ាល់នោះផង សុទ្ធតែបដិសេធ មិនឱ្យកប៉ាល់នោះចូលចត។ លោក គល់ បញ្ញា ក៏មិនជឿថា កប៉ាល់នេះ កំពុងជួបវិបត្តិមនុស្សធម៌នោះដែរ៖ «កប៉ាល់នោះតាមពិត គេមានលទ្ធភាពដោះស្រាយហើយ រឿងជីវភាពរស់នោះ វាមិនមែនជាបញ្ហាទេ។ កប៉ាល់ទេសចរធំៗបែបនេះ មានទាំងទីលានចតយន្តហោះ សម្រាប់ដឹកចំណីអាហារ និងគ្រឿងផ្គត់ផ្គង់ មិនមែនជាបញ្ហាទេ»។
លោក គល់ បញ្ញា ក៏ចោទសួរអំពីសុចរិតភាព នៃការបន្តដាក់ការសង្ស័យទៅលើប្រព័ន្ធត្រួតពិនិត្យសុខភាពរបស់ប្រទេសម៉ាឡេស៊ីនោះ ថាគ្រាន់តែជាការបិទបាំងភាពខ្វះវិជ្ជាជីវៈរបស់លោក ហ៊ុន សែន និង ភាពកម្សោយនៃប្រព័ន្ធសុខាភិបាលកម្ពុជាប៉ុណ្ណោះ ព្រោះកម្ពុជាមិនបានសង្ស័យ ឬស្នើឱ្យភាគីចិន ធ្វើដូច្នេះដែរនោះទេ ពេលដែលជនជាតិបីនាក់ ផ្ទុកមេរោគនេះដែរ ពេលត្រឡប់ពីកម្ពុជាទៅដល់ចិនវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។