អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា​មាន​ជីវភាព​ខ្វះខាត​កាន់​តែ​ខ្លាំង

ដោយ ហ៊ុំ ចំរើន
2017-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ផ្ទុក​មេរោគ​អេដស៍​ជួបជុំ​គ្នា​នៅ​មុខ​ផ្ទះ​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hum Chamroeun
អ្នក​ផ្ទុក​មេរោគ​អេដស៍​ជួបជុំ​គ្នា​នៅ​មុខ​ផ្ទះ​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hum Chamroeun
RFA/Hum Chamroeun

អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ជួប​បញ្ហា​ជីវភាព​ខ្វះខាត​កាន់​តែ​ខ្លាំង ដោយសារ​ពួក​គាត់​មួយ​ចំនួន​ផ្ទុក​មេរោគ​ប្រចាំ​កាយ ធ្វើ​ឲ្យ​មិន​អាច​ចេញ​ទៅ​រក​ការងារ​ធ្វើ​ឆ្ងាយ​ពី​ផ្ទះ​សម្បែង​បាន។ ទន្ទឹម​គ្នា​នេះ អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​ចំនួន ២១​នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២៩ មករា ឆ្នាំ​២០១៧ ក្នុង​ចំណោម​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជិត ៣០០​នាក់។

ប្រជាពលរដ្ឋ​ដែល​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា ជាពិសេស​មនុស្ស​ភាគច្រើន​ពួក​គាត់​នៅ​ផ្ទះ និង​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ​រក​ប្រាក់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។

អ្នក​ផ្ទុក​មេរោគ​អេដស៍​ម្នាក់​រស់នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ផ្ដល់​សម្ភាស​ឲ្យ​អាស៊ីសេរី ខណៈ​ជួបជុំ​គ្នា​នៅ​មុខ​ផ្ទះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ មករា ថា ចាប់​តាំង​ពី​ផ្ទុក​មេរោគ​អេដស៍​មក ជីវភាព​របស់​ពួក​គាត់​កាន់​តែ​ក្រីក្រ​ទៅ​ជា​លំដាប់ ដោយសារ​គ្មាន​កម្លាំង​កំហែង​ទៅ​រក​ការងារ​ធ្វើ​ឆ្ងាយ​ពី​ផ្ទះ​សម្បែង និង​មាន​ដី​ស្រែ​តិចតួច ធ្វើ​ឲ្យ​មិន​អាច​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន៖ «សព្វថ្ងៃ​ខ្ញុំ​លំបាក​ចង់​ឲ្យ​តែ​គេ​ជួយ ព្រោះ​អី​ខ្ញុំ​អត់​មាន​លុយ​ទិញ​អង្ករ​ហូប​ទេ ហើយ​ចង់​បាន​ខោ​អាវ​ឲ្យ​កូន​ស្លៀក​ពាក់​ទៅ​រៀន។ កូន​ខ្ញុំ​តូចៗ​គ្មាន​ខោ​អាវ​ស្លៀក​ពាក់​ទេ។ ខ្ញុំ​ឲ្យ​កូន​ខ្ញុំ​រៀន​ត្រឹម​ចប់​អនុវិទ្យាល័យ ខ្ញុំ​ឲ្យ​ពួក​គេ​ទៅ​ធ្វើ​ការ​ប្រទេស​ថៃ ហើយ»

អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា ពុំ​មែន​តែ​ពលរដ្ឋ​ម្នាក់​ប៉ុណ្ណោះ​ទេ​ដែល​មាន​ជីវភាព​ខ្វះខាត​នោះ នៅ​មាន​ពលរដ្ឋ​ជាច្រើន​ផ្សេង​ទៀត​ក៏​ត្អូញត្អែរ​អំពី​ជីវភាព​ខ្វះខាត​ដូច​គ្នា។

ក្រុម​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ភូមិ​រកា ថ្លែង​ថា ពួក​គាត់​លេប​ថ្នាំ​ពន្យារ​អាយុ​ជីវិត​តាម​បញ្ជា​របស់​គ្រូពេទ្យ​ជា​រៀង​រាល់​ថ្ងៃ មិន​ដែល​ខកខាន​ឡើយ។ អ្នក​ភូមិ​បន្ថែម​ថា រយៈពេល​ចុង​ក្រោយ​នេះ ថ្នាំ​មិន​ធ្វើ​ទុក្ខ​ក្នុង​ខ្លួន​ដូច​កាល​ពួក​គាត់​លេប​ថ្នាំ​ពន្យារ​អាយុ​ពី​ដំបូង​នោះ​ទេ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ពួក​គាត់​អំពាវនាវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ចុះ​សួរ​សុខ​ទុក្ខ ព្រម​ទាំង​ផ្ដល់​ស្បៀង​អាហារ និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ដល់​ពួក​គាត់​ឲ្យ​បាន​រៀង​រាល់​ខែ ដូច​ពេល​ដែល​ផ្ទុក​មេរោគ​អេដស៍​កាល​ពី​ឆ្នាំ​២០១៥៖ «តាំង​ពី​កើត​រោគ​អេដស៍​មក មិន​ដឹង​ថា​ទៅ​រក​អី​បាន​នឹង​គេ ហើយ​នៅ​តែ​ផ្ទះ។ កាល​ពី​មុន ខ្ញុំ​គ្រាន់​បាន​ធ្វើ​នំ​លក់​បាន​ប្រាក់​ខ្លះ។ ដល់​ពេល​មាន​មេរោគ​ទៅ វា​ធ្វើ​ទុក្ខ​ខ្ញុំ​ណាស់​ពេក សព្វថ្ងៃ​ស្រក​សាច់។ ខ្ញុំ​ពិបាក​រឿង​អត់​អី​ហូប​ប្រចាំ​ថ្ងៃ​តែ​ម្ដង។ សព្វថ្ងៃ​កូន​ខ្ញុំ​តូចៗ​រៀន ៣​នាក់ ហើយ​បើ ២​នាក់​ប្ដី​ប្រពន្ធ​មាន​មេរោគ​អេដស៍​ហើយ បាន​អ្នក​ណា​ទៅ​រក​ស៊ី​ចិញ្ចឹម»

មណ្ឌល​សុខភាព​រកា ឋិត​ក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hum Chamroeun
មណ្ឌល​សុខភាព​រកា ឋិត​ក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hum Chamroeun RFA/Hum Chamroeun

អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង លោក ស៊ូ សានិត មាន​ប្រសាសន៍​ថា បញ្ហា​សុខភាព​របស់​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា បាន​ល្អ​ប្រសើរ​ជាង​កាល​ពី​ឆ្លង​មេរោគ​ពី​ដំបូង គឺ​ពួក​គាត់​មាន​សុខភាព​ប្រហាក់​ប្រហែល​នឹង​ពលរដ្ឋ​ដែល​មាន​សុខភាព​ធម្មតា។ លោក​បន្ថែម​ថា មាន​មនុស្ស​ចាស់​ប្រហែល ១០​នាក់​ដែល​បាន​បោះបង់​ការ​លេប​ថ្នាំ​ពន្យារ​អាយុ​ជីវិត ដោយសារ​បញ្ហា​សុខភាព​របស់​ពួក​គាត់៖ «បាទ! គាត់​ថា​គាត់​មាន​វ័យ​ចាស់​អ៊ីចឹង លេប​ថ្នាំ​ទៅ​វា​ធ្វើ​ទុក្ខ ហើយ​គាត់​សុំ​យើង​ឈប់​តែ​ម្ដង ហើយ​គាត់​មាន​កិច្ចសន្យា​ថា គាត់​មិន​បន្ទោស​ពេទ្យ​ទេ ហើយ​យើង​ក៏​មិន​ហ៊ាន​បង្ខំ​គាត់​ដែរ ព្រោះ​ជា​សិទ្ធិ​របស់​ពួក​គាត់។ ប៉ុន្តែ​យើង​បាន​ព្យាយាម​ប្រឹក្សា​គាត់​អំពី​ផល​ប្រយោជន៍​នៃ​ថ្នាំ»

ប្រធាន​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍​ប្រចាំ​ខេត្ត​បាត់ដំបង លោក ប៉ុក សុជាតិ ដែល​បាន​ដាក់​ការិយាល័យ​ក្នុង​មូលដ្ឋាន​ផ្ទាល់​ជាមួយ​អ្នក​ផ្ទុក​មេរោគ​អេដស៍ កត់​សម្គាល់​ថា បើ​ទោះ​ជា​បញ្ហា​សុខភាព​របស់​ពលរដ្ឋ​បាន​ប្រសើរ​ជាង​មុន​ក៏ដោយ ក៏ប៉ុន្តែ​ពួក​គាត់​មួយ​ចំនួន​មិន​អាច​ចេញ​ទៅ​ធ្វើ​ការងារ​ឆ្ងាយ​ពី​ផ្ទះ​សម្បែង​បាន​នោះ​ទេ។ លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​នៅ​ឃុំ​រកា មាន​ជីវភាព​ខ្វះខាត ដោយសារ​គ្មាន​ទីផ្សារ​សម្រាប់​លក់​កសិផល​របស់​ពួក​គាត់​ដែល​ដាំ​ដុះ​បាន៖ «ព្រោះ​ពី​មុន​មាន​គេ​ចុះ​ជួយ​ច្រើន ដល់​ឥឡូវ​នេះ​ស្បើយ។ អ្នក​មក​ជួយ​ពួក​គាត់ ហើយ​ខាង​ខ្ញុំ​ក៏​ជួយ​រក​តាម​លទ្ធភាព ហើយ​ជួយ​ពួក​គាត់​បាន​តិចតួច​ដែរ»

ចំណែក​សមាជិក​សភា​តំណាង​រាស្ត្រ​ខេត្ត​បាត់ដំបង គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ដែល​បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​ផ្ទាល់​នៅ​ក្នុង​ឃុំ​រកា មាន​ប្រសាសន៍​ថា អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​មួយ​នេះ​ជួប​បញ្ហា​ធំៗ​មួយ​ចំនួន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ដូចជា​ជំពាក់​ប្រាក់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​កាន់​តែ​ច្រើន ដែល​ភាគច្រើន​ចន្លោះ​ពី ១​លាន​រៀល​ទៅ ៤​លាន​រៀល​ក្នុង​មួយ​គ្រួសារ ហើយ​អ្នក​ខ្លះ​មិន​អាច​រក​ប្រាក់​សង​គេ​វិញ​បាន​នោះ​ទេ។ អ្នកស្រី​បន្ថែម​ថា បញ្ហា​ជីវភាព​របស់​ពួក​គាត់​ហូប​ចុក​មិន​គ្រប់គ្រាន់ និង​មាន​សភាព​ស្លេកស្លាំង ហើយ​មនុស្ស​ចាស់​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​មួយ​ចំនួន​រវល់​មើល​ចៅ​នៅ​ក្នុង​ផ្ទះ ដែល​ឪពុក​ម្ដាយ​របស់​ពួក​គេ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ៖ «ខ្ញុំ​ឃើញ​ស្ថានការណ៍​នេះ​គឺ​ជា​ស្ថានការណ៍​អាសន្ន​មែន​ទែន​ហើយ ដែល​យើង​ទុក​អស់​រយៈពេល​ជាង ២​ឆ្នាំ​ហើយ ដែល​ទុក​បន្ត​ទៅ​ទៀត នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ដល់​មនុស្ស​ដែល​អាច​មាន​អាយុ​បន្ត​ទៀត អារម្មណ៍​ពួក​គាត់​កំពុង​តែ​វិលវក់ ហើយ​កំពុង​តែ​ខ្លោចផ្សា ដោយ​គាត់​នៅ​ឯកោ។ ដូច្នេះ​សេវា​ទាំងអស់​នេះ​ត្រូវ​មាន​សេវា​កញ្ចប់​មួយ​ដែល​មិន​មែន​សម្រាប់​តែ​រយៈពេល ៦​ខែ​នោះ​ទេ។ ពី​ដំបូង​នោះ​ទេ តែ​ត្រូវ​មាន​រហូត​ទៅ​មុខ​ទៀត»

អ្នកស្រី​ថា​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យក​ថវិកា​របស់​ជាតិ ជួយ​សង​ការប្រាក់​ជំនួស​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជំពាក់​ប្រាក់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ហើយ​ឧបត្ថម្ភ​របប​អាហារ​បន្ថែម​ដល់​ពួក​គាត់ ពីព្រោះ​ពួក​គាត់​មាន​ជំងឺ​ប្រចាំ​កាយ ត្រូវ​ការ​ហូប​ចុក​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ឲ្យ​សុខភាព​រឹងមាំ​អាច​បំពេញ​ការងារ​ផ្សេងៗ​បាន។

របាយការណ៍​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង ឲ្យ​ដឹង​ថា អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា សរុប​ចំនួន ២៩២​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន ២១​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៧។

កាល​ពី​ឆ្នាំ​២០១៤ បន្ទាប់​ពី​ដឹង​ថា​មនុស្ស​ជិត ៣០០​នាក់​បាន​ឆ្លង​មេរោគ​អេដស៍​នៅ​ក្នុង​ឃុំ​រកា ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​បាត់ដំបង កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៥ សម្រេច​ផ្ដន្ទាទោស​លោក​គ្រូពេទ្យ យ៉ែម ជ្រិន ដាក់​ពន្ធនាគារ​ចំនួន ២៥​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការ​ចម្លង​មេរោគ​អេដស៍​ដល់​ពលរដ្ឋ​នៅ​ឃុំ​រកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល