អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ជួបបញ្ហាជីវភាពខ្វះខាតកាន់តែខ្លាំង ដោយសារពួកគាត់មួយចំនួនផ្ទុកមេរោគប្រចាំកាយ ធ្វើឲ្យមិនអាចចេញទៅរកការងារធ្វើឆ្ងាយពីផ្ទះសម្បែងបាន។ ទន្ទឹមគ្នានេះ អ្នកស្លាប់បានកើនឡើងដល់ចំនួន ២១នាក់ហើយ គិតត្រឹមថ្ងៃទី២៩ មករា ឆ្នាំ២០១៧ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ជិត ៣០០នាក់។
ប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍នៅឃុំរកា ជាពិសេសមនុស្សភាគច្រើនពួកគាត់នៅផ្ទះ និងប្រកបរបរធ្វើស្រែចម្ការរកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
អ្នកផ្ទុកមេរោគអេដស៍ម្នាក់រស់នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ផ្ដល់សម្ភាសឲ្យអាស៊ីសេរី ខណៈជួបជុំគ្នានៅមុខផ្ទះកាលពីព្រឹកថ្ងៃទី២៩ មករា ថា ចាប់តាំងពីផ្ទុកមេរោគអេដស៍មក ជីវភាពរបស់ពួកគាត់កាន់តែក្រីក្រទៅជាលំដាប់ ដោយសារគ្មានកម្លាំងកំហែងទៅរកការងារធ្វើឆ្ងាយពីផ្ទះសម្បែង និងមានដីស្រែតិចតួច ធ្វើឲ្យមិនអាចរកប្រាក់ដោះស្រាយជីវភាពគ្រួសារបាន៖ « សព្វថ្ងៃខ្ញុំលំបាកចង់ឲ្យតែគេជួយ ព្រោះអីខ្ញុំអត់មានលុយទិញអង្ករហូបទេ ហើយចង់បានខោអាវឲ្យកូនស្លៀកពាក់ទៅរៀន។ កូនខ្ញុំតូចៗគ្មានខោអាវស្លៀកពាក់ទេ។ ខ្ញុំឲ្យកូនខ្ញុំរៀនត្រឹមចប់អនុវិទ្យាល័យ ខ្ញុំឲ្យពួកគេទៅធ្វើការប្រទេសថៃ ហើយ »។
អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា ពុំមែនតែពលរដ្ឋម្នាក់ប៉ុណ្ណោះទេដែលមានជីវភាពខ្វះខាតនោះ នៅមានពលរដ្ឋជាច្រើនផ្សេងទៀតក៏ត្អូញត្អែរអំពីជីវភាពខ្វះខាតដូចគ្នា។
ក្រុមអ្នកផ្ទុកមេរោគអេដស៍នៅភូមិរកា ថ្លែងថា ពួកគាត់លេបថ្នាំពន្យារអាយុជីវិតតាមបញ្ជារបស់គ្រូពេទ្យជារៀងរាល់ថ្ងៃ មិនដែលខកខានឡើយ។ អ្នកភូមិបន្ថែមថា រយៈពេលចុងក្រោយនេះ ថ្នាំមិនធ្វើទុក្ខក្នុងខ្លួនដូចកាលពួកគាត់លេបថ្នាំពន្យារអាយុពីដំបូងនោះទេ។ បើទោះជាយ៉ាងនេះក្ដី ពួកគាត់អំពាវនាវឲ្យអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងមន្ត្រីរដ្ឋាភិបាលកម្ពុជា ចុះសួរសុខទុក្ខ ព្រមទាំងផ្ដល់ស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗដល់ពួកគាត់ឲ្យបានរៀងរាល់ខែ ដូចពេលដែលផ្ទុកមេរោគអេដស៍កាលពីឆ្នាំ២០១៥៖ « តាំងពីកើតរោគអេដស៍មក មិនដឹងថាទៅរកអីបាននឹងគេ ហើយនៅតែផ្ទះ។ កាលពីមុន ខ្ញុំគ្រាន់បានធ្វើនំលក់បានប្រាក់ខ្លះ។ ដល់ពេលមានមេរោគទៅ វាធ្វើទុក្ខខ្ញុំណាស់ពេក សព្វថ្ងៃស្រកសាច់។ ខ្ញុំពិបាករឿងអត់អីហូបប្រចាំថ្ងៃតែម្ដង។ សព្វថ្ងៃកូនខ្ញុំតូចៗរៀន ៣នាក់ ហើយបើ ២នាក់ប្ដីប្រពន្ធមានមេរោគអេដស៍ហើយ បានអ្នកណាទៅរកស៊ីចិញ្ចឹម »។

អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោក ស៊ូ សានិត មានប្រសាសន៍ថា បញ្ហាសុខភាពរបស់អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា បានល្អប្រសើរជាងកាលពីឆ្លងមេរោគពីដំបូង គឺពួកគាត់មានសុខភាពប្រហាក់ប្រហែលនឹងពលរដ្ឋដែលមានសុខភាពធម្មតា។ លោកបន្ថែមថា មានមនុស្សចាស់ប្រហែល ១០នាក់ដែលបានបោះបង់ការលេបថ្នាំពន្យារអាយុជីវិត ដោយសារបញ្ហាសុខភាពរបស់ពួកគាត់៖ « បាទ ! គាត់ថាគាត់មានវ័យចាស់អ៊ីចឹង លេបថ្នាំទៅវាធ្វើទុក្ខ ហើយគាត់សុំយើងឈប់តែម្ដង ហើយគាត់មានកិច្ចសន្យាថា គាត់មិនបន្ទោសពេទ្យទេ ហើយយើងក៏មិនហ៊ានបង្ខំគាត់ដែរ ព្រោះជាសិទ្ធិរបស់ពួកគាត់។ ប៉ុន្តែយើងបានព្យាយាមប្រឹក្សាគាត់អំពីផលប្រយោជន៍នៃថ្នាំ »។
ប្រធានអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ប្រចាំខេត្តបាត់ដំបង លោក ប៉ុក សុជាតិ ដែលបានដាក់ការិយាល័យក្នុងមូលដ្ឋានផ្ទាល់ជាមួយអ្នកផ្ទុកមេរោគអេដស៍ កត់សម្គាល់ថា បើទោះជាបញ្ហាសុខភាពរបស់ពលរដ្ឋបានប្រសើរជាងមុនក៏ដោយ ក៏ប៉ុន្តែពួកគាត់មួយចំនួនមិនអាចចេញទៅធ្វើការងារឆ្ងាយពីផ្ទះសម្បែងបាននោះទេ។ លោកបន្ថែមថា ប្រជាពលរដ្ឋនៅឃុំរកា មានជីវភាពខ្វះខាត ដោយសារគ្មានទីផ្សារសម្រាប់លក់កសិផលរបស់ពួកគាត់ដែលដាំដុះបាន៖ « ព្រោះពីមុនមានគេចុះជួយច្រើន ដល់ឥឡូវនេះស្បើយ។ អ្នកមកជួយពួកគាត់ ហើយខាងខ្ញុំក៏ជួយរកតាមលទ្ធភាព ហើយជួយពួកគាត់បានតិចតួចដែរ »។
ចំណែកសមាជិកសភាតំណាងរាស្ត្រខេត្តបាត់ដំបង គណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ដែលបានចុះជួបប្រជាពលរដ្ឋផ្ទាល់នៅក្នុងឃុំរកា មានប្រសាសន៍ថា អ្នកផ្ទុកមេរោគអេដស៍នៅឃុំមួយនេះជួបបញ្ហាធំៗមួយចំនួនក្នុងជីវិតប្រចាំថ្ងៃ ដូចជាជំពាក់ប្រាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុកាន់តែច្រើន ដែលភាគច្រើនចន្លោះពី ១លានរៀលទៅ ៤លានរៀលក្នុងមួយគ្រួសារ ហើយអ្នកខ្លះមិនអាចរកប្រាក់សងគេវិញបាននោះទេ។ អ្នកស្រីបន្ថែមថា បញ្ហាជីវភាពរបស់ពួកគាត់ហូបចុកមិនគ្រប់គ្រាន់ និងមានសភាពស្លេកស្លាំង ហើយមនុស្សចាស់ដែលមានផ្ទុកមេរោគអេដស៍មួយចំនួនរវល់មើលចៅនៅក្នុងផ្ទះ ដែលឪពុកម្ដាយរបស់ពួកគេទៅធ្វើការងារនៅប្រទេសថៃ៖ « ខ្ញុំឃើញស្ថានការណ៍នេះគឺជាស្ថានការណ៍អាសន្នមែនទែនហើយ ដែលយើងទុកអស់រយៈពេលជាង ២ឆ្នាំហើយ ដែលទុកបន្តទៅទៀត នឹងប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់មនុស្សដែលអាចមានអាយុបន្តទៀត អារម្មណ៍ពួកគាត់កំពុងតែវិលវក់ ហើយកំពុងតែខ្លោចផ្សា ដោយគាត់នៅឯកោ។ ដូច្នេះសេវាទាំងអស់នេះត្រូវមានសេវាកញ្ចប់មួយដែលមិនមែនសម្រាប់តែរយៈពេល ៦ខែនោះទេ។ ពីដំបូងនោះទេ តែត្រូវមានរហូតទៅមុខទៀត »។
អ្នកស្រីថានឹងជំរុញឲ្យរដ្ឋាភិបាលយកថវិការបស់ជាតិ ជួយសងការប្រាក់ជំនួសឲ្យប្រជាពលរដ្ឋដែលជំពាក់ប្រាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ហើយឧបត្ថម្ភរបបអាហារបន្ថែមដល់ពួកគាត់ ពីព្រោះពួកគាត់មានជំងឺប្រចាំកាយ ត្រូវការហូបចុកឲ្យបានគ្រប់គ្រាន់ ដើម្បីធ្វើឲ្យសុខភាពរឹងមាំអាចបំពេញការងារផ្សេងៗបាន។
របាយការណ៍មន្ទីរសុខាភិបាលខេត្តបាត់ដំបង ឲ្យដឹងថា អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា សរុបចំនួន ២៩២នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ២១នាក់ គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧។
កាលពីឆ្នាំ២០១៤ បន្ទាប់ពីដឹងថាមនុស្សជិត ៣០០នាក់បានឆ្លងមេរោគអេដស៍នៅក្នុងឃុំរកា ចៅក្រមនៃសាលាដំបូងខេត្តបាត់ដំបង កាលពីដើមខែធ្នូ ឆ្នាំ២០១៥ សម្រេចផ្ដន្ទាទោសលោកគ្រូពេទ្យ យ៉ែម ជ្រិន ដាក់ពន្ធនាគារចំនួន ២៥ឆ្នាំ ពាក់ព័ន្ធនឹងការចម្លងមេរោគអេដស៍ដល់ពលរដ្ឋនៅឃុំរកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
