លោក ស ខេង ណែនាំ​ដល់​មន្ត្រី​រដ្ឋាភិបាល​​ឱ្យ​​ត្រួត​​ពិនិត្យ​​សុខភាព​​រក​មេរោគ Covid-19

0:00 / 0:00

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ដល់​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់​ត្រូវ​ត្រួត​ពិនិត្យ​សុខភាព មុន​ពេល​​ចូល​​ធ្វើ​​ការងារ​។ បទ​បញ្ជា​​របស់​​លោក ស ខេង នេះ កើតមានឡើង​ក្រោយ​ពី​​ស្ត្រី​​ជនជាតិ​អាមេរិក​ម្នាក់​អាយុ ៨៣ ឆ្នាំ ត្រូវ​បាន​ប្រទេស​ម៉ាឡេស៊ី រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​រលាក​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី Covid-19 ក្រោយ​ពី​បាន​ចេញ​ពី​នាវា​ទេសចរណ៍វ៉េស្ទើដាម (Westerdam) ដែល​បាន​ចត​នៅ​កំពុង​ផែ​ ក្រុង​ព្រះសីហនុ។៖ «ជូន​ចំពោះ​ឯកឧត្ដម​រដ្ឋលេខាធិការ និង អគ្គនាយក​ទាំងអស់​ហ្នឹង។ ខ្ញុំ​គិត​ថា យើង​ចេះតែ​ប្រយ័ត្ន​ទៅ​ល្អ​ដែរ យើង​គួរតែ​សហការ​ជាមួយ​គ្រូពេទ្យ​ហើយ​មាន​ឧបករណ៍​សម្រាប់​ត្រួតពិនិត្យ​កម្ដៅ។បងប្អូន​យើង​ចូល​ធ្វើការ​គួរតែ​វាស់​កម្ដៅ បើ​មានការ​សង្ស័យ​យើង​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​ដោយ​ឡែក​ទៅ ឬ​ក៏​មិន​ឱ្យ​ចូល​ទៅ​ក្នុង​អង្គភាព​ដើម្បី​រៀបចំ ឬ ក៏​ការពារ​ដើម្បី​ព្យាបាល​គ្នា បើ​មាន​បញ្ហា​ហ្នឹង​ទេ។ មិនមែន​ជា​ការ​រើសអើង​ទេ ប៉ុន្តែ​នេះ​ជា​វិធានការ​បង្ការ​មួយ ក្នុង​អង្គភាព​ហ្នឹង​អ៊ីចឹង​អាច​ទាក់ទង​គ្នា​ធ្វើ។ ភក៌​ខ្ញុំ​បាន​ប្រាប់​ដែរ​មិញ អ៊ីចឹង​អាច​ទាក់​ទង​សុខាភិបាល​រក​ឧបករណ៍ ឬ​យើង​មាន​ឧបករណ៍​តាម​ពេទ្យ​នីមួយៗ​គឺថា យើង​ចាត់ចែង​ទៅ។ ពេល​មុន​ចូល​ធ្វើការ​ព្រឹក​យើង​ឆែក​ទៅ ក្នុង​រយៈពេល​ជំងឺ​ហ្នឹង​វា​មិនទាន់​ស្រកស្រុត​អ៊ីចឹង​យើង​មិន​ត្រូវ​ធ្វេសប្រហែស​ទេ ពិសេស​រាល់​ការប្រជុំ និង​មុន​ពេល​ចូល​ប្រជុំ​គួរតែ​មាន​ការ​ត្រួត​ពិនិត្យ​ មាន​ច្រក​ត្រួត​ពិនិត្យ​ ២ ឬ ៣ កន្លែង បើ​ថា​ពិនិត្យ​ទៅ​មានការ​សង្ស័យ​មាន​ឡើង​កម្ដៅ ៣៧​អង្សា​ឡើង អាហ្នឹង​មិន​អនុញ្ញាត​ឱ្យ​ចូល​ប្រជុំ​រួច​យក​ទៅ​ទុក​កន្លែង​ណា ឬ ក៏​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទៅ។ នេះ​គ្រាន់តែ​ជា​យោបល់ ខ្ញុំ​ចូលរួម​យោបល់​ទេ សុំ​ឱ្យ​ពិនិត្យ​បើ​ធ្វើ​បានជា​ការ​ល្អ»។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ព្រមទាំង​មន្ត្រី​របស់​លោក ជាច្រើន​នាក់​បាន​ទៅ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ចេញពី​នាវា​ទេសចរណ៍ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​កាល​ពី​ដើម​សប្ដាហ៍​នេះ ដោយ​គ្មាន​ពាក់​ម៉ាស​ការពារ​សុវត្ថិភាព​អ្វី​ទាំងអស់។

ការ​លើកឡើង​របស់​លោក ស ខេង នេះ​ត្រូវ​បាន​អ្នក​វិភាព​លើក​ឡើង​ថា មន្ត្រី​រដ្ឋាភិបាល​ក្រុងភ្នំពេញ​កំពុង​ភ័យខ្លាច​ការ​ឆ្លង​ជំងឺ Covid-19 ទៅ​មន្ត្រី​រដ្ឋាភិបាល ក្រោយ​ពី​បាន​ទៅ​ទទួល​អ្នក​ទេសចរ​ចេញពី​នាវា​ទេសចរណ៍ Westerdam៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។